ឥឡូវនេះមានមនុស្សជាង១១០នាក់ហើយក្នុងឃុំមួយនៅប្រទេសកម្ពុជា ដែលបានទៅពិនិត្យឈាមមានផ្ទុកមេរោគអេដស៍ HIV។ មូលហេតុបណ្តាលឲ្យអ្នកភូមិជាច្រើនមានផ្ទុកមេរោគនេះ និងមូលហេតុនៃការឆ្លងមិនទាន់បានកំណត់នៅឡើយទេ។
មន្ត្រីខាងសុខាភិបាលនិយាយថា ការពិនិត្យឈាមមនុស្សច្រើនរយនាក់ក្នុងពេល១១ថ្ងៃកន្លងមកនេះ បានបង្ហាញអត្រាភាគរយខ្ពស់នៃអ្នកផ្ទុកមេរោគអេដស៍ជារឿងគួរឲ្យភ្ញាក់ផ្អើល។
អ្នកស្រី Marie-Odile នាយិការបស់អ.ស.ប.ប្រឆាំងនឹងជំងឺអេដស៍ មេរោគអេដស៍UNAIDS និយាយថា អ្នកស្រុករស់នៅក្នុងឃុំរកា ខេត្តបាត់ដំបង មិនមែនជាអ្នកនៅក្នុងចំណោមក្រុមប្រឈមនឹងគ្រោះថ្នាក់កម្រិតខ្ពស់ទេ។
«ក្នុងចំណោមមនុស្សទូទៅគឺមិនមានការរកឃើញករណីឆ្លងច្រើនភ្លាមៗអញ្ចឹងទេ។ ដូច្នេះនេះជាករណីមិនធម្មតា»។
វិទ្យាស្ថានប៉ាស្ទ័រនៅភ្នំពេញបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានវីអូអេថា អ្នករស់នៅក្នុងភូមិនោះត្រូវបានពិនិត្យឃើញថា មានមេរោគ HIV ដែលជាប្រភេទមេរោគដ៏គ្រោះថ្នាក់។
ការពិនិត្យឈាមនេះធ្វើឡើងនៅពេលប៉ូលិសចាប់ផ្តើមសាកសួរវេជ្ជបណ្ឌិតម្នាក់ដែលប្រហែលជាគ្មានអាជ្ញាបណ្ណបើកមុខរបរនេះ។
មនុស្សជាច្រើនរស់នៅក្នុងភូមិរកា ដែលមានមនុស្ស៨៩០០នាក់ បានបន្ទោសថា ការចម្លងនោះបណ្តាលមកពីបុរសនេះប្រើសារាំងរួមគ្នា ហើយពីមុនគាត់ជាគ្រូពេទ្យដែលគេទុកចិត្តបំផុត។
អ្នកស្រី Edmond នាយិការបស់អ.ស.ប.ប្រឆាំងនឹងជំងឺអេដស៍ មេរោគអេដស៍និយាយថា វាឆាប់ពេកហើយ នៅពេលនេះ គេមិនទាន់អាចធ្វើការសន្និដ្ឋានថា តើការរាលដាលមេរោគនេះបណ្តាលមកពីហេតុអ្វីនោះ។
«ខ្ញុំពិតជាមិនអាចធ្វើអត្ថាធិប្បាយអំពីរឿងនេះទេ ពីព្រោះ ខ្ញុំគិតថា យើងពិតជាត្រូវរង់ចាំរកមូលហេតុបានពីការស៊ើបអង្កេត ដោយសម្ភាសបុរសនោះ និងសម្ភាសអ្នកដែលទៅពិនិត្យឈាមនៅគ្លីនិក ពិនិត្យវិធីពិនិត្យឈាមនៅគ្លីនិកនោះ ហើយនឹងអាកប្បកិរិយា»។
នៅពេលថ្លែងក្នុងពិធីចែកសញ្ញាប័ត្រនៅក្រុងភ្នំពេញ លោកហ៊ុន សែននាយករដ្ឋមន្ត្រីប្រទេសកម្ពុជា បានបង្ហាញចម្ងល់អំពីលទ្ធផលនៃការពិនិត្យឈាមនេះ។ លោកហ៊ុន សែននិយាយថា អ្នកភូមិដែលឆ្លងមេរោគនោះ អាចនឹងមានមេរោគ តែអាចមិនមែនមេរោគអេដស៍។
ដោយមិនទទួលស្គាល់លទ្ធផលខាងវេជ្ជសាស្ត្រ លោកហ៊ុន សែនក៏បានបង្ហាញចម្ងល់ថា ហេតុអ្វីក្មេងៗមិនទាន់ដឹងអីផង ហើយនឹងតាយាយចាស់ៗ អាចឆ្លងមេរោគនេះ ដែលអាចឆ្លងតាមការបញ្ចូលឈាម ការចាក់ថ្នាំ ដោយប្រើសារាំងរួម ឬការឆ្លងតាមរួមភេទ។
បណ្តាញព័ត៌មានក្នុងស្រុកបានស្រង់សម្តីស្នងការរងប៉ូលិសខេត្តបាត់ដំបងថា ពេលធ្វើការឆែកឆេរផ្ទះគ្រូពេទ្យឈ្មោះយ៉ែម ច្រើមនោះ ប៉ូលិសរកឃើញម្ជុលចាស់ និងម្ជុលថ្មីរួមគ្នា។ បុរសអាយុជាង៥០ឆ្នាំនោះ ត្រូវប៉ូលិសឃុំខ្លួន ប៉ុន្តែមិនទាន់ត្រូវបានចោទប្រកាន់នៅឡើយទេ។
លោកវេជ្ជបណ្ឌិតមាន ឈីវ៉ុន នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងមេរោគអេដស៍ ជំងឺអេដស៍ ជំងឺសើស្បែក និងកាមរោគ បានប្រាប់បណ្តាញព័ត៌មានវីអូអេថា ការស៊ើបអង្កេតកំពុងដំណើរការ ហើយថា លោករវល់ណាស់មិនអាចផ្តល់ព័ត៌មានលម្អិតបានទេ។
រដ្ឋាភិបាលកម្ពុជាបានប្រកាសការប្តេជ្ញាចិត្តកាលពីមុខថា មិនឲ្យមានករណីជំងឺអេដស៍ថ្មីទេនៅឆ្នាំ២០២០៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