ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា៖ ស.រ.អា​ត្រូវ​ចូលរួម​យ៉ាង​សកម្ម​​ ​​ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា


លោក William Heidt ឯកអគ្គរដ្ឋ​ទូតអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា និង​ភរិយា​ អ្នកស្រី Sotie Heidt ក្នុង​ជំនួប​ក្រៅ​ផ្លូវ​ការ​មួយ​ជាមួយ​ពលរដ្ឋ​ខ្មែរ​ អាមេរិកាំង​​នៅ​វត្ត​ពុទ្ធិការាម រដ្ឋ​ Maryland នៅ​ថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

«យើង​មាន ៣ ទៅ​ ៤ មធ្យោបាយ​ ដែល​សហរដ្ឋ​អាមេរិក​អាច​ព្យាយាម ធ្វើ​ឲ្យ​កម្ពុជា​​ឆ្ពោះ​ទៅ​កាន់​ទិស​ដៅ​ត្រឹម​ត្រូវ។ ហើយ​សហគមន៍​ខ្មែរ​អាមេរិកាំង គឺជា​​មធ្យាបាយ​ដ៏​សំខាន់​បំផុត​មួយ។ ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ​ និង​ប្រជាពលរដ្ឋ​​ពិត​ជា​មាន​សារសំខាន់​ណាស់»។

ស្នាម​ញញឹម ភាព​រីករាយ និង​សេចក្ដី​សង្ឃឹម​របស់​ពល​រដ្ឋ​ខ្មែរ​អាមេរិកាំង​រស់​នៅ​តំបន់​រដ្ឋ​ធានី Washington រំលេច​ឡើង​នៅ​ក្នុង​ជំនួប​ក្រៅ​ផ្លូវ​ការ​មួយ​រវាង​ពួកគេ ជាមួយ​ឯកអគ្គរដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ លោក William Heidtនិង​ភរិយា​ អ្នកស្រី Sotie Heidt នៅ​វត្ត​ពុទ្ធិការាម ក្នុង​រដ្ឋ​ Maryland កាល​ពី​ថ្ងៃទី២៣ខែ​កក្កដា ឆ្នាំ២០១៧ កន្លង​ទៅ​នេះ។ ​

លោក​ឯក​អគ្គ​រដ្ឋទូត​សហ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​បាន​សម្ដែង​ការចាប់​អារម្មណ៍​នឹង​ការ​រៀប​ចំ​ឲ្យ​មាន​ជំនួបក្រៅ​ផ្លូវ​ការ​ជា​មួយ​ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នេះ។ លោក Heidt ​បាន​និយាយ​ថា​ សហគមន៍​ខ្មែរ រីក​រាយ​ក្នុង​ការ​ពិភាក្សា​គ្នា​អំពី​ការ​រួម​ចំណែក​របស់​សហរដ្ឋ​អាមេរិក ទៅ​កាន់​ប្រទេស​កម្ពុជា ស្រប​ពេល​ពង្រឹង​ទំនាក់​ទំនង​រវាង​គ្នា និង​គ្នា។

លោក Heidt​ បាន​បញ្ជាក់​ប្រាប់ VOA ថា៖

«សារ​របស់​ខ្ញុំ​ទៅ​កាន់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង គឺថា​ប្រទេស​កម្ពុជា​កំពុង​តែ​ផ្លាស់ប្ដូរ។ នេះ​ជា​ពេល​វេលា​សម្រាប់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ចូល​ខ្លួន​ ​មក​ធ្វើ​កិច្ច​ការ​អភិវឌ្ឍ​ជា​មួយ​កម្ពុជា។​ នេះ​មិន​មែន​ជា​ពេល​ដែល​ត្រូវ​ឈរ​ទៅ​ម្ខាង​នោះ​ទេ។ មាន​ការ​ព្រួយ​បារម្ភ​ជា​ច្រើន​អំពី​ភាព​ក្រីក្រ និង​ស្ថាន​ភាព​នយោបាយ​នៅ​កម្ពុជា។ ប៉ុន្តែ​ខ្ញុំ​បាន​ព្យាយាម​ពន្យល់​ទាំង​អំពី​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​អំពី​បញ្ហា​ទាំង​នេះ»។​

