ពលករ​ខ្មែរ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​ក្រុង​បាង​កក​​ដោយ​សារ​មិនមាន​សោហ៊ុយ​មក​កម្ពុជា

ពលរដ្ឋ​ខ្មែរ​ដែល​ភាគ​ច្រើន​ជាពលករ​​ចំណាកស្រុក​ ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ កំពុង​រាប់បាត្រ​​​ក្នុង​ពេល​​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ នៅ​វត្ត​ស៊ីសុដារ៉ាម ក្នុង​ទីក្រុង​បាងកក នៅ​ថ្ងៃទី​២២​ ខែ​កញ្ញា ឆ្នាំ​២០១៩។ (រូបភាព៖ សមាគមខេមរនិស្សិត MCU)

​​ពលករ​​រាប់​​រយ​នាក់ ដែល​ស្លៀកពាក់​​សម្លៀក​បំពាក់​ចម្រុះ​​ពណ៍​និង​ម៉ូដ​បាន​ប្រមូល​ផ្តុំ​គ្នា​កាល​ពី​ថ្ងៃ​​អាទិត្យ ​នៅ​វត្ត​ស៊ីសុដារាម ​ក្នុង​ទីក្រុង​បាងកក ​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​ដែល​ត្រូវ​ជា​បិណ្ឌ​ទី​៩​ នៅ​ប្រទេស​កម្ពុជា។

ខណៈ​ដែល​កម្មករ​កម្មការនី​ខ្មែរ​ជា​ច្រើនបានវិល​ត្រឡប់​ពី​ប្រទេស​ថៃ​ដើម្បី​ចូល​រួម​ពិធី​កាន់​បិណ្ឌ​និង​ភ្ជុំ​បិណ្ឌ​ក្នុង​ប្រទេស​កម្ពុជា ​មាន​ពល​ករ​ខ្មែរ​មួយ​ចំនួន​ទៀត​មិន​បាន​មក​ជួប​ជុំ​ក្រុម​គ្រួសារនៅស្រុក​កំណើត​របស់​ពួកគេ​នោះទេ។ មូលហេតុ​ដោយសារ​តែ​ពួក​គេ​មិន​មាន​លុយ​គ្រប់​គ្រាន់​សម្រាប់​ការ​ធ្វើ​ដំណើរ ​និង​ចាយវាយ។ ប៉ុន្តែ​ពួក​គេ​បាន​ព្យាយាម​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ក្នុង​វត្តមួយ ​នៅ​ក្នុង​ទីក្រុង​បាង​កក ​ដើម្បី​រំឮក​ដល់​គុណូបក្ការៈ​នៃ​បុព្វការីជន​របស់ពួកគេ។

ពលកររាប់រយ​នាក់ ដែល​ស្លៀកពាក់សម្លៀក​បំពាក់​ចម្រុះពណ៍​និង​ម៉ូដ​បាន​ប្រមូល​ផ្តុំ​គ្នា​កាល​ពី​ថ្ងៃអាទិត្យ ​នៅ​វត្ត​ស៊ីសុដារាម ​ក្នុង​ទីក្រុង​បាងកក ​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​ដែល​ត្រូវ​ជា​បិណ្ឌ​ទី​៩​ នៅ​ប្រទេស​កម្ពុជា។

កម្រង​រូបភាពVOA៖ ពលករ​ខ្មែរ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​ក្រុង​បាង​កក​​ដោយ​សារ​មិនមាន​សោហ៊ុយ​មក​កម្ពុជា

ស្រប​នឹង​សំឡេង​ព្រះ​សង្ឃសូត្រ​ធម៌ ​និង​ឲ្យ​ពរ​ទៅ​ពុទ្ធបរិស័ទជាភាសាខ្មែរ ​លាន់​ឮពេញ​ផ្ទៃ​វត្ត អ្នកស្រី​ ឆាន់ សារ៉ន​ រៀប​រាប់​ថា អ្នកស្រីបាន​ចូលរួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌនៅ​វត្ត​នេះ​ចំនួន​បី​ឆ្នាំ​ជាប់ៗ​គ្នា ​ដោយ​មិនបាន​ទៅ​ស្រុក​កំណើត​ឯ​ខេត្ត​កណ្តាល​នោះទេ។ ជា​ពលការិនី វ័យ​ជាង​៤០​ឆ្នាំ​នៅរោងចក្រ​មួយ​ស្ថិត​ក្នុងខេត្តអយុធ្យា​ អ្នកស្រី​សម្រេច​ចិត្ត​មិន​ទៅ​ជួបជុំ​គ្រួសារ​ឯស្រុក​កំណើត​នៅ​ខេត្ត​កណ្តាលក្នុង​ពីធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ដោយ​សារ​កង្វះ​ខាត​ថវិកា​សម្រាប់​ធ្វើ​ដំណើរ។​

អ្នកស្រី​ ឆាន់ សារ៉ន​ ពលករ​ខ្មែរ​មួយ​រូប​ដែលធ្វើការ​នៅ​រោងចក្រ​មួយ​ នៅ​ខេត្តអយុធ្យា​ និយាយ​ជាមួយVOA ក្នុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ នៅ​វត្ត​ស៊ីសុដារ៉ាម ក្នុង​ទីក្រុង​បាងកក នៅ​ថ្ងៃទី​២២​ ខែ​កញ្ញា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)

«ភ្ជុំ​អត់​បានទៅទេ ចូលឆ្នាំ​ខ្មែរ​បាន​បាន​ទៅ។ ភ្ជុំព្រោះ​អីដូច​ថា​លុយ​វា​តិច។ ភ្ជុំ​នៅខ្មែរ និង​នៅទីនេះខុសគ្នា។ នៅ​ខ្មែរ​យើង​ទៅ​វត្ត​រាល់​ថ្ងៃ ហើយ​នៅ​ទីនេះ​មួយ​ឆ្នាំ​យើង​បាន​មក​តែ​ម្តង​ទេ ព្រោះ​ការងារ​វា​រវល់​ អត់​មាន​ពេល​មកទេ ដល់ពេល​ថ្ងៃ​អាទិត្យ​យើង​បាន​មក។ អញ្ចឹង​មាន​ពេល​តែ​ម្តង​ទេ​មួយឆ្នាំ»។

នៅ​កម្ពុជា​តាម​វត្ត​អារាម​នីមួយៗ​ គេតែង​ឃើញ​ប្រជាពលរដ្ឋ​ដែល​ជា​ពុទ្ធបរិស័ទ​មាន​កាន់​ចាន​ស្រាក់ពោរ​ពេញ​ដោយម្ហូប​អាហារដើម្បី​យក​ទៅ​ប្រគេន​ព្រះ​សង្ឃ។ ប៉ុន្តែ​នៅ​ប្រទេស​ថៃ មិន​មាន​ពលរដ្ឋ​ខ្មែរ​ដែល​ចូល​រួម​ពិធី​បុណ្យកាន់បិណ្ឌ នៅវត្ត​ស៊ីសុដារាម​ ណាម្នាក់​កាន់​ចាន​ស្រាក់​ដាក់​ម្ហូប​នោះទេ។ យ៉ាង​ណាក្តី​ក៏​គេ​នៅ​តែ​ឃើញ​មាន​ពិធីរាប់​បាត្រ​បង្សុកូល​ដូច​នៅ​ខ្មែរ​ផង​ដែរ។

​ដោយ​មាន​ស្លៀក​សម្លៀក​បំពាក់​អាវស​ ​សំពត់​ខ្មៅ​ អ្នកស្រី សេង បួរ ​ពលកររោង​ច​ក្រ​មួយនៅ​ជាយ​ក្រុង​បាង​កក ក៏​បាន​ត្អូញ​ត្អែរ​ពីកង្វះសោហ៊ុយ​សម្រាប់ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​ដែរ។ ​

