ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ត្រៀម​រថយន្ត​ក្រុង​ជាច្រើន​គ្រឿង​ដឹក​ពលរដ្ឋ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដោយ​មិន​យក​កម្រៃ


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (VOA)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (VOA)

លោក ហ៊ុន សែនថា៖ «ខ្ញុំ​ចង់​ដេញ​ជើង​អា​ក្រុមហ៊ុន​ដឹកជញ្ជូន​នេះ​ ​និយាយ​គ្នា​ស្តាប់​គ្នា​អត់​បាន។​ ​ឆ្នាំ​ក្រោយ​ថែម​ទៀត​ ឆ្នាំ​ក្រោយ​ត្រៀម​ថែម​ទៀត​ចំនួន​រថយន្ត​ ​ដើម្បី​បម្រើ​ប្រជាជន​​ការ​សប្បាយ​រីករាយ។​ ​ហើយ​ចាំ​យើង​គិត​ទៅ​ដល់​ការ​​ភ្ជុំបិណ្ឌ​ អា​ពេល​ភ្ជុំបិណ្ឌ យើង​រៀបចំ​ទៀត»។

ក្រោយ​បរាជ័យ​ជាច្រើន​ឆ្នាំ​ ​ក្នុង​ការ​អំពាវ​នាវ​កុំ​ឲ្យ​រថយន្ត​ឈ្នួល​ដឹក​អ្នកដំណើរតំឡើង​ថ្លៃ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ​បាន​ប្រកាសត្រៀមរថយន្ត​ក្រុង​ជា​ច្រើន​គ្រឿង​ ​ដើម្បី​ដឹក​ជញ្ជូន​ប្រជា​ពល​រដ្ឋ​ពី​រាជធានី​ភ្នំពេញ​ ​ទៅ​កាន់​បណ្តា​ខេត្ត​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស​ ​ដោយ​ឥតគិត​ថ្លៃ។​

​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ប្រកាសត្រៀម​រថយន្ត​ក្រុង​ជាច្រើន​គ្រឿង​ ​ដើម្បី​ដឹក​ជញ្ជូន​ពល​រដ្ឋ​ពី​រាជធានី​ភ្នំពេញ​ ​ទៅ​ចូលរួម​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅ​តាម​បណ្តា​ខេត្ត​ដោយ​មិនគិត​ថ្លៃ​ ​បន្ទាប់​ពីការ​អំពាវនាវ​របស់​លោកសុំ​ឱ្យ​ក្រុម​រថយន្ត​ឈ្នួល​ឡើង​កុំ​តម្លើង​ថ្លៃ​ពេល​បុណ្យ​ធំៗ​ ​ត្រូវបានបរាជ័យ​ជា​ច្រើនឆ្នាំ​កន្លង​មក។​

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​មួយ​ ​នៅ​ថ្ងៃអង្គារ​នេះ​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ថ្លែង​ថា​ ​ក្នុង​ឆ្នាំ​កន្លងៗ​ទៅ​ ​លោក​បាន​អំពាវ​នាវ​កុំឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នក​ដំណើរ​តំឡើង​ថ្លៃ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ ​ប៉ុន្តែ​លោកថា​ ​ការ​អំពាវ​នាវ​របស់​លោក​មិន​មាន​ប្រសិទ្ធភាព។​ ​លោ​ក​បន្ថែម​ថា​ ​ក្រោយ​ការ​ពិភាក្សា​ជាមួយ​អភិបាល​សាលា​រាជធានី​ ​លោក​ក៏​សម្រេច​បញ្ជាឲ្យ​ផ្តល់​សេវា​រថយន្ត​ក្រុង​របស់​រដ្ឋ​ ​ដឹក​ជញ្ជូន​ប្រជាជនអ្នក​ធ្វើ​ដំណើរ​ដោយ​ ​«មិន​បង់​ថ្លៃ»​ ​តាម​ផ្លូវ​ជាតិ​ធំៗ​ចំនួន​៥ ចាប់​ពី​ថ្ងៃទី១២ ​ដល់​ថ្ងៃទី​១៨ ខែមេសា​ ​ឆ្នាំ២០១៨។​

​លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​ចង់​ដេញ​ជើង​អា​ក្រុមហ៊ុន​ដឹកជញ្ជូន​នេះ​ ​និយាយ​គ្នា​ស្តាប់​គ្នា​អត់​បាន។​ ​ឆ្នាំ​ក្រោយ​ថែម​ទៀត​ ឆ្នាំ​ក្រោយ​ត្រៀម​ថែម​ទៀត​ចំនួន​រថយន្ត​ ​ដើម្បី​បម្រើ​ប្រជាជនការ​សប្បាយ​រីករាយ។​ ​ហើយ​ចាំ​យើង​គិត​ទៅដល់​ការភ្ជុំបិណ្ឌ​ អាពេល​ភ្ជុំបិណ្ឌ​ ​យើង​រៀបចំ​ទៀត»។

