លោក Clay Imoo អ្នកផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិតមួយរូប នៅក្រុង Vancouver បានបញ្ចប់កម្មវិធីផ្សាយផ្ទាល់មួយតាមបណ្តាញសង្គម YouTube អំពីក្រុមកីឡាករ ដែលបានប្រកួតកូនគោលវាយលើទឹកកកជាតិ Vancouver Canucks National។
នៅពេលនោះ មានការសរសេរឈ្មោះចិន បែបប្រមាថមើលងាយមួយ បានលេចចេញតាមប្រអប់បញ្ចេញមតិ ដែលសំដៅលើលោក Imoo។ អ្នកសម្របសម្រួលកម្មវិធីផ្សាយនោះ បានដកអ្នកសរសេរបែបប្រមាថនោះចេញ ពីក្រុមអ្នកតាមដានតាមអនឡាញ។
លោក Imoo បាននិយាយថា៖ «នៅពេលភ្លាមនោះ មនុស្សម្នាក់ទៀតចេញមកសរសេរជាមួយសារដដែលនោះ។ មនុស្សនោះ ក៏ត្រូវដកចេញ។ ហើយជាលើកទី ៣ មានមនុស្សម្នាក់ទៀតចូលមក ១០ ឬ ១២ ដង។ ដូច្នេះ ការសរសេរបែបប្រមាថមើលងាយនេះកើតមានឡើង ក្នុងពេលប្រមាណពី ៣០ ទៅ ៤៥ វិនាទី ហើយយើងឃើញមនុស្សបីនាក់ផ្សេងៗគ្នា ចូលមកដោយចម្លងនិងផ្សព្វផ្សាយសារដដែលនោះ»។
លោក Imoo ដែលកាត់ចិននិងជប៉ុននិងជាពលរដ្ឋកាណាដាជំនាន់ទី ២ នៃពលរដ្ឋកាណាដាដែលបានធ្វើអន្តោប្រវេសន៍ពីបរទេស និយាយថា លោកគ្មានការអាក់អន់ចិត្តទេ តែលោកថា អ្នកតាមដានស្តាប់ការផ្សាយរបស់លោកផ្សេងទៀត មានប្រតិកម្មខ្លាំងចំពោះអ្នកដែលសរសេបែបប្រមាថមើលងាយទាំងនោះ។
លោកបានថ្លែងថា៖ «អ្នកចូលរួមតាមដានទាំងនោះ មានការអាក់អន់ចិត្ត រួមទាំងពលរដ្ឋដែលមិនមានដើមកំណើតអាស៊ី។ ពួកគេទាំងនោះបានចូលរួមការពារខ្ញុំ»។
ការកើនឡើងនៃឧក្រិដ្ឋកម្មលើជនជាតិអាស៊ីកើតឡើង ក្នុងអំឡុងពេលរាតត្បាតជាសកលនៃវីរុសកូរ៉ូណា បានកើតមាន នៅក្នុងក្រុង Vancouver ដែលជាតំបន់ឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិកនៃប្រទេសកាណាដា។ នៅទីនោះ ពលរដ្ឋប្រមាណ ៤២% មានដើមកំណើតអាស៊ី។ ទីក្រុង Vancouver ជាកន្លែងប្រមូលផ្តុំជនជាតិអាស៊ីដ៏ធំមួយក្នុងភាគខាងជើងនៃទ្វីបអាមេរិក។
របាយការណ៍មួយចេញផ្សាយកាលពីពេលថ្មីៗនេះ ដោយមន្ទីរប៉ូលិសក្រុង Vancouver បង្ហាញថាឧក្រិដ្ឋកម្មស្អប់ខ្ពើម បានកើនដល់ ៧១៧ភាគរយ លើសហគមន៍អាស៊ី ដែលកើនពី ១២ ឧប្បត្តិហេតុ ក្នុងឆ្នាំ ២០១៩ទៅដល់ ៩៨ ឧប្បត្តិហេតុ កាលពីឆ្នាំ២០២០។ ការស្ទង់មតិតាមអនឡាញមួយ កាលពីពេលថ្មីៗនេះដោយ Insights West បានរកឃើញថា ក្នុងចំណោមជនជាតិអាស៊ី ៧២៥ នាក់ ដែលត្រូវបានសួរមតិនៅក្នុងខេត្ត British Columbia ៤៩ ភាគរយ បានបញ្ជាក់ថា ពួកគេបានរងការនិយាយប្រមាថមើលងាយបែបពូជសាសន៍។ ទីក្រុង Vancouver ស្ថិតនៅក្នុង ខេត្ត British Columbia។
