សកម្មជនការពារសិទ្ធិមនុស្ស អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅដែលរស់នៅប្រទេសលោកខាងលិច បានជួបជុំគ្នាប្រារព្ធទិវាលទ្ធិប្រជាធិបតេយ្យអន្តរជាតិ និងទទូចឲ្យរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋខ្មែររស់នៅក្នុងប្រទេសកម្ពុជា រួមគ្នាស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ការទទូចនេះ ធ្វើឡើងស្របពេលដែលក្នុងរយៈពេលថ្មីៗនេះ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាត្រូវបានរឹតត្បិតតាមរយៈរូបភាពផ្សេងៗ ដូចជាការគំរាមកំហែងផ្ទាល់ និងដោយប្រយោល ការចាប់ឃុំខ្លួន និងការលបវាយប្រហារដោយអំពើហិង្សាទៅលើសកម្មជនអតីតគណបក្សសង្គ្រោះជាតិជាដើម។
«លទ្ធិប្រជាធិបតេយ្យបើនិយាយឲ្យចំទៅ គឺជាសំឡេងរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសតែម្ដងទូទាំងពិភពលោកតែម្ដង។ ប្រទេសណាដែលមានលទ្ធិប្រជាធិបតេយ្យគេយកប្រជាពលរដ្ឋជាធំ»។
«សម្រាប់ខ្ញុំ ពាក្យថាប្រជាធិបតេយ្យសំដៅទៅលើពលរដ្ឋជាធំ។ រាល់ការសម្រេចចិត្តឬការធ្វើអ្វី គឺកើតចេញពីពលរដ្ឋ ហើយ សារឬមួយក៏អ្វីហ្នឹងគឺបញ្ជូនពីក្រោម ពីប្រជាពលរដ្ឋ ជូនទៅដល់ថ្នាក់កំពូលដែលជាអ្នកធ្វើការសម្រេចចិត្តក្នុងការធ្វើអ្វីមួយ។ អញ្ចឹងផ្ដោតទៅលើពលរដ្ឋជាធំ»។
ខាងលើនេះ ជានិយមន័យនៃពាក្យថា «លទ្ធិប្រជាធិបតេយ្យ» របស់អ្នកស្រី ងឹម វិសិដ្ឋ អាយុ ៥៧ឆ្នាំ ជាពលរដ្ឋខ្មែរមកពីរដ្ឋ Maryland និង លោក ចាន់ សុខផៃ អាយុ ២៧ឆ្នាំ ពលរដ្ឋខ្មែរមកពីរដ្ឋ Virginia ដែលបានចូលរួមក្នុងការប្រារព្ធទិវាលទ្ធិប្រជាធិបតេយ្យអន្តរជាតិ កាលពីថ្ងៃសៅរ៍ទី១៤ ខែកញ្ញាកន្លងទៅនេះ នៅបណ្ណាល័យ Thomas Jefferson ក្នុងទីក្រុង Falls Church រដ្ឋ Virginia។
ការប្រារព្ធទិវាលទ្ធិប្រជាធិបតេយ្យអន្តរជាតិនេះ ត្រូវបានធ្វើឡើងដោយពលរដ្ឋខ្មែររស់នៅតំបន់រដ្ឋធានី Washington ទីក្រុងម៉ុងរ៉េអាល់ប្រទេសកាណាដា និងទីក្រុង Seattle រដ្ឋ Washingtonប្រមាណ ១០០នាក់។ ពួកគាត់បានជួបជុំគ្នានៅតាមទីតាំងបីផ្សេងគ្នានៅតាមទីក្រុងនីមួយៗ ដើម្បីប្រារព្ធទិវាប្រជាធិបតេយ្យអន្តរជាតិថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានភ្ជាប់ការជជែកពិភាក្សារួមគ្នា តាមរយៈការធ្វើវីដេអូ Conference ផងដែរ។
លោក យ័ប គឹមទឹងប្រធានសមាគមខ្មែរ-អាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ និងអ្នករៀបចំកម្មវិធីជួបជុំគ្នានេះបានប្រាប់វីអូអេ ថា៖ «ទិវាលទ្ធិប្រជាធិបតេយ្យពិភពលោកហ្នឹងជា ដើម្បីឲ្យយើងមានឱកាសនិយាយពីរឿងលទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរ ម្លោះហើយ ពីព្រោះប្រជាជននៅក្នុងពិភពលោកជាទូទៅគេគិតគូរពីរឿងហ្នឹង យើងក៏រួមចូលមួយផ្នែកដើម្បីគិតគូរពីរឿងលទ្ធិប្រជាធិបតេយ្យដែរ»។