លោក William Heidt ឯកអគ្គរដ្ឋ​ទូតអាមេរិកប្រចាំប្រទេស​កម្ពុជាទទួល​ទាន​អាហារ​ថ្ងៃត្រង់​តាម​បែប​ខ្មែរ នៅ​ក្នុង​ជំនួប​ក្រៅ​ផ្លូវ​ការ​មួយ​ជា​មួយ​ពល​រដ្ឋ​ខ្មែរ​អាមេរិក​កាំងនៅ​វត្ត​ពុទ្ធិការាម រដ្ឋ​ Maryland នៅ​ថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ២០១៧។ (សឿន វឌ្ឍនា​/VOA)
លោក William Heidt ឯកអគ្គរដ្ឋ​ទូតអាមេរិកប្រចាំប្រទេស​កម្ពុជាទទួល​ទាន​អាហារ​ថ្ងៃត្រង់​តាម​បែប​ខ្មែរ នៅ​ក្នុង​ជំនួប​ក្រៅ​ផ្លូវ​ការ​មួយ​ជា​មួយ​ពល​រដ្ឋ​ខ្មែរ​អាមេរិក​កាំងនៅ​វត្ត​ពុទ្ធិការាម រដ្ឋ​ Maryland នៅ​ថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ២០១៧។ (សឿន វឌ្ឍនា​/VOA)

លោក​ឯកអគ្គ​រដ្ឋ​ទូតបាន​បន្ថែម​ថា៖

«យើង​មាន ៣ ទៅ​ ៤ មធ្យោបាយ​ ដែល​សហរដ្ឋ​អាមេរិក​អាច​ព្យាយាម ធ្វើ​ឲ្យ​កម្ពុជាឆ្ពោះ​ទៅ​កាន់​ទិស​ដៅ​ត្រឹម​ត្រូវ។ ហើយ​សហគមន៍​ខ្មែរ​អាមេរិកាំង គឺជាមធ្យាបាយ​ដ៏​សំខាន់​បំផុត​មួយ។ ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ​ និង​ប្រជាពលរដ្ឋពិត​ជា​មាន​សារសំខាន់​ណាស់»។

​លោក​ Heidt ក៏​បាន​ជួប​ជា​មួយ​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង Seattle និងនៅ​ភាគ​ខាង​ជើង រដ្ឋCalifornia ផង​ដែរ។ ខណៈ​ពេល​ដែលមាន​ការ​ទទួល​ស្គាល់​ថា កម្ពុជា​កំពុង​ស្ថិត​ក្នុង​របត់​នៃ​ការ​ផ្លាស់ប្ដូរ លោក​ Heidt មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា នេះ​គឺ​ជា​ពេល​វេលា​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ចូល​រួម​ឲ្យ​សកម្ម​ជាង​នេះ។

ជា​ញឹកញយ​ប្រទេស​កម្ពុជា​ រង​ការ​រិះ​គន់​ពី​សហគមន៍​អន្តរជាតិ​ទាក់​ទង​នឹង​កំណត់​ត្រា​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស។ ដូច្នេះ​បញ្ហា​សិទ្ធិ​មនុស្ស​តែង​តែ​ស្ថិត​នៅ​ក្នុង​របៀប​វារៈ​របស់​ស្ថាន​ទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា។

លោក Heidt បាន​បញ្ជាក់​បន្ថែមថា៖

«ជា​ធម្មតា​ ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង​បាន​ផ្ដោត​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយដល់​ប្រទេស​កំណើត​របស់​ពួក​គេក្នុងផ្នែក​មនុស្ស​ធម៌ និង​គម្រោង​លើក​ស្ទួយ​សុខុមាលភាព​ប្រជាជន។ យ៉ាងណា​ក៏​ដោយ​ពួក​គេ​ក៏​មាន​ការ​ព្រួយ​បារម្ភ​អំពី​ស្ថាន​ភាព​នយោបាយ និង​បញ្ហា​សិទ្ធិ​មនុស្ស​។ នេះ​ជា​ហេតុ​ដែល​ខ្ញុំ​តែង​តែ​លើក​ឡើង​ពី​បញ្ហា​ទាំង​នេះ​ នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​បទ​បង្ហាញ»។​

អ្នកស្រីគិត សារ៉ា ជា​អ្នក​ចូល​រួម​ម្នាក់​ក្នុង​ចំណោមអ្នក​ចូលរួម​ជាង ១០០ នាក់​នៅ​ក្នុង​កម្មវិធី​ជំនួប​ក្រៅ​ផ្លូវ​ជាមួយ​ឯកអគ្គរដ្ឋទូតសហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា។ អ្នកស្រី​ប្រកាន់​យក​គុណ​តម្លៃ​នៃ​ការ​រួម​សាមគ្គី​គ្នា និង​ការ​លើកកម្ពស់​សំឡេង​ជំទាស់ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​អាច​បោះជំហាន​ទៅ​មុខ​បាន​នៅ​កម្ពុជា។

