អង្គការ​សង្គម​ស៊ីវិល​និង​សហជីព​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កម្ពុជា

រូប​ឯកសារ៖ កម្មការិនីកំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយនៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។ (Reuters)

មេ​ដឹកនាំ​សហជីព​ ​អះអាង​ថា​ ប្រសិន​បើ​​ទំនិញ​កម្ពុជា​មិន​អាច​នាំចូល​សហ​ភាព​អឺរ៉ុប​មែន​នោះ​ នោះ​អ្នក​រងគ្រោះ​គឺ​កម្មករ​កាត់ដេរ​ ធនាគារ​ និង​ប្រតិបត្តិករ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​​វត្ថុ​ជាដើម។

មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល ​និង​ក្រុម​សហ​ជីព​ដែល​មិន​រណប​រដ្ឋាភិបាល​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ចំពោះ​វិធាន​ការ​ខាង​សេដ្ឋកិច្ច​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ ដែល​អាច​នឹង​ធ្វើ​ឡើង​ដោយ​សហភាព​អឺរ៉ុប ​ដែល​ជា​ទីផ្សារ​ធំ​បំផុត​របស់​ទំនិញ​កាត់ដេរ​នៅ​កម្ពុជា។​

កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​២៦ ខែ​កុម្ភៈ ​ឆ្នាំ​២០១៨​ ក្រុម​ប្រឹក្សា​ទទួល​បន្ទុក​កិច្ចការ​បរទេស​នៃ​សហភាព​អឺរ៉ុប​បាន​ចេញ​នូវ​សេចក្ដី​សម្រេច​មួយ ​ព្រមាន​ចាត់​វិធានការ​តបត​នឹង​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​បង្ក្រាប​នយោបាយ​ដ៏​ជ្រាលជ្រៅ​លើ​ក្រុម​នយោបាយ​ជំទាស់​ ​អង្គការ​សង្គម​ស៊ីវិល ​និង​បណ្ដាញ​សារ​ព័ត៌មាន​ដែល​មិន​ចំណុះ​រដ្ឋ​អំណាច​ខ្មែរ។​

បន្ទាប់ពី​ការ​ចេញ​សេចក្តី​សម្រេច​នោះ​ អ្នកស្រី​ Federica ​Mogherini ​អនុ​ប្រធាន​គណៈ​កម្មការ​អឺរ៉ុប ​និង​ជា​មេដឹកនាំ​ក្រុម​ប្រឹក្សា​ទទួល​បន្ទុក​កិច្ច​ការ​បរទេស​នៃ​សហ​ភាព​អឺរ៉ុប ​បាន​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មានថា​ សេចក្តី​សម្រេច​នេះ​នឹង​ស្នើ​ឲ្យ​គណៈ​កម្មការ​អឺរ៉ុប​បង្កើន​ការ​ពិនិត្យ​លើ​ស្ថាន​ភាព​នៃ​ការ​អនុ​គ្រោះ​ពាណិជ្ជកម្ម​នានា​នៅ​ក្រោម​កម្មវិធី​ Every Thing But Arms​ គឺ​«អនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំង​អស់​ក្រៅ​សព្វាវុធ»។​

ក្នុង​កិច្ច​សន្ទនា​នោះ​ អ្នកស្រី​ Federica Mogherini ​បាន​ឲ្យ​ដឹង​ពី​វិធានការចុង​ក្រោយ​មួយ​តាម​ន័យ​ដើម​យ៉ាង​ដូច្នេះ៖​

«យើង​បាន​បញ្ជាក់​អំពី​ការ​ត្រៀម​រួចជាស្រេច​ដើម្បី​ពិចារណា​ វិធានការ​គោល​ដៅ​ជាក់លាក់​ ប្រសិន​បើ​ស្ថានភាព​មិន​បាន​ល្អ​ប្រសើរ​ឡើង​វិញ»។​

លោក ​គល់​ បញ្ញា​ នាយកប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ Comfrel ​បាន​សរសេរ​លើ​គណនី​ Facebook​ របស់​លោក​រៀបរាប់​ពី​ការ​វិវត្ត​នៃ​ដំណើរការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហភាពអឺរ៉ុប​លើ​ប្រទេស​កម្ពុជា។​

