តារាចម្រៀង រ៉េប លោក ឈុន ឌីម៉ី នាពេលថ្មីៗនេះហាក់ដូចជាបានទាញយកការចាប់អារម្មណ៍យ៉ាងខ្លាំងនៅកម្ពុជា។ គ្មានអ្នកណាធ្លាប់បានស្គាល់ ឬឮឈ្មោះរបស់លោក ឌីម៉ី ទេ រហូតទាល់តែបទចម្រៀងរ៉េបរបស់លោកដែលមានចំណងជើងថា«សង្គមនេះ»ត្រូវបានចែកចាយយ៉ាងផុសផុលនៅលើបណ្តាញសង្គមនានា ដែលរួមទាំងគណនីហ្វេសប៊ុក របស់មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ផងដែរ។
ចាប់តាំងពីពេលនោះមក ប៉ូលិសបានចុះទៅដល់ផ្ទះឳពុកម្តាយរបស់លោក ឌីម៉ី និងទៅកន្លែងធ្វើការរបស់លោក។ សិល្បករវ័យ២៤ឆ្នាំរូបនេះ ដែលត្រូវបានគេស្គាល់ឈ្មោះថា ឌីម៉ី ខេមបូ (Dymey-Cambo) បានសម្រេចចិត្តលុបបទចម្រៀងរបស់លោកចេញពីគ្រប់គណនីបណ្តាញសង្គមរបស់លោក។ បទចម្រៀងរបស់លោករៀបរាប់ពីបញ្ហាសង្គម និងបញ្ហានយោបាយជាច្រើនជំពូក ហើយត្រូវបានគេយល់ឃើញថាជាបទចម្រៀងរិះគន់រដ្ឋាភិបាល។
លោក ឌីម៉ី បានប្រាប់កាសែតភ្នំពេញបុស្តិ៍ថា៖ «ខ្ញុំឈប់និពន្ធបទចម្រៀងបែបនេះទៀតហើយ។ ខ្ញុំនឹងនិពន្ធបទចម្រៀងបែបមនោសញ្ចេតនា ដែលលើកទឹកចិត្តដល់ក្រុមយុវវ័យជំនាន់ក្រោយឲ្យចេះស្រឡាញ់គ្នា និងរួបរួមសាមគ្គីគ្នាវិញ»។
តាមរយៈសារអេឡិចត្រូចនិក លោក សម រង្ស៊ី បានហៅការវិវត្តន៍នៃរឿងរ៉ាវអ្នកចម្រៀងរ៉េបនេះថា ជាការព្រួយបារម្ភយ៉ាងខ្លាំង។
លោក សម រង្ស៊ី និយាយសំដៅដល់នាយករដ្ឋមន្រ្តីកម្ពុជា ដោយលោកបានថ្លែងថាឥឡូវនេះ«សូម្បីតែអ្នកសិល្បៈ និងតន្រ្តីករក៏មានការភ័យខ្លាចចំពោះការវិវត្តន៍ស្ថានការណ៍នៅក្នុងសង្គមគាបសង្កត់នេះដែរ។ យើងមិនអាចទទួលយកបានទេ ដែលសូម្បីតែអ្នកសិល្បៈក៏ត្រូវបានគេយកទៅធ្វើជាចំណាប់ខ្មាំងដោយរបបលោក ហ៊ុន សែន ដែរ»។
កញ្ញា Vartey Ganiva ដែលជាតន្រ្តីករម្នាក់នៅកម្ពុជាបានយល់ពីមូលហេតុដែលលោក ឈុន ឌីម៉ី សម្រេចលុបបទចម្រៀងរបស់លោកចេញពីគណនី និងត្រឡប់ទៅនិពន្ធបទសម្រៀងបែបមនោសញ្ចេតនាវិញ។ បទច្រៀងរបស់កញ្ញារៀបរាប់ពីបញ្ហានានានៅក្នុងសង្គម ដូចជាសិទ្ធិស្រ្តី និងបញ្ហាបរិស្ថានជាដើម ប៉ុន្តែកញ្ញាមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ពាក្យពេចន៍នៅក្នុងបទចម្រៀងទាំងនោះ។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA កញ្ញា Vartey Ganiva បាននិយាយថា កញ្ញាមានក្តីបារម្ភថា បើសិនជាកញ្ញាមិនប្រុងប្រយ័ត្នក្នុងប្រើប្រាស់ពាក្យពេចន៍នៅក្នុងបទចម្រៀងទេនោះ ប៉ូលិសនឹងចុះទៅសាកសួរនៅផ្ទះរបស់កញ្ញាដូចជាករណីរបស់លោក ឌីម៉ី ដែរ។
កញ្ញាបានពន្យល់អំពីយុទ្ធសាស្រ្តរបស់កញ្ញា ដើម្បីជៀសវាងការប្រឈមជាមួយនឹងអាជ្ញាធរ ដោយកញ្ញាបានលើកឡើងថា «ខ្ញុំនិពន្ធបទចម្រៀងក្នុងន័យវិជ្ជមាន។ ខ្ញុំមិននិពន្ធបទចម្រៀងដែលរៀបរាប់អំពីបញ្ហារសើបក្នុងសង្គមទេ។ ខ្ញុំមិននិពន្ធបទចម្រៀងដែលប៉ះពាល់ដល់រដ្ឋាភិបាលទេ។
