អ្នក​ភូមិ​នៅ​កាមេរូន​ថា​ ក្រុមហ៊ុនរុករករ៉ែ​របស់​ចិន​កំពុង​បំផ្លាញ​បរិស្ថាន

រូបឯកសារ៖ ក្រុមហ៊ុនរ៉ែជាង ១០០ មាន​ប្រតិបត្តិការ​នៅ​តំបន់មួយជិតក្រុង Meiganga ប្រទេស​កាមេរូន។

រហូត​ដល់​ឆ្នាំ​២០១៤ ក្រុង Meiganga និង​ភូមិនានា​ដែល​នៅ​ជុំវិញ​នោះ​ មាន​ចំការពោត សណ្តែក​ សណ្តែកដី​ និង​កសិដ្ឋាន​ចិញ្ចឹម​គោ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ប្រទេស​កាមេរូន​ នីហ្សេរីយ៉ា​ និង​សាធារណរដ្ឋ​អាហ្វ្រិកកណ្តាល។

អ្នកភូមិ​រស់នៅ​ជុំវិញ​ក្រុង Meiganga ស្ថិត​នៅ​ភាគខាងជើង​ប្រទេសកាមេរូន​កំពុង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន​ជីកមាស​របស់​ចិន​ ដោយ​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ទាំង​នោះ​ថា​ កំពុង​បំផ្លាញ​ដី។ ក្រុមអ្នកភូមិ​បាន​និយាយ​ថា​ ពួកគេ​មាន​ជីវភាព​កាន់​តែ​ក្រទៅៗ បន្ទាប់​ពី​ជនជាតិចិន​ទាំងនោះ​បាន​មក​ដល់​តំបន់​នេះ​ ដោយសារ​តែ​ចំការ​និង​ព្រៃ​ឈើ​របស់​ពួកគេ​ត្រូវ​បាន​បំផ្លាញ។

អ្នកចិញ្ចឹមគោ​និង​កសិករ​ទាំងនេះ​មក​ពី​ភូមិ​នានា​នៅជុំវិញ​ក្រុង Meiganga ភាគ​ខាងជើង​ប្រទេសកាមេរូន។ ពួកគេ​ស្រែក​ច្រៀង​ចម្រៀង​ ដែល​មាន​ន័យថា​ ប្រសិន​បើ​គ្មាន​ការ​ជួយ​សង្គ្រោះ​ពួកគេ​ពី​អ្នក​ជីកមាស​ជនជាតិចិន​ទេ​នោះ​ គ្រោះ​ទុរភិក្ស​នឹង​វាយប្រហារ​មក​លើ​ពួកគេ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

អ្នកចិញ្ចឹមគោ​ឈ្មោះ Mamoudu Poro អាយុ៥៤ឆ្នាំ​ ​ដែល​ជា​តំណាង​របស់​ក្រុម​អ្នកភូមិ​បាន​និយាយ​ថា​ ពួក​អ្នក​ជីកមាស​ទាំងនោះ​បំផ្លាញ​ចំការ​និង​មិនខ្វល់​សូម្បី​តែ​លុប​រណ្តៅ​និង​រូង​ដែល​ពួកគេ​បាន​ជីក​នៅលើ​ផ្លូវនានា​ និង​នៅ​តាម​ទីវាល​ចិញ្ចឹម​គោ​មុន​នឹង​ពួក​គេ​ចាកចេញ​ពី​តំបន់​នេះ។ លោក​បាន​និយាយទៀត​ថា​ ពួក​អ្នកភូមិ​ចង់​ឲ្យ​ជនជាតិ​ចិន​ទាំង​នោះ​សង់​ផ្លូវ​ដែល​ពួកគេ​បាន​បំផ្លាញ​ និង​ចាក់​បំពេញ​រណ្តៅ​ដែល​ពួកគេ​បាន​ជីក​តភ្ជាប់​បណ្តាញ​អគ្គិសនី​ និង​យ៉ាងហោច​ណាស់​សង់​សាលារៀន​ និង​ផ្សារ​ដល់ពួក​អ្នក​ភូមិ ​មុន​នឹង​ពួកគេ​ចាកចេញ​ពី​កន្លែង​នោះ។

រហូត​ដល់​ឆ្នាំ​២០១៤ ក្រុង Meiganga និង​ភូមិនានា​ដែល​នៅ​ជុំវិញ​នោះ​ មាន​ចំការពោត សណ្តែក​ សណ្តែកដី​ និង​កសិដ្ឋាន​ចិញ្ចឹម​គោ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ប្រទេស​កាមេរូន​ នីហ្សេរីយ៉ា​ និង​សាធារណរដ្ឋ​អាហ្វ្រិកកណ្តាល។

ក្រោយ​មក​មាន​ទីតាំង​ជីកមាស​ ស័ង្កសី នីកែល និង​រ៉ែផ្សេងៗ​ទៀត​ដែល​ត្រូវ​បាន​រក​ឃើញ​នៅក្នុង​តំបន់​ចំនួនប្រហែល៣០០កន្លែង។ ក្នុង​ចំណោម​អ្នក​ជីករុករករ៉ែ​ទាំង​នោះ​គឺ​ជា​ ក្រុមហ៊ុនចិន។