លោក ​គល់ បញ្ញា​ បានសរសេរ​ក្នុង​ន័យ​ដើម​ថា៖

«មាន​ការ​វិវត្ត​ទៅ​មុខ​និង​មិន​អាច​គេច​ផុត​ពី​វិធាន​ការ​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ដែល​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​ពាណិជ្ជកម្ម​និង​ចំពោះ​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​កម្ពុជា។ ​សហភាព​អឺរ៉ុប​គឺ​ជា​ទីផ្សារ​នាំ​ចេញ​ទំនិញ​ដ៏​ធំ​បំផុត​របស់​កម្ពុជា។ ​ប្រទេស​កម្ពុជា​ទទួល​បាន​ការ​អនុ​គ្រោះ​ពន្ធ ​ក្រោម​កិច្ច​ព្រមព្រៀង​លើកលែង​ពន្ធ​លើ​ទំនិញ​គ្រប់​មុខ​លើក​លែង​តែ​អាវុធ ​តែ​មាន​លក្ខខណ្ឌ​ការ​គោរព​សិទ្ធិ​មនុស្ស»។​

លោក​ គល់​ បញ្ញា ​បាន​ថ្លែង​បន្ត​ថា​ សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ទទួល​បន្ទុក​កិច្ចការ​បរទេស​នៃ​សហ​ភាព​អឺរ៉ុប​គឺ​ជា​«ការ​ថ្កោល​ទោស​ការ​វិវត្ត​នយោបាយ​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​ និង​ការ​ធ្លាក់ចុះ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា»។​

សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ទទួល​បន្ទុក​កិច្ចការ​បរទេស​នៃ​សហភាព​អឺរ៉ុបធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​អសកល​នៅ​ប្រទេស​កម្ពុជា ​ដែល​ជា​លទ្ធផល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ក្លាយ​ជា​គណបក្ស​នយោបាយ​តែ​មួយ​គត់​ដែល​ក្តោប​យក​អាសនៈ​ចំនួន​៥៨​នៅព្រឹទ្ធ​សភា ​ខណៈ​ដែលគណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូ​ប្រជែង​សំខាន់​មួយ​របស់​គណ​បក្ស​កាន់​អំណាច​ មិន​បាន​ចូល​រួម។​

លោក ​អាត់​ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ សម្តែង​ក្តី​បារម្ភ​ជា​ខ្លាំង​ ​ចំពោះ​ការ​រម្លឹក​ឡើង​វិញ​របស់​សហភាព​អឺរ៉ុបអំពី​ចំណាត់​ការទណ្ឌកម្ម​សេដ្ឋ​កិច្ច​ ដើម្បី​ឆ្លើយតប​ទៅ​ការ​វិវត្ត​ស្ថាន​ភាព​នយោបាយ​នៅ​កម្ពុជា។​

មេ​ដឹកនាំ​សហជីព​រូប​នេះ​បាន​ប្រាប់​ VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​រដ្ឋាភិបាល​គួរ​ពិចារណា​ផ្សះផ្សា​ខាង​ផ្លូវ​នយោបាយ​ក្នុង​នាម​រដ្ឋាភិបាល​ និង​រដ្ឋាភិបាល​ជាមួយ​សហ​ភាព​អឺរ៉ុប ​ដើម្បី​បើក​ផ្លូវ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ដែល​ប្រជា​ពលរដ្ឋ​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ទី​ក្រុងភ្នំពេញ។ ​លោក​ពន្យល់​បន្ត​ថា​ ​រដ្ឋាភិបាល​តែង​យល់​ថា​ ការ​លើក​ឡើង​ទាំង​ឡាយ​របស់​សហ​ភាព​អឺរ៉ុប​ គឺ​ជា​ការ​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា ​តែ​ភាគី​អឺរ៉ុប​គេ​បារម្ភ​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស​ដែល​ជា​ផ្នែក​សំខាន់​នៃ​ការ​អនុញ្ញាត​ឲ្យ​នាំទំនិញ​ចេញ​ពី​កម្ពុជា​ទៅ​សហ​ភាព​អឺរ៉ុប​ ដោយ​គ្មាន​ការ​បង់​ពន្ធ​នោះ។​ លោក​ពណ៌នា​យ៉ាង​ដូច្នេះ៖​

