ប្រទេសកម្ពុជានឹងមិនជួបវិបតិ្តនៃកំណើនមនុស្សវ័យចំណាស់ទេក្នុងរយៈពេល២០ឬ៣០ឆ្នាំខាងមុខនេះ ពីព្រោះមានតែ៤%ប៉ុណ្ណោះនៃប្រជាជនប្រទេសក្រីក្រនេះ មានសុខភាពល្អគួរសម អាចរស់បានអាយុលើសពី៦៥ឆ្នាំ។ ប៉ុន្តែអ្នកសេដ្ឋវិទូថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាត្រូវពិនិត្យមើលឡើងវិញចំពោះការអនុវត្តគោលនយោបាយសាធារណៈ ដូចជាប្រព័ន្ធសោធននិវត្តន៍ ដែលនៅមិនទាន់ដំណើរការបានល្អ។
សេដ្ឋវិទូនៃធនាគារពិភពលោកថ្លែងថា ប្រទេសកម្ពុជាមិនទាន់ប្រឈមមុខនឹងហានិភ័យនៃការប៉ះពាល់សេដ្ឋកិច្ច ដោយការឈានចូលវ័យចំណាស់របស់ពលរដ្ឋខ្លួននៅក្នុងរយៈពេល២០ឆ្នាំទៅមុខទៀតនោះទេ បើធៀបទៅនឹងប្រទេសដទៃទៀតនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក តែប្រទេសក្រីក្រនេះត្រូវត្រៀមផែនការដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃប្រជាជនវ័យចំណាស់ទៅថ្ងៃខាងមុខ។
ការថ្លែងយ៉ាងដូច្នេះកើតមាននៅក្នុងការចេញផ្សាយរបាយការណ៍របស់ធនាគារពិភពលោក ដែលមានចំណងជើងថា «រស់នៅបានអាយុវែង និងបានថ្កុំថ្កើង៖ ការឈានចូលវ័យចំណាស់នៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក»។ ការចេញផ្សាយរបាយការណ៍នេះធ្វើឡើងនៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន និងផ្សាយផ្ទាល់មកកាន់ការិយាល័យធនាគារពិភពលោកនៅរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃពុធនេះ។
លោក Philp O'Keefe ប្រធានក្រុមអ្នកនិពន្ធរបាយការណ៍នេះ ថ្លែងថា កម្ពុជាត្រូវផ្តោតទៅលើការកែសម្រួលគោលនយោបាយសាធារណៈមួយចំនួនដែលមិនទាន់ដំណើរការបានល្អ ដូចជាគោលនយោបាយប្រាក់សោធននិវត្តន៍ ឬប្រាក់ចូលនិវត្តន៍។ លោកថា កម្ពុជាត្រូវរកលទ្ធភាពនៃការធ្វើឲ្យគោលនយោបាយនេះដំណើរការទៅមុខបាន ហើយថា រដ្ឋាភិបាលក៏ត្រូវផ្តល់ការអប់រំដល់ប្រជាពលរដ្ឋវ័យក្មេងប្រកបដោយគុណភាព យ៉ាងហោចណាស់ត្រឹមកម្រិតអនុវិទ្យាល័យ ដើម្បីរក្សាបាននូវភាពប្រកួតប្រជែងនៅក្នុងពេល២០ឆ្នាំខាងមុខទៀត។
«អ្នកពិតជាត្រូវបង្កើនការអប់រំភ្លាមៗ ពីពេលឥឡូវនេះទៅ បើសិនជាអ្នកអាចធ្វើបាន ពីព្រោះនៅមុនពេលដែលអ្នកបានឈានទៅដល់សង្គមមួយដែលជាសង្គមមានមនុស្សចាស់ច្រើន និងប្រសិនបើមនុស្សវ័យក្មេងជាមធ្យមមិនទាន់ទទួលបាន យ៉ាងហោចណាស់ការអប់រំកម្រិតអនុវិទ្យាល័យ អ្នកមិនអាចមានភាពប្រកួតប្រជែងនៅពេលអ្នកឈានដល់ពេលនោះឡើយ»។
លោកបានពន្យល់បន្ថែមថា កម្ពុជាគួរគិតគូទៅដល់គោលនយោបាយមួយចំនួនដែលត្រូវដាក់ឲ្យអនុវត្តនៅក្នុងទីផ្សារការងារ និងវិស័យផ្សេងទៀត សម្រាប់ត្រៀមឆ្លើយតបទៅនឹងចំនួនប្រជាជនដែលនឹងចម្រើនវ័យ ហើយអាចមានជីវភាពធូរធា ដោយលោកបានលើកជាឧទាហរណ៍ថា កម្ពុជាអាចបំបាត់ឧបសគ្គនានាដើម្បីបើកផ្លូវឲ្យមានការចូលរួមរបស់ស្រ្តីនៅក្នុងទីផ្សារពលកម្មឲ្យកាន់តែច្រើនឡើង។