ខ្ញុំនិពន្ធបទចម្រៀងដែលរៀបរាប់អំពីបញ្ហាដែលបានកើតឡើងនានា។ ប៉ុន្តែខ្ញុំមិនសរសេរត្រង់ៗអំពីរដ្ឋាភិបាលទេ។ ខ្ញុំគ្រាន់តែចង់ឲ្យពលរដ្ឋយល់ថា ហេតុអ្វីបានជាយើងមានបញ្ហាបរិស្ថានដូចសព្វថ្ងៃនេះ។ តើវាកើតឡើងដោយសារអ្វី? ថាតើវាកើតឡើងដោយសារតែមានការកាប់បំផ្លាញព្រៃឈើ ឬដោយសារការកើនឡើងការប្រើប្រាស់បា្លស្ទីកជាដើម»។
នៅពេលសួរថា តើកញ្ញាធ្លាប់គិតថាកញ្ញាត្រូវត្រួតនិពិត្យ និងត្រូវកំណត់ពីការបញ្ចេញមតិរបស់ខ្លួនដែរឬទេ? កញ្ញាបានឆ្លើយថា «ខ្ញុំចង់មានន័យថា អ្នកអាចយល់ហើយថា ខ្ញុំមិនអាចប្រើពាក្យអ្វីដែលប៉ះពាល់ដល់រដ្ឋាភិបាលទេ ព្រោះថាខ្ញុំក៏ចង់ការពារខ្លួនឯងដែរ។ ខ្ញុំចង់បន្តអាជីពជាអ្នកនិពន្ធបទចម្រៀងនេះឲ្យបានយូរតទៅទៀត ដូច្នេះបើសិនជាខ្ញុំសរសេរអ្វីប៉ះពាល់ដល់រដ្ឋាភិបាល នោះវានឹងប៉ះពាល់ដល់អាជីពរបស់ខ្ញុំ និងបង្កបញ្ហាផ្សេងៗដល់ខ្ញុំ»។
កញ្ញា Vartey Ganiva បាននិយាយបន្តថា កញ្ញាត្រូវតែប្រយ័ត្នដោយសារតែកញ្ញាគិតថា ប្រព័ន្ធតុលាការនៅប្រទេសកម្ពុជាមិនការពារអ្នកសិល្បៈបានគ្រប់គ្រាន់ទេ។ អ្នកស្រី Naly Pilorge នាយិកាអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា ជារឿយៗច្បាប់ត្រូវបានគេយកទៅប្រើប្រាស់ប្រឆាំងនឹងអ្នកដែលរិះគន់រដ្ឋាភិបាល។
អ្នកស្រី Naly Pilorge បានប្រាប់ VOA ថា៖ «ករណីរបស់លោកឌីម៉ី បានឆ្លុះបញ្ចាំងពីកើនឡើងយ៉ាងខ្លាំងនៃនិន្នាការរបស់រដ្ឋាភិបាលដែលប៉ុនប៉ងបំភិតបំភ័យ និងចោទប្រកាន់បទឧក្រិដ្ឋលើប្រជាពលរដ្ឋខ្មែរ ជាពិសេសគឺការបញ្ចេញមតិនៅលើប្រព័ន្ធអ៊ិនធឺណិត។ នៅស្របពេលដែលសិល្បៈគឺជាវេទិកាដ៏សំខាន់មួយដើម្បីអាចឲ្យគេសំដែងមតិ និងគួរតែត្រូវបានការពារដូចទៅនឹងសេរីភាពក្នុងការបញ្ចេញមតិដែរនោះ យើងក៏អាចមើលឃើញផងដែរថា របបផ្តាច់ការកំពុងខ្លាចវេទិកានេះ ហេតុដូច្នេះហើយបានជាពួកគេចាំបាច់ត្រូវហាមឃាត់ការផ្សព្វផ្សាយណាដែលប៉ះពាល់ដល់រដ្ឋាភិបាលឲ្យបានឆាប់បំផុត»។
រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សក្ខណា មិនបានឆ្លើយតបទៅនឹងការសុំអតា្ថធិប្បាយលើបញ្ហានេះបានទេ។
ទោះបីជាកញ្ញា Vartey Ganiva មានអារម្មណ៍ថាកញ្ញាត្រូវប្រយ័ត្នក្នុងការប្រើប្រាស់ពាក្យពេចន៍នៅក្នុងបទចម្រៀងរបស់កញ្ញាក៏ដោយ ក៏កញ្ញាពេញចិត្តចំពោះការងាររបស់កញ្ញាដែលមានសារដ៏មានអត្ថន័យនិងច្បាស់លាស់។
កញ្ញាបានបញ្ចាក់ប្រាប់ថា៖ «ការវិវត្តន៍ស្ថានការណ៍នាពេលបច្ចុប្បន្នប៉ះពាល់ដល់ទឹកចិត្តខ្ញុំបន្តិចបន្តួច ប៉ុន្តែខ្ញុំនៅតែអាចនិពន្ធបទចម្រៀងដែលមានអត្ថន័យល្អ។ ខ្ញុំពិតជាចង់ឲ្យសិល្បករថ្មីៗផ្តោតលើការនិពន្ធបទចម្រៀងដោយខ្លួនឯង មិនមែនចម្លងពីគេទេ។ គេអាចតែងបទចម្រៀងដែលមានអត្ថន័យផ្សេងៗបានច្រើនក្រៅពីបទចម្រៀងអំពីរឿងស្នេហា»៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា