ព្រឹទ្ធសភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​សហជីព​ដ៏​ចម្រូងចម្រាស

រូបឯកសារ៖ អ្នកភូមិ​ដាក់​ញត្តិ​ទៅ​សភា​ជាតិ​ប្រឆាំង​នឹង​​ច្បាប់​​អង្គការ ច្បាប់​សហជីព​ពាណិជ្ជកម្ម​​ និង​ច្បាប់​សហករ​កសិកម្ម។

ព្រឹទ្ធសភា​គ្រប់គ្រង​ប្រទេស​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​សហជីព​កាល​ពី​ថ្ងៃ​អង្គារ​ នៅ​គ្រា​ដែល​ក្រុម​សហជីព​ឯករាជ្យ​នឹង​​បន្ត​ធ្វើ​​យុទ្ធនាការ​តស៊ូ​មតិ​ឲ្យ​មាន​ការ​កែប្រែ​សេចក្តី​ព្រាង​ច្បាប់​នេះ។​

ព្រឹទ្ធសភា​គ្រប់គ្រង​ប្រទេស​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​សហជីព​កាល​ពី​ថ្ងៃ​អង្គារ​ នៅ​គ្រា​ដែល​ក្រុម​សហជីព​ឯករាជ្យ​នឹងបន្ត​ធ្វើយុទ្ធនាការ​តស៊ូ​មតិ​ឲ្យ​មាន​ការ​កែប្រែ​សេចក្តី​ព្រាង​ច្បាប់​នេះ។​

​ព្រឹទ្ធសភា​កម្ពុជា​ដែល​គ្រប​ដណ្តប់​ដោយ​គណបក្ស​ប្រជាជន​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​សហជីព​ដ៏​ចម្រូងច្រមាស​ដោយ​គ្មាន​ការ​គាំទ្រ​ពី​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ជំទាស់។​ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​នៃ​ព្រឹទ្ធសភា។​

ការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​ កើត​មាននៅ​ស្រប​ពេល​ដែល​សហជីព​ឯករាជ្យ​ធំៗ​ បន្ត​ការ​ប្រឆំាង​នឹង​សេចក្តី​ព្រាងច្បាប់​ ដែល​ពួកគេ​យល់​ថា​ នឹង​គាប​សង្កត់​សិទ្ធិ​សេរីភាព​របស់​កម្មករ។

លោក ​អ៊ុំ​ សារិទ្ធ​ អ្នក​នាំ​ពាក្យ​ព្រឹទ្ធ​សភា​ បាន​មាន​ប្រសាសន៍​ប្រាប់​ VOA​ ថា​ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ព្រះ​បរម​រាជវាំង​ និង​រដ្ឋសភា​ចំនួន​៤០​រូប​នៃ​ចំនួន​សរុប​៤៦​រូប​ បាន​ផ្តល់​ការ​យល់​ព្រម​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ ទោះ​បី​ជា​មាន​មតិ​រិះ​គន់​ពី​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សម រង្ស៊ី ក៏ដោយ។​

លោក អ៊ុំ​ សារិទ្ធ​ ថ្លែង​ប្រាប់​ VOA ថា៖

«សមាជិក​ព្រឹទ្ធសភា​ម្នាក់​ខាង​គណបក្ស​ប្រឆាំង​ គាត់​បាន​លើក​យោបល់​សើ្ន​សុំ​កែប្រែ​លើ​ចំណុច​មួយ​ចំនួន​ ប៉ុន្តែ​ខាង​រាជរដ្ឋាភិបាល​ ក៏​បាន​ឡើង​ពន្យល់​ ហើយ​សមាជិក​ព្រឹទ្ធសភា​ផ្សេង​ទៀត​ ឡើង​ធ្វើ​បទ​អន្តរាគមន៍​ ពាក់ព័ន្ធ​នឹង​បញ្ហា​ហ្នឹង​ ដែល​ភាគច្រើន​គេ​មើល​ឃើញ​ថា​ អ្វី​ដែល​បាន​សរសេរ​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ហ្នឹង​ គឺ​វា​ត្រឹមត្រូវ​គ្រប់គ្រាន់​ហើយ​ មិន​ចាំ​បាច់​ថែម​ថយ​ ឬ​កែប្រែ​ឬ​ក៏​លុបចោល​អី​ទេ»។​

​លោក​បន្ថែម​ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​បញ្ជូន​ភ្លាមៗ​ផង​ដែរ​ទៅ​រដ្ឋសភា​ មុន​នឹង​រដ្ឋសភា​បញ្ជូនសេចក្តី​ព្រាងច្បាប់​នេះ​ ទៅ​ព្រះមហាក្សត្រ​ខ្មែរ​ ដើម្បី​ឡាយ​ព្រះហស្ថលេខា​ នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់ជា​ផ្លូវការ។​

