គេហទំព័រ «ខ្មែរឡូត» (Khmerload.com) ដែលបានបង្កើតឡើងរយៈពេលប្រាំឆ្នាំមកហើយ និងផ្តល់ព័ត៌មានកម្សាន្តនិងសង្គមដែលទាក់ទាញអ្នកមើលច្រើនដោយការយកលំនាំតាមគេហទំព័រ Buzzfeed របស់អាមេរិក បានក្លាយជាសហគ្រាសបង្កើតថ្មីឬ startup ខ្មែរដំបូងដែលទទួលបានការវិនិយោគផ្ទាល់ពីអ្នកវិនិយោគនៅតំបន់បច្ចេកវិទ្យា Silicon Valley របស់អាមេរិក។ ការវិវត្តនេះទំនងអាចជួយឲ្យមានការប្រែក្លាយនិងជំរុញវិស័យបច្ចេកវិទ្យានិងក្រុមហ៊ុន startup កាន់តែខ្លាំងនៅក្នុងប្រទេសកម្ពុជាដែលជាប្រទេសដ៏ក្រីក្របំផុតមួយនៅអាស៊ី។
លោក អ៊ិន វិចិត្រ ស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន ខ្មែរឡូត ថ្លែងថាប្រាប់ VOA នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយនាពេលថ្មីៗនេះថា ក្រុមហ៊ុនលោកទទួលបានការវិនិយោគចំនួន២០០.០០០ដុល្លារសហរដ្ឋអាមេរិកពីក្រុមហ៊ុន 500 Startups ដែលជាក្រុមហ៊ុនវិនិយោគលំដាប់សាកលមួយដែលវិនិយោគទៅលើក្រុមហ៊ុនថ្មីថ្មោងនិងក្រុមហ៊ុន startup ទូទាំងពិភពលោក ដែលមានមូលដ្ឋាននៅទីក្រុង Mountain View រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ក្នុងតំបន់បច្ចេកវិទ្យាដ៏ល្បីមួយឈ្មោះ Silicon Valley។ ការវិនិយោគពីក្រុមហ៊ុនក្រៅស្រុកនេះ បើទោះបីក្នុងចំនួនមិនច្រើនក្តី ក៏បង្ហាញពីលទ្ធភាពដំបូងដែលក្រុមហ៊ុនខ្មែរមួយអាចទាក់ទាញការវិនិយោគផ្ទាល់ពីតំបន់ Silicon Valley។ ការវិនិយោគយកចំណែកភាគហ៊ុននៅក្នុងក្រមហ៊ុនខ្មែរឡូដនេះ បានធ្វើឲ្យតម្លៃក្រុមហ៊ុននេះកើនដល់ច្រើនជាង១លានដុល្លារ ប៉ុន្តែលោក វិចិត្រ បដិសេធមិនផ្តល់តួលេខលម្អិត។
ក្រៅពីកត្តាមានក្រុមនិងផលិតផលល្អ សហគ្រិនវ័យក្មេងខាងបច្ចេកវិទ្យារូបនេះថ្លែងថា កត្តាសំខាន់ដែលធ្វើឲ្យក្រុមហ៊ុន ខ្មែរឡូត អាចទាក់ទាញការវិនិយោគនេះបាន គឺដោយសារក្រុមហ៊ុននេះបានបង្ហាញថា គំរូពាណិជ្ជកម្ម (business model) របស់ខ្លួនអាចពង្រីកបានទៅទីផ្សារផ្សេងទៀត។ នេះជាសូចនាករឬការចង្អុលបង្ហាញពីផលចំណេញពីការវិនិយោគនាពេលអនាគត (return on investment)។
លោក អ៊ិន វិចិត្រ បញ្ជាក់ថា៖
