ព្រះមហា​ក្សត្រ​ខ្មែរ​ដាក់​ឲ្យ​ប្រើប្រាស់​វិសោធន​កម្ម​ច្បាប់​ ដែល​បើក​ផ្លូវ​ឱ្យ​មន្ត្រី​បក្ស​ជំទាស់​វិល​ចូល​នយោបាយ​វិញ

រូបឯកសារ៖ ព្រះមហាក្សត្រ​​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​ករុណា​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​​ បានមកដល់​​វិមានឯករាជ្យ​កាលពី​ព្រឹក​ថ្ងៃទី​០៩ វិច្ឆិកា២០១៨ ​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA)

ក្រោយ​ស្ថាប័ន​នីតិប្បញ្ញត្តិ​អនុម័ត​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ​ដែល​បើក​ផ្លូវ​ឲ្យ​មន្រ្តី​បក្ស​ប្រឆាំង​ ដែល​ជាប់​បម្រាម​នយោបាយ​១១៨​នាក់​​​អាច​ចូល​ធ្វើ​នយោបាយ​វិញ​នោះ​​ ​នៅ​ដើម​ខែ​មករា​​​​​នេះ ​ព្រះ​មហា​ក្សត្រ​បាន​សម្រេច​ប្រកាស​ដាក់​ឲ្យ​ប្រើ​វិសោធន​កម្ម​ច្បាប់​នេះ​ជា​ការ​ប្រញាប់។

ព្រះ​មហា​ក្សត្រ​ប្រកាស​ឲ្យ​ប្រើ​ជា​ប្រញាប់​នូវ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណ​បក្ស​នយោបាយ​ដែល​សម្រេច​បើក​ផ្លូវ​ឲ្យ​មន្រ្តី​គណ​បក្ស​ប្រឆាំង​ចំនួន​១១៨​នាក់​អាច​ចូល​ធ្វើ​នយោបាយ​វិញ​ ចាប់​ពី​ដើម​ខែ​មករា​ឆ្នាំ​២០១៩​នេះ។​

ព្រះ​រាជ​ក្រម​ដែល​ឡាយ​ព្រះ​ហត្ថលេខា​នៅ​ថ្ងៃទី​២​ខែ​មករា​ឆ្នាំ​២០១៩​ ​ដោយ​ព្រះ​មហាក្សត្រ​ ព្រះ​បាទ​នរោត្តម​សីហមុនី​ ​បញ្ជាក់​ថា​ ព្រះ​មហា​ក្សត្រ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ច្បាប់​ស្តីពី​វិសោធន​កម្ម​មាត្រា​៤៥​ថ្មី​(ស្ទួន)នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ​បន្ទាប់​ពី​រដ្ឋសភា​បាន​អនុម័ត​កាល​ពី​ថ្ងៃទី​១៣ខែ​ធ្នូ​ឆ្នាំ​២០១៨ ​និង​ត្រូវ​បាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ប្រកាស​កាល​ពី​ថ្ងៃទី​២៨ខែធ្នូ​នេះថា​ ​ស្រប​នឹង​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា​ទាំង​ស្រុង។​

នៅ​មុន​ការ​ធ្វើ​វិសោធន​កម្ម ​មាត្រា​៤៥នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ចែង​ថា ​ បុគ្គល​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ហាម​ឃាត់​ការ​ធ្វើ​សកម្ម​ភាព​នយោបាយ​ ​មិន​អាច​បង្កើត​គណបក្ស​នយោបាយ​ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណា​មួយ​ ​ឬ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ ​ឬ​ធ្វើ​សកម្មភាព​ណា​មួយ​គាំទ្រ​ ​ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បាន​ឡើយ។​

ព្រះ​រាជក្រម​ដដែល​នោះ​ត្រូវ​បាន​សរសេរ​បញ្ជាក់​ពី​ខ្លឹមសារ​នៃ​វិសោធន​កម្ម​មាត្រា​៤៥​ថ្មី ​(ស្ទួន)តាម​ន័យ​ដើម​ថា៖​

«បុគ្គល​ដែលតុលាការ​បាន​សម្រេច​ហាមឃាត់​ការធ្វើ​សកម្មភាព​នយោបាយ​នេះ​ នឹង​អាច​ទទួល​បាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់​ បន្ទាប់​ពី​ផុត​រយៈពេល​នៃ​ការ​ហាមឃាត់​ដែល​កំណត់​ដោយ​សាល​ដីកា​របស់​តុលាការ​កំពូល ​ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវ​បាន​ផ្តល់​នីតិសម្បទា​ឡើង​វិញ ​ដោយ​ព្រះ​មហា​ក្សត្រ​ ​តាម​សំណើ​របស់​នាយក​រដ្ឋមន្រ្តី ​តាម​សេចក្តី​ស្នើ​សុំ​របស់​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ»។