ផ្លូវ​ជាតិ​ធំៗ​ទាំង​៥​នោះ​ ​រួម​មាន​ ​ផ្លូវជាតិ​លេខ​១​ ​ពី​ភ្នំពេញ​ ​ទៅ​ខេត្ត​កណ្តាល​ ​ព្រៃវែង​ ​និង​ស្វាយរៀង។​ ផ្លូវជាតិ​លេខ៣ ពី​ចោមចៅ​ ​ភ្នំពេញ​ ​ទៅ​ខេត្តកំពត។​ ផ្លូវជាតិ​លេខ៤​ ​ពី​ចោមចៅ​ ​ភ្នំពេញ​ ​ទៅ​ខេត្ត​កំពង់​ស្ពឺ និង​ខេត្ត​ព្រះសីហនុ។​ ​ផ្លូវជាតិ​លេខ៥ពី​ភ្នំពេញ ទៅ​ខេត្ត​កំពង់ឆ្នាំង​ ​ពោធិ៍សាត់​ ​បាត់ដំបង​ ​និង​បន្ទាយ​មានជ័យ។​ ផ្លូវជាតិ​លេខ៦​ ពី​ភ្នំពេញ​ ​ទៅ​ខេត្ត​កំពង់ធំ និង​សៀមរាប។​

លោក​ ​ម៉េត មាសភក្តី​ ​អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ​ ​ប្រាប់​ ​VOA​ ​នាព្រឹក​ថ្ងៃអង្គារនេះ​ថា​ ​ក្រុម​ការងារ​សាលារាជធានី​ ​កំពុង​ពិភាក្សា​ដើម្បី​កំណត់ពី​ចំនួន​រថយន្ត​ក្រុង​ ​និង​ទីតាំង​សម្រាប់ចាប់​ផ្តើម​ចេញ​ដំណើរ​ពី​រាជធានី​ភ្នំពេញ ព្រមទាំងកំពុង​ពិភាក្សាពី​លទ្ធភាព​នៃ​ការ​ដឹក​ជញ្ជូន​ប្រជាពល​រដ្ឋ​ពី​តាម​បណ្តា​ខេត្ត​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ​ផងដែរ។​

លោក​បញ្ជាក់​ថា៖​

«ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​តេជោ​ ​ដែល​លោក​ទើប​តែ​បន្ថែម​បី​ផ្លូវជាតិ​ទៀត​ ​អញ្ចឹង​ក្រុមការងារ​របស់​យើង​កំពុង​តែគិត​ទាំង​ទីតាំង ទាំង​ពេល​វេលា ទាំង​អ្វីៗផ្សេងៗ​ទៀត ធ្វើ​យ៉ាង​ណា​ឲ្យ​ដំណើរ​ការក្នុងការ​ដឹកជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋរបស់​យើង​ប្រកប​ដោយ​សុវត្ថិភាព សប្បាយ​រីករាយ ​ហើយ​កិច្ច​ការ​របស់​យើង​នេះ​ទទួល​បានជោគជ័យ»។

រូបឯកសារ៖ រថយន្ត​ឈ្នួល​ ដឹក​មនុស្ស​លើស​ចំនួន​កំណត់​ នា​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១៣ ខែ​មេសា​ ឆ្នាំ​២០១៧។ (VOA)
រូបឯកសារ៖ រថយន្ត​ឈ្នួល​ ដឹក​មនុស្ស​លើស​ចំនួន​កំណត់​ នា​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១៣ ខែ​មេសា​ ឆ្នាំ​២០១៧។ (VOA)

បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ​តែង​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ​ទៅ​តាម​ប្រពៃណី​ទំនៀម​ទម្លាប់។​ ​ជាទូទៅ​ ​គេឃើញ​ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​តែង​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ដើម្បី​ប្រារព្ធ​ពិធី​នេះ​ ​ឬ​ចេញ​ទៅ​តាម​បណ្តា​ខេត្តនានា​ ​ដើម្បី​ធ្វើ​ដំណើរ​កំសាន្ត​ផ្សេងៗ។​ ​សម្រាប់​ឆ្នាំ​នេះ​ ​កម្ពុជា​នឹង​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំខ្មែរ​ ​ចាប់ពី​ថ្ងៃទី​១៤​ ​១៥​ ​និង​១៦​ ​ខែ​មេសា​។​

នៅ​ថ្ងៃអង្គា​រនេះ​ដែរ​ ​លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​គ្រប់ជាន់​ថ្នាក់​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្ពស់​ ​ក្នុង​ការ​ការពារ​ពលរដ្ឋ​ ​និង​ទេសចរ​ជាតិ-អន្តរជាតិ​ ​នៅ​តាម​តំបន់​រមណីយដ្ឋាន​ទេសចរ​ទូទាំង​ប្រទេស​ ​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ខាង​មុខ។​ លោក​ក៏​បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋកុំលេង​បាច​ទឹក​ ​គប់ទឹក​ ​ជះ​ទឹក​ ​និង​ចាប់​លាប​ម្សៅ​ ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ក្នុង​ពេល​កំពុង​ធ្វើ​ដំណើរ ឬ​បាត់បង់​ទ្រព្យ​សម្បត្តិ​ផ្សេងៗ​ជាដើម៕

XS
SM
MD
LG