«អញ្ចឹង យើងបង្ហាញគាត់ទៅថា នៅប្រទេសកម្ពុជាយើងនៅក្នុងចំណោមគេហទំព័រឈានមុខគេបី។ ហើយយើងក៏បានធ្វើការងារហ្នឹងនៅភូមាដែរ គឺយើងពង្រីកខ្លួនទៅភូមា។ អញ្ចឹងគាត់ឃើញថា យើងបានធ្វើច្រើន ហើយវាមានចំណូល បានន័យថាចំណេញស្រាប់ហើយ។ សម្រាប់ខាង Silicon Valley ក្រុមហ៊ុនខ្លះខាតក៏គាត់វិនិយោគដែរ ប៉ុន្តែយើងបានចំណេញទៀត។ អញ្ចឹងគាត់ក៏មើលឃើញនូវសក្តានុពលហ្នឹង»។
លោក Khailee Ng (ខៃលី អេង) ដៃគូគ្រប់គ្រងវិនិយោគប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃក្រុមហ៊ុនវិនិយោគ 500 Startups បានបញ្ជាក់តាមសារអេឡិកត្រូនិកឬអ៊ីមែលប្រាប់ VOA ថា ក្រុមហ៊ុន ខ្មែរឡូត ជាក្រុមហ៊ុនមានប្រតិបត្តិការដំបូងនៅកម្ពុជាដែលក្រុមហ៊ុនវិនិយោគមានមូលដ្ឋាននៅតំបន់បច្ចេវិទ្យា Silicon Valley បានវិនិយោគ។ ប៉ុន្តែលោកពន្យល់បន្ថែមទៀតថា គំរូពាណិជ្ជកម្មរបស់គេហទំព័រ ខ្មែរឡូត មានសក្តានុពលហួសពីប្រទេសកំណើតខ្លួនទៀត ដោយលោកពន្យល់តាមអ៊ីមែលក្នុងខ្លឹមសារដើមយ៉ាងដូច្នេះថា៖
«ដើម្បីអាចឈានទៅដល់ឋានៈជា [គេហទំព័រ] កំពូលមួយបន្ទាប់ពីគេហទំព័រ Facebook និង Google ដោយប្រើប្រាស់ថវិកាដ៏តិចតួច ជារឿងមួយដែលមិនមានសហគ្រិនច្រើនទេនៅអាស៊ីអាគ្នេយ៍ អាចធ្វើបាន។ តាមពិតទៅខ្ញុំមិនដែលឃើញរឿងបែបនេះពីមុនមកទេ ដែលអាចចំណេញហើយ ថែមទាំងអាចបង្កើនចំនួននៃការចូលមើលគេហទំព័រនេះទៀត។ ដូច្នេះការសម្រេចធ្វើការវិនិយោគនេះមិនលំបាកទេ។»
យុទ្ធសាស្ត្រអាជីវកម្មរបស់គេហទំព័រ ខ្មែរឡូត ដោយផ្អែកលើខ្លឹមសារនិងព័តមានដែលធ្វើឲ្យទាក់ទាញខ្លាំង បាននាំឲ្យគេហទំព័រនេះអាចទាក់ទាញបានការទស្សនាចំនួនជាង១៧លានទំព័រ (pageviews) ក្នុងមួយខែនៅកម្ពុជា។ គេហទំព័រនេះបានពង្រីកខ្លួនចូលទីផ្សារប្រទេសមីយ៉ាន់ម៉ាកាលពីខែសីហាឆ្នាំ២០១៦ ដែលនៅទីនោះគេហទំព័រខ្មែរឡូតមានឈ្មោះថា Myanmarload ហើយទទួលជោគជ័យរួចទៅហើយដោយមានការទស្សនាជាង២០លានទំព័រក្នុងមួយខែ នេះបើតាមអះអាងរបស់លោក អ៊ិន វិចិត្រ។ ក្រុមហ៊ុននេះក៏បានសាកល្បងដោយជោគជ័យនូវគំរូពាណិជ្ជកម្មនេះ នៅប្រទេសឥណ្ឌូណេស៊ី ហើយបន្ទាប់ពីការវិនិយោគពី Silicon Valley ក្រុមហ៊ុន ខ្មែរឡូត បានចុះបញ្ជីនៅប្រទេសសិង្ហបូរីដោយប្រើឈ្មោះតំបន់ថា Mediaload។
