ការស្ទង់មតិ៖ តុលាការ នគរបាល និង​រដ្ឋាភិបាល នៅតែ​ពុករលួយ​ជាងគេ

រូបឯកសារ៖ ប្រាក់រៀលដែលជារូបិយបណ្ណជាតិរបស់ប្រទេសកម្ពុជា ត្រូវបានដាក់បង្ហាញនៅក្នុងហាងប្តូរប្រាក់មួយ កាលពីថ្ងៃទី១៣ តុលា ឆ្នាំ២០២០ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ (ទុំ ម្លិះ/វីអូអេ)

អំពើ​ពុករលួយ​ នៅតែ​បន្ត​យាយី​ស្ថាប័ន​សំខាន់​ៗ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ បើ​ទោះជា​ប្រជា​ពល​រដ្ឋ​ខ្មែរ​មួយចំនួន​ផ្តល់​ការ​យល់ឃើញ​ថា​ មានការ​ថយចុះ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​កម្ពុជា។ នេះ​បើ​តាម​របាយ​ការណ៍​ស្តីពី​ការ​វាស់​វែង​អំពើ​ពុករលួយ​ជា​សាកល​ឆ្នាំ​២០២០​ របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ។

របាយការណ៍​ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​នេះ​ គឺជា​ការ​សិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ស្ថិតិ​ ដោយ​ស្ទង់​មតិ​សាធារណៈ​ជន​ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​និង​បទពិសោធន៍​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ពិភព​លោក​ទាក់​ទង​នឹង​អំពើពុករលួយ។ ​

សម្រាប់​ប្រទេស​កម្ពុជា​ អ្នក​ចូលរួម​ក្នុង​បទ​សម្ភាសន៍​សម្រាប់​កា​រ​ចងក្រង​របាយការណ៍​ស្តីពី​ការ​វាស់​វែង​អំពើ​ពុក​រលួយ​ជា​សកល​ឆ្នាំ​២០២០​នេះ​ មាន​ចំនួន​១០០០​នាក់ ដោយ​៣៣​ភាគរយ​នៃ​អ្នក​ដែល​បាន​ចូលរួមផ្តល់​យោបល់​នោះ​យល់​ថា​ អំពើ​ពុករលួយ​នៅតែ​ជា​បញ្ហា​ធំមួយ​របស់​រដ្ឋាភិបាល​កម្ពុជា។

របាយការណ៍​ឲ្យ​ដឹង​អំពី​ការ​ថយចុះ​នៃ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​កម្ពុជា​ ធៀប​នឹង​ឆ្នាំ​២០១៦​ ក៏​ប៉ុន្តែ​ស្ថាប័ន​សំខាន់​ៗ រួមមាន​តុលាការ​ បូលិស​ និង​រដ្ឋាភិបាល​ នៅ​តែ​ត្រូវ​ពលរដ្ឋ​ជឿ​ថា​ នៅ​តែពុក​រលួយ​ជាង​គេ​ដដែល។

របាយការណ៍​បាន​ពណ៌នា​ថា​ កាល​ពី​ឆ្នាំ​២០១៦​ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ត្រឹម​តែ​«២៨​ភាគរយ​ យល់​ថា​អំពើ​ពុក​រលួយ​មាន​ការ​ថយ​ចុះ» ហើយ​ប្រមាណ​ ៦៦​ភាគរយ​យល់ថា​ អំពើពុករលួយ​នៅ​តែ​មាន​ និង​បន្ត​កើន​ឡើង។​

ចំណែក​ឯ​នៅ​ឆ្នាំ​២០២០​វិញ​លទ្ធផល​បង្ហាញ​ថា ​«ប្រជាពលដ្ឋ​៥៥​ភាគរយ​ យល់​ឃើញ​ថា​ អំពើ​ពុករលួយ​នៅ​ប្រទេស​កម្ពុជា​មាន​ការ​ថយចុះ» ហើយ​៤១ភាគរយ​ផ្សេង​ទៀត​ យល់​ថា​ អំពើ​ពុករលួយ​នៅ​តែ​មាន​ និង​បន្ត​កើន​ឡើង​ដដែល។

របាយការណ៍​កត់សម្គាល់​ទៀតថា៖ «ទោះ​ជា​ការយល់​ឃើញ​ជារួម​របស់​ប្រជាពលរដ្ឋ​ទៅលើ​ទិដ្ឋភាព​អំពើពុក​រលួយ​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ក្តី លទ្ធផល​នៃការ​ស្ទង់​មតិ​នេះ​បាន​បង្ហាញ​ថា​ ស្ថាប័ន​តុលាការ​ ប៉ូលិស​ និង​រដ្ឋាភិបាល​នៅ​តែ​ជា​ស្ថាប័ន​ ដែល​ពលរដ្ឋ​ជឿថា​ពុករលួយ​ជាងគេ»។

