ភរិយា​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ឆ្លើយ​តប​នឹង​សំណួរ​ប្រិយមិត្ត​ VOA

Your browser doesn’t support HTML5

Facebook Live៖ ភរិយា​នៃ​មន្ត្រី​ទូត​អាមេរិក​ពិភាក្សា​អំពីបេសកកម្ម‍«​សុបិន‍្ត​ក្លាយ​ជា​ការ​ពិត»​ទៅ​កាន់ប្រទេស​កំណើត

កំណត់​និពន្ធ៖ នៅ​ក្រោយ​ការផ្តល់​បទ​សម្ភាសន៍​តាម​ Facebook Live ជាមួយ VOA កាល​ពីពេល​ថ្មីៗ​នេះ លោកស្រី សុទ្ធី ហៃដ្ឋ ភរិយា​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ចំណាយ​ពេលសរសេរ​ចម្លើយតប​ទៅ​នឹងសំណួរ​មួយ​ចំនួន​របស់​ប្រិយមិត្ត VOA ដែល​លោកស្រី​មិន​អាច​ឆ្លើយ​អស់​ក្នុង​ពេល​អំឡុង​ពេល​កំពុង​ផ្សាយផ្ទាល់។ VOA បាន​បកប្រែចម្លើយរបស់លោកស្រី សុទ្ធី ហៃដ្ឋ​ ដែល​មាន​ខ្លឹមសារ​ទាំង​ស្រុង​ដូច​តទៅ៖

Sy Chann៖ ដោយ​សារ​លោកស្រី​បច្ចុប្បន្ន​នេះ​បាន​ក្លាយ​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ តើ​លោកស្រី​គិត​យ៉ាង​ណា​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា? ហើយ​ដោយ​សារ​លោកស្រី​ជា​ភរិយា​របស់​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា តើ​លោកស្រី​អាច​ពន្យល់​លម្អិត​អំពី​រឿង​នេះ​បាន​ទេ ដោយ​ប្រៀបធៀប​ជាមួយ​នឹង​ស្ថានភាព​ជាក់​លាក់​នៅ​ប្រទេស​ផ្សេង​ទៀត​ក្នុង​ពិភពលោក? ពី Men CHANN ខេត្ត​ព្រះសីហនុ