តួលេខទាំងនេះឆ្លុះឱ្យឃើញនិន្នាការនៅក្នុងសហរដ្ឋអាមេរិក ហើយធ្វើឱ្យភ្ញាក់ផ្អើលនៅក្នុងក្រុងមួយនេះ ដែលមានមនុស្សចម្រុះពូជសាសន៍ និងជាសហគមន៍អាស៊ីធំមួយ។
គ្រួសារជាច្រើនបានរស់នៅក្នុងប្រទេសកាណាដាជាច្រើនជំនាន់ ដែលជាជនអន្តោប្រវេសន៍ក្នុងអំឡុងសម័យនៃការរុករកមាសនាឆ្នាំ ១៨៥៨។ ជនអន្តោប្រវេសន៍ដែលមកដល់ទឹកដីកាណាដានាពេលនោះ បានធ្វើការក្នុងវិស័យស្ថាបនាផ្លូវដែកឆ្លងកាត់ទ្វីប ដែលជាសហគ្រាសមួយ នៅពេលតំបន់ British Columbia ក្លាយជាផ្នែកមួយនៃប្រទេសកាណាដា។
ទីក្រុង Vancouver ក៏មានតំបន់ពាណិជ្ជកម្មចិន ដែលហៅថា China Town ដ៏ធំទី ២ ក្នុងភាគខាងជើងនៃទ្វីបអាមេរិក បន្ទាប់ពីទីក្រុង San Francisco នៃសហរដ្ឋអាមេរិក។
ក្នុងពេលប៉ុន្មានខែដំបូង នៃឆ្នាំ ២០២០ ឧក្រិដ្ឋកម្មស្អប់ខ្ពើមលើជនជាតិអាស៊ីនៅតែទាក់ទាញការយកចិត្តទុកដាក់។ កាលពីថ្ងៃទី ៣០ ខែមីនា មនុស្សម្នាក់ អាយុ ៤៧ ឆ្នាំត្រូវបានចោទប្រកាន់តាមរយៈច្បាប់ស្រីពី «ការញុះញង់ជាសាធារណៈឱ្យមានការស្អប់ខ្ពើម» និងពីបទធ្វើឱ្យខូចខាតទ្រព្យសម្បតត្តិ ក្រោយពេលជននោះបានសរសេរពាក្យស្លោកបែបរើសអើងពូជសាសន៍ នៅលើបង្អួចនៃមជ្ឈមណ្ឌលវប្បធ៌មចិន ក្នុងតំបន់ទីប្រជុំជន Vancouver។
លោក Fred Kwok ជាប្រធាននៃមជ្ឈមណ្ឌលនោះ បាននិយាយថា សកម្មភាពនោះជាការគ្រោងទុកដោយចេតនា។
លោកបានថ្លែងថា៖ «ខ្ញុំចង់និយាយថា នេះជាចេតនាអាក្រក់ ដែលធ្វើឱ្យរាលដាលនៃអំពើស្អប់ខ្ពើមលើជនបរទេសដល់សាធារណជន ហើយបន្ថែមលើនេះ ក្រោយពេលខ្ញុំបាននិយាយប្រាប់ប៉ូលិស ខ្ញុំបាននិយាយថា វាដូចជាលោកអ្នកអាចប្រៀបធៀបការណ៍នេះទៅនឹងសកម្មភាពភេរវកម្មដែរ ដែលមានគោលបំណងតែមួយគត់ គឺធ្វើឱ្យជនជាតិចិនទាំងអស់ មានការភ័យខ្លាច»។
អ្នកស្រី Queenie Choo ជាប្រធានប្រតិបត្តិនៃ S.U.C.C.E.S.S. ដែលជាអង្គការមិនយកកម្រៃក្នុងមូលដ្ឋានមួយដែលជួយជនអន្តោប្រវេសន៍ថ្មីៗ ភាគច្រើនមកពីតំបន់អាស៊ី ឱ្យចេះសម្របសម្រួលការរស់នៅរបស់ពួកគេនៅក្នុងប្រទេសកាណាដា។
អ្នកស្រី Choo និយាយថា មានការរើសអើងខាងពូជសាសន៍ខ្លះទៅលើសហគមន៍អាស៊ី តែអ្នកស្រីថា បញ្ហានេះត្រូវបញ្ឆេះឡើងដោយកិច្ចខិតខំប្រឹងប្រែងបែបនយោបាយ ផ្សារភ្ជាប់ជំងឺកូវីដ១៩ ទៅនឹងប្រទេសចិន ដែលជាតំបន់នៃការផ្ទុះឡើងដំបូងនូវករណីឆ្លងជំងឺកូវីដ១៩។