«វា​មាន​គំនិត​ផ្ទុយ​គ្នា​ អីចឹង​មាន​តែ​ការ​សម្រប​សម្រួល​គ្នា​ទេ​ ដែល​រក​ចំណុច​រួម​ឃើញ។ ​ប្រសិន​ជា​រដ្ឋាភិបាល​បន្ថយ​មួយ​ជំហាន​ សហគមន៍​អឺរ៉ុប​បន្ថយ​មួយ​ជំហាន ខ្ញុំ​គិត​ថា​ រឿង​ហ្នឹង​អាច​ដោះស្រាយ​បញ្ហា​ហ្នឹង​បាន​ល្អ​ ហើយ​ពេល​នោះ​ ខ្ញុំ​គិត​ថា​ ឧទាហរណ៍​ថា​ ដំណើរ​នៃ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ យើង​ផ្លូវ​១០០​ម៉ែត្រ​ ឧទាហរណ៍​ណា៎ ​បើ​យើង​ដើរ​បាន៥០ ឬ​៦០ ឬ​៧០​ម៉ែត្រ​ហើយ​ បើ​យើង​ថយ​មក​ ១០ម៉ែត្រ​វិញ​ បាន​ន័យ​ថា​ វាយូរ។ ​តែ​បើសិន​យើង​ដោះស្រាយ​បញ្ចប់​ យើង​បន្ត​ទៅ​៨០​ម៉ែត្រ​ ៩០ម៉ែត្រ​ ​យើង​នឹង​អាច​ឈាន​ទៅដល់​ការ​គ្រោង​ទុក​នៃ​ផែនការ​យុទ្ធ​សាស្ត្រ​របស់​រដ្ឋាភិបាល​ ដើម្បី​សម្រេច​នូវ​ផែន​ការ​ដែល​ប្រទេស​មាន​ ដូច​ថា​ កម្រិត​មធ្យម​ ឬក៏​ចំណូល​ខ្ពស់​កម្រិត​មធ្យម​ អី​ចឹង​ទៅ»។​

អ្នកស្រី​ យ៉ាង​ សុភ័ណ្ឌ ​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា ​ថ្លែង​ថា​ ​អ្នកស្រី​ ក៏ដូច​ជា​កម្មករ​ខ្មែរ​ជិត​មួយ​លាន​នាក់​ មិន​ចង់​ឃើញ​ទណ្ឌកម្ម​ទេ​ តែ​ការ​ដាក់​ទណ្ឌ​កម្ម​កើត​មាន​ ឬ​គ្មាន​នោះ​ គឺ​អាស្រ័យ​លើ​សុភ​វិនិច្ឆ័យ​របស់​រដ្ឋាភិ​បាល​កម្ពុជា។​

«ធម្មតា​ ខ្ញុំ​ប្រជា​ពលរដ្ឋ​ខ្មែរ​ ម្នាក់​ដែរ​ មិនចង់​មើល​ឃើញ​ប្រទេស​កម្ពុជា​យើង​ដែល​គេ​ដាក់​ទណ្ឌកម្ម​មក​ដល់​ប្រទេស​កម្ពុជា​យើង​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់​បង់​ការ​ងារ​ធ្វើ​អី​ហ្នឹង​ទេ។ អីចឹង​ខ្ញុំ​មិនមែន​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​រឿង​ហ្នឹង​ទេ»។

មុន​ការ​ចេញ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ទទួល​បន្ទុក​កិច្ចការ​បរទេស​នៃ​សហ​ភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ច័ន្ទ​នេះ​ អ្នកស្រី​ ឡោក​ ខេង​ តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ចូល​រួមការ​បោះឆ្នោត​ព្រឹទ្ធ​សភា​កាលពី​ថ្ងៃ​អាទិត្យ បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ក្នុង​វិទ្យាល័យ​មួយ​នៅ​ក្រុង​ភ្នំពេញ​ថា ​រដ្ឋាភិបាល​នៅ​បន្ត​តាម​មើល​ការ​វិវត្ត​នៃ​ចំណាត់​ការ​ទណ្ឌ​កម្ម​សេដ្ឋកិច្ច​របស់​សហគមន៍កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ធំៗ​ពីរ​ រួមមាន​សហ​រដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប ​ដោយ​សារ​តែ​សហគមន៍​ទាំង​ពីរ​គ្រាន់​តែ​បញ្ចេញ​សំឡេងអំពី​វិធាន​ការ​របស់​ពួកគេ​ តែ​គ្មាន​សកម្មភាព​ជាក់​លាក់​នៅ​ឡើយ។​

«យើង​នឹង​តាម​មើល​តទៅ​ទៀត​ ច៎ា!​ ព្រោះ​មក​ដល់​ពេល​នេះ​គឺ​ឮ​តែ​សំឡេង​ទេ​ មិន​ទាន់​ឃើញ​មាន​ការ​អនុវត្ត»។​