លោកស្រី សុទ្ធី ហៃដ្ឋ៖ ចម្លើយ​ចំពោះ​សំណួរ​នេះ​គឺ​វែង ដោយ​សារ​មាន​កត្តា​ផ្សេងៗ​ជា​ច្រើន​ទាក់ទង​នឹងវិធីសាស្ត្រ​កសាង​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ។​ ប្រទេស​ខ្លះ​មាន​បញ្ហា​ស្រដៀង​គ្នា​នឹង​ប្រទេស​កម្ពុជា​ដែរ ហើយ​ប្រទេស​ខ្លះ​ទៀត​មាន​បញ្ហា​ខុស​ពី​កម្ពុជា អាស្រ័យ​ទៅ​លើ​ដំណាក់កាល​នៃ​កម្រិត​អភិវឌ្ឍ​របស់​ប្រទេស​និមួយៗ។ ប៉ុន្តែ​ចំណុច​រួម​មួយដែល​ប្រទេស​កំពុង​អភិវឌ្ឍ​ទាំង​អស់​មាន​ដូច​គ្នា គឺ​ពួក​គេ​ គឺ​ពួក​គេ​កំណត់​យក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជា​អាទិភាព ដើម្បី​លើក​តម្កើង​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ពួក​គេ។ គិត​ត្រឹម​ឆ្នាំ​មុន (២០១៦) ប្រទេស​កម្ពុជា​លែង​ត្រូវ​បាន​ចាត់​ទុក​ជា​«ប្រទេស​ក្រីក្រ»​ទៀត​ហើយ ហើយ​ត្រូវ​បាន​គេ​ចាត់​ទុកក្នុង​ចំណាត់ថ្នាក់«ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប»។ ​ប៉ុន្តែ​ដូច​ស្វាមី​របស់​ខ្ញុំ គឺ លោក​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក តែង​ក្រើន​រំឭក​ដោយ​ប្រុង​ប្រយ័ត្ន​ថា មាន​ប្រជាជន​កម្ពុជា​ក្នុង​ចំនួន​ច្រើន​ភាគរយ​ដែល​មានកម្រិត​ជីវភាព​លើស​បន្ទាត់​នៃ​ភាព​ក្រីក្រ​តែ​បន្តិច​ប៉ុណ្ណោះ។ ប្រសិន​បើ​មាន​ការ​អន់​ថយ​សេដ្ឋកិច្ច​ឬ​អស្ថិរភាព តែ​បន្តិច​ប៉ុណ្ណោះ​ពលរដ្ឋ​ទាំង​នេះ​អាច​ធ្លាក់​ទៅ​ស្ថិត​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​វិញ​ភ្លាម។ វា​ជា​រឿង​សំខាន់​ដែល​កម្ពុជា​ត្រូវ​បន្ត​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីកចម្រើន ដើម្បី​បន្ត​ជំរុញ​ឲ្យ​ប្រជាជន​ភាគច្រើន​មាន​ជីវភាព​កាន់​តែ​ប្រសើរ​ឡើង​ផុត​ឆ្ងាយពីកម្រិតនៃ​ភាព​ក្រីក្រ។ ​គន្លឹះក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចឲ្យ​លូតលាស់​ខ្លាំង​ជា​ប្រធានបទ​មួយ​ដែល​អាច​មាន​ការ​ពិភាក្សា​រាប់​ខែ​ឯ​ណោះ​ប៉ុន្តែ​តទៅ​នេះ ខ្ញុំ​គ្រាន់​ចង់​រៀបរាប់​កត្តា​មូលដ្ឋាន​មួយ​ចំនួន រួម​មាន៖ ការ​អប់រំ​កម្រិត​បឋមសិក្សា​និង​មធ្យមសិក្សា​ដែល​មាន​គុណភាព (រៀបចំ​ប្រជាជន​ដែល​មាន​វ័យ​ក្មេង​ឲ្យ​មាន​អក្ខរភាព​និង​អាច​បណ្តុះ​បណ្តាល​បន្ត​បាន) លទ្ធភាព​ទទួល​បាន​ប្រព័ន្ធ​ថែទាំ​សុខភាព​សមរម្យ​នៅ​តំបន់​ជនបទ​ បង្កើន​ធនធាន​មនុស្ស​របស់​ប្រទេស ផ្តល់​អំណាច​ច្រើន​ជាង​មុន​ដល់​ស្ត្រី (ដែល​មាន​ចំនួន​ច្រើន​ជាង​ពាក់​កណ្តាល​នៃ​ប្រជាជន​សរុប) ដើម្បី​ឲ្យ​ពួក​គេ​អាច​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​តួនាទី​ជា​អ្នក​ដឹកនាំ​នៅ​ក្នុង​វិស័យ​ផ្សេងៗ ​ស្ថាប័ន​ឯករាជ្យ​និង​មាន​មាន​ប្រសិទ្ធភាព​ដូច​ជា​តុលាការ និង​ក្រសួង​និង​ស្ថាប័ន​នានា​របស់​រដ្ឋាភិបាល ជា​ដើម។ អរគុណ​ដែល​បាន​សួរ​សំណួរ​នេះ។

Roth Sovann៖ ចប់​ពី​ខ្មែរ​មីង​ទៅ​ណា​បន្ត​ទៀត?