អ្នកស្រី ងឹម វិសិដ្ឋ បាននិយាយថា៖ «ថ្ងៃនេះដែលបងមកចូលរួមនៅក្នុងវេទិកាលទ្ធិប្រជាធិបតេយ្យនេះ គឺបងចង់យល់ឲ្យច្បាស់ពីលទ្ធិប្រជាធិបតេយ្យ ថាអ្វីទៅដែលជាលទ្ធិប្រជាធិបតេយ្យ ពីព្រោះអីបងយល់ច្បាស់ថា នៅប្រទេសខ្មែរយើងការយល់ជ្រួតជ្រាបពីលទ្ធិប្រជាធិបតេយ្យគឺនៅទន់ទាបខ្សោយ មកពីប្រជាពលរដ្ឋខ្មែរយើងខ្វះការយល់ដឹងពីមុនមក»។
ភាគច្រើននៃអ្នកចូលរួមក្នុងកម្មវិធីនេះយល់ថាការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានចន្លោះខ្វះខាតច្រើន ដែលរដ្ឋាភិបាល និងភាគីពាក់ព័ន្ធគួរចាត់វិធានការស្ដារលទ្ធិប្រជាធិបតេយ្យនេះឡើងវិញ។
លោក គល់ បញ្ញា មន្ត្រីអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ដែលកំពង់រស់នៅបរទេសប្រាប់វីអូអេតាម Skype ថា លោក យល់ស្របតាមការវាយតម្លៃរបស់សហគមន៍អន្តរជាតិដូចគ្នាអង្គការសហប្រជាជាតិ និងអង្គការ Freedom House ដែលថាប្រទេសកម្ពុជានៅមានបញ្ហាខ្លាំង នូវដំណើរការលទ្ធិប្រជាធិបតេយ្យ ហើយនឹងការបោះឆ្នោតមួយដែលមិនត្រឹមត្រូវ និងមិនស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។ លោកក៏បានបន្ថែមថា ប្រទេសកម្ពុជាមិនមានការគោរពសិទ្ធិសេរីភាពទាល់តែសោះ ទាំងសេរីភាពបញ្ចេញមតិ សេរីភាពសមាគម សេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពប្រមូលផ្ដុំដោយសន្តិវិធី ក៏ដូចជាសេរីភាពក្នុងការធ្វើនយោបាយសុទ្ធតែត្រូវបានរឹតត្បិត។
ដូចគ្នានេះដែរ លោក កុល ណូក អាយុ ៧៨ ឆ្នាំ ជាអ្នករៀបចំកម្មកម្មវិធីម្នាក់នៅក្នុងទីក្រុងម៉ុងរ៉េអាល់បានលើកឡើងថា៖ «ជាយូរណាស់មកហើយប្រទេសកម្ពុជាយើងគ្មានលទ្ធិប្រជាធិបតេយ្យឲ្យត្រឹមត្រូវដូចប្រទេសជឿនលឿន សូម្បីតែប្រទេសជិតខាងយើង ក៏គេមានលទ្ធប្រជាធិបតេយ្យ គោរពទៅតាមនីតិរដ្ឋ ទៅតាមរដ្ឋធម្មនុញ្ញនៃប្រទេសនីមួយៗ»។
ចំណែក លោក វ៉ាន់ សរ អាយុ ៨២ឆ្នាំ វាគ្មិនម្នាក់ដែលចូលរួមក្នុងកម្មវិធីនេះក្នុងទីក្រុង Seattle រដ្ឋ Washington និងដែលបាននិយាយពីប្រវត្តិលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាចាប់តាំងពីអតីតកាលមកដល់បច្ចុប្បន្នបានលើកឡើងថា ការអនុវត្តលទ្ធិប្រជាធិបតេយ្យមិនថានៅប្រទេសណាទេ តែងតែមានចន្លោះប្រហោង ហើយដើម្បីវាយតម្លៃប្រទេសណាមួយអនុវត្តលទ្ធិប្រជាធិបតេយ្យបានល្អ ឬមិនល្អ គេត្រូវពិនិត្យមើលលើការបែងចែកអំណាចទាំងបួន ដែលរួមមាននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ និងសារព័ត៌មាន។
យ៉ាងណាក៏ដោយក្នុងពេលថ្មីៗនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ពលរដ្ឋនៅកម្ពុជាសព្វថ្ងៃនេះកំពុងតែបន្តជីវភាពរស់នៅដោយសន្តិភាព និងដោយភាពសម្បូរសប្បាយ មិនមានភាពចលាចលអ្វីទេ ហើយរដ្ឋាភិបាលស្វាគមន៍រាល់ការអនុវត្តសិទ្ធិក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ អំពីសកម្មភាពមិនប្រក្រតីទាំងឡាយណារបស់មន្ត្រីរដ្ឋាភិបាល។
