ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានកោះប្រជុំជាបន្ទាន់នៅម៉ោង៣រសៀលថ្ងៃអង្គារនេះ ហើយបានបោះឆ្នោតជ្រើសរើសលោកសាយ ឈុំធ្វើជាប្រធាន និងលោក នៃ ប៉េណា ធ្វើជាអនុប្រធានទីមួយនៃស្ថាប័ននីតិប្បញត្តិនេះគឺមួយថ្ងៃក្រោយមរណភាពរបស់លោក ជា ស៊ីម។
នៅក្នុងការបោះឆ្នោត ដែលប្រើពេលត្រឹមតែជាងកន្លះម៉ោងនោះ សមាជិកព្រឹទ្ធសភា៥២រូបមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសម រង្ស៊ីបានបោះឆ្នោតជ្រើសរើសលោកសាយ ឈុំ ដោយគ្មានសំឡេងជំទាស់ រីឯលោក នៃ ប៉េណា ដែលជាប់ឆ្នោតជាអនុប្រធានទីមួយនៃព្រឹទ្ធសភាមានសំឡេងជំទាស់មួយសំឡេងក្នុងចំណោមសមាជិកសរុបនៃសមាជិកព្រឹទ្ធសភា៥២រូបដែលមានវត្តមាននៅព្រឹទ្ធសភា។
ចំណែកឯលោកទេព ងននៅបន្តតំណែងរបស់លោកជាអនុប្រធានទីពីរនៃព្រឹទ្ធសភាដដែល។ សមាជិកព្រឹទ្ធសភា៨រូបផ្សេងទៀតពុំបានចូលរួមការបោះឆ្នោតនេះទេ ដោយសារមានបញ្ហាសុខភាព និងជាប់បេសកកម្មនៅក្រៅប្រទេស។
ទោះបីជាការបោះឆ្នោតត្រូវបានធ្វើឡើងភ្លាមៗក្រោយពីការទទួលមរណភាពរបស់លោកជា ស៊ីមក៏ដោយ លោកម៉ម ប៊ុននាង អ្នកនាំពាក្យនៃព្រឹទ្ធសភាកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីការបោះឆ្នោតនោះថា ការបោះឆ្នោតនេះគឺរៀបចំឡើងដោយយោងទៅច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយមិនអាចបង្អង់បានឡើយ។
«ខ្ញុំបានជំរាបហើយអម្បាញ់មិញនេះគឺថា យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា យើងបានចែងយ៉ាងច្បាស់ បើខ្ញុំចាំមិនច្រឡំទេ នៅមាត្រា១១១គឺបានបញ្ជាក់ថា ពេលប្រធានព្រឹទ្ធសភាទទួលមរណភាព គឺយើងត្រូវការបោះឆ្នោតជ្រើសប្រធានថ្មី»។
លោកជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានព្រឹទ្ធសភាបានទទួលមរណភាពដោយជំងឺទឹកនោមផ្អែមក្នុងអាយុ៨២ឆ្នាំ។
សពរបស់លោកកំពុងត្រូវបានតម្កល់ទុកនៅគេហដ្ឋានរបស់លោកដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ទាក់ទងនឹងការបោះឆ្នោតដែលមានលក្ខណៈ ប្រថុចញ៉ុចនេះ លោកសុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ បានពន្យល់ថា ការបោះឆ្នោតនេះគឺធ្វើឡើងទៅតាមច្បាប់ ហើយក៏ជាវិធីទប់ស្កាត់ការសន្និដ្ឋាននានាថា អ្នកនយោបាយខ្មែររូបណានឹងឡើងកាន់ការបន្តពីលោកជា ស៊ីម។
«មិនជាបញ្ហាទេ ពីព្រោះមានចែងនៅក្នុងច្បាប់ នេះជាចំណុចទីមួយ។ ហើយចំណុចទីពីរ គឺដូចព្រះអង្គអញ្ចឹងចូលទិវង្គតមិនឲ្យយ៉ាងយូរ៧ថ្ងៃ។ ហើយចំណុចទីបី យើងគិតថា អ្វីដែលទាក់ទិនទៅនឹងការបោះឆ្នោតជ្រើសរើសនេះដើម្បីជៀសវាងអ្នកដទៃថា ខ្វះសមត្ថភាពអែអង់ ចាំរកតួអង្គនេះ តួអង្គនោះ កុំឲ្យមានរលកនយោបាយថា ឥឡូវនេះប្រធានព្រឹទ្ធសភាអ្នកណាជាអ្នកចូល ហើយត្រូវបានគេដោះដូរយ៉ាងម៉េចៗ។ អាហ្នឹងកុំឲ្យមានរលកនយោបាយ។ អញ្ចឹងចេញសកម្មភាពហ្នឹងមក វាបញ្ចប់នៃការគេហៅថា ធ្វើពាណិជ្ជកម្មនៅលើនយោបាយហ្នឹង»។
លោកគង់ គាំ សមាជិកព្រឹទ្ធសភានៃគណបក្សសម រង្ស៊ី ដែលបានចូលរួមក្នុងការបោះឆ្នោត បានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសលោកសាយ ឈុំ និងលោកនៃ ប៉េណាឲ្យធ្វើជាប្រធាន និងអនុប្រធានទីមួយនៃព្រឹទ្ធសភាកម្ពុជាគឺជាផ្នែកមួយកិច្ចព្រមព្រៀងនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិដែលបានធ្វើឡើងកាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៤។
«ក្រោយកិច្ចព្រមព្រៀងថ្ងៃ២២ខែកក្កដាកន្លងទៅគឺថា យើងបានព្រមព្រៀងគ្នាថា ប្រធាន និងអនុប្រធានទីមួយ និងអនុប្រធានទី២ហ្នឹងមកពីគណបក្សប្រជាជនកម្ពុជាហើយ»។
លោកជា ស៊ីម ជាអ្នកនយោបាយ ដែលមានស្រុកកំណើតនៅស្រុក រមាសហែក ខេត្តស្វាយរៀង ធ្លាប់បានធ្វើជាប្រធានរដ្ឋសភាពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩៨។ លោកត្រូវបានផ្លាស់តួនាទីឱ្យទៅកាន់តំណែងជាប្រធានព្រឹទ្ធសភាចាប់តាំងពីឆ្នាំ១៩៩៩រហូតមកដល់ពេលដែលលោកទទួលមរណភាព។
រដ្នាភិបាលកម្ពុជាបានប្រកាសយកថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០១៥ជាថ្ងៃកាន់ទុក្ខជាផ្លូវការនៃការទទួលមរណភាពរបស់លោកជា ស៊ីម។ ទង់ជាតិកម្ពុជាត្រូវបង្ហូតត្រឹមមួយភាគបីនៃដងទង់ជាតិនៅថ្ងៃនោះ ហើយគ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្តែង និងការចាក់ផ្សាយទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេងនៅថ្ងៃនោះដែរ៕