សុទ្ធី ហៃដ្ឋ៖ យើង​ខ្ញុំ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ទោះ​បី​យើង​មាន​បេសកកម្ម​អ្វី​ជា​បន្ត​ទៀត​ក្តី យើង​ខ្ញុំ​សង្ឃឹម​ថា​នឹង​អាច​នៅ​រក្សា​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា។ ស្វាមី​របស់​ខ្ញុំមាន​អាជីព​ជាសេដ្ឋវិទូ ហើយ​លោក​មាន​ការយល់​ជ្រាប​ច្បាស់​អំពី​ថា​តើ​កម្ពុជា​គួរ​ធ្វើ​ដំណើរ​ដល់​ទី​ណា​នៅ​ក្នុង​រយៈ​ពេល​៥​ទៅ​១០​ឆ្នាំ​ខាង​មុខ។ ដូច្នេះ​ជា​ធម្មតា​ទេ លោក​តែ​ង​មាន​ចំណាប់អារម្មណ៍​ចង់​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។

Choronay Meas៖ លោក​ស្រី​បាន​លើក​ឡើង​អំពី​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង (self-motivation) ប៉ុន្តែ​ចុះ​បើ​យើង​បាត់បង់​ការ​ជំរុញ​ចិត្ត​ខ្លួន​ឯង​នេះ​នៅ​ពាក់​កណ្តាល​ផ្លូវ​វិញ? តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​បង្កើត​ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​នេះ?

សុទ្ធី ហៃដ្ឋ៖ ការ​បាត់​បង់​ការ​ជំរុញ​ចិត្ត​ខ្លួន​ឯងជា​រឿង​ធម្មតា​និង​ជា​ផ្នែក​មួយ​នៃ​ជីវិត។ វា​កើត​ឡើង​ចំពោះមនុស្ស​ជា​ច្រើន។ វា​ជា​ការ​ពិបាក​ក្នុង​ការ​ធ្វើ​ខ្លួន​យើង​ឲ្យ​មាន​ការលើក​ទឹក​ចិត្ត​គ្រប់​ពេល​ និង​ជាប់គ្នា​ជា​ច្រើន​ឆ្នាំ​។ ប៉ុន្តែ​វា​ជា​រឿង​សំខាន់​ដែល​យើង​ត្រូវ​រំឭក​ប្រាប់​ខ្លួន​ឯង​អំពី​លទ្ធផល​ដែល​យើង​បាន​សម្រេចមក​ដល់​ពេល​នេះ ហើយ​តើ​នៅ​មាន​គោលដៅ​សេសសល់កាន់​តែ​តិច​ទៀត​ប៉ុណ្ណា និង​ត្រូវ​ផ្តោត​គោលដៅ​ជីវិត​ជា​ថ្មី​ឡើង​វិញ និង​ពិចារណាថា តើ​គោលដៅ​ទាំង​នេះ​នៅ​តែ​ជា​គោលដៅ​ដដែល​របស់​យើង​ឬ​យ៉ាង​ណា? អរគុណ​ចំពោះ​សំណួរ​នេះ។

Soheng Hun៖ តើ​ឆ្នោត​ផ្សង​សំណាង​ទៅ​រស់​នៅ​USA​ដែល​គេ​បង្ហោះ​តាម​FB​ពិត​មែន​ឬ​យ៉ាង​ណា? សូម​អរគុណ! ជូនពរ​សុខភាព​ល្អ!

Sopheavy Rakphyphan៖ ខ្ញុំ​ចង់​សួរ​មុន​គេ​គឺ​ការ​បំពេញ​ពាក្យ​ឆ្នោត​ដើម្បី​ទៅ​រស់​នៅ​អាមេរិច​ប្រហែល​៥​ឆ្នាំ​ហើយ ខ្ញុំ​ដាក់​យូរ​ហើយ​តែ​មិន​ទាន់​ជាប់។ តើ​ខ្ញុំ​អាច​បំពេញ​ថ្មី​ដាក់​ទៀត​បាន​ទេ?