ក្រុមហ៊ុនជាង ១០០កំពុង​ជីកមាស​នៅក្នុង​និង​នៅ​ជុំវិញ​ក្រុង Meiganga។ ពួកគេប្រើត្រាក់ទ័រ​កាយដី​ និង​ឧបករណ៍​សម្រាប់​សម្អាត​ថ្ម​ និង​កម្ទេចដី​ ដែល​អាច​ឲ្យ​ពួកគេ​រក​ឃើញ​មាស​បាន​លឿន​ជាង​ពួកអ្នកស្រុក​ដែល​ប្រើ​ឧបករណ៍​បុរាណ។ ពួកអ្នកស្រុក​ដែល​ធ្វើ​ជា​កម្មករ​នៅ​ទីតាំង​ជីកមាស​របស់​ចិន​បាន​ទទួល​កម្រៃ ២ដុល្លារ​ក្នុង​មួយ​ថ្ងៃ។

មន្រ្តី​ក្រសួងរ៉ែ​របស់​កាមេរូន​លោក Gabriel Dodo Ndocke បាន​ថ្លែង​ថា ​ពាក្យ​បណ្តឹង​របស់​អ្នកភូមិ​គឺ​ជា​ពាក្យ​បណ្តឹង​ស្របច្បាប់។ លោក​និយាយ​ទៀត​ថា​ លោក​បាន​ប្រាប់​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​គោរព​តាម​លក្ខខណ្ឌ​ដែល​មាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀង​ជា​មួយ​រដ្ឋាភិបាល។ លោក Gabriel Dodo Ndocke បានថ្លែងថា ​អ្នកស្រុក​រងផលប៉ះពាល់​ដោយសារ​ការរិចរិលបរិស្ថាន​ និង​មិន​ទទួល​បាន​អត្ថ​ប្រយោជន៍​ដូច​តាម​ការរំពឹង​ទុក​ទេ ដោយសារតែ​ការរុករករ៉ែ​របស់​ក្រុមហ៊ុន​ទាំងនេះ​រៀបចំ​មិន​បាន​ត្រឹមត្រូវ​ និង​មាន​លក្ខណៈ​កេងប្រវ័ញ្ជ។ លោក​បាន​និយាយ​បន្ត​ទៀត​ថា​ លោក​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ជីករ៉ែ​ទាំងអស់​ឲ្យ​គោរព​ច្បាប់​បរិស្ថាន​ និង​ឈប់​បំផ្លាញ​ស្រែចំការ​ និង​ទីវាល​ចិញ្ចឹមគោ ​ដែល​ឥឡូវ​នេះ​ជា​ ប្រភព​តែមួយ​គត់​សម្រាប់​ឲ្យ​អ្នកស្រុក​នៅតំបន់​នោះ​ប្រកបរបរ​ចិញ្ចឹម​ជីវិត។

ក្រុមមន្រ្តី​មក​ពី​ក្រុមហ៊ុន​ជីករ៉ែ​របស់​ចិន​នៅ​ក្រុង Meiganga បាន​បដិសេធ​មិន​ផ្តល់​បទ​សម្ភាសន៍​អំពី​ការចោទប្រកាន់​ទាំង​នេះ​ទេ។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​មន្រ្តី​ម្នាក់​ឈ្មោះ Hu Long បាន​ថ្លែង​ថា​ ក្រុមហ៊ុន​បាន​ជួយ​ដល់​សហគមន៍​នានា​តាមរយៈ​ការ​ផ្តល់​ជំនួយ​ដល់​មន្ទីពេទ្យ​ និង​សង់អាគារ​ ឬ​ជួយជួសជុល​សាលារៀន​នៅពេល​មាន​ការ​ស្នើ​សុំ។ លោក​បាន​និយាយ​ទៀត​ថា​ ក្រុមហ៊ុន​ក៏​បាន​ផ្តល់​ការងារ​ដល់​យុវជន​ប្រហែល​១០០​នាក់​ផងដែរ។

នេះ​មិនមែន​ជា​លើក​ទីមួយទេ​ ដែល​អ្នកភូមិ​កាមេរូន​បាន​តវ៉ា​ចោទ​ប្រកាន់​ក្រុមហ៊ុន​ជីករ៉ែ​របស់​ចិន​ទាំង​នេះ​ថា​កេងប្រវ័ញ្ជ។ កាល​ពី​ឆ្នាំ២០១៦ អ្នកស្រុក​នៅ​ភាគខាងកើត​ប្រទេស​កាមេរូន​មាន​ជម្លោះ​ជាមួយ​ក្រុម​អ្នកជីក​មាស​ចិន​ដែល​បាន​ជីកមាស​នៅ​ទីនោះ​អស់​រយៈ​ពេល​៦ឆ្នាំ។ ពួក​អ្នកជីកមាស​ក្នុង​តំបន់​និយាយ​ថា​ ជនជាតិចិន​បាន​បំផ្លាញ​ទំនៀមទម្លាប់រស់នៅ​របស់​ពួកគេ​ និង​មិនបាន​គោរព​តាម​ការសន្យា​ដែល​ថា នឹង​ធ្វើការ​អភិវឌ្ឍនៅ​ក្នុង​តំបន់​ទេ។ ប្រទេសកាមេរូន​មិន​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​អត្ថប្រយោជន៍​ដែល​ខ្លួន​ទទួល​បាន​ពី​អាជីវកម្ម​ជីករ៉ែ​នេះ​ទេ​ ប៉ុន្តែ​បាន​និយាយ​ថា ​អាជីវកម្មរ​បស់​ក្រុមហ៊ុន​ទាំងនោះ ​បាន​ចូលរួម​ចំណែក​គួរឲ្យ​កត់សម្គាល់​នៅក្នុង​ការរីក​លូតលាស់​ផលិតផល​ក្នុង​ស្រុក​សរុប​ឬ​ ហៅ​ថា GDP របស់​ប្រទេស៕

ប្រែសម្រូលដោយ ស៊ូ ពេជ្រចិន្តា