អ្នកស្រី​សារ៉ា​បាន​និយាយ​ថា៖

«យើង​ដឹង​ថា ការ​រួមសាមគ្គីគ្នា​ គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។ តើ​វិធី​ណាទៅ ​អាច​ជំរុញ​ឲ្យ​មាន​លក្ខខណ្ឌ​នានា​ ដែល​ត្រូវការ​សម្រាប់ទ្រទ្រង់​លទ្ធិប្រជាធិបតេយ្យ? ខ្ញុំ​មិន​ទាន់​ច្បាស់​ថា យើង​កំពុង​ស្ថិត​នៅ​ចំណុច​មួយ ដែល​យើង​អាច​និយាយ​ថា លទ្ធិប្រជាធិបតេយ្យ​កំពុង​រីក​ចម្រើន​នៅ​ឡើយ​ទេ។ តើ​យើង​រក្សា​សំឡេង​ជំទាស់​បាន​យ៉ាង​ដូច​ម្តេច? តើ​យើង​ជំរុញ​ឲ្យ​មាន​កិច្ចពិភាក្សា​ពី​គំនិត​ខុស​ប្លែក​គ្នា ហើយមាន​អារម្មណ៍​ថា មាន​សុវត្ថិភាព​ តាម​របៀប​ណា? មិន​ត្រឹម​តែ​សុវត្ថិភាព​រាងកាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សុវត្ថិភាព​ផ្លូវចិត្ត​ផង​ដែរ។ យើង​ត្រូវ​ផ្ដល់​សំឡេង​នានា ដែល​មាន​ភាព​ចម្រុះ​គ្នា»។

អ្នកស្រី​សារ៉ា​ ​ដែល​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​រស់​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន បាន​និយាយ​ថា ទំនាក់ទំនង​អាមេរិក-កម្ពុជា គួរតែ​មាន​ការ​ពង្រឹង​ និង​គាំទ្រ​បន្ថែម​ពី​នេះ​ទៀត​ ស្រប​ពេល​ដែល​កម្ពុជា​បន្ត​ត្រូវ​ការ​ដឹកនាំ​ផ្លូវ​ ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ។ អ្នកស្រីក៏​បាន​ទទួល​ស្គាល់​ថា លោក William Heidt កំពុង​ប្រឹងប្រែង​តាម​លទ្ធភាព ដែល​លោក​អាច​ធ្វើ​បាន​ ដើម្បី​តំណាង​ឲ្យ​សហរដ្ឋអាមេរិក និង​ពង្រឹង​មូលដ្ឋាន​គ្រឹះ​ដ៏​ល្អ​មួយ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ។

អ្នកស្រី​ គិត សារ៉ា​ ពលរដ្ឋ​អាមេរិកាំង​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន ចូលរួម​នៅ​ក្នុង​កម្មវិធី​ជំនួប​ក្រៅផ្លូវ​ការ​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​លោក William Heidt នៅ​វត្ត​ពុទ្ធិការាម កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៧។ (ណឹម ស
អ្នកស្រី​ គិត សារ៉ា​ ពលរដ្ឋ​អាមេរិកាំង​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន ចូលរួម​នៅ​ក្នុង​កម្មវិធី​ជំនួប​ក្រៅផ្លូវ​ការ​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​លោក William Heidt នៅ​វត្ត​ពុទ្ធិការាម កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៧។ (ណឹម ស