សុទ្ធី ហៃដ្ឋ៖ ចម្លើយ​ចំពោះ​សំណួរ​ទាំង​ពីរ​ សូម​ទស្សនា​វីដេអូ​តាម​គេហទំព័រហ្វេសប៊ុក​ស្ថានទូត​អាមេរិក​ ដើម្បី​ទទួល​ព័ត៌មាន​លម្អិត​ជាង​នេះ​អំពី​ផ្នែក​កុងស៊ុល។

ឯណាទៅ ឋានសួគ៌៖ ក្រុម​គ្រួសារ​លោកស្រី ជា​ពិសេស​លោក​ស្រី​ផ្ទាល់​កាន់​សាសនា​អ្វី​ដែរ?អរគុណ​ចំពោះ​ការ​ឆ្លើយ​តប។

សុទ្ធី ហៃដ្ឋ៖ ខ្ញុំ​បាន​ធំ​ពេញ​វ័យ​ជា​អ្នក​កាន់​ពុទ្ធសាសនា ហើយ​ខ្ញុំ​នៅ​តែ​ជា​ពុទ្ធសាសនិកជន​មួយ​រូប។ ខ្ញុំ​ប្រកាន់​និង​ប្រារព្ធ​ពិធី​បែប​ពុទ្ធសាសនា​ តាម​លទ្ធភាព​ដែល​ខ្ញុំ​មាន ហើយ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នៅ​តាម​ប្រទេសជា​ច្រើន​ដែល​យើង​ខ្ញុំ​បាន​ទៅ​រស់​នៅ (ដោយ​សារ​បេសកកម្ម​ការ​ទូត) មិន​មាន​វត្ត​ទេ។ ប៉ុន្តែ​ ខ្ញុំ​ជឿ​ជាក់​ថា​យើង​អាច​ទទួលគុណ​បុណ្យបាន​តាម​រយៈ​ការ​ជួយ​អ្នក​ដទៃ​ដែលមិន​មាន​សំណាង​ដូច​យើង និង​ធ្វើ​អំពើ​ល្អ​ដល់​អ្នក​ដទៃ បើ​ទោះ​បី​មាន​ឬ​មិន​មាន​វត្ត​ក្តី។ ខ្ញុំ​ធ្វើ​សកម្មភាពមនុស្ស​ធម៌​នៅ​តាម​ប្រទេស​ជា​ច្រើន រួម​ទាំង​ពេល​ដែល​ខ្ញុំ​បាន​រស់​នៅ​ប្រទេស​ប៉ូឡូញ​ផង​ដែរ។

ញឹម ភាត់៖ សួស្តី​លោកស្រី​ សុទ្ធី ហៃដ្ធ ចង់​សួរ​លោកស្រី​ថា ការ​រស់​នៅ​ជា​ប្តីប្រពន្ធ​ជាមួយ​ជនជាតិ​គេ​មាន​ការ​លំបាក​ដែរ​ទេ? បើ​ងាយស្រួល​វិញ​ ដោយសារ​អ្វី? ខ្ញុំ​នៅ​ខេត្ត​បន្ទាយមានជ័យ។