មាន​កំណើត​កើតជា​ក្នុងខេត្តសៀមរាប អ្នកស្រី សេង បួរ ​លើកឡើង​ថា ការ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ថៃ ​បើទោះបី​ជាស្រដៀង​ទៅ​ហ្នឹង​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ខ្មែរ​ក៏​ពិត​មែន ប៉ុន្តែ​អ្នកស្រីនៅ​តែ​ចង់​ចូលរួម​ពិធី​បុណ្យ​នៅ​ស្រុក​ខ្មែរ​ច្រើន​ជាង។

ស្រ្តី​វ័យ​៤០ឆ្នាំ​រូប​នេះ និយាយ​ទាំង​រលីងរលោង​ទឹក​ភ្នែកថា៖ «គិត​ថា​នៅ​ខ្មែរ​សប្បាយជាង ព្រោះ​អី​ជួប​បងប្អូន​ច្រើន ឯណោះ​ក៏​មានម៉ែឪ មាន​អី​អញ្ចឹង។​ យើង​ធ្វើ​នៅ​ទីនេះ​ក៏​បាន​ដូចគ្នា តែមិនមាន​បងប្អូន​ ដូច​យើង​បងប្អូន​ជួប​ជុំ​គ្រួសារ​យើង​អញ្ចឹង»។

ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ ​ជា​ពិធី​បុណ្យ​ប្រពៃណី​ដ៏​សំខាន់​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជាអ្នក​គោរព​បដិបត្តិ​ព្រះពុទ្ធ​សាសនា។​ ក្នុង​រយៈពេល​១៥​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​១​រោច ខែ​ភទ្របទ​ ​ដែល​ជា​ថ្ងៃ​កាន់​បិណ្ឌ​ទី​១​ រហូត​ដល់​ថ្ងៃ​ទី​១៥រោច​ ឬ​ហៅ​ថា​ថ្ងៃ​ភ្ជុំ​ធំ​ ​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ភូមិ​នីមួយៗ​ ​បាន​ចែក​វេន​គ្នា​ ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសលដល់​ញាតិ​ការ​ទាំង​ប្រាំពីរ​សន្ដាន​ ​ដែល​បាន​ចែក​ឋាន​ទៅ។ ដោយឡែក​ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​បាង​កក ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌបែប​ខ្មែរ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។

លោក ជា លី កម្មករ​ក្នុង​រោងចក្រ​ផលិត​ប្រេង​កូឡា និយាយជាមួយ VOA ក្នុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ នៅ​វត្ត​ស៊ីសុដារ៉ាម ក្នុង​ទីក្រុង​បាងកក នៅ​ថ្ងៃទី​២២​ ខែ​កញ្ញា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)

លោក ជា លី ពលករ​ក្នុង​រោងចក្រ​ផលិត​ប្រេង​កូឡា​ លើកឡើងថា ការ​ប្រាព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ប្រទេស​ថៃ ក៏​អាច​វេរ​បញ្ជូន​មគ្គផលជូន​ដល់​ដូច​តា​ដែល​បាន​ចែក​ឋាន​ទៅ​ដូចគ្នា​នឹង​ការ​ប្រារព្ធ​នៅ​កម្ពុជា​ដែរ។

«អាច​ដល់​ម្តាយ​ឪពុក​យើង​ដែល​បាន​ចែក​ឋាន​ទៅ ​គាត់ទៅកើត​ជាឋាន​មួយ​ដែល​យើង​គិត​មិន​ដល់ អាច​ថា​ប្រេត​ នរក តិរច្ឆាន​អី​អញ្ចឹង យើង​វេរ​ទៅតាម​រយៈបុណ្យ​របស់​យើង វេទៅឲ្យ​បាន​ដល់ឪពុក​ម្តាយ​យើង​។ ហើយ​ចំណែក​មួយ​ទៀ​ត​បុណ្យ​ដែល​យើង​ធ្វើ​មិន​បាច់​ថា​ទៅ​ដល់​អ្នកស្លាប់​ទេ យើង​អាច​ឧទ្ទិសជូន​បុណ្យដល់​ឪពុក​ម្តាយ​យើង​ដែល​នៅ​ស្រុក បាន​ដូច​គ្នា»។