អ្នកស្រីសារ៉ា​បាន​បន្ថែម​ទៀត​ថា៖

«សារ​របស់​ខ្ញុំ​ទៅ​កាន់​ប្រជាពលរដ្ឋ​កម្ពុជា​គឺ​ថា មិន​ត្រូវ​បោះបង់​ចោល​ក្តី​សង្ឃឹម​ជា​ដាច់ខាត។ លោក​អ្នក​អាច​រក្សា​លំនឹង​ខ្លួន​ឯង​បាន​ តាមរយៈ​ការ​ស្គាល់ពី​ភាព​ខ្លាំងរបស់​ខ្លួន​ឯង។ យើង​ត្រូវ​ផ្តល់​អំណាច​ដល់​អ្នក​ដទៃ​ ជាជាង​ប្រើ​អំណាច​សង្កត់សង្កិន​អ្នក​ដទៃ។ រួមគ្នា គឺ​យើង​ខ្លាំង​ជាង​នេះ។ ហើយ​តើ​យើង​គួរ​សាមគ្គី​គ្នា​យ៉ាង​ណា? តើ​យើង​អាច​ធ្វើ​ការ​រួម​គ្នា​ដើម្បី​សម្រេច​អ្វី​ដែល​យើង​ចង់​បាន​ យ៉ាង​ដូចម្តេច? ទាំងនេះ​ជា​គោលដៅ​រួម​មួយ។ ត្រូវ​កំណត់​គោលដៅ​ទាំង​នោះ ហើយ​ព្យាយាម​សម្រេច​ឲ្យ​បាន។ សូម​ទុកចិត្ត​លើ​ខ្លួន​ឯង ហើយ​បន្ត​មាន​ក្តី​សង្ឃឹម និង​ការ​ចង់ចេះ​ចង់​ដឹង។ សូមស្វះស្វែង​ធ្វើ ហើយ​កុំ​ខ្លាច​ឲ្យ​សោះ»។

ប្រធាន​វត្ត​ពុទ្ធិការាម លោក​ទន់ សុវណ្ណ​ គិត​ថា កម្មវិធី​ជំនួប​ក្រៅ​ផ្លូវ​ការ​នេះ​ជា​ ការ​ផ្តល់​កិត្តិយស​ពី​សំណាក់​លោក​ឯកអគ្គរដ្ឋទូត។​ លោក​ចង់​ឃើញ​មាន​ ការ​ដោះស្រាយ​បញ្ហា​ទូទៅ​នៅ​កម្ពុជា ខណៈ​ដែល​លោក​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បើក​ទូលាយ​ឲ្យ​មាន​សេរីភាពជាង​មុន និង​ការ​រិតត្បិត​តិច​ជាង​មុន។

«យើង​ចេះ​តែ​ចង់​ហើយ... រឿង​នេះ​ ដោះស្រាយ​ប្រទេស​កម្ពុជា​យើង​អញ្ចឹង​ហើយ​ ពី​ព្រោះ​ ប្រទេស​កម្ពុជា​យើង​ ដូច​ជ្រាប​ស្រាប់​ហើយ យើង​នៅ​ក្រ​ជាង​គេ​ហ្នឹង​ណា យើង​ឃើញ​ថា វា​អ្នក​មាន​គិត​តែ​ពី​មាន អ្នកក្រ​គិត​តែ​ពី​ក្រ យើង​ស្រណោះស្រណោក​ទៅ​ដល់​អ្នក​ដែល​គ្នា​ក្រីក្រ រក​ម្ហូប​អាហារ​អី​ពិសារ​មិន​បាននោះ ដែល​អាហ្នឹង​ទាញ​អារម្មណ៍​យើង​ គំនិត​យើង បេះដូង​យើង​ អាណិត​នោះ​ណា»។

លោក​ទន់ សុវណ្ណ​ ប្រធាន​វត្ត​ពុទ្ធិការាម ចូលរួម​នៅ​ក្នុង​កម្មវិធី​ជំនួប​ក្រៅផ្លូវ​ការ​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​លោក William Heidt នៅ​វត្ត​ពុទ្ធិការាម កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
លោក​ទន់ សុវណ្ណ​ ប្រធាន​វត្ត​ពុទ្ធិការាម ចូលរួម​នៅ​ក្នុង​កម្មវិធី​ជំនួប​ក្រៅផ្លូវ​ការ​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​លោក William Heidt នៅ​វត្ត​ពុទ្ធិការាម កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

លោក​បានបន្ថែម​ថា៖

«ម៉្យាង​ទៀត យើង​គិត​ធ្វើ​យ៉ាង​ម៉េច កិច្ចការ​យ៉ាង​ម៉េច ដើម្បី​ឲ្យ​មាន​សេរីភាព​ នៅ​ខ្មែរ​យើង កាន់​តែ​មាន​សេរីភាព​ឡើង ដើម្បី​ឲ្យ​ថា កុំ​ឲ្យ​មាន​អ្នកណា​គេ​ជិះជាន់ អ្នក​ណា​មាន​កម្លាំង​ដើម្បី​នឹង​ទៅ​បង្រ្កាប​អ្នក​ដែល​ខ្សោយ​នេះ ហ្នឹង​ហើយ។ ខ្ញុំ​សង្ឃឹម​ថា ការ​ចេះ​ដឹង​នៃ​យុវជន​ខ្មែរ​យើង​ហ្នឹង​ នឹង​មាន​ធ្វើ​ឲ្យ​ប្រទេស​យើង​ហ្នឹង​ បាន​រីកចម្រើន»។

លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជាក៏បាន​ ​ធ្វើ​បទបង្ហាញ​ ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ការ​វិវត្ត និង​បញ្ហា​នានា កើត​មាន​ឡើង​នៅ​កម្ពុជា។

អ្នក​សម្រប​សម្រួល​កម្ម​វិធីមួយ​រូប​នៅ​ក្នុង​កម្មវិធី​ជំនួប​ក្រៅ​ផ្លូវការ​ជាមួយ​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ មាន​ក្តី «រំភើប» ក្នុង​ការ​ចូល​រួម​ក្នុង​កម្មវិធី​នេះ។ បន្ទាប់​ពី​ការ​ធ្វើ​បទ​បង្ហាញ​ដោយ​លោក William Heidt អំពី​ប្រទេស​កម្ពុជា លោក​គុយ ម៉ារ៉ុង​ បាន​មើល​ឃើញ​ការ​អភិវឌ្ឍ​ក្នុង​កម្រិត​មួយ​នៅ​កម្ពុជា។ លោក​ក៏​បាន​សង្កត់ធ្ងន់ផង​ដែរ​ថា នៅ​ថ្ងៃ​អនាគត​ ឆាក​នយោបាយ​នៅ​កម្ពុជា​ អាច​ប្រែប្រួល​ ដោយសារសេរីភាព និង​នយោបាយ គឺ​មាន​សារៈសំខាន់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា។

លោក ម៉ារ៉ុង បាន​និយាយ​ថា៖

«ខ្ញុំ​សង្កេត​ឃើញ​ខ្មែរ​យើង​នៅ​ទី​នេះ មាន​ការ​សប្បាយ​ចិត្ត ហើយ​ហ្នឹង​ឃើញ​ពី​ការ​រីកចម្រើន មាន​ការ​អភិវឌ្ឍ​ខ្លះៗ នៅ​ក្នុង​ស្រុក​យើង ហើយ​លោក​បាន​បង្ហាញ​ពី​រឿង​បោះឆ្នោត​ ដែល​នឹង​ទើប​កន្លង​មក​នេះ ឃើញ​ថា អាច​នឹង​មាន​ការ​ ផ្លាស់​ប្តូរ​អ្វី​មួយ​ទៅ​ថ្ងៃ​មុខ ទៅ​តាម​ការ​ដែល​គេ​ធ្វើ​ស្ថិតិ មើល​ទៅ​ហ្នឹង គឺ​ថា ខ្មែរ​យើង​នៅ​នោះ ​ចង់​ឲ្យ​មាន​ការ​ស្រឡាញ់​សិទ្ធិ​សេរីភាព​ប្រជាធិបតេយ្យ»។

លោក​គុយ ម៉ារុង អ្នកសម្របសម្រួលក្នុង​កម្មវិធី​ជំនួប​ក្រៅផ្លូវ​ការ​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​លោក William Heidt នៅ​វត្ត​ពុទ្ធិការាម កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
លោក​គុយ ម៉ារុង អ្នកសម្របសម្រួលក្នុង​កម្មវិធី​ជំនួប​ក្រៅផ្លូវ​ការ​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​លោក William Heidt នៅ​វត្ត​ពុទ្ធិការាម កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

លោក​ម៉ារុងបាន​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា​រួបរួម​សាមគ្គី​គ្នា ដើម្បី​ការពារ​អត្តសញ្ញាណ​ជាតិ និង​វប្បធម៌។ ស្រប​ពេល​ដូចគ្នា​នេះ​ដែរ លោក​ក៏​បាន​បង្ហាញ​នូវ​ឆន្ទៈ​ក្នុង​ការ​តស៊ូ​ដើម្បី​សន្តិភាព​ផង​ដែរ។

លោក William Heidt បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ឯកអគ្គរដ្ឋទូតសហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៥។ លោក​គឺ​ជា​ ឯកអគ្គរដ្ឋទូតសហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ដំបូង​គេ​បង្អស់​ ដែល​មាន​ភរិយា​ជា​ជនជាតិ​ខ្មែរ​៕

XS
SM
MD
LG