កាណាដា​ចាប់ផ្ដើម​ស៊ើប​អង្កេត​ការ​ជ្រៀតជ្រែក​របស់​ចិន​និង​ប្រទេស​ផ្សេង​ទៀត​ទៅ​លើ​ការ​បោះឆ្នោត

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ថ្លែងនៅ​ក្នុង​សន្និសីទសារព័ត៌មាន​មួយ ក្នុង​អំឡុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

អ្នកស្រី​ចៅក្រម Marie-Josée Hogue​ នឹង​ដឹកនាំ​គណៈកម្មការ​ស៊ើប​អង្កេត​នេះ ដែល​ជា​កិច្ចប្រឹងប្រែង​ចុង​ក្រោយ​ដើម្បី​ពិនិត្យ​មើល​វិធីដែល​ប្រទេស​ដែល​មាន​ឥទ្ធិពល ​ចិន រុស្ស៊ី ​និង​ ឥណ្ឌា ​អាច​ស្វះស្វែង ប្រើ​ឥទ្ធិពល​ទៅ​លើ​ការ​បោះ​ឆ្នោត​សហព័ន្ធ​កាណា​លើក​ចុងក្រោយ។

បន្ទាប់​ពី​មាន​របាយការណ៍​ដែល​រង​ការរិះគន់​យ៉ាង​ខ្លាំង​របស់​អតីត​អគ្គទេសភិបាល​មួយ​រូប​ នាយក​រដ្ឋមន្ត្រី​កាណាដា Justin Trudeau បាន​ប្រកាស​ដាក់​ចេញ​ការស៊ើបអង្កេត​ជា​សាធារណៈ​កាល​ពី​ឆ្នាំ​មុន ក្នុង​ពេល​មាន​សម្ពាធដ៏​តឹងរ៉ឹង​ពី​មជ្ឈដ្ឋាន​នយោបាយ​នានា។

លោក Kenny Chiu គឺជា​អតីត​សមាជិក​សភា​នៃ​គណបក្ស​អភិរក្សនិយម ឬជា​សមាជិក​សភា​សម្រាប់​តំបន់ Steveston-Richmond-East នៅ​ជាយ​ទីក្រុង​ Vancouver។ លោក​គឺជា​អ្នក​នយោបាយ​ម្នាក់​ក្នុង​ចំណោម​អ្នក​នយោបាយ​ផ្សេង​ទៀត ​ដែល​ត្រូវ​បាន​ភ្នាក់ងារ​ចារកម្ម​កាណាដា​ដែល​ជា​សេវាកម្ម​ស៊ើបអង្កេត​សន្តិសុខ​ប្រាប់​ថា យុទ្ធនាការ​បំភ្លៃ​ព័ត៌មាន​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បង្ខូច​តម្លៃ​មន្ត្រី​នានា​ដូចជា​រូបលោក​ជាដើម។

នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឆ្នាំ ២០១៩ ដែល​លោក​ទទូល​បាន​ជ័យ​ជម្នះ​ លោក​ Chiu មើល​ឃើញ​ថា ពលរដ្ឋ​បាន​ស្វាគមន៍​លោក​យ៉ាង​ច្រើន​កុះករ​ និង បាន​ចូលរួម​ក្នុង​ការ​សន្ទនា​ជាមួយ​លោក។

ប៉ុន្តែ មិន​មាន​ស្ថានភាព​បែប​នេះ​ទេ​នៅ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឆ្នាំ ២០២១ ហើយ​លោក​ទទួល​បរាជ័យ​ ដោយ​ជ័យជម្នះ​បាន​ទៅ​លើ​បេក្ខជន​មក​ពី​គណបក្ស​សេរីនិយម ដែល​បច្ចុប្បន្ន​នេះ​គឺជា​សមាជិក​សភា​នៃ​មណ្ឌល​បោះ​ឆ្នោត​របស់​លោក។ ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ការបោះ​ឆ្នោត​ឆ្នាំ​ ២០២១ គណបក្ស​សេរីនិយម​បាន​កើន​ចំនួន​អ្នកគាំទ្រ​ថ្នាក់​ស្រុក​ចំនួន ១ពាន់ ៨រយ​សំឡេង​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ ​២០១៩។ សន្លឹក​ឆ្នោត​គាំទ្រ​សម្រាប់​លោក​ Chiu វិញ បាន​ធ្លាក់ចុះ​ ៤ពាន់ ៤រយ សំឡេង។

លោក Chiu និយាយ​ថា លោក​ត្រូវ​បាន​ក្រុមមួយ​នៃ​គណៈកម្មការ​ស៊ើបអង្កេត​ដែល​មាន​ឋានៈ​ជា​អ្នក​អន្តរាគមន៍​ស្នើ​ឲ្យ​ទៅ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​គណៈកម្មការ​ស៊ើប​អង្កេត ប៉ុន្តែ​លោក​មិន​ដឹង​ថា សវនាការ​នេះ​នឹង​កើត​មាន​នៅ​ពេល​ណា​នោះ​ទេ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​មិន​មាន​ព័ត៌មាន​លម្អិត​អំពី​រឿង​នេះ​ទេ។ តាមពិត​ទៅ វា​គ្រាន់តែ​ជា​ការ​ស្នើសុំ​ផ្ទាល់​មាត់​ប៉ុណ្ណោះ ថាតើ​ខ្ញុំ​មាន​ឆន្ទៈ​ធ្វើ​ជា​សាក្សី​ដែរ​ឬ​អត់។ ដូច្នេះ ខ្ញុំ​យល់​ថា វា​មិនសំខាន់​ប៉ុន្មាន​ទេ​ថាតើ​ខ្ញុំ​យល់​ព្រម ឬ​មិន​យល់​ព្រម។ ប្រសិន​បើ​គណៈកម្មការ​នេះ​យល់​ព្រម​ទៅ​តាម​សំណើ​ដែល​សុំ​ឲ្យ​ខ្ញុំ​ឲ្យ​ធ្វើ​ជា​សាក្សី នោះ​ខ្ញុំ​នឹង​ត្រូវតែ​ចូលរួម»។

លោក Mark Marissen អ្នក​យុទ្ធសាស្ត្រ​នយោបាយ​ ដែល​ធ្លាប់​បាន​ធ្វើ​កិច្ចការ​ឃោសនា​បោះ​ឆ្នោត​ជាមួយ​គណបក្ស​សេរីនិយម​កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​មុន​ និយាយ​ថា លោក​បារម្ភ​អំពី​ឥទ្ធិពល​នៃ​ការ​ស៊ើបអង្កេត​នេះ​ទៅ​លើ​អ្នក​នយោបាយ​ដែល​មិន​បាន​ដឹង​ខ្លួន​ថា ពួក​គេ​ត្រូវ​បាន​គាំទ្រ​ដោយ​រដ្ឋាភិបាល​បរទេស​ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា ក្តី​បារម្ភ​ដ៏ធំ​នោះ​គឺ​មាន​អ្នក​ដែល​ព្យាយាម​ប្រើប្រាស់​ការស៊ើប​អង្កេត​នេះ​ធ្វើ​ជាអាវុធ​ដើម្បី​ផ្ដោត​គោលដៅ​លើ​អ្នក​នយោបាយ​ជាក់លាក់​ណា​ម្នាក់ ឬ ក្រុម​ណា​ជាក់លាក់​ណា​មួយ​ឲ្យ​ទទួល​ខុស​ត្រូវ​ទៅ​លើ​អ្វី​ដែល​ពួក​គេ​មិន​បាន​ជាប់​ពាក់​ព័ន្ធ​ទាល់តែ​សោះ។ ខ្ញុំ​យល់​ថា សមាជិក​សភា​ខ្លះ​ប្រហែល​ជា​ទទួល​បាន​ការគាំទ្រ​យ៉ាង​ខ្លាំង​ពី​ចិន និង ឥណ្ឌា ប៉ុន្តែ​ពួក​គេ​មិន​បាន​ដឹង​ពី​អ្វី​បាន​កើត​ឡើង​នោះ​ទេ»។

