ដោយមានចង្ហាន់ ធូប ទាន រួមទាំងផ្កាភ្ញី ប្រជាពលរដ្ឋកម្ពុជាបានចាប់ផ្តើម ប្រារព្ធថ្ងៃកាន់បិណ្ឌទីមួយនៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃកាលពីព្រឹកថ្ងៃច័ន្ទនេះ។
ពុទ្ធបរិស័ទមួយចំនួនក្នុងរាជធានីភ្នំពេញបានក្រោកពីព្រឹកព្រហាមថ្ងៃច័ន្ទនេះដើម្បីបោះបាយបិណ្ឌ និងរាប់បាតក្នុងវត្តអារាម មុនពេលចេញទៅបំពេញភារកិច្ចរៀងៗខ្លួន។
លោកអាចារ្យសាន ស៊ុយ សាស្រ្តាចារ្យនៅវិទ្យាល័យព្រះសីហនុរាជ និងជាអាចារ្យប្រចាំវត្តកោះ បានប្រាប់ VOA កោយពីពិធីបោះបាយបិណ្ឌក្នុងវត្តដ៏ចំណាស់នេះថា ជារៀងរាល់ឆ្នំាការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌគឺជាទំនៀមទម្លាប់ជាធម្មតារបស់ពុទ្ធសាសនិក ហើយវត្តអារាមនានាតែងតែរៀបចំដើម្បីស្វាគមនការប្រារព្ធពិធីភ្ជុំបិណ្ឌនេះ។
«ជាទូទៅ គ្រប់វត្តអារាមនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តអ្នកកាន់ព្រះពុទ្ធសាសនា ចាប់ពីម៉ោង៤ឡើង ព្រះសង្ឃចាប់ផ្តើមស្វាធ្យាយ រួចមកសូត្របរា។ រីឯពុទ្ធបរិស័ទ តាមទំនៀមទម្លាប់ គ្រប់វត្តអារាមនោះ នៅពេលដែលម៉ោង៤ជាង ដល់ម៉ោង៥ភ្លឺ ពុទ្ធបរិស័ទតែងតែនាំគ្នាមកស្តាប់ព្រះសង្ឃចម្រើននៅបរិបទសូត្រ និងបោះបាយបិណ្ឌ»។
ពាក្យថា «ភ្ជុំបិណ្ឌ»មកពីពាក្យ«ភ្ជុំ» រួមគ្នាជាមួយពាក្យ«បិណ្ឌ» ដែលមានន័យថា ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំ។ បិណ្ឌមកពីភាសាបាលី«ដុំបាយ» ដូចេ្នះយើងអាចសម្គាល់ពាក្យនេះតាមវិធីងាយបានថា គឺជា«ការប្រជុំ ឬប្រមូលផ្តុំដុំបាយ»(ការពូតដុំបាយជាដុំៗ) ដែលយើងហៅថា «បាយបិណ្ឌ»។
លោកអាចារ្យសាន ស៊ុយបានឲ្យដឹងទៀតថា នៅថ្ងៃដំបូងមានមនុស្សច្រើនមកបោះបាយបិណ្ឌ ប៉ុន្តែនៅថ្ងៃបន្តបន្ទាប់មិនសូវមាននោះទេ។
«ពុទ្ធបរិស័ទ្ធនៅក្នុងរាជធានីភ្នំពេញគឺថ្ងៃដំបូងនេះមានអ្នកមកបោះច្រើន បន្ទាប់មកនៅថ្ងៃបន្តបន្ទាប់ មិនសូវមានទេ គឺមានតិចតួច។ មានច្រើនគឺមានតែថ្ងៃសៅរ៍និងថ្ងៃអាទិត្យហើយនិងថ្ងៃសីល ព្រោះថ្ងៃសៅរ៍ និងថ្ងៃអាទិត្យហ្នឹង មន្ត្រីរាជការគាត់ដែលសម្រាកពីការងារ បានមកចូលរួមក្នុងពិធីបោះបាយបិណ្ឌ។ ហើយថ្ងៃសីលហ្នឹង ពុទ្ធបរិស័ទមកសម្មាទានសីល។ អញ្ចឹងថ្ងៃសីលមកច្រើន និងថ្ងៃអាទិត្យមកច្រើន»។
