អតីតមេដឹកនាំគណបក្សប្រឆាំងបានសាទរ ចំពោះជ័យជម្នះរបស់គណបក្សប្រឆាំងនៃប្រទេសម៉ាឡេស៊ីនៅក្នុងការបោះឆ្នោតកាលពីពេលប៉ុន្មានថ្ងៃមុន។ លោក សម រង្ស៊ី អះអាងថា គណបក្សប្រឆាំងនៅកម្ពុជាក៏អាចទទួលបានជ័យជម្នះដូចគណបក្សប្រឆាំងនៅម៉ាឡេស៊ី ប្រសិនបើគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនឲ្យគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយចូលរួមការបោះឆ្នោតនៅខែកក្កដា ខាងមុខនេះ។ លោក សម រង្ស៊ី បានប្រកូកប្រកាសឲ្យម្ចាស់ឆ្នោតកុំទៅបោះឆ្នោតដើម្បីយកជ័យជំម្នះលើគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន។ តែអ្នកនាំពាក្យគណបក្សអំណាចអះអាងថា គណបក្សសង្គ្រោះជាតិ មិនអាចរស់ឡើងវិញឡើយ ហើយក៏មិនមានការលើកពេលសម្រាប់ការបោះឆ្នោតនោះដែរ។
លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សកាន់អំណាចរបស់ប្រទេសកម្ពុជាមិនបានសាទរជ័យជម្នះរបស់គណបក្សប្រឆាំងនៅម៉ាឡេស៊ីក្នុងការបោះឆ្នោត កាលពីពេលថ្មីៗនេះទេ ហើយក៏បានចំអកលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយថា មិនគួរប្រើការប្រែប្រួលនយោបាយនៅម៉ាឡេស៊ី មកបោកបញ្ឆោតប្រជាពលរដ្ឋនៅកម្ពុជានោះឡើយ។
នៅក្នុងកម្មវិធី Hello VOA ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍លោក សម រង្ស៊ី បានថ្លែងពីជោគជ័យរបស់ Mahathir Mohamad ដែលបានបញ្ចប់ការគ្រប់គ្រងប្រទេសរបស់គណបក្សកាន់អំណាចមានរយៈពេល៦០ឆ្នាំ។
Your browser doesn’t support HTML5
«នៅប្រទេសម៉ាឡេស៊ី គណបក្សប្រឆាំងទើបតែបានឈ្នះឆ្នោត យ៉ាងគគ្រឹកគគ្រេង គ្មាននរណានឹកស្មានថា គណបក្សប្រឆាំងអាចឈ្នះឆ្នោត ហើយនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន ដូចនៅប្រទេសម៉ាឡេស៊ីទេ ហើយខ្ញុំជឿថា ប្រទេសកម្ពុជាក៏ដូចគ្នាអ៊ីចឹងដែរ។ បើប្រទេសមួយដែលមានលក្ខណៈប្រហាក់ប្រហែលស្រុកយើង នៅក្បែរស្រុកយើង គេយក ដណ្តើមបានការផ្លាស់ប្តូរ បញ្ចប់អំណាចផ្តាច់ការ ដែលកាន់អំណាច៦០ឆ្នាំនៅប្រទេសម៉ាឡេស៊ី រឿងអីយើងធ្វើមិនបាន យើងត្រូវតែបញ្ចប់ អំណាចផ្តាច់ការនៅប្រទេសកម្ពុជា ដែលកាន់អំណាច៣៩ឆ្នាំបាទ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលបានគ្រប់គ្រងប្រទេសជាង ៤០ឆ្នាំថ្លែងប្រាប់ VOA នៅថ្ងៃសុក្រនេះថា លោក សម រង្ស៊ីដែលបច្ចុប្បន្នជាមេដឹកនាំចលនាសង្គ្រោះជាតិនោះ មិនអាចភ្ជាប់ស្ថានភាពនយោបាយ និងសង្គមរបស់ប្រទេសម៉ាឡេស៊ី ជាមួយប្រទេសកម្ពុជាបានទេ។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បានហៅលោក សម រង្ស៊ី ជាអ្នកនយោបាយដែលបរាជ័យ និងមិនព្រមទទួលសា្គល់ការពិតថា គណបក្សរបស់លោកបានស្លាប់បាត់ទៅហើយ មិនអាចប្រៀបប្រដូចនឹងគណបក្សប្រឆាំងរបស់លោក Mahathir បានទេ។
«គាត់បក្សប្រឆាំងមែន តែបក្សប្រឆាំងមិនមែនដូចបក្សប្រឆាំងលោក Mohamad ឯណា ព្រោះបក្សប្រឆាំងគាត់ងាប់បាត់ទៅហើយហ្នឹង តែរកចូលបោះឆ្នោតមិនបានផង ហើយរឿងអីមកកាន់អំណាច រឿងអីមកឈ្នះឆ្នោត បើអត់បានចូលរួមបោះឆ្នោតផងហ្នឹង នែ៎!អាហ្នឹង វាៗ ខុសគ្នាដាច់តាហ្មងណ៎ាបាទ ហើយសម រង្ស៊ី គាត់មិនមើលឃើញអាដេញសភាពការណ៍ពិតជាក់ស្តែង គាត់មិនទទួលស្គាល់ការពិតបាទ»។
លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីវ័យ ៩២ ឆ្នាំ បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ដោយលោកបានឈ្នះការបោះឆ្នោតរដ្ឋសភាកាលពីថ្ងៃពុធកន្លងទៅថ្មីៗនេះ។
លោក សុខ ឥសាន ថ្លែងថា ជ័យជម្នះរបស់លោក Mahathir បានមកពីរឿងអាស្រូវរបស់លោក នាយករដ្ឋមន្រ្តី Najib Razak ដែលបានរកចោទថា មានការប្រព្រឹត្តអំពើពុករលួយនៅពេលកាន់អំណាច។ លោកថា ការអធិប្បាយរបស់លោកសម រង្ស៊ី ដែលថា គណបក្សប្រឆាំងនៅកម្ពុជានឹងឈ្នះការបោះឆ្នោតដែរនោះ គ្រាន់តែជាក្រឡៃស្ថានការណ៍ ដើម្បីទិញទឹកចិត្តប្រជាពលរដ្ឋខ្មែរ។លោកបន្តថា លោក សម រង្ស៊ី ក៏ធ្លាប់ធ្វើការប្រៀបធៀបពីជោគជ័យរបស់អ្នកស្រីអង់ សានស៊ូជីនៅប្រទេសភូមា មកកម្ពុជាផងដែរ ដោយបានអំពាវនាវឲ្យពលករខ្មែរនៅប្រទេសថៃវិលមកកម្ពុជាវិញ តែអ្វីៗមិនបានក្លាយជាការពិតឡើយ។
«សួរថាមានទេ មានបានផលប្រយោជន៍អីទេ? ដែលគាត់ចម្លង...យកគំរូតាមលោកស្រីអង់ សានស៊ូជីហ្នឹង ហើយកម្មករភូមាដែលមកធ្វើការនៅថៃបាន៣០០ដុល្លារក្នុងមួយខែ សួរថាគាត់សុខចិត្តវិលត្រឡប់ទៅយកអា៨០ដុល្លារវិញនៅភូមាទេ វាអត់មានទេ។ អ៊ីចឹងទេសម រង្ស៊ីនេះ គឺថា សុទ្ធតែជារឿងឆ្លៀតឱកាស ដើម្បីបោកបញ្ឆោតប្រជាជនឲ្យយល់ច្រឡំហើយបាទ។ អ៊ីចឹងទេ វាមិនអាចផ្សាភ្ជាប់សភាពការណ៍ម៉ាឡេជាមួយនឹងកម្ពុជាបានទេ»។
