ការវាយតប់អ្នកតំណាងរាស្រ្តគណបក្សប្រឆាំងពីររូប បានក្លាយទៅជាការចោទប្រកាន់ដាក់គ្នារវាងអ្នកតំណាងរាស្រ្តរងគ្រោះ និងអ្នកតំណាងរាស្រ្តនៃគណបក្សកាន់អំណាច។
លោក គង់ សភា អ្នកតំណាងរាស្ត្រម្នាក់ ដែលត្រូវបានបាតុករគាំទ្រគណបក្សកាន់អំណាចវាយដំច្រំធាក់បែកមុខបែកមាត់ បានបញ្ចេញប្រតិកម្មខឹងសម្បារនឹងលោកឈាង វុន អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាដែលបានអះអាងថា អ្នកតំណាងរាស្រ្តរូបនេះ និងសហការីរបស់គាត់ម្នាក់ទៀត គឺលោក ញ៉យ ចំរើន បានចាកចេញពីសម័យប្រជុំសភាជាតិដើម្បីទៅឱ្យបាតុករវាយ។
លោក គង់ សភា បានសរសេរសារនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃអង្គារដោយហៅលោក ឈាង វុន ថា ជា «ជើងកាងក្នុងស្ថាប័នរដ្ឋសភា» និងបញ្ជាក់ថា៖
«ខ្ញុំមានការហួសចិត្តនិងអស់សំណើចនិងសំដីមនុស្សមានឋាន:រហូតទៅដល់ឧត្តមមន្រ្តីតែគំនិតមិនបានកូនក្មេងផង តែក្នុងនាមជាជនរងគ្រោះខ្ញុំសូមអំពាវនាវឱ្យតុលាការ និងគណ:កម្មាធិការស៊ើបអង្កេតត្រូវស៊ើបអង្កេត ពីសំដីរបស់គាត់ ព្រោះដឹងរឿងនេះប្រហែលគាត់ជាអ្នករៀចំផែនការនេះជាមួយជនមានអំណាចនិងជនដៃដល់ ព្រោះមុនហេតុការណ៍បីថ្ងៃខ្ញុំមានជម្លោះជាមួយគាត់»។
លោក ឈាង វុន ដែលជាប្រធានគណៈកម្មការកិច្ចការបរទេសនិងព័ត៌មាន បានប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី១មេសាថា៖
«តំណាងរាស្ត្រទាំងពីរហ្នឹង នៅពេលសភាកំពុងប្រជុំ គាត់ចេញទៅឲ្យគេវាយ...ខ្ញុំនិយាយអីចឹងហើយ ព្រោះចេញទៅបានគេវាយ បើនៅក្នុងសភា មានអ្នកណាគេវាយគាត់? ... ឥឡូវខ្ញុំប្រាប់រឿងហេតុ រឿងអ្វីបានគេវាយគាត់ ដោយសារអ្នកបើកឡានគាត់ ឈប់ឡានឲ្យគេវាយ»។
អំពើហិង្សាលើអ្នកតំណាងរាស្រ្តទាំងពីរនាក់ បានកើតមានឡើងក្នុងខណៈពេលដែលបាតុករគាំទ្រគណបក្សប្រជាជនកម្ពុជា បានធ្វើការតវ៉ាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ទាមទារឱ្យទម្លាក់លោក កឹម សុខា ពីតំណែងអនុប្រធានទីមួយនៃរដ្ឋសភាជាតិ។
មានអ្នកវាយប្រហារចំនួនបីនាក់ បានចេញមកសារភាពក្រោយពីហេតុការណ៍នោះ។ ប៉ូលិសមិនទាន់បានចាប់ខ្លួនជនល្មើសដទៃទៀតឬកំណត់អត្តសញ្ញាណពួកគេឡើយ បើទោះជារូបភាពវីដេអូដែលគេចែកផ្សាយតាមបណ្តាញសង្គមបង្ហាញថា មានក្រុមអ្នកវាយប្រហារជាង២០នាក់ បានចូលរួមប្រព្រឹត្ត ក៏ដោយ៕