របាយការណ៍​លើក​ជា​ឧទាហរណ៍​ថា​ «៨៩​ភាគ​រយនៃ​អ្នក​ផ្តល់​បទ​សម្ភាសន៍​គិត​ថា​ អំពើពុក​រលួយ​ មាន​នៅ​ក្នុង​ចំណោម​មន្ត្រី​ប៉ូលិស​ ៧២​ភាគរយ​យល់ថា​ មាន​អំពើពុក​រលួយ​នៅ​ក្នុង​ចំណោម​មន្ត្រី​រដ្ឋាភិបាល​ ហើយ​៧២​ភាគរយ​ គិត​ថា​ មាន​អំពើពុករលួយ​នៅ​ក្នុង​វិស័យ​តុលាការ»។ ​

ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ តាម​ប្រព័ន្ឋ​វីដេអូ​អនឡាញ​ លោក ​ប៉ិច​ ពិសី​ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍ថា​ លទ្ធផល​នៃ​ការ​ស្ទង់​មតិ​នេះ​អាច​បញ្ជាក់​ថា​ អំពើ​ពុករលួយ​នៅ​តែ​ជាឧបសគ្គ​ចម្បង​មួយ​ ​ក្នុង​ការ​ពង្រឹង​នីតិរដ្ឋ​ និង​ដំណើរការអភិវឌ្ឍន៍​សេដ្ឋកិច្ច។

«លទ្ធផល​ដែល​ចេញ​ពី​ការ​សិក្សា​ស្រាវជ្រាវ​នេះ​ សម្រាប់​ប្រទេស​កម្ពុជា​គឺ​មាន​ន័យថា​ អំពើ​ពុក​រលួយ​នៅ​តែ​បន្ត​យាយី​ទៅ​ដល់​ការ​គ្រប់គ្រង​រដ្ឋាភិបាល​ អភិបាល​កិច្ច ប្រកប​ដោយ​នីតិរដ្ឋ​ហ្នឹង​ គឺ​បន្ត​យាយី​ដល់​នីតិរដ្ឋ​ រារាំង​ដល់​ការ​ទទួលបាន​យុត្តិធម៌​សង្គម​ ហើយ​អំពើ​ពុករលួយ​នៅ​តែ​ជា​ឧបសគ្គ​រារាំង​ដល់​ការ​រកស៊ី​ ការ​ប្រតិបត្តិការ​អា​ជីវកម្ម​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង​ គឺ​នៅ​តែ​ធ្វើ​ឲ្យ​អាជីវកម្ម​នៅ​មាន​បញ្ហា​ ដោយ​សារ​គាត់​អាច​ចំណាយ​ខ្ពស់​ ទៅ​ប្រតិបត្តិការ​អាជីវកម្ម​របស់​គាត់»។

លោក ប៉ិច ពិសី ​ឲ្យ​ដឹង​បន្ថែម​ថា​ លទ្ធផល​នេះ ក៏​ស្រដៀង​គ្នា​នឹង​ការ​វាយតម្លៃ​របស់​អង្គការ​អន្តរជាតិ​ធំៗ​ផ្សេង​ទៀត​ ដូច​ជា​ធនាគារ​ពិភពលោក​ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (Asian Development Bank)​ ដែល​ថា​ អំពើ​ពុករលួយ​នៅ​តែ​ជា​ឧបសគ្គ​សំខាន់​មួយ​សម្រាប់​ទាក់​ទាញ​វិនិយោ​គិន​ធំៗ​ដែល​ផ្តល់​តម្លៃ​ដល់​ តម្លាភាព​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​ធំ។

បើ​តាម​សេចក្តី​ប្រកាស​ដាច់​ដោយ​ឡែក​មួយ​ទៀត​របស់​អង្គការ​តម្លាភាព​កម្ពុជា​ លោក ​ប៉ិច​ ពិសី បាន​លើក​ឡើង​ថា​ នៅ​អំឡុងពេល​ដែល​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិផ្ទួនៗ​ ដែល​កើត​ចេញ​ពី​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដែល​បង្ក​ដោយ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មួយ​ផ្នែក​ពី​សំណាក់​សហភាព​អឺរ៉ុប និង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ចនោះ​«ការ​កាត់​បន្ថយ​អំពើពុក​រលួយ​នៅ​ក្នុង​វិស័យ​សាធារណៈ​ គឺ​ជា​ការ​ចាំបាច់បំផុត​ដើម្បី​ឲ្យ​កម្ពុជា​អាច​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវា​ដល់​ពលរដ្ឋ​វិស័យ​ឯកជន​ និង​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច និង​ការ​ទទួល​បាន​យុត្តិធម៌​សង្គម»។

របាយ​ការណ៍​ស្តីពី​ការ​វាស់​វែង​អំពើ​ពុក​រលួយ​ជា​សកល​ឆ្នាំ​២០២០ សម្រាប់​ទ្វីប​អាស៊ី​ បាន​ធ្វើ​ការ​សិក្សា​ស្ទង់មតិប្រជាពលរដ្ឋ​ប្រមាណ​២​ម៉ឺន​នាក់​នៅ​បណ្តា​ប្រទេស​ចំនួន​១៧​ ចាប់ពី​ខែ​មីនា​ឆ្នាំ​២០១៩​ ដល់​ខែ​កញ្ញា​ឆ្នាំ​២០២០។