អ្នកស្រីបានថ្លែងថា៖ «នៅពេលមានការរាតត្បាតនៃជំងឺនេះ ស្ថានភាពរើសអើសជាតិសាសន៍ទាំងមូល ក៏កើនខ្លាំងជាងមុន។ លោកអ្នកក៏ដឹង ពីព្រោះលោកអ្នកប្រហែលឮមនុស្សខ្លះនិយាយថា វាជាវីរុសចិន។ ដូច្នេះ ការណ៍នេះមិនបានជួយដល់បញ្ហារើសអើងជាតិសាសន៍ទេ»។
អ្នកស្រី Choo និយាយបន្ថែមថា ការវាយប្រហារបែបរើសអើងជាតិសាសន៍ បានធ្វើឱ្យសមាជិកក្នុងសហគមន៍អាស៊ី មានភាពភ័យខ្លាច។ អ្នកស្រីពោលថា៖ «ដូច្នេះ មនុស្សរស់ក្នុងការភ័យខ្លាច ជាពិសេសស្ត្រីក្រុមមនុស្សវ័យចាស់ និងជនអន្តោប្រវេសន៍»។
អ្នកស្រី Choo បានអំពាវនាវឱ្យមានការស្រាវជ្រាវថែមទៀត អំពីបញ្ហានេះ។ អ្នកស្រីបាននិយាយថា៖ «វិធីមួយដែលត្រូវធ្វើនោះ គឺប្រមូលទិន្នន័យផ្អែកលើពូជសាសន៍ ដោយពិគ្រោះជាមួយសហគមន៍អំពីមូលហេតុនិងទិន្នន័យបែបណាដែលត្រូវប្រមែប្រមូល និងថាតើត្រូវប្រើប្រាស់ទិន្នន័យទាំងនេះបែបណា ដើម្បីធ្វើការឲ្យមានកែលម្អ ដើម្បីឱ្យយល់អំពីទំហំនៃស្ថានភាពនេះ និងអំពីកម្រិតនៃផលប៉ះពាល់ ដែលយើងអាចបាន»។
អ្នកស្រី Choo បាននិយាយថា ជនជាតិកាណាដាត្រូវទទួលស្គាល់ថា មានការរើសអើងពូជសាសន៍ជាប្រព័ន្ធនៅក្នុងស្ថាប័នទាំងអស់ក្នុងប្រទេសកាដាណា។ អ្នកស្រីបានអំពាវនាវឱ្យរដ្ឋាភិបាលផ្តល់ប្រាក់កាសសម្រាប់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរើសអើងពូជសាសន៍ បណ្តាញទូរស័ព្ទជំនួយសម្រាប់ពិគ្រោះយោបល់ពេលមានវិបត្តិ និងការសិក្សាអប់រំអំពីការរើសអើងពូជសសាន៍ពីប្រវត្តិសាស្ត្រ និងនាពេលបច្ចុប្បន្នក្នុងប្រទេសកាណាដា។
អ្នកស្រី Tania Visintin អ្នកនាំពាក្យការិយាល័យប៉ូលិសប្រចាំក្រុង Vancouver បាននិយាយថា ជាការ «ទង្គុកចិត្ត» នៅពេលការិយាល័យរបស់អ្នកស្រី ឃើញឧក្រិដ្ឋកម្មស្អប់ខ្ពើមកើនឡើង។
អ្នកស្រីបាននិយាយថា៖ «នេះជាការនាំឱ្យទាល់ប្រាជ្ញា ជាពិសេសពីព្រោះក្រុងយើងជាក្រុងមានវប្បធម៌ចម្រុះ។ ដូច្នេះ ករណីកើនឡើងនៃការស្អប់ខ្ពស់ក្រុមជនមានដើមកំណើតអាស៊ីខាងកើត បានធ្វើឱ្យមានការរកាំចិត្ត»។
អ្នកស្រី Visintin បានពោលថា ការិយាល័យរបស់អ្នកស្រីបានធ្វើឱ្យមានការងាយស្រួលជាងមុន ក្នុងការរាយការណ៍អំពីឧក្រិដ្ឋកម្មស្អប់ខ្ពើមតាមអនឡាយ ដោយសង្ឃឹមថា ទិន្នន័យនិងការប្រមូលឯកសារច្រើនជាងមុននេះ នឹងជួយឱ្យអាជ្ញាធរក្រុងបំពេញការងារ ដែលនាំមកនូវការផ្លាស់ប្តូរវិជ្ជមានលើបញ្ហានេះ។
អ្នកស្រីបានថ្លែងថា៖ «យើងចង់បញ្ឈប់បញ្ហានេះ មិនឱ្យកើតមានទៀត»៕
ប្រែសម្រួលដោយលោកឈឹម សុមេធ