វិសោធ​នកម្ម​ច្បាប់​នេះ​ត្រូវបាន​ព្រះ​មហា​ក្សត្រ​ប្រកាស​ដាក់​ឲ្យ​ប្រើ​ជា​ការ​ប្រញាប់​គិត​ចាប់​ពី​ថ្ងៃ​ឡាយ​ព្រះ​ហស្ថលេខា​គឺ​ចាប់​ពី​ថ្ងៃ​ទី២ខែ​មករា​ឆ្នាំ​២០១៩​ត​ទៅ។​

កាលពី​ឆ្នាំ​២០១៧​ ​តុលាការ​កំពូល​របស់​កម្ពុជា​បាន​សម្រេច​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ចោល​ ដោយ​ចោទ​ថា​ ​គណបក្ស​នេះ​បាន​ឃុបឃិត​ជាមួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន។​ ​តុលាការ​នេះ​ក៏​បាន​ដក​ហូត​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់​ ​ម្នាក់ៗ​រយៈ​ពេល​៥​ឆ្នាំ​ផង​ដែរ។​

វិសោធន​កម្ម​ច្បាប់​នោះ​មិនមាន​ការ​បញ្ជាក់​ថា​ ​បុគ្គល​ជាប់​បម្រាម​ទាំង​អស់​ត្រូវ​សរសេរ​លិខិត​ស្នើ​ឲ្យ​មាន​ការ​លើកលែង​នោះ​ទេ។​ ​យ៉ាងណា​ក្តី​ ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ ​កាលពី​សប្តាហ៍​មុន​ បញ្ជាក់​ថា​ ​មន្រ្តី​គណបក្ស​ប្រឆាំងដែល​ជាប់​បម្រាម​ហាម​សិទ្ធិ​ធ្វើ​នយោបាយ​ទាំង​នោះអាច​នឹង​ត្រូវ​បាន​លើក​លែង​ ​លុះត្រា​តែ​ពួក​គេ​សរសេរ​លិខិត​ស្នើ​សុំ​ឲ្យ​មាន​ការ​លើក​លែង​ម្តង​ម្នាក់​ ​ដាច់​ដោយ​ឡែក​ពី​គ្នា។​

ក្រោយ​ការ​បញ្ជាក់​នោះ​ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង ​ដែល​ជាប់​បម្រាម​មួយ​ចំនួន​ ប្រកាស​ថា​ ពួកគេ​នឹង​មិន​សរសេរ​លិខិត​ណា​មួយ​ស្នើ​ឲ្យ​មាន​ការ​លើក​លែង​នោះទេ។​ ​ពួកគេ​មួយ​ចំនួន​លើក​ឡើង​ថា​ តុលាការ​កំពូល​ជា​អ្នក​សម្រេច​ដាក់​បម្រាម​ពួកគេ​ជា​កញ្ចប់​ក្នុង​ពេល​តែមួយ​ ដូច្នេះ​តុលាការ​ក៏​នឹង​ត្រូវ​តែ​លើកលែង​បម្រាម​ពួកគេ​ជា​កញ្ចប់ ​ដោយ​មិន​មាន​ការ​ស្នើ​សុំ។

ចំណែក​លោក​ សម រង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ តែ​មិនមែន​ជា​បុគ្គល​ស្ថិត​ក្នុង​បម្រាម​នោះ​ ​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​អង្គារ​នេះ​តាម​ន័យ​ដើម​ថា៖​

«ខ្ញុំ​ ​សម រង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​ ​សូម​អំពាវនាវ​ទៅ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨​រូប​ កុំ​ទន់​ជ្រាយ​ ​កុំ​ចាញ់​បោក ​ហ៊ុន សែន​ ​កុំ​ចូល​ទៅ​បម្រើ​អំណាច​ផ្តាច់ការ​ដោយ​មិន​ដឹង​ខ្លួន»។

យ៉ាង​ណាក្តី​ ​លោកគង់ គាំ​ ​អតីត​ប្រធាន​គណបក្ស​សម រង្ស៊ី​ ​និង​ជាមន្រ្តី​បក្ស​ប្រឆាំងចាស់​វស្សា​មួយ​រូប​ដែល​កំពុង​ជាប់​បម្រាម​នយោបាយ​ដែរ​នោះ​ ​បាន​ប្រកាស​ថា​ ​លោក​នឹង​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​ក្រសួង​មហា​ផ្ទៃ​ដើម្បី​ជួយ​ផ្តល់​ប្រឹក្សា​នយោបាយ​ទៅ​គណបក្ស​ឆន្ទៈខ្មែរ​របស់​កូន​ប្រុស​ពៅ​របស់​លោក។​