សុទ្ធី ហៃដ្ឋ៖ នេះ​ជា​សំណួរ​ល្អ! នៅ​ក្នុង​អាពាហ៍ពិពាហ៍​ជាមួយ​សាសន៍​ដទៃ​ វា​ជា​រឿង​សំខាន់​ដែល​យើង​ត្រូវ​ដឹង​ មិន​ត្រឹម​តែ​អំពី​វប្បធម៌​និង​របៀប​រស់​នៅប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដឹង​អំពី​បុគ្គលិកលក្ខណៈ​និង​ផ្នត់​គំនិត​របស់​ជន​ដែល​អ្នក​នឹង​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ផង​ដែរ។ នៅ​មុន​ពេល​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​របស់​ខ្ញុំ [លោក William Heidt] ខ្ញុំ​បាន​រស់នៅ​ក្នុង​ប្រទេស​និង​វប្បធម៌​អាមេរិក​អស់​រយៈ​ពេល​១៤​ឆ្នាំ​មក​ហើយ។ ថ្វី​បើ​វប្បធម៌​ [របស់​ស្វាមី​ខ្ញុំ] មិន​មែន​ថ្មី​សម្រាប់​ខ្ញុំ​ក្តី ការ​មាន​ចំណង​អាពាហ៍ពិពាហ៍​ជាមួយ​បុគ្គល​ម្នាក់​និងត្រូវ​រៀនសូត្រ​អំពី​បុគ្គល​នោះ​ជា​រឿង​ថ្មី​មួយ មិន​ថា​អ្នក​នោះ​មាន​ប្រភព​ពី​វប្បធម៌​ណា​ក៏​ដោយ។ អ្វី​ដែល​សំខាន់​ចំពោះ​ខ្ញុំ​គឺ​ភាព​ចុះ​សម្រុង​ខាង​ផ្នែក​បញ្ញា​ គឺ​ថា របៀប​គិត​របស់​យើង និង​ទស្សនវិស័យ​ក្នុង​ជីវិត។ អាពាហ៍ពិពាហ៍​ភាគ​ច្រើន​ដែល​ត្រូវ​បែកបាក់ គឺមិនមែន​ដោយ​សារ​កត្តា​ខុស​គ្នា​ខាង​វប្បធម៌​ទេ ប៉ុន្តែ​ដោយ​សារ​ភាព​ខុស​គ្នា​ខាង​ទម្លាប់ បុគ្គលិកលក្ខណៈ និង​កង្វះក្តី មេត្តា​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ភាព​ចុះ​សម្រុង​គ្នា​ធ្វើ​ឲ្យ​ការ​រស់​នៅ​ជាមួយ​គ្នាកាន់​តែ​ងាយ​ស្រួល។ លក្ខណៈ​របស់​ស្វាមី​ខ្ញុំ​ដែលសំខាន់​សម្រាប់​ខ្ញុំ​ មិន​មែន​ការងារ​របស់​គាត់​ទេ ប៉ុន្តែ​បុគ្គលិក​លក្ខណៈ​របស់​គាត់​ក្នុង​នាម​ជា​បុគ្គល​មួយ​រូប ជា​បិតា​មួយ​រូប និង​ជា​ស្វាមី​ពេល​នៅ​ផ្ទះ​មួយ​រូប។

Yann Vannak៖ ភាព​ជឿជាក់​លើ​ខ្លួន​ឯង ជា​កត្តា​ជោគជ័យ​របស់​មនុស្ស​ តែ​សំខាន់​មួយ​ទៀត​នោះ​ក៏​ត្រូវការ​ជួយ​ទំនុក​បម្រុង​នឹង​ភាព​កក់ក្តៅ​ពី​គ្រួសារ​ដែរ។

សុទ្ធី ហៃដ្ឋ៖ ពិត​ណាស់! ហើយ​អ្នក​ត្រូវការកត្តា​ផ្សេង​ទៀត​ជា​ច្រើន ដើម្បី​ជួយ​អ្នក។ ប៉ុន្តែ​អ្វីៗ​ត្រូវចាប់​ផ្តើម​ពី​ការ​ជឿជាក់​លើ​ខ្លួន​ឯង។ បើ​មិន​មាន​ការ​ជឿជាក់​លើ​ខ្លួន​ឯង​នេះ​ទេ ទោះ​បី​មាន​ជំនួយ​ខាង​ថវិកា​និង​ស្មារតី​ពី​ក្រុម​គ្រួសារ​និង​អ្នក​នៅ​ជុំ​វិញ​អ្នក​ក៏​ដោយ​ ក៏​អ្នក​នៅ​តែ​មាន​ភាព​មន្ទិល​ចំពោះ​ខ្លួន​ឯង។ ហេតុ​ដូច្នេះ​ហើយ ទើប​បាន​ជា​ខ្ញុំ​សង្កត់​ធ្ងន់​ចំពោះ​រឿងចិញ្ចឹម​កូន​ឲ្យ​បាន​ល្អ​ ដើម្បី​ឲ្យ​ពួក​គេ​អាច​ក្លាយ​ជា​ជំនាន់​មួយ​ដែល​មាន​ទំនុក​ចិត្ត​ មាន​ភាព​ច្នៃ​ប្រឌិត និង​មាន​ភាព​ឈ្លាសវៃ​បំផុត។