«ឧទាហរណ៍ ដូចជាការបំបាត់ឧបសគ្គទាំងឡាយ ដើម្បីឲ្យមានការចូលរួមរបស់ស្រ្តីនៅក្នុង កម្លាំងពលកម្ម ដោយមិនមានគោលនយោបាយកំណត់អាយុបង្ខំឲ្យពួកគេចូលនិវត្តន៍ទេ នៅពេលដែលពួកគេមិនចង់ចូលនិវត្តន៍»។
សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ដែលនិយាយអំពីរបាយការណ៍ដែលមានចំណងជើងថា «រស់នៅបានអាយុវែង និងបានថ្កុំថ្កើង»នេះ បានសរសេរថា ល្បឿននៃភាពឈានចូលវ័យចំណាស់មានភាពខុសគ្នាទៅតាមប្រទេសនីមួយៗ។
ប្រទេសអ្នកមាន ដូចជា ជប៉ុន សិង្ហបុរី និងកូរ៉េខាងត្បូងដែលមាន «មនុស្សចាស់ច្រើនជាងគេ» នោះ គឺមានប្រជាជន១៤% ឬច្រើនជាងនេះ បានឈានចូលដល់អាយុតិចជាង៦៥ឆ្នាំរួចទៅហើយ។ នៅក្នុងប្រទេសដែលប្រជាជនប្រជាជនវ័យក្មេងច្រើនជាងគេ និងក្រីក្រជាងគេ ដូចជាកម្ពុជា ឡាវ និងប៉ាពូញូហ្គីនី មានតែប្រជាជន៤%ប៉ុណ្ណោះ មានអាយុចាស់ជាង៦៥ឆ្នាំ ក៏ប៉ុន្តែប្រជាជននៃប្រទេសទាំងនេះនឹងចាប់ផ្តើមឈានចូលវ័យចំណាស់យ៉ាងឆាប់រហ័សនៅក្នុងរយៈពេលពី២០ទៅ៣០ឆ្នាំខាងមុខ។ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលមធ្យម ដូចជា ចិន ថៃ និងវៀតណាម កំពុងឈានចូលវ័យចំណាស់យ៉ាងលឿន និងជួបនូវបញ្ហាប្រឈមធ្ងន់ធ្ងរបំផុតមួយចំនួនក្នុងការគ្រប់គ្រងមនុស្សឈានចូលវ័យចំណាស់។
របាយការណ៍នេះបានផ្តល់អនុសាសន៍ថា បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ីបូព៌ា បានចាត់វិធានការដើម្បីធ្វើកំណែទម្រង់ផែនការប្រាក់សោធននិវត្តន៍បច្ចុប្បន្នរបស់ខ្លួន រួមទាំងការពិចារណាក្នុងការបង្កើនអាយុចូលនិវត្តន៍បន្តិចម្តងៗ។ សម្រាប់ប្រទេសនានា ដែលមានប្រជាជនវ័យក្មេងច្រើន របាយការណ៍នេះបានផ្តល់ជាយោបល់ថា រដ្ឋាភិបាលត្រូវគិតគូរពិចារណាលើការឈានចូលវ័យចំណាស់ដ៏ឆាប់រហ័សក្នុងពេលអនាគត និងបង្កើតប្រព័ន្ធប្រាក់សោធននិវត្តន៍ដែលមានចីរភាព។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីថ្លែងប្រាប់ VOA ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការកែទម្រង់លើប្រព័ន្ធសោធននិវត្តន៍ ដោយផ្អែកលើគោលការណ៍សមធម៌។
«យើងមានពង្រឹងថែមទៀត ដូចជាការប្រាក់សោធននិវត្តន៍។ មិនមែនយើងបោះបង់ចោលគាត់ទេ គឺយើងដំឡើង ក៏ប៉ុន្តែឲ្យមានអ្វីទៅ ឲ្យមានសមធម៌ជាមួយអ្នកសកម្មនេះឯង។ ជំនាន់នេះ យើងយល់ឃើញថា វាអាចទទួលបានផលតិចតួចអំពីអ្វីទៅដែលថា ផែនការសុវត្ថិភាព នៅក្នុងសង្គមរបស់យើងនោះ ផ្នែកសុខភាពក៏ដូចជាផ្នែកសោធននិវត្តន៍។ ក៏ប៉ុន្តែនៅក្នុង ប្រហែល១០ទៅ២០ឆ្នាំទៀត យើងបានល្អ យុវជននោះក្លាយទៅជាអ្វីទៅដែលគេហៅថា សកម្មនៅក្នុងចលនាសេដ្ឋកិច្ចទីផ្សារសេរី»។