ការ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​នេះ​ បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​សហជីព​ឯករាជ្យ​ដែល​ធ្វើ​ការ​ដើម្បី​ប្រយោជន៍​កម្មករ​ ​ហើយ​និង​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​នានា។ពួកគេនិយាយ​ថា ច្បាប់​នេះ​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​បង្កើត​សហជីព​និង​ពិបាក​សម្រាប់​កម្មករ​ក្នុង​ការ​ធ្វើ​បាតុកម្ម​តវ៉ា។​ ក្រុម​អ្នក​រិះគន់​និយាយ​ថា ច្បាប់​នេះ​មាន​លក្ខខណ្ឌ​តម្រូវ​ឲ្យ​ធ្វើ​របាយការណ៍​ថវិកា​ពី​សហជីព​ ហើយ​ច្បាប់​នេះ ក៏​មាន​ឃ្លាឃ្លោង​មួយ​ចំនួន​ដែល​រើសអើង​ក្រុម​មេដឹកនាំ​សហជីព​កម្មករ​ផង​ដែរ។​

លោក​ អាត​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ថ្លែង​ថា​ ក្រុម​សហជីព​ឯករាជ្យ​នានា​ នៅ​មាន​ក្តី​បារម្ភ​ចំពោះ​សេចក្តី​ព្រាងច្បាប់​សហជីព​ ដែល​អាច​មាន​ការ​រឹត​បន្តឹង​សេរីភាព​របស់​កម្មករ​ក្នុង​ការ​ចងក្រង​សហជីព​ និង​ការ​តវ៉ា​ជាមួយ​និយោជកទៅ​ថ្ងៃ​ខាងមុខ។​ លោក​ថា​ ក្រុម​សហជីព​នឹង​ពិនិត្យ​លើ​លទ្ធភាព​នៃ​ការ​តស៊ូ​មតិ​បន្ត​ទៀត​ នៅ​មុន​ និង​ក្រោយ​ពេល​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ។​ ​

លោក អាត ធន់ ថ្លែង​ថា៖

«ក្នុង​ករណី​ដែល​មិន​មាន​ការ​កែប្រែ​អី​ ពេល​ច្បាប់​ហ្នឹង​ចូល​ជា​ធរមាន​ហើយ​ យើង​នឹងៗ​អនុវត្ត​មើល​ច្បាប់ហ្នឹង។​ បើ​សិន​ជា​ យើង​ឃើញ​ចំណុច​ខ្វះ​ខាត​ យើង​នឹង​ស្នើ​ឲ្យ​មាន​ការ​កែប្រែ​ ឧទាហរណ៍​ថា​ អនុវត្តន៍​ វា​ប៉ះពាល់​សិទ្ធិ​ខ្លាំង​ដល់​ពួក​យើង​ហ្នឹង​ណ៎ា​ យើង​នឹង​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​ឡើង​វិញ»។​

ការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​សហជីព​ដោយ​រដ្ឋសភាកាល​ពី​ដើមខែ​មេសា​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ស្ថានភាព​ហិង្សា​មួយ ដោយ​តំណាង​ក្រុម​សហជីព​ដែល​មិន​ពេញចិត្ត​នឹង​សេចក្តី​ព្រាង​ច្បាប់​នេះ​ បាន​ប៉ះ​ទង្គិច​គ្នា​ ជាមួយ​ក្រុម​សនិ្តសុខ​ និង​មន្ត្រី​ប៉ូលិសស្លៀក​ពាក់​ឯកសណ្ឋាន​ប្រមាណ​២០០​នាក់​នៅ​ក្បែរ​រដ្ឋសភា។ យ៉ាង​ហោច​ណាស់​ មាន​តំណាង​សហជីព​ពីរ​រូប​ បាន​រង​របួស​ធ្ងន់។​ នៅ​គ្រា​នោះ​ ​តំណាងរាស្ត្រ​ចំនួន​៦៧​រូប​នៃ​ចំនួន​៩៨​រូប​ដែល​មាន​វត្តមាន​ ​បាន​លើក​ដៃ​អនុម័ត ​សេចក្តី​ព្រាង​ច្បាប់​នេះ​ មុន​ពេល​បញ្ចប់​អង្គ​ប្រជុំ​របស់​ខ្លួន។​ តំណាងរាស្ត្រ​ភាគច្រើន​ដែល​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នោះ​ គឺ​មក​ពី​គណបក្ស​កាន់​អំណាច។​

បន្ទាប់​ពី​មាន​បាតុភាព​ហិង្សា​នោះ​ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watch​ និង​ក្រុម​សហជីព​ក្នុង​ស្រុក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោល​ទោស​ចំពោះ​អំពើ​ហិង្សា​នោះ​ដែរ។​ សេចក្តី​ថ្លែង​ការណ៍ដែល​ចេញ​ដោយ​អង្គការ​ Human Rights Watch ​កាលពី​ថ្ងៃ​ទី​៥​ ខែ​មេសា​ ឆ្នាំ​២០១៦​ បាន​ឲ្យ​ដឹង​ថា​ ​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សហជីព​គឺ​ ​«ផ្ទុយ​ពី​ស្តង់ដារ​អន្តរជាតិ​ដែល​បញ្ជាក់​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិ​ការងារ​ក្នុង​ប្រទេស​កម្ពុជា»៕