ពលករ​វ័យ​៣៦​ឆ្នាំ​រូបនេះ​បន្ថែម​ថា ​ក្រៅពី​ការ​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ដល់​ដូចតា ការ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌនៅ​ប្រទេស​ថៃ​នេះ ក៏​អាច​ធ្វើ​ឲ្យ​ពលករ​ខ្មែរ​ដែល​មិន​មាន​ពេល​វេលា និង​លុយ​កាក់​គ្រប់​គ្រាន់​ដើម្បី​ទៅ​ចូលរួម​ពិធី​បុណ្យ​នៅ​ឯស្រុក​កំណើត បាន​ជួបជុំ​គ្នា​ដើម្បី​ធ្វើ​បុណ្យ និង​កំសាន្ត។

«បងប្អូន​ខ្មែរ​យើង ពលករ​មក​ចំណាក​ស្រុក​មក​ឆ្ងាយ ឆ្ងាយ​ហើយមក​យូរ​ឆ្នាំ អ្នកខ្លះ​ទៅ​៤​ឆ្នាំ អ្នកខ្លះ​ទៅ៥​ឆ្នាំ ​អត់សូវ​បាន​ទៅលេង​ស្រុកទេ។ អញ្ចឹង​មាន​ពិធី​បុណ្យ​ធំៗ​ ដូច​ជា​ចូល​ឆ្នាំក៏​មាន​ចាត់​ដែរ ក៏​ប៉ុន្តែ​ពេល​ចូល​វស្សានេះ បុណ្យ​ភ្ជុំ​ធំ​មាន​តែ​មួយ​ថ្ងៃ​ហ្នឹង អញ្ចឹងបានន័យ​ថា​ល្អ​មែន​ទែន ធ្វើ​ឲ្យ​បងប្អូន​ខ្មែរ​យើង​មានភាព​សាមគ្គី»។

ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ មាន​ប្រារព្ធ​តែ​នៅ​កម្ពុជា​ប៉ុណ្ណោះ។ យ៉ាងហោច​ណាស់​វត្ត​អារាម​ចំនួនជាង​៥​ពាន់​នៅទូទាំងប្រទេស​កម្ពុជា​ តែងរៀបចំ​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​ដែល​មាន​រយៈពេល​១៤ថ្ងៃ​ ​និង​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​ជាថ្ងៃ​បញ្ចប់​ជារៀង​រាល់​ឆ្នាំ។​ សម្រាប់​នៅ​ប្រទេស​ថៃមាន​តែ​វត្ត​ចំនួន​ពីរ​ប៉ុណ្ណោះ​ដែល​មានប្រារព្ធ​ពិធី​បុណ្យភ្ជុំ​បិណ្ឌសម្រាប់​ពលករ​ខ្មែរ​ដែលមិនបាន​ទៅ​ស្រុក​កំណើត​នោះ​គឺ​វត្ត​ស៊ីសុដារាម ក្នុង​ទីក្រុងបាងកក​ និង​វត្តប្រធាតុភ្នំ ស្ថិត​ក្នុង​ខេត្តណាខនភ្នំ ប្រទេស​ថៃ។​

ព្រះ​តេជគុណ មឿន សុភ័ក្រ ប្រធាន​សមាគម​ខេមរនិស្សិត​នៃ​សាកល​វិទ្យាល័យ​មហាចុឡា​លុង​កន​រាជ​វិទ្យាល័យ​និមន្ត​ចូលរួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ នៅ​វត្ត​ស៊ីសុដារ៉ាម ក្នុង​ទីក្រុង​បាងកក នៅ​ថ្ងៃទី​២២​ ខែ​កញ្ញា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)