Sry Navuoch Adornato៖ ជំរាប​សួរ​លោកស្រី​ ខ្ញុំ​និង​កូន​ពិត​ជា​ចង់​ទៅ​រស់​នៅ​អាមេរិក​ជាមួយ​ស្វាមី​ណាស់ ការ​រស់​នៅ​ផ្សេង​គ្នា​ពិបាក ខ្ញុំ​បាន​ធ្លាក់​ការ​សម្ភាសន៍​ សង្ឃឹម​ថា​ការ​សំភាសន៍​លើក​ក្រោយ​បាន​ជោគជ័យ និង​រស់​នៅ​ជួបជុំ​គ្នា​ដូច​គ្រួសារ​លោកស្រី​ដែរ​ទៅ​ចុះ!!!

Sa Rith៖ លោកស្រី​ តើ​អាច​សម្រួល​ visaឲ្យ​ធូរ​ជាង​នេះ​បន្តិច​បាន​ទេ ដើម្បី​ខ្មែរ​យើង​ងាយស្រួល​ទៅ​អាមេរិច?

Lach Sopheng៖ ហេតុ​អី​ក៏​អាមេរិក​ពិបាក​ទៅ​លេង​ម្ល៉េះ? ខ្ញុំ​ធ្លាប់​សម្ភាសន៍​ធ្លាក់។

សុទ្ធី ហៃដ្ឋ៖ សូម​ទោស ប៉ុន្តែកិច្ចការ​របស់​ខ្ញុំ​មិន​ទាក់ទងបញ្ហា​សុំ​ទិដ្ឋាការ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ទេ។ មាន​ច្បាប់​ស្តី​អំពី​ជន​អន្តោប្រវេសន៍​និង​អ្នក​មាន​កិច្ចការ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក ដែល​គេ​ចាំ​បាច់​ត្រូវ​គោរព​តាម ហើយ​ខ្ញុំ​មិន​មាន​ឥទ្ធិពល​អ្វី​ទាំង​អស់​ទៅ​លើ​រឿង​នេះ។ អរគុណ​ដែល​បាន​សួរ​អំពី​រឿង​នេះ។

Nit Ross៖ សួស្តី តើ​អ្នកស្រី​ចេះ​និយាយ​ប៉ុន្មាន​ភាសា​ដែរ?

Nuth Channra៖ កូន​អ្នកស្រី​ចេះ​ប៉ុន្មាន​ភាសា?

សុទ្ធី ហៃដ្ឋ៖ ក្រៅ​ពី​ភាសា​ខ្មែរ​និង​ភាសា​អង់គ្លេស​ ខ្ញុំ​អាច​និយាយ​ភាសា​ Bahasa របស់​ឥណ្ឌូណេស៊ី​បាន​ត្រឹម​ប្រើ​ការ​បាន និង​ភាសា​ប៉ូឡូញបាន​តិចតួច។ កូន​ប្រុស​របស់ខ្ញុំ​ធំ​ឡើង​ក្នុង​បរិយាកាស​មួយ​ដែល​មាន​ការ​និយាយ​ភាសា​ផ្សេង​គ្នា​ច្រើន។ កូន​ក្មេង​ដែល​ធ្លាប់​ឮ​ភាសា​ផ្សេង​ទៀត​តាំង​ពី​នៅ​ក្មេង​ មាន​សមត្ថភាព​ប្លែក​មួយ​នៅ​ក្នុង​ការ​រៀន​ភាសា​បាន​លឿន។ កូន​ប្រុស​របស់​ខ្ញុំ​មាន​សមត្ថភាព​ដ៏​អស្ចារ្យ​មួយ​ក្នុងការ​ចាប់​រៀន​ភាសា​ថ្មី​មួយ​បាន​យ៉ាង​លឿន។ គាត់​កំពុង​រៀន​ភាសា​ខ្មែរ​និង​អេស្ប៉ាញ។