លោក សម រង្ស៊ី មេដឹកនាំចលនាសង្គ្រោះជាតិ ដែលរស់នៅនិរទេសឯប្រទេសបារាំង បានប្រាប់កម្មវិធី Hello VOA របស់សំឡេងសហរដ្ឋអាមេរិកទៀតថា លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានទាល់ប្រាជ្ញា ដោយការរំលាយគណបក្សប្រឆាំងកាលពីឆ្នាំមុន។ លោកថា ការណ៍នេះ នឹងធ្វើឲ្យសហគមន៍អន្តរជាតិមិនទទួលស្គាល់ភាពស្របច្បាប់របស់រដ្ឋាភិបាល ប្រើសិនបើការបោះឆ្នោតនាពេលខាងមុខនោះ ធ្វើឡើងដោយគ្មានការចូលរួមដោយគ្មានគណបក្សប្រឆាំងសង្គ្រោះជាតិ។ លោកចាត់ទុកការបោះឆ្នោត ដោយគ្មានបក្សប្រឆាំងគឺជាការបោះឆ្នោតក្លែងក្លាយ ហើយបានអំពាវនាវឲ្យប្រជាពលរដ្ឋកុំទៅបោះឆ្នោត ដើម្បីបញ្ចប់អំណាចលោកហ៊ុន សែន។
«ត្រូវដឹងថាទៅបោះឆ្នោត គឺចាញ់ការបញ្ឆោត នៅផ្ទះគឺឈ្នះឯង ពីព្រោះគណបក្សកាន់អំណាចសព្វថ្ងៃ គឺភ្លាត់ស្នៀតហើយ ភ្លាត់ស្នៀត គាត់រំលាយគណបក្សសង្គ្រោះជាតិ គាត់នឹកស្មានថា ប្រជាពលរដ្ឋនឹងបំភ្លេចចោលគណបក្សសង្គ្រោះជាតិ អ៊ីចឹងគាត់ទៅរៀបចំការបោះឆ្នោតមួយដែលគ្មានគណបក្សសង្គ្រោះជាតិ គាត់នឹកស្មានតែមេដឹកនាំគណបក្សសង្គ្រោះជាតិនឹងឈ្លោះគ្នា នឹងបែកគ្នា សម្លុតខ្លាចគេ ទិញលក់ឧត្តមគតិឲ្យគេ តែខុសស្រឡះ គណបក្សសង្គ្រោះជាតិ គឺនៅតែរស់រវើក ក្នុងបេះដូងប្រជារាស្ត្រខ្មែរ យើងប្រកាន់ជំហររបស់យើងដដែល សម្លុតអត់ខ្លាច ទិញអត់លក់ បំបែកអត់បែក»។
លោក សុខ ឥសាន ឆ្លើយតបនឹងលោក សម រង្ស៊ី វិញដោយភាសាចំអកបន្តទៀតថា អតីតមេបក្សប្រឆាំងដែលបរាជ័យរូបនេះ កំពុងក្លាយជាគ្រូទាយ សម្រាប់ជោគវាសនាក្រុមអ្នកនយោបាយជំទាស់។
«អាហ្នឹងគាត់ថាទេ ក៏ប៉ុន្តែប្រជាពលរដ្ឋមានជឿតាមគាត់ឯណា អាហ្នឹងគាត់ថា បើ បើ បើនៅផ្ទះឈ្នះឯងនែ៎ នៅផ្ទះឈ្នះឯង អាហ្នឹងគេៗចង់ធ្វើអាដេញរបៀបកំណាព្យណ៎ា ដល់ដើរវាគ្រប់ទិសទីទៅអត់បានផលប្រយោជន៍អី អាហ្នឹងអង្គុយលើតុនែ៎ទាយហើយឥឡូវនេះ វាចូលដល់គ្រូទាយហើយបាទ វាអស់ផ្លូវដើរទៅហើយ»។
លោក សុខ ឥសាន អះអាងបន្ថែមថា គ្មានការលើកពេលនោះឡើយ សម្រាប់ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ហើយថាលោកសម រង្ស៊ីបានប្រមាថដល់គណបក្សផ្សេងៗដែលមានសិទ្ធិចូលរួមបោះឆ្នោត ចំពោះអ្វីដែលលោក សម រង្ស៊ី ចាត់ទុកគណបក្សតូចៗទើបបង្កើតថ្មីនោះថាជាសត្វអំពិលអំពែកនោះ។
បើទោះជាអ្នកនយោបាយខ្មែរ ខ្វែងគំនិតគ្នាចំពោះជោគជ័យ ដែលគេមិននឹកស្មានដល់របស់លោកMahathirអតីតបុរសខ្លាំងរបស់ប្រទេសម៉ាឡេស៊ីយ៉ាងណាក្តី ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ចូលរួមអបអរសាទរអស់ពីដួងចិត្តចំពោះជ័យជម្នះរបស់គណបក្សប្រឆាំងក្នុងការបោះឆ្នោតជាលក្ខណៈប្រវត្តិសាស្ត្រនៅប្រទេសម៉ាឡេស៊ី។ នេះបើតាមសេចក្តីប្រកាសរបស់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា (APHR) ដែល VOA បានទទួលនៅថ្ងៃសុក្រនេះ។