ប៉ុន្តែការយកគំរូតាមគេហទំព័រ Buzzfeed របស់អាមេរិកដោយផ្អែកលើព័ត៌មានដើម្បីទាក់ទាញការចុច click ចូលទស្សនាច្រើន នៅក្នុងបរិបទព័ត៌មានប្រទេសកម្ពុជាដែលមិនសូវមានវិជ្ជាជីវៈ ធ្វើឲ្យក្រុមហ៊ុន ខ្មែរឡូត ងាយទទួលការរិះគន់។ លោក វិចិត្រ ទទួលស្គាល់ថា ដើម្បីអាចក្លាយខ្លួនជាគេហទំព័រដែលមានគេចូលទស្សនាច្រើនជាងគេមួយនៅកម្ពុជានោះ ដំបូងឡើយក្រុមហ៊ុននេះត្រូវពឹងផ្អែកខ្លាំងទៅលើខ្លឹមសារព័ត៌មានដែលមានលក្ខណៈកម្សាន្ត ព័ត៌មានខ្សឹបខ្សៀវអំពីជីវិតតារាភាពយន្ត និងព័ត៌មានទាន់ហេតុការណ៍អំពីគ្រោះថ្នាក់ចរាចរណ៍ ដែលទាក់ទាញចំណាប់អារម្មណ៍ ហើយមានការផ្សាយច្រើននៅតាមបណ្តាញព័ត៌មានក្នុងប្រទេសកម្ពុជា។
យ៉ាងណាក៏ដោយលោក អ៊ិន វិចិត្រ បានអះអាងប្រាប់ VOA ថា នៅពេលគេហទំព័រ ខ្មែរឡូត បានកើនប្រជាប្រិយភាពរហូតមានអ្នកចូលមើលរាប់លានអ្នក និងមានឥទ្ធិពលកាន់តែខ្លាំងក្នុងសង្គមនោះ គេហទំព័រនេះក៏បានបង្កើនខ្លឹមសារព័ត៌មានរបស់ខ្លួនឲ្យមានប្រយោជន៍ជាងមុន ដោយរួមបញ្ចូលប្រធានបទ ការអប់រំ ចំណេះដឹងទូទៅ បច្ចេកវិទ្យា ភាសាអង់គ្លេស និងគណិតវិទ្យាផងដែរ។
បើនិយាយពីខ្លឹមសារវិញ លោក វិចិត្រ ថ្លែងថា នៅក្នុងសម័យព័ត៌មានក្លែងក្លាយឬ fake news ការរក្សាឲ្យបាននូវតុល្យភាពរវាងការចុច click និងក្រមសីលធម៌អ្នកសារព័ត៌មានកាន់តែមានសារៈសំខាន់ ដោយត្រូវធានាឲ្យបានល្អជាងមុនក្នុងការបញ្ជាក់ប្រភពច្បាស់លាស់ និងការជ្រើសរើសចំណងជើងនិងរូបភាពដែលសមស្របជាជាងរូបភាពទាក់ទាញ។
លោក អ៊ិន វិចិត្រ ប្រាប់ VOA ថា៖
«ឥឡូវនេះ គឺខាងខ្ញុំព្យាយាមមែនទែន ថារូបភាពយើងមិនត្រូវដាក់អ្វីដែលខុសក្រមសីលធម៌ទេ។ ហើយយើងចៀសវាងមែនទែនរឿងក្រមសីលធម៌ ដូចថា ដាក់រូបភាព ដូចបើសិនជាមានបញ្ហាអី យើងត្រូវដាក់រូបជា blurr មិនឲ្យច្បាស់មិនឲ្យឃើញមុខ យើងក៏ដាក់ទៅតាមហ្នឹង។ ខ្ញុំមិនដឹងខាងគេផ្សេងៗយ៉ាងម៉េចទេ ប៉ុន្តែខាងយើងព្យាយាមណាស់លើរឿងហ្នឹង។ សុខចិត្តបោះបង់ចោលនូវការដែលគេចុចមើលច្រើនបើសិនជាវាប៉ះពាល់ក្រមសីលធម៌ធ្ងន់ធ្ងរ។»