តបទៅនឹងការលើកឡើងខាងលើនេះ លោក គល់ បញ្ញា ថាការលើកឡើងយ៉ាងដូច្នេះពីសំណាក់មន្រ្តីរដ្ឋាភិបាលមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ។ លោកគល់ បញ្ហា បាននិយាយថា៖ «ការវាយតម្លៃរបស់គណបក្សកាន់អំណាច មិនមែនជារឿងដែលយើងភ្ញាក់ផ្អើលទេ ពីព្រោះធម្មតាទេ សូម្បីតែរបបប្រទេសកូរ៉េខាងជើង ហើយរបបខ្មែរក្រហមហ្នឹងក៏ការពារថាខ្លួនឯងនឹងបានគោរពសិទ្ធិសេរីភាព ប្រជាធិបតេយ្យរហូតដល់ដាក់ឈ្មោះប្រទេសខ្លួនឯងហ្នឹងជាប្រទេសកម្ពុជាប្រជាធិបតេយ្យទៀត។»
លោកបានបន្ថែមថា៖ «អញ្ចឹងអ្វីជាការវាយតម្លៃរបស់អ្នកមានអំណាច មិនមែនឆ្លុះបញ្ចាំងពីអ្វីស្ថានការណ៍ការវិវឌ្ឍនៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដទេ ប៉ុន្តែគេមានអ្នកឯកទេស ក្នុងសហគមន៍អន្តរជាតិជាច្រើនគេបានវាយតម្លៃថាប្រទេសកម្ពុជាយើងជាប្រទេសដែលមិនបានផ្ដល់នូវសិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋ ព្រោះតែមានការបង្ក្រាប មានការបំភិតបំភ័យ មានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ រហូតដល់មានការចាប់មេគណបក្សប្រឆាំងមួយ ដាក់ពន្ធនាគារដោយអត់មានផ្ដល់ការធ្វើសវនាការត្រឹមត្រូវ តាមគោលការណ៍ច្បាប់»។
ក្រៅពីការឲ្យនិយមន័យ «លទ្ធិប្រជាធិបតេយ្យ» ការពិភាក្សាអំពីប្រវត្តិនៃលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា និងការស្នើឲ្យយុវជនខ្មែរដែលរស់នៅបរទេសចូលរួមឲ្យបានច្រើនក្នុងព្រឹត្តិការណ៍ស្ដីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រុមអ្នកចូលរួមក៏បានទទូចឲ្យរដ្ឋាភិបាល និងប្រជាជនកម្ពុជារួមគ្នាស្ដារលិទ្ធប្រជាធិបតេយ្យដែលកំពុងតែធ្លាក់ដុនដាប។
លោក គល់ បញ្ញា ស្នើឲ្យរដ្ឋាភិបាលពិនិត្យមើលឡើងវិញនូវស្ថានការណ៍ក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៦ ឡើងវិញ ធ្វើយ៉ាងណាឲ្យសភាពការណ៍នៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាបានប្រហាក់ប្រហែលនឹងស្ថានការណ៍ក្នុងឆ្នាំ ២០១៦ ដែលសហគមន៍អន្តរជាតិនានាអាចទទួលយកបាន។
ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាអ្នកស្រី រ៉ានី លូស្សីនស្គី មកពីរដ្ឋ Virginia បានលើកថា៖ «ប្រជាពលរដ្ឋជាកម្លាំងមហាជន គឺថាបើកាលណាប្រជាពលរដ្ឋមានការយល់ដឹង ហើយកម្លាំងមហាជនចូលរួមដើម្បីរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដ នោះអ្នកដែលគ្រប់គ្រងប្រទេសមិនអាចទប់កម្លាំងមហាជនបានទេ ប៉ុន្តែមហាជនត្រូវតែមានការយល់ដឹង យើងត្រូវតែខិតខំរៀនសូត្រ ជាពិសេសគឺប្អូនៗយុវជន។
ចំណែក លោក វ៉ាន់ សរ វិញ លោកបានទទូចស្នើឲ្យរដ្ឋាភិបាល និងប្រជាពលរដ្ឋធ្វើការជាមួយគ្នាដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកបាននិយាយថា៖
«ដើម្បីស្ដារ [លទ្ធិប្រជាធិបតេយ្យ] ទាល់តែទៅទាំងពីរ ទាល់តែប្រជាពលរដ្ឋហ្នឹង យល់ពីករណីកិច្ចរបស់ខ្លួន ការទទួលខុសត្រូវរបស់ខ្លួន ហើយរដ្ឋាភិបាលត្រូវតែបង្កើតបរិយាកាស ឲ្យប្រជាពលរដ្ឋចូលរួមផង»៕