ព្រះ​តេជគុណ​ មឿន សុភ័ក្រ ​ប្រធាន​សមាគម​ខេមរនិស្សិត​នៃ​សាកលវិទ្យាល័យ​មហាចុឡា​លុង​កន​រាជ​វិទ្យាល័យ​ ដែល​និមន្ត​ទៅ​វត្ត​ស៊ីសុដារាម​ដើម្បី​ចូលរួម​ពិធី​បុណ្យ​ភ្ជុំបិណ្យ​ជាមួយ​ពុទ្ធបរិស័ទ​ខ្មែរ មាន​ថេរដីកា​ថា នៅ​ប្រទេស​ថៃ​មិន​មាន​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​ដូច​នៅ​កម្ពុជា​នោះទេ។ ព្រះ​អង្គ​មាន​ថេរដីកា​បន្ត​ថា នៅប្រទេស​ថៃព្រះ​សង្ឃ​ខ្មែរ​កំនត់​យក​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ដើម្បី​ប្រាព្ធ ដូច្នេះ​ការ​រៀប​ចំ​ធ្វើ​ឡើង​មិនពេញ​លេញ​ដូច​នៅ​ខ្មែរ​ដែល​មាន​រហូត​ដល់​១៥​ថ្ងៃ​នោះ​ឡើយ។

«ការ​រៀប​ចំ​យើង​វា​អាច​ដូចគ្នា​ខ្លះ និងអាចធ្វើ​សង្ខេបខ្លះ។ ដូច​ថា ពិធីការ​នៅ​ក្នុងការ​រៀប​ចំ ការ​រៀបចំ​សូត្រមន្ត ការ​រៀប​ចំ​បង្សុកូលឧទ្ទិស​កុសល និង​ការ​រៀបចំ​ពិធីកម្ម​ផ្សេងៗ​គឺ​ដូចគ្នា។​ ក៏​ប៉ុន្តែ​ការ​រៀប​ចំ គឺ​នៅ​ខ្មែរ​យើង​អាច​សូត្រ​មន្ត​រយៈពេល​តាំង​ពី​ល្ងាច​រហូត​ដល់ពេល​ព្រឹកថ្ងៃ​ត្រង់។ ប៉ុន្តែ​នៅ​ទីនេះ ​នៅ​ក្នុងប្រទេស​ថៃ​ ​គឺ​ប្រើពេល​តែមួយ​ថ្ងៃ​ ចាប់ពីពេលព្រឹក​រហូត​ដល់ថ្ងៃ​ត្រង់ ចប់​តែម្តង»។

បើ​តាមតួលេខ​របស់ធនាគារ​ពិភព​លោក មាន​ពលករ​កម្ពុជា​ប្រមាណ​១,៨​លាននាក់​កំពុង​បម្រើ​ការងារ​ក្នុង​ប្រទេសថៃ។

​សេចក្តី​រាយការណ៍​នានា​បង្ហាញ​ថា​ ពលករជាច្រើនបាន​សម្រុក​ចូល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ក្នុង​សប្តាហ៍​នេះ​ ដើម្បី​មក​ចូល​រួម​ពិធី​បុណ្យ​ភ្ជុំ​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួក​គេ។

បើ​តាម​ព្រះ​អង្គ មឿន សុភ័ក្រ មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា​ជាង​៣ពាន់​នាក់ បាន​ចូល​រួម​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​វត្ត​ស៊ី​សដារាម នា​ទី​ក្រុង​បាង​កកនេះ។ ក្នុង​កម្មវិធីត្រឹម​តែ​មួយ​ថ្ងៃ ពិធី​បុណ្យបាន​បញ្ចប់​ដោយមានការ​ចាក់​ភ្លេង​ និង​ចម្រៀង ដើម្បី​ឲ្យ​ពលករ​កម្ពុជាបាន​កំសាន្ត​ជុំ​គ្នាផងដែរ៕