លទ្ធផលនៃការស្ទង់មតិ ដែលចេញផ្សាយដោយអង្គការខុមហ្រ្វែលកាលពីដើមឆ្នាំ២០១៥នេះ បានរកឃើញថា មានប្រជាពលរដ្ឋប្រមាណ៥៦,៦%មិនពេញចិត្តនឹងគោលនយោបាយរដ្ឋាភិបាលអាណត្តិទី៥រយៈពេលមួយឆ្នាំកន្លងទៅនេះទេ ហើយមានតែប្រជាពលរដ្ឋប្រមាណ៤៤,៤%តែប៉ុណ្ណោះដែលបាននិយាយថា បានពេញចិត្តខ្លះ និងមិនពេញចិត្តខ្លះ។ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានសម្រេចពេញលេញនូវការបំពេញ និងការអនុវត្តគោលនយោបាយចំនួន៦ក្នុងចំណោមគោលនយោបាយទាំង១៦នៃគោលនយោបាលដែលមានសូចនាករច្បាស់លាស់។ គោលនយោបាយដែលអនុវត្តបានពេញលេញនោះគឺកំណើនសេដ្ឋកិច្ច៧%ក្នុងមួយឆ្នាំ ការកាត់បន្ថយភាពក្រីក្រអត្រា១%ក្នុងមួយឆ្នាំ ការបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ចជាដើម។
គោលនយោបាយចំនួន៣ គឺគោលនយោបាយនាំអង្ករចេញ ការរក្សាផ្ទៃដីដែលគ្របដណ្តប់ដោយព្រៃឈើ និងការដាក់ឲ្យដំណើរការរបបប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិតក្នុងវិស័យឯកជននោះ រដ្ឋាភិបាលអនុវត្តមិនបានសម្រេចតាមការសន្យារបស់ខ្លួននោះទេ។
លោក Sudhir Shetty ប្រធានសេដ្ឋកិច្ចវិទូរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ថ្លែងថា ភាគច្រើននៃប្រជាពលរដ្ឋរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនឹងត្រូវចម្រើនវ័យកាន់តែចាស់ នៅមុនពេលពួកគេក្លាយជាអ្នកមានទ្រព្យ បើមើលទៅលើប្រព័ន្ធប្រាក់ចូលនិវត្ត៍ និងការចំណាយទៅលើការថែទាំសុខភាព។ លោកបញ្ជាក់ថា នេះជាក្តីបារម្ភមួយរបស់ប្រជាពលរដ្ឋរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់ទាំងពីរនេះ។
«កី្តបារម្ភច្បាស់មួយនៅក្នុងរឿងនេះគឺថា ភាគច្រើននៃប្រជាជនរស់នៅប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់នេះនឹងកាន់តែមានវ័យចាស់ទៅៗ នៅមុនពេលពួកគេក្លាយជាអ្នកមាន ឬក៏អាចនិយាយម្យ៉ាងទៀត ដូចជាអ្នកសេដ្ឋកិច្ចចូលចិត្តហៅនោះគឺថា ប្រទេសទាំងនោះនឹងមានកម្រិតប្រជាជនចាស់ជរាដែលត្រូវការការពឹងផ្អែកខ្ពស់ជាងប្រជាជនចាស់ជរានៅក្នុងប្រទេសអ្នកមានសព្វថ្ងៃនេះ»។
របាយការណ៍របស់ធនាគារពិភពលោកដដែលនេះសរសេរថា ប្រទេសដែលមានប្រាក់ចំណូលមធ្យម និងប្រទេសអ្នកមានអាចនឹងបាត់បង់មនុស្សចំនួន១៥%ដែលមានអាយុអាចធ្វើការបាន នៅត្រឹមឆ្នាំ២០៤០។ របាយការណ៍នេះរកឃើញថា ៣៦%នៃប្រជាជននៅលើពិភពលោក ដែលមានអាយុ៦៥ឆ្នាំ និងលើសនេះ ឬប្រជាជនចំនួន២១១លាននាក់ កំពុងរស់នៅក្នុងតំបន់អាស៊ីបូព៌ា គឺជាចំនួនមួយច្រើនជាងគេបំផុតធៀបទៅក្នុងតំបន់ទាំងអស់។ នៅត្រឹមឆ្នាំ ២០៤០ កំណើនមនុស្សឈានចូលវ័យចំណាស់ អាចនឹងធ្វើឲ្យចំនួនមនុស្សពេញវ័យដែលអាចធ្វើការបាន ថយចុះច្រើនជាង១៥%នៅក្នុងប្រទេសកូរ៉េ និងច្រើនជាង១០%នៅក្នុងប្រទេសចិន ថៃ និងជប៉ុន។ ពលករចំនួន៩០លាននាក់អាចនឹងបាត់បង់បើគិតតែប្រទេសចិនមួយ៕