នៅដើមឆ្នាំ២០១៧នេះ សហគ្រាស startup ខាងបច្ចេកវិទ្យានៅកម្ពុជាបានកើនឡើងដល់ចំនួនជាង១២០ ដោយមានការកើនឡើងការិយាល័យធ្វើការរួមគ្នាដល់ជាង១០កន្លែងនៅក្រុងភ្នំពេញ និងខេត្តសៀមរាប។ នេះបើតាមលោកលោក ធុល រិទ្ធី ស្ថាបនិកនៃការិយាល័យធ្វើការរួមគ្នា SmallWorld និង Emerald Hub នៅភ្នំពេញ និងជាអ្នកជំរុញសហគ្រាស startup។ លោកថ្លែងប្រាប់ VOA ថា ក្រុមហ៊ុន startup ខ្មែរទាំងនេះកំពុងត្រូវការការវិនិយោគ ដើម្បីអាចពង្រីកសក្តានុពលនិងទទួលបានជោគជ័យ។
ប្រធានក្រុមហ៊ុន ខ្មែរឡូត គឺលោក អ៊ិន វិចិត្រ ថ្លែងថា ដោយសារគេហទំព័រ ខ្មែរឡូត ជា startup ដំបូងបំផុតមួយនៅកម្ពុជា ក្រុមហ៊ុននេះមានពេលវេលាច្រើនក្នុងការពង្រីកខ្លួនរហូតអាចទាក់ទាញការវិនិយោគពីខាងក្រៅប្រទេស។ លោកបញ្ជាក់ប្រាប់ VOA ទុនវិនិយោគថ្មីពីក្រុមហ៊ុន 500 Startups មានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់លោក នៅក្នុងឆ្នាំនេះ អាចពង្រឹងវត្តមាននៅក្នុងប្រទេសកម្ពុជា រួចបើកការិយាល័យថ្មីមួយនៅមីយ៉ាន់ម៉ា។
ប៉ុន្តែសហគ្រិនខ្មែរអាយុ៣៣ឆ្នាំរូបនេះ ដែលធ្លាប់បាន បង្កើតអាជីវកម្មលក់តាមអ៊ីនធឺណិតដ៏ជោគជ័យដំបូងនៅកម្ពុជាគឺហាងលក់ខោអាវឈ្មោះ លីថល (Little Fashion) ថ្លែងថា ក្រៅពីផលប្រយោជន៍ភ្លាមៗដែលក្រុមហ៊ុន ខ្មែរឡូត បានទទួលពីការវិនិយោគថ្មីនេះ លោកសង្ឃឹមថា ការវិនិយោគផ្ទាល់មិនធ្លាប់មានពីមុនពីក្រុមហ៊ុននៅតំបន់ Silicon Valley ទៅលើកក្រុមហ៊ុនបច្ចេកវិទ្យាខ្មែរមួយ នឹងអាចជួយក្រុមហ៊ុន startup ខ្មែរផ្សេងទៀតមានភាពងាយស្រួលជាងមុនក្នុងការទទួលបានការវិនិយោគផ្ទាល់នេះ។
លោកបញ្ជាក់ថា៖
«វាពិបាកមែនទែនសម្រាប់ប្រជាជនកម្ពុជា កូនខ្មែរទៅប្រាប់គេថា យើងចង់បានវិនិយោគពីគេ យើងមានគំនិតល្អអញ្ចឹង។ [ប៉ុន្តែ] គេពិបាកនឹងឲ្យលុយយើងណាស់ ពីព្រោះមិនមានអ្នកណាជោគជ័យពីមុនផងហ្នឹង។ អញ្ចឹងខ្ញុំចង់បានទុនពីគេហើយ ឥឡូវជំហានទីពីរនេះ ធ្វើម៉េចឲ្យជោគជ័យ ឲ្យគេបានទទួលផលចំណេញច្រើន។ អញ្ចឹងគេនឹងយកវិនិយោគមកដាក់នៅក្រុមហ៊ុនបច្ចេកវិទ្យានៅប្រទេសកម្ពុជាច្រើនទៀត ដែលធ្វើឲ្យកូនខ្មែរហ្នឹងព្យាយាមយកចិត្តទុកដាក់លើបច្ចេកវិទ្យា ព្យាយាមបង្កើតថ្មី យើងប្រកួតប្រជែងជាមួយគេ ហើយយើងទៅទីផ្សារក្រៅស្រុក»។
លោក អ៊ិន វិចិត្រ ថ្លែងថា គេហទំព័រ ខ្មែរឡូត កំពុងសម្លឹងរកការពង្រីកខ្លួននៅក្នុងប្រទេសវៀតណាមនិងឡាវថែមទៀតនៅចុងឆ្នាំនេះ៕