តម្រាចារតាមប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជាយើងបានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌគឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះគេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូងគឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ១រោចរហូតដល់ថ្ងៃ១៤រោច ដែលហៅថា ថ្ងៃកាន់បិណ្ឌ។ ចំណែកមួយថ្នាក់ទៀត គេធ្វើនៅថ្ងៃ១៥រោច ដែលគេហៅថា បុណ្យភ្ជុំ ប៉ុន្តែបច្ចុប្បន្នពិធីបុណ្យទាំងពីរថ្នាក់នេះត្រូវបានយើងបូកបញ្ចូលគ្នា។
ដោយឡែក ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះបានចាប់ផ្តើមពីថ្ងៃទី០១រោចនេះរហូតដល់ ថ្ងៃទី១៥រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃទីច័ន្ទ២៨ខែកញ្ញាដល់ថ្ងៃទី១៣ខែតុលា។ ពិធីបុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យសាសនារបស់ប្រទេសកម្ពុជា ដែលមានដើមកំណើតតាំងពីបុរាណមក។ វត្តអារាមនានានៅទូទាំងប្រទេសកំពុងរៀបចំខ្លួនដើម្បីទទួលពុទ្ធសាសនិកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយពួកគេយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ឧទ្ទិសកុសលដល់ជីដូនជីតារបស់ពួកគេដែលបានចែកឋានទៅ។
ទោះជាយ៉ាងនេះក៏ដោយ បើគេសង្កេតមើលបរិវេណវត្តអារាមនានានៅព្រឹកថ្ងៃដំបូងនេះ ដូចជាវត្តកោះជាដើម គេឃើញថា មានភាពអ៊ូអរខុសពីថ្ងៃធម្មតា ដោយសារនៅមុខក្លោងទ្វារវត្ត មានអ្នកលក់ផ្កា អ្នកលក់ទៀនធូប និងអ្នករត់រឺម៉កម៉ូតូ ឬម៉ូតូឌុបជាច្រើន មកផ្តុំគ្នាដោយរំពឹងថា នឹងអាចរកចំណូលច្រើនជាងថ្ងៃធម្មតាពីពុទ្ធបរិស័ទ ដែលអញ្ជើញមកឧទិ្ទសកុសលដល់ញាត្តិសន្តានដែលបានចែកឋានទៅ។
លោកយាយជួន ណៃបានឲ្យដឹងថា លោកយាយមានជំនឿទៅលើបុណ្យភ្ជុំបិណ្ឌហើយបានបញ្ជាក់ថា លោកយាយអញ្ជើញទៅវត្តជារៀងរាល់ឆ្នាំ ឲ្យតែដល់រដូវបុណ្យធំៗណាមួយរបស់ខ្មែរ។
«យើងចង់ធ្វើបញ្ជូនដល់ញាតិ្តកាយើង ដែលបានចែកឋានទៅហ្នឹង ឲ្យគាត់បានអញ្ជើញមកពិសារ។ រាល់ថ្ងៃហ្នឹង ខ្ញុំឧទិ្ទសកុសលជូនគាត់»។
បើយោងទៅតាមអត្ថបទរបស់ព្រះតេជព្រះគុណលោកសុង ស៊ីវ ព្រះប្រធានមជ្ឈមណ្ឌលអប់រំសីលធម៌ យើងបានដឹងថា ការប្រារព្ធបុណ្យភ្ជុំបិណ្ឌមានអត្ថន័យចំនួន៣គឺដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល ដើម្បីឲ្យបានសេចក្តីសុខចម្រើន និងសិរីសួស្តី ដែលកើតពីផលទាន និងដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នា៕