Pitou Oudom៖ នេះ​ជា​មោទនភាព​ណាស់​លោកស្រី គំរូ​និង​ទង្វើ​ដ៏​ល្អ​នេះ​ គឺ​ជា​ការ​លើក​ទឹកចិត្ត​និង​ បង្ហាញ​ផ្លូវ​ ជា​ពិសេស​ការ​ផ្ដាំផ្ញើ​ដល់​ឪពុកម្ដាយ​ ឲ្យ​ចេះ​ថែទាំ​កូន​ឲ្យ​បាន​ល្អ​គឺ​ជា​ចំណុច​ពិសេស​ដើម្បី​កសាង​បាន​នូវ​ទំពាំង​ស្នង​ឫស្សី​សម្រាប់​ទ្រទ្រង់​ប្រទេស​ជាតិ អភិវឌ្ឍ​និង​សំបូរ​រុងរឿង។ ហើយ​ជា​ការ​សំខាន់​សូម​មេត្តា​ចូលរួម។ សូម​អរគុណ។

សំបូរ បា្រក់៖ ល្អ​ណាស់​បង​ស្រី! ខ្ញុំ​និង​ពលរដ្ឋ​កម្ពុជា​មាន​មោទនភាព​ណាស់​ដែលជា​លើក​ទី​១​មាន​ភរិយា​នៃ​ឯកអគ្គរដ្ឋ​ទូត​អាមេរិកនៅ​កម្ពុជា​ជា​ជនជាតិ​ខ្មែរ។ ដូច្នេះ​ខ្ញុំ​សូម​ជូន​ពរ​ឲ្យ​បេសកកម្ម​ការ​ទូត​របស់​លោកស្រី​ប្រកប​ដោយ​ជោគជ័យ! សូម​អបអរសាទរ!

សុទ្ធី ហៃដ្ឋ៖ សូម​អរគុណ​ចំពោះ​ការ​ជូន​ពរ​ទាំង​ឡាយ។ សាធុ!​ សូម​អរគុណ​ដល់​ប្រិយមិត្ត VOA ទាំង​អស់ ហើយ​និង​អ្នកដែល​បាន​បញ្ចេញ​មតិ​ទាំង​៦០០! ខ្ញុំ​សង្ឃឹម​ថា​អ្នក​រីករាយ​ក្នុង​ការ​អាន​ចម្លើយ​របស់​ខ្ញុំ ដូច​នឹង​ក្តី​រីករាយ​ដែល​ខ្ញុំ​មាន​ពេល​អាន​សំណួរ​និង​យោបល់​របស់​អ្នក​ដែរ។ ខ្ញុំ​មាន​ក្តី​រីករាយ​ដែល​ជនជាតិ​ខ្មែរ​ទាំង​ក្នុង​ប្រទេសនិង​នៅ​បរទេស​ បន្ត​តាមដាន​អំពី​ព័ត៌មាន​ចុង​ក្រោយ​អំពី​ប្រទេស​កម្ពុជា។ ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​ដល់អ្នក​ទាំង​អស់​គ្នា ​ឲ្យ​គិត​អំពី​វិធី​ទាំង​ឡាយ​ដែល​អ្នក​អាច​ទុក​ភាព​ខ្វែង​គំនិត​គ្នាមួយ​ឡែក ហើយ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​និង​ធ្វើ​ឲ្យ​ជឿនលឿន​ដល់​ប្រទេស​កម្ពុជា ដោយ​ប្រើប្រាស់​ជំនាញ​ប្លែកៗ​របស់​អ្នក​រៀងៗ​ខ្លួន ហើយ​និង​បន្សល់​ទុក​នូវ​កេរដំណែល​មួយ​ (ទោះ​បី​តូចតាច​យ៉ាង​ណា​ក្តី) ដល់​កូន​ចៅ​ជំនាន់​ក្រោយ៕