សេចក្តីប្រកាសនោះត្រូវបានសរសេរតាមន័យដើមថា៖ «ទោះបីជាមានភាពមិនប្រក្រតីជាច្រើន និងការប្រឈមផ្សេងៗ ដែលបានបន្ទុចបង្អាក់ការបោះឆ្នោតមិនឲ្យមានការប្រកួតប្រជែងដោយសេរី និងយុត្តិធម៌ពេញលេញក៏ដោយចុះ យើងពេញចិត្តចំពោះការបោះឆ្នោត ដែលបានប្រព្រឹត្តទៅដោយសន្តិវិធី ហើយទីបំផុតទៅការណ៍នេះ បានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជនម៉ាឡេស៊ី»។
លោក Mahathir Mohamad អតីតនាយករដ្ឋមន្រ្តីត្រូវគេស្គាល់ថា ជាមេដឹកនាំផ្តាច់ការ ហើយក្រុមចម្រុះរបស់លោកដែលជាគណបក្សប្រឆាំងដែលមានឈ្មោះថា សម្ព័ន្ធភាពនៃក្តីសង្ឃឹម ឬ Alliance of Hope បានផ្តួលរំលំគណបក្សចម្រុះ Barisan Nasional របស់នាយករដ្ឋមន្រ្តី Najib Razak ដែលបានដឹកនាំប្រទេសម៉ាឡេស៊ីចាប់តាំងពីប្រទេសនោះបានក្លាយជាប្រទេសឯករាជ្យនៅឆ្នាំ១៩៥៧មក។
លោកនាយករដ្ឋមន្ត្រី Najib Razak ព្រមទទួលយកការបរាជ័យនៅថ្ងៃព្រហស្បតិ៍នេះ ដោយបាននិយាយថា លោកនិងសហសេវិករបស់លោក «ទទួលស្គាល់ការសម្រេចរបស់ប្រជាពលរដ្ឋ»។
លោក Mahathir Mohamad អតីតមេដឹកនាំនៃប្រទេសម៉ាឡេស៊ីបានស្បថចូលកាន់ដំណែងនៅថ្ងៃព្រហស្បត៍ជានាយករដ្ឋមន្រ្តីទី៧របស់ម៉ាឡេស៊ីបន្ទាប់ពីជ័យជម្នះរបស់គណបក្សប្រឆាំង។ ក្នុងវ័យ៩២ឆ្នាំ លោកក្លាយជាមេដឹកនាំដ៏ចាស់ជាងគេបំផុតរបស់ពិភពលោក។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រី Heather Nauert បានអបអរសាទរប្រជាពលរដ្ឋម៉ាឡេស៊ី សម្រាប់ការចូលរួមរបស់ពួកគេនៅក្នុងការបោះឆ្នោត។ លោកស្រីបាននិយាយថា គ្រប់គណបក្សទាំងអស់ និងប្រជាពលរដ្ឋគ្រប់ប្រភេទទាំងអស់ «បានចូលរួមនៅក្នុងដំណើរការបោះឆ្នោតក្នុងចំនួនយ៉ាងច្រើនដោយសន្តិវិធី និងពោរពេញដោយទឹកចិត្តក្លៀវក្លា»។
លោក Mahathir ធ្លាប់បានដឹកនាំប្រទេសម៉ាឡេស៊ីពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ២០០៣។ លោកត្រូវបានគេសរសើរដោយសារការកសាងសេដ្ឋកិច្ចម៉ាឡេស៊ីឲ្យបានរីកចម្រើន។ ប៉ុន្តែ ប្រជាពលរដ្ឋម៉ាឡេស៊ីភាគច្រើននៅតែឈឺចាប់ចំពោះអ្វីដែលពួកគេហៅថា ជាទង្វើឃោរឃៅរបស់លោក ដែលធ្វើចំពោះក្រុមអ្នកប្រឆាំង និងបង្ក្រាបលើសេរីភាពបញ្ចេញមតិ៕