កាមេរូន​ជំរុញ​ឱ្យ​ឈប់​ប្រើប្រាស់​ថង់​ប្លាស្ទិក​ដើម្បី​សង្គ្រោះ​បរិស្ថាន

រូបឯកសារ៖ អាជីវករម្នាក់កំពុងលក់ដូរនៅផ្សារ Mvog Ada ក្នុងទីក្រុង Yaounde នៃប្រទេសកាមេរូន កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២២។

ស្រ្តី​ម្នាក់បាន​ប្រើប្រាស់ឧបករណ៍​ឧឃោសនសព្ទ​ដើម្បី​ប្រាប់​ទៅ​ពលរដ្ឋ​នៅឯ​ផ្សារ Mfoundi ក្នុង​រដ្ឋធានី​យុនដេ​ថា ថង់ប្លាស្ទិក​គឺ​ជា​ការ​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​បរិស្ថាន។

ស្រ្តី​រូប​នេះ​និយាយ​ថា ការ​កើត​ជំងឺ​និង​ទឹក​ជំនន់​នឹង​ថយចុះ​ នៅ​ពេល​ពលរដ្ឋ​ងាក​ទៅរក​របៀប​វេចខ្ចប់​និង​ស្តុក​ទុក​អាហារ​តាម​ទម្លាប់​ដើម គឺ​តាមរយៈការ​ប្រើប្រាស់​ស្លឹកចេក ឬ​ស្លឹក​រុក្ខជាតិ​ដទៃ​ទៀត។

ក្រសួង​ពាណិជ្ជកម្ម​និង​ក្រសួង​បរិស្ថាន​កាមេរូន​និយាយ​ថា មាន​ក្បួន​យាន​បាន​ដង្ហែ​ទៅ​តាម​ទីផ្សារ​នានា នៅ​កាមេរូន​ដែល​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​ប្រារព្ធ​ទិវា​គ្មាន​ថង់​ប្លាស្ទិក​អន្តរជាតិ ដែល​ធ្វើឡើង​ប្រចាំឆ្នាំ នៅ​រាល់ថ្ងៃ​ទី៣ ខែកក្កដា។

អ្នកស្រី Florence Tumasang គឺ​ជា​វេជ្ជបណ្ឌិត​ប្រចាំ​ទីភ្នាក់ងារ​សេវាកម្ម​សុខភាព​នៃ​សមាគម Cameroon Baptist Convention។

អ្នកស្រី​និយាយ​ថា ស្លឹក​រុក្ខជាតិ​អាច​រលាយ​ក្នុង​ដី ហើយ​ពោរពេញ​ដោយ​សារធាតុ​អង់ទីអុកស៊ីដង់​ ចំណែក​ឯ​ថង់ប្លាស្ទិក​បង្ក​គ្រោះថ្នាក់​ចំពោះ​សុខភាព​និង​បរិស្ថាន។

អ្នកស្រី Tumasang ថ្លែង​ថា៖ «ខ្ញុំ​មិន​ដឹងថា​ យើង​នឹង​អាច​បញ្ឈប់​ពលរដ្ឋ​យើង​ពី​ការ​ដាក់​អាហារ​ក្តៅក្នុង​ថង់ប្លាស្ទិក​បាន​តាម​របៀប​ណា​នោះ​ទេ ពីព្រោះ​កម្តៅ​ធ្វើ​ឲ្យ​ថង់ប្លាស្ទិក​ទាំង​នោះ​បញ្ចេញ​សារធាតុ​ពុល។ សារធាតុ​ពុល​នេះ​ចូល​ទៅ​ក្នុង​អាហារ ហើយ​អាច​បង្ក​ជា​ជំងឺ​មហារីក។ យើង​ត្រូវ​ត្រឡប់​ទៅ​ប្រើប្រាស់​ស្លឹក​រុក្ខជាតិ​ ដែល​ជា​របស់​ធម្មជាតិ​ ដើម្បី​ខ្ចប់​អាហារ​ក្តៅ​វិញ»។

មនុស្ស​មួយ​ចំនួន​នៅ​ប្រទេស​កាមេរូន​កំពុង​ប្រើប្រាស់​ថង់​ក្រដាស​ផងដែរ ប៉ុន្តែ​អ្នក​ខ្លះ​អះអាង​ថា ថង់​ក្រដាស​មិន​អាច​រក្សា​ទុក​អាហារ​ចម្អិន​ហើយ​ឱ្យ​បាន​ល្អ​នោះ​ទេ។