លោក Stewart Prest អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ British Columbia ​បាន​ថ្លែង​ថា ដើម្បី​ឲ្យ​ការ​ស៊ើបអង្កេត​នេះ​ទទួល​បាន​ជោគជ័យ វា​គួរ​តែ​បន្ថយ​ស្លាកស្នាម​ពាក់​ព័ន្ធ​នឹង​ជាតិសាសន៍​សម្រាប់​សហគមន៍​ចិន និង សហគមន៍​មក​ពី​អាស៊ី​ខាងត្បូង​នៅ​ក្នុង​ប្រទេស​នេះ ដែល​អាច​កើត​ចេញ​ពី​ការចោទប្រកាន់​នានា​ពាក់​ព័ន្ធ​នឹង​ការជ្រៀតជ្រែក​ពី​បរទេស។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​បារម្ភមួយ​ផ្នែក​ថា មាន​សកម្មភាព​ជ្រៀតជ្រែក​របស់​ចិន​ទៅ​លើ​នយោបាយ​កាណាដា ដែល​រុញ​បន្ថែម​ដោយ​បរទេស​ផ្សេង​ទៀត។ ប៉ុន្តែ បើ​យើង​មើល​ទៅ​លើ​មួយ​ផ្នែក​ទៀត យើង​ក៏​ឃើញ​ក្ដីបារម្ភ​របស់​ពលរដ្ឋ​កាណាដា​ ដែល​ថា ប្រហែល​ជា​មាន​មនុស្ស​ក្នុង​សង្គម​យើង​ខ្លះ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​តួអង្គ​បរទេស​ដែល​មិន​គួរ​ឲ្យ​ទុក​ចិត្ត​ទាំង​ស្រុង។ ខ្ញុំ​គិត​ថា​ នោះ​គឺជា​កន្លែង​ដែល​ស៊ីរូង​ផ្ទៃក្នុង និង ពិសពុល​យ៉ាង​ខ្លាំង​សម្រាប់​សង្គម​ក្នុង​រយៈ​ពេល​យូរ​មួយ»។

គណៈកម្មការ​នេះ​ទទួល​បាន​ការ​ណែនាំ​ឲ្យ​ចេញ​របាយការណ៍​អន្តរកាល​នៅ​ត្រឹម​ថ្ងៃ​ទី ៣ ខែមីនា និង​របាយការណ៍​ផ្លូវការ​ចុងក្រោយ​នៅ​ចុង​ឆ្នាំ​ ២០២៤ ​នេះ។ ការបោះឆ្នោត​សហព័ន្ធ​កាណាដា​នៅ​ពេល​ខាងមុខ​នឹង​ត្រូវ​រៀបចំ​ឡើង​មិន​ឲ្យ​ហួស​ពី​ថ្ងៃ​ទី ២០ ខែតុលា ឆ្នាំ ២០២៥។ ប៉ុន្តែ​ការ​បោះឆ្នោត​នេះ ក៏​អាច​នឹង​ធ្វើ​ឡើង​មុន​កាល​បរិច្ឆេទ​នេះ ប្រសិន​បើ​រដ្ឋាភិបាល​ដឹកនាំដោយ​គណបក្ស​សេរីនិយម​របស់​នាយក​រដ្ឋ​មន្ត្រី Trudeau ទទួល​បរាជ័យ​នៅ​ក្នុង​ផ្លូវច្បាប់​ណា​មួយ ឬ​បាត់បង់​ការជឿ​ទុកចិត្ត​ពី​សភា​ជាន់​ទាប៕

ប្រែសម្រួលដោយលោក នៀម ឆេង