យ៉ាងណាក៏ដោយ​ លោក​ ផៃ​ ស៊ីផាន​ ​អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី​ បាន​ប្រាប់​ VOA ​ភ្លាមៗ​ក្រោយ​ការ​ចេញ​សេចក្តី​សម្រេច​នោះ​ថា​ រដ្ឋាភិបាល​កម្ពុជា​មាន​ការ​សោកស្តាយ​ចំពោះ​ចំណាត់ការ​របស់​សហភាព​អឺរ៉ុប​ ដែល​លោក​ថា​ បាន​យល់​ច្រឡំ​អំពី​ស្ថាន​ការណ៍​នយោបាយ ​និង​ការ​អនុវត្ត​ច្បាប់​ជាក់​ស្តែង​នៅ​កម្ពុជា។

លោក​អាត់ ធន់​ ​ប្រធាន​សហភាព​ការ​ងារ​កម្ពុជា​ ថ្លែង​ថា​ សហភាព​អឺរ៉ុប​អាច​មាន​វិធានការ​ពីរ​យ៉ាង​ គឺ​ទីមួយលុបចោល​គម្រោង​អនុគ្រោះ​ពាណិជ្ជ​កម្ម​ EBA ឬ​ហៅ​ថា​«អនុគ្រោះ​ពន្ធ​លើទំនិញ​ទាំង​អស់​ក្រៅ​សព្វា​វុធ» ហើយ​បន្ត​ឲ្យ​កម្ពុជា​នាំ​ទំនិញ​ចូល​ដោយ​បង់​ពន្ធ​ ឬ​ក៏​សហភាព​អឺរ៉ុប​នឹង​កាត់​ផ្តាច់​ចំណង​ទាក់​ទង​ពាណិជ្ជ​កម្ម​ទាំង​ស្រុង​តែម្តង ​ជាមួយ​កម្ពុជា​ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​មិន​ព្រម​បន្ទន់​ជំហរ​ស្តារ​ស្ថាន​ភាព​ប្រជាធិបតេយ្យ​ឡើង​វិញ។ ​ក៏​ប៉ុន្តែ​លោក​រំពឹង​ថា​ នឹង​មាន​ការ​សម្រុះ​សម្រួល​រវាង​រដ្ឋាភិបាល​កម្ពុជា​ និង​សហភាពអឺរ៉ុប​ដើម្បី​បញ្ចប់​ការ​ខ្វែង​គំនិត​គ្នា​ ទាក់​ទិន​ដំណើរ​ការប្រជាធិបតេយ្យ​នៅ​កម្ពុជា។​

មេ​ដឹកនាំ​សហជីព​រូប​នេះ​អះអាង​ថា​ ប្រសិន​បើទំនិញ​កម្ពុជា​មិន​អាច​នាំចូល​សហ​ភាព​អឺរ៉ុប​មែន​នោះ​ នោះ​អ្នក​រងគ្រោះ​គឺ​កម្មករ​កាត់ដេរ​ ធនាគារ​ និង​ប្រតិបត្តិករ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ជាដើម។ ​លោក​មាន​ប្រសាសន៍​បន្ត​ថា​ ប្រទេស​ចិន​ដែល​គេ​ដឹង​ថា​ បានចេញមុខ​គាំទ្រ​ការ​បង្រ្កាប​របស់​រដ្ឋាភិបាល​មក​លើ​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ​មិន​អាច​រ៉ាប់រង​ទំនិញ​កាត់​ដេរ​កម្ពុជា​បាន​ទេ។​

«យើង​មើល​ទំហំ​ទីផ្សារ​នាំចេញ​ ជុំវិញ​ពិភពលោក​ទៅ​ក្នុង​ប្រទេស​ចិនវា​ជាង​៥០​ភាគ​រយ​ ហើយ​កម្ពុជា​យើង​បាន​តែ១,៧​ភាគ​រយ​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ការ​ប្រកួត​ប្រជែង​ជាមួយ​ចិន ជាមួយ​ហ្នឹង​ដែរ​ អីចឹង​ខ្ញុំ​គិត​ថា​ លទ្ធភាព​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​អភិវឌ្ឍ​ផ្សេង​ ឬក៏​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ឬ​ក៏​ពាក់​ព័ន្ធ​អាការ​ជំនួយ​ ឬ​ក៏​អាការ​អភិវឌ្ឍ​ផ្សេង​ អា​ហ្នឹង​វា​អាច​ពឹង​ពាក់​ចិន​បាន​ ប៉ុន្តែ​ពាក់​ព័ន្ធ​កាត់​ដេរ​នេះ​ ខ្ញុំ​គិត​ថា​ មិន​មាន​អី​ ដែល​អាច​ចិន​ហ្នឹង​ជួយ​បាន​ច្រើន​ទេ»។​

បន្ថែម​លើ​ការ​បារម្ភ​របស់​ក្រុម​មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល ​និង​សហជីព​ពាក់​ព័ន្ធ​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ដដែល​នេះ​ សមាគម​រោងចក្រកាត់ដេរ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ GMAC ​ក៏​ធ្លាប់​បាន​ស្នើ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ និង​សហគមន៍​អន្តរជាតិ​នានា​ កុំ​យក​បញ្ហា​នយោបាយ​នៅ​ក្នុង​ប្រទេស​នេះ​មក​បង្ក​ភាព​ច្របូក​ច្របល់​ដល់​ឧស្សាហ​កម្ម​កាត់ដេរ​ ​ដែល​នឹង​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ជីវភាព​រស់​នៅ​របស់​កម្មករ​យ៉ាង​ហោច​ណាស់​ជាង​៧០​ម៉ឺន​នាក់​ ដែល​កំពុង​ធ្វើ​ការ​ក្នុង​វិស័យ​នេះ។​ ការ​ស្នើ​របស់​ GMAC ​ធ្វើ​ឡើង​ ក្រោយ​ពី​តុលាការ​កំពូល​ចេញ​ដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ឆ្នាំ​២០១៧។​

ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​សម្រេច​ចុងក្រោយ​មួយ​របស់​ក្រុម​ប្រឹក្សាទទួល​បន្ទុក​កិច្ចការ​បរទេស​នៃ​សហ​ភាព​អឺរ៉ុប ​លោកជុំ​ សុន្ទរី​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ក្រោយពីពិធី​ចុះ​ហត្ថលេខា​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា​ ​ នយោបាយ​ការ​បរទេស​កម្ពុជាគឺ​រក្សា​ទំនាក់​ទំនង​និង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​ទាំងអស់​នៅ​លើ​សកល​លោក ​រួមទាំង​សហ​ភាព​អឺរ៉ុប​ផង​ដែរ។​

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​ផ្តល់​ក្តី​សង្ឃឹម​ថា ​សហភាព​អឺរ៉ុប​នឹង​នៅតែ​គោរព​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​សហភាព​អឺរ៉ុប ដូច​ដែល​កម្ពុជា​ធ្វើ​ចំពោះ​សហភាព​អឺរ៉ុប។​ លោក​ថ្លែង​បញ្ជាក់​បន្ថែម​ថា​ សហភាព​អឺរ៉ុបមិន​ទាន់​ចាត់​សកម្មភាព​ជាក់​ស្តែង​ បិទ​ការ​នាំចូល​ទំនិញ​របស់​កម្ពុជា​ទៅ​ក្នុង​សហ​ភាព​អឺរ៉ុប​នោះ​ទេ។​

«ខ្ញុំ​គិត​ថា​ នៅ​ពេល​នេះ​ វា​ដូច​ជា​ឆាប់​ពេក​ និយាយ​ដល់​ការ​បិទ​ទីផ្សារ​ ពីព្រោះ​នៅ​ក្នុង​សេចក្តី​សម្រេច​របស់​ការ​ប្រជុំ​ក្រុម​ប្រឹក្សា​សហ​ភាព​អឺរ៉ុប​ ក៏​អត់​ទាន់​បាន​និយាយ​ដល់​បញ្ហា​ហ្នឹង​ដែរ។​ អត់​មាន​ការ​សម្រេច​ណ៎ា​ពាក់​ព័ន្ធ​ការ​បិទ​ទីផ្សារ​អត់​ទាន់​មាន​ទេ»។​

ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅ​សហភាព​អឺរ៉ុប​គិតជាទឹក​ប្រាក់​៤.៥៥៥​លាន​ដុល្លារ​អាមេរិក ​និង​នាំ​ចូល​ទំនិញ​ពី​សហ​ភាព​អឺរ៉ុប​គិតជា​ទឹក​ប្រាក់​៦៤៣​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០១៦។​ ប្រទេស​កម្ពុជា​ក៏​បាន​នាំ​ចេញ​ទំនិញ​ទៅ​សហ​រដ្ឋ​អាមេរិក​គិតជា​ទឹកប្រាក់​ ​២.៨១៤​លាន​ដុល្លារ​អាមេរិក​ និង​នាំ​ចូល​ទំនិញ​ពី​សហ​រដ្ឋ​អាមេរិក​គិតជាទឹក​ប្រាក់​ចំនួន​២៨៥​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៦។​ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ការិយាល័យ​ស្ថិតិ​របស់​សហភាព​អឺរ៉ុប​និង​សហ​រដ្ឋ​អាមេរិក៕