ក្នុង​ចំណោម​ប្រទេស​ទាំង​១៧​នោះ​ក៏​មាន​ប្រទេស​ចិន និង​ឥណ្ឌា និង​ប្រទេស​ជាច្រើន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ហើយ​ប្រជាពលរដ្ឋ​ប្រមាណ​៣៨​ភាគរយ​ដែល​ចូលរួម​ធ្វើការ​ស្ទង់មតិ​ យល់​ឃើញ​ថា​ អំពើ​ពុក​រលួយ​មាន​ការ​កើន​ឡើង​ក្នុង​រយៈពេល​១២​ខែ​ចុងក្រោយ​នេះ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ទទួល​បាន​សេវា​សាធារណៈ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ និង​ការ​ជឿទុកចិត្ត​លើ​រដ្ឋាភិបាល។

នៅ​ប្រទេស​កម្ពុជា​នេះ​ ការ​ធ្វើ​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​មនុស្ស​ទាំង​១០០០​នាក់ ត្រូវ​បាន​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី​១៩​ ខែ​មិថុនា​ ដល់​ថ្ងៃទី​២៥​ ខែ​កក្កដា​ ឆ្នាំ​២០២០។ អ្នក​ដែល​រួម​ការ​ស្ទង់​មតិ​នេះ​ គឺ​មាន​អាយុ​១៨ឆ្នាំ​ឡើង​ទៅ​ និង​មាន​កម្រិត​សិក្សា​ចាប់ពី​បឋមសិក្សា​ ដល់​បរិញ្ញាបត្រ​ជាន់​ខ្ពស់។

លោក ​ផៃ ស៊ីផាន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ យល់​ថា​របាយការណ៍​ថ្មី​នេះ​ ធ្វើ​ឡើង​ដោយ​មាន​ភ្ជាប់​និន្នាការនយោបាយ និង​មិន​បាន​ឆ្លុះ​បញ្ចាំង​តថភាព​ពិត​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹងអំពើ​ពុក​រលួយ​នោះ​ទេ។

«គាត់​និយាយ​នេះ​ គឺ​មាន​និន្នាការ​ជា​សកម្មជន​ឬ​ក៏​មាន​និន្នាការ​នយោបាយ​រួចស្រេច​ទៅ​ហើយ។ ហើយ​យើង​មើល​ការ​កាត់​បន្ថយ​អំពើ​ពុករលួយ​ យើង​ឃើញ​មាន​កំណែទម្រង់​ច្រើន​ ជាពិសេស​ការ​បង់​លុយ​ ដែល​ឈប់​បង់​លុយ​ទៅ​តាម​ដៃ​ហើយ​ កាន់​តាម​ដៃ​យក​ទៅ​បង់​លុយ»។

លោក ផៃ ស៊ីផាន បន្ថែមថា​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ត្រូវបាន​កម្ចាត់​ច្រើន​តាមរយៈ​ការផ្លាស់ប្ដូរ​របៀប​ធ្វើ​ការ​តាម​របៀប​ឌីជីថល និង​កុំព្យូទ័រ​ដែល​មាន​ការ​កត់ត្រា​ទិន្នន័យ​ត្រឹមត្រូវ។ មន្ត្រី​នាំពាក្យ​រូប​នេះ​ អះអាង​ថា​ បើ​កម្ពុជា​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ច្រើន​មែន​នោះ កម្ពុជា​នឹង​មិន​ឃើញ​ការ​កើន​ឡើង​នៃ​ប្រាក់​សន្សំ​ច្រើន​«សន្ធឹកសន្ធាប់» នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ​ របាយការណ៍​ដដែល​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ បាន​ឲ្យ​ដឹង​ថាប្រជាពលរដ្ឋ​នៅ​តែ​ប្រឈម​នឹង​អំពើ​ពុករលួយ​ នៅ​ក្នុង​ការ​ប្រើប្រាស់​សេវា​សាធារណៈ​មួយចំនួន។​

តួយ៉ាង ៣៧​ភាគរយ​នៃ​អ្នកចូលរួម​ផ្តល់​បទ​សម្ភាសន៍​ ឆ្លើយ​ថា​ ពួកគេ​ធ្លាប់​បាន​សូកប៉ាន់​ដើម្បី​ទទួល​បាន​សេវា​សាធារណៈ​ក្នុង​រយៈពេល​១២​ខែ​កន្លង​មក​នេះ។ ក្នុងចំណោម​អ្នក​បាន​ឆ្លើយ​ថា​បាន​សូកប៉ាន់​ ៤០​ភាគរយ​បញ្ជាក់​ថា​ ពួកគេ​ធ្លាប់​សូកប៉ាន់​ដើម្បី​ទទួលបាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ និង​៣៨​ភាគរយ​បាន​សូកប៉ាន់ប៉ូលិស៕ ​