កាល​ពី​ឆ្នាំ ២០១២ ប្រទេស​កាមេរូន​បាន​ដាក់​បម្រាម​លើ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ដែល​មិន​រលាយ​ក្នុង​ដី​ សម្រាប់​ការ​វេចខ្ចប់ យោង​លើ​ហេតុផលថង់​ប្លាស្ទិកអាច​ធ្វើ​ឱ្យ​ស្ទះ​ប្រព័ន្ធ​បង្ហូរ​ទឹក ខូច​សោភណភាព និង​ត្រូវការ​ពេលវេលា​ប្រមាណ​មួយ​ពាន់​ឆ្នាំ​ដើម្បី​រលាយ។ ហើយ​នៅ​ពេលរលាយ ថង់ប្លាស្ទិក​បាន​បែកចេញ​ជា​ភាគល្អិត​តូចៗ​ ដែល​បង្ក​ជា​ការ​បំពុល​ដី​និង​ទឹក។

បន្ទាប់​ពីធ្លាក់​ចុះ​បរិមាណ​អស់ពេល​រាប់​ឆ្នាំ​មក​នេះ ការ​បំពុល​ដោយ​ថង់ប្លាស្ទិក​មិន​រលាយ​ក្នុង​ដី​ បាន​កើន​ឡើង​ទ្វេ​ដង​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៩ មក​ រហូត​ដល់​ចំនួន​ ៦០០.០០០​ តោន​ក្នុង​មួយ​ឆ្នាំ។ នេះ​បើ​យោងតាម​រដ្ឋាភិបាល​កាមេរូន។

លោក Abel Foncha Ghogomu គឺជា​មន្ត្រី​ពាណិជ្ជកម្ម​ជាន់ខ្ពស់​នៅ​តំបន់​ភាគ​ពាយព្យ​នៃ​ប្រទេស​កាមេរូន។ លោក​និយាយ​ថា មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​ក្នុង​ការ​បញ្ឈប់​អ្វី​ដែល​លោក​ហៅ​ថា​ជា បរិមាណ​ដ៏​ធំ​នៃ​ថង់ប្លាស្ទិក​ដែល​ត្រូវ​បាន​នាំ​ចូល​ដោយ​ខុសច្បាប់​ពី​នីហ្សេរីយ៉ា​ជា​រៀងរាល់​ថ្ងៃ។

លោក Ghogomu ថ្លែង​ថា៖ «យើង​ពិត​ជា​មិន​អាច​បញ្ឈប់​ថង់ប្លាស្ទិក​មិន​ឱ្យ​ចូល​ពី​ប្រទេស​ជិត​ខាង​នោះ​ទេ។ ភាព​ចន្លោះ​ប្រហោង​នៅ​តាម​ព្រំដែន​ក្នុង​តំបន់​គឺ​ជា​បញ្ហា​ដែល​យើង​កំពុង​ប្រឈម​មុខ»។

ថង់ប្លាស្ទិក​ចំនួន​រាប់​លាន​បន្ថែម​ទៀត ត្រូវ​បាន​ផលិត​ឡើង​ដោយ​ខុស​ច្បាប់​ជា​រៀងរាល់​ឆ្នាំ​នៅ​ក្នុង​ប្រទេស​កាមេរូន។

ពលរដ្ឋ​ដែល​ប្រើប្រាស់​ថង់ប្លាស្ទិក​និយាយ​ថា រដ្ឋាភិបាល​មិន​បាន​ចាប់ផ្តើម​ផលិត​គ្រឿង​សម្រាប់​វេចខ្ចប់​ដែល​អាច​រលាយ​ក្នុង​ដី​ដោយ​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ឯកជន​ ដូចដែល​ខ្លួន​បាន​សន្យា​នោះ​ទេ។

រដ្ឋាភិបាល​កាមេរូន​ទទួល​ស្គាល់​ថា គ្រឿងសម្រាប់​វេចខ្ចប់​ដែល​ខ្លួន​កំពុង​ផលិត​មិន​បាន​បំពេញ​តាម​តម្រូវការកម្រិត​ថ្នាក់​ជាតិ​នោះ​ទេ ហើយកំពុង​ជំរុញ​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​ស្លឹក​រុក្ខជាតិ។

ទិវា​គ្មាន​ថង់ប្លាស្ទិក​អន្តរជាតិ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី ៣ ខែ​កក្កដា​ ជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​លើកកម្ពស់​ការ​យល់ដឹង​ពី​ផលប៉ះពាល់​ដែល​ថង់ប្លាស្ទិក ដែល​អាចប្រើប្រាស់​បាន​ត្រឹម​តែ​មួយ​លើក ​មាន​មក​លើ​បរិស្ថាន៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្ត្របញ្ញា