លោក​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា៖​

«នៅ​ថ្ងៃ​ស្អែក​ ​ទី​៩​មករា​នេះ​ ខ្ញុំ​នឹង​ដាក់​ពាក្យ​ទៅ​ក្រសួង​មហា​ផ្ទៃ​ដើម្បី​សុំ​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ។​ ​ខ្ញុំ​បាន​សម្រេច​ចិត្ត​កន្លង​មក​ហើយ​ថា​ ​បើ​ខ្ញុំ​មាន​ភ័ព្វ​វាសនា​នឹង​ទទួល​បាន​នីតិសម្បទាធ្វើ​នយោបាយ​ឡើង​វិញ​ពី​ព្រះ​មហា​ក្សត្រ​ ​ខ្ញុំ​នឹង​ទៅ​ជួយ​គណបក្ស​ឆន្ទៈ​ខ្មែរ​ ​ដែល​មាន​កូនប្រុស​ខ្ញុំ​ជា​ប្រធាន​ ​ក្នុង​នាម​ជា​ទីប្រឹក្សា​អី​អ៊ីចឹងទៅ»។

នៅ​មុន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​លោកកឹម សុខា​ ​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ និង​ចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ។

ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ការ​ដក​ហូត​សិទ្ធិ​នយោបាយ​មន្រ្តី​ទាំង​១១៨​នាក់​ ​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ហ៊ុន សែនបាន​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​កាល​ខែ​កក្កដាឆ្នាំ​២០១៨​ ​យ៉ាង​ភ្លូក​ទឹកភ្លូក​ដី ​និង​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ដោយ​ឯកបក្ស។​ ​ការណ៍​នេះ​ធ្វើឲ្យ​កម្ពុជា​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អន្តរជាតិថា ​កំពុង​ធ្វើ​ឲ្យ​ខ្ទេចខ្ទី​លទ្ធិ​ប្រជា​ធិប​តេយ្យ។​ ​រដ្ឋាភិបាល​បស្ចិម​ប្រទេស​ធំៗ​មួយ​ចំនួន​ក៏​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព​និង​នយោបាយឡើងវិញ​ ​ជា​ថ្នូរ​នឹង​ការ​មិន​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ ​និង​ការ​ទូត​លើ​កម្ពុជា។

អ្នក​វិភាគ ​និង​ឃ្លាំ​មើល​ស្ថាន​ការណ៍នយោបាយ​កម្ពុជា​ ​លោក​ឡៅ ម៉ុងហៃ​បាន​លើក​ឡើង​ថា​ ការ​បើក​ផ្លូវ​ឲ្យ​មន្រ្តី​គណបក្ស​ប្រឆាំង​ទាំង​១១៨​រូប​អាច​ចូល​ធ្វើ​នយោបាយ​វិញគឺ​ធ្វើ​ឡើង​ដោយ​សារ​រង​សម្ពាធ​ពី​អន្តរជាតិ។​ ​យ៉ាង​ណា​ក្តី​ ​លោក​ថា ​ការ​ដោះលែង​លោក​កឹម សុខា​ ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះគឺ​ជា​ចំណុច​សំខាន់​ក្នុង​ការ​បញ្ចៀស​សម្ពាធ​ និង​ការ​ដាក់​ទណ្ឌកម្ម​ពី​អន្តរ​ជាតិ។​

VOA​ ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពី​ក្រុម​មេធាវី​ការពារក្តី​ឲ្យ​លោកកឹម សុខា​នៅ​ឡើយ​ទេ។​ ប៉ុន្តែ​កាល​ពី​សប្តាហ៍​មុន​ ​លោកផែង ហេង​ ​មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី​បួន​រូប ​លើក​ឡើង​ថា​ លោក​កឹម សុខា​មិនទាន់​បាន​លើកឡើង​អំពី​ការ​ស្នើ​សុំ​ធ្វើ​នយោបាយ​ណាមួយ​នៅ​ឡើយ ​ដោយ​លោក​ថា​ ​លោកកឹម សុខា​កំពុង​បន្ត​ស្នើ​សុំ​ឲ្យ​មាន​ការ​លើកលែង​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ​ជា​មុន​សិន។​

មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ ​រួម​ទាំង​លោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែន​ផង​ ​បាន​ប្រកាស​ថា​ ​ការ​រំលាយ​គណ​បក្ស​ប្រឆាំង​ ​ការ​ព្យួរ​សិទ្ធិ​នយោបាយ​មន្រ្តី​គណបក្ស​នេះ​ទាំង​១១៨​រូប​ ​ព្រម​ទាំង​ការ​ចាប់​ខ្លួន​លោកកឹម សុខា​គឺ​ធ្វើឡើង​ទៅ​តាម​ច្បាប់​ ​ស្រប​តាម​ប្រទេស​នីតិរដ្ឋ​ប៉ុណ្ណោះ។​ រដ្ឋាភិបាល​ក៏​បាន​អះ​អាង​ថា​ ​ការ​បើក​ផ្លូវ​ឲ្យមន្រ្តី​គណបក្ស​ប្រឆាំង​ទាំង​នោះ​អាច​ចូល​ធ្វើ​នយោបាយ​វិញគឺ​ក្នុង​គោល​បំណង​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ​មិន​មាន​រង​សម្ពាធ​ណាមួយ​ពី​អន្តរជាតិ​នោះ​ទេ៕