អាករលើតម្លៃបន្ថែមឬហៅថាVAT ទៅលើសេវាពាណិជ្ជកម្មឌីជីថលក្នុងនោះក៏មានការប្រើប្រាស់ពាណិជ្ជកម្មនៅលើហ្វេសប៊ុកដែរនោះ ត្រូវបានរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមកំណត់យកអាករចាប់ពីថ្ងៃទី១ខែមេសាឆ្នាំ២០២២នេះ។ នេះជាការសម្រេចថ្មីមួយដែលរដ្ឋាភិបាលកម្ពុជាអះអាងថាដើម្បីបង្កើនចំណូលថវិកាចូលរដ្ឋខណៈផ្នែកឌីជីថលនិងការផ្សាយពាណិជ្ជកម្មតាមអនឡាញនេះកំពុងរីកចម្រើនយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា។
ស្របពេលជាមួយគ្នានេះផងដែរ ក្រុមហ៊ុនMetaឬគេស្គាល់ជាទូទៅថាហ្វេសប៊ុកបានប្រកាសប្រាប់អតិថិជនរបស់ខ្លួនថាដោយសារការកំណត់យកតម្លៃពន្ធបន្ថែម(VAT)នៅកម្ពុជាក្រុមហ៊ុនMetaតម្រូវគិតថ្លៃតម្លៃពន្ធបន្ថែមលើការលក់ដែលមានការផ្សាយពាណិជ្ជកម្មដល់ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មដោយមិនគិតថាតើអ្នកកំពុងទិញការផ្សាយពាណិជ្ជកម្មសម្រាប់គោលបំណងអាជីវកម្មឬផ្ទាល់ខ្លួននោះទេ។
គេមិនទាន់ដឹងនៅឡើយទេថាតើការកំណត់យកអាករលើតម្លៃបន្ថែមនេះនឹងប៉ះពាល់កម្រិតណាក្នុងប្រទេសកម្ពុជាដែលមានអ្នកប្រើប្រាស់ហ្វេសប៊ុកប្រមាណ១៣លានគណនី។
កាលពីកន្លងទៅ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានណែនាំទៅក្រុមហ៊ុនអេឡិចត្រូនិកនៅក្រៅប្រទេសដែលមានប្រតិបត្តិការថ្នាលអេឡិចត្រូនិកក្នុងប្រទេសកម្ពុជាដូចជាក្រុមហ៊ុន Meta ឬហ្វេសប៊ុកក្រុមហ៊ុន Netflix និងក្រុមហ៊ុនជាច្រើនទៀតត្រូវអនុវត្តក្នុងការប្រមូលអាករបន្ថែម១០%ពីអតិថិជនខ្លួនដែលប្រើប្រាស់សេវាឌីជីថលឬសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឬការផ្សព្វផ្សាយពាណិជ្ជកម្មក្នុងប្រទេសកម្ពុជាទៅឱ្យអគ្គនាយកដ្ឋានពន្ធដារចាប់ពីដើមខែមេសានេះ។
អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជាលោកគី សេរីវឌ្ឍន៍បានលើកឡើងថាក្រុមហ៊ុនធ្វើPlatformឬហៅថាថ្នាលអេឡិចត្រូនិកក្នុងប្រទេសកម្ពុជាតែងតែចំណេញពីការរួចពន្ធជាច្រើនដែលជាហេតុធ្វើឱ្យរដ្ឋាភិបាលសម្រេចយកពន្ធនេះ។ ប៉ុន្តែលោកថារដ្ឋាភិបាលគួរតែយកពន្ធលើប្រាក់ចំណេញរបស់ក្រុមហ៊ុនដែលបង្កើតថ្នាលទាំងនោះជាពិសេសក្រុមហ៊ុន Facebook ជាជាងយកពីពលរដ្ឋដែលប្រកបអាជីវកម្មតូចតាចដែលបានផ្សព្វផ្សាយអាជីវកម្មក្នុង Facebook នេះ។
លោកថ្លែងថា៖«យើងបានដឹងថាក្រុមហ៊ុនហ្វេសប៊ុកបានមកប្រមូលលុយហ្នឹងពីប្រជាជនខ្មែរពីអ្នកជំនួញខ្មែរច្រើនណាស់ពីព្រោះយើងបានប្រើប្រាស់ Facebook ជា Platform ដើម្បីធ្វើការផ្សព្វផ្សាយ។ ហើយក្នុងមួយក្រុមហ៊ុនៗគឺគាត់បានធ្វើការBoostការផ្សាយពាណិជ្ជកម្មរបស់គាត់ហ្នឹងចូលរង្វង់មិនក្រោម១០០ដុល្លារទេក្នុងមួយសប្តាហ៍ឬក្នុងមួយខែនោះ។ដូច្នេះហើយត្រូវតែយកពន្ធលើប្រាក់ចំណូលពីFacebook ប្រសើរជាងយកពន្ធVAT។ប៉ុន្តែប្រសិនបើរដ្ឋាភិបាលយកពន្ធVAT ក៏គួរតែមានការកំណត់ថាក្នុងការផ្សព្វផ្សាយក្នុងFacebook ក្នុងបរិមាណប៉ុន្មានដុល្លារក្នុងមួយខែដែលយើងចាត់ទុកជាក្រុមហ៊ុនដែលមានផលរបរធំ[មុខរបរធំ]ហើយត្រូវយកពន្ធនោះឬក្រុមហ៊ុនមានការចុះបញ្ជីត្រឹមត្រូវដែលFacebookបានកត់ត្រាពីព្រោះ Register Page ក្នុង Facebook ត្រូវមានបញ្ជីស្នាមពន្ធបាតង់ជាដើម»។
តែទោះជាយ៉ាងណាលោកថាប្រសិនបើរដ្ឋាភិបាលយកពន្ធVATនេះគឺគួរតែកំណត់នូវប្រភេទអាជីវកម្មណាធំៗល្អជាងយកទូទៅដើម្បីកុំឱ្យប៉ះពាល់ដល់ការលក់ដូរឬការប្រកបអាជីវកម្មតូចៗរបស់ប្រជាពលរដ្ឋ៕