អ្នកជំនាញលើកឡើងថា អ្នកសារព័ត៌មាននៅកម្ពុជាភាគច្រើនខ្វះសមត្ថភាពប្រមូលព័ត៌មាន និងចំណេះដឹងផ្នែកសារព័ត៌មាន ដែលជាការចាំបាច់ក្នុងការសរសេរព័ត៌មានឲ្យមានគុណភាពដើម្បីប្រជែងជាមួយអ្នកសារព័ត៌មានតាមបណ្ដាប្រទេសអាស៊ានក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា។
នៅព្រឹកថ្ងៃសុក្រ ទី១៦ ក្លឹបអ្នកកាសែតកម្ពុជា (CCJ) បានរៀបចំកិច្ចពិភាក្សាតុមូលស្ដីពីការប្រៀបធៀបស្ថានភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា និងបណ្ដាប្រទេសក្នុងអាស៊ាន ដើម្បីពង្រឹងសមត្ថភាពអ្នកសារព័ត៌មានកម្ពុជា។
ថ្លែងក្នុងកិច្ចពិភាក្សានោះ ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា លើកឡើងថា កម្ពុជាត្រូវបានចាត់ថ្នាក់ថា ជាប្រទេសដែលមានស្ថានភាពសារព័ត៌មានល្អជាងគេក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន។ ប៉ុន្តែ លោកថា ចំណេះដឹង និងសមត្ថភាពផ្នែកសារព័ត៌មាននៅកម្ពុជា មានកម្រិតនៅឡើយ។
«យើងជាប្រទេសដែលទើបតែងើបចេញពីសង្គ្រាម ហើយយើងបានសេរីភាពប៉ុណ្ណឹងយើងគិតថាល្អហើយ ប៉ុន្តែយើងក៏មិនត្រូវឈរលើបញ្ហាតួលេខដែលគេចាត់ថ្នាក់ហ្នឹងទេ។ យើងត្រូវមើលលើការពិត ពីព្រោះការពិតយើងនៅមានការខ្វះខាតច្រើន។ អ្នកសារព័ត៌មានយើងផ្នែកវិជ្ជាជីវៈយើងនៅមានការខ្វះខាតផ្នែកចំណេះជំនាញភាសាបរទេស។ យើងនៅមានការខ្វះខាតផ្នែកចំណេះដឹងទូលំទូលាយ និងក៏យើងមិនទាន់សម្បូរបែបអ្នកសារព័ត៌មានដែលខ្លាំងៗ។ ដូច្នេះ យើងត្រូវការបណ្ដុះធនធានមនុស្សឲ្យបានច្រើនជាងហ្នឹង»។
លោក ប៉ែន បូណា បន្ថែមថា អ្នកសារព័ត៌មានកម្ពុជាភាគច្រើនសរសេរព័ត៌មានមិនបានស៊ីជម្រៅ និងជាព័ត៌មានធម្មតាដូចជាគ្រោះថ្នាក់ចរាចរណ៍ជាដើម។
«ឥឡូវនេះអ្នកសារព័ត៌មានយើងផ្សាយតែព័ត៌មានក្នុងស្រុកហ្នឹង ភាគច្រើនលើសលុប ហើយព័ត៌មានក្នុងស្រុកហ្នឹងជាទូទៅព័ត៌មានដែលមានលក្ខណៈជាគ្រោះថ្នាក់ចរាចរណ៍ មានលក្ខណៈជាឃាតកម្ម មានលក្ខណៈជាឈ្លោះគ្នាអីអញ្ចឹង។ អញ្ចឹងយើងចង់ប្ដូរទស្សនៈហ្នឹងឲ្យទៅជាព័ត៌មានដែលមានសារសំខាន់សម្រាប់ថ្នាក់ជាតិក៏ដូចជាថ្នាក់តំបន់ ដើម្បីឲ្យប្រជាពលរដ្ឋយើងគាត់ទទួលបានព័ត៌មានថ្មីៗពីថ្នាក់តំបន់ ដើម្បីមើលគេថាតើគេទៅដល់ណាហើយ។ សេដ្ឋកិច្ចគេដល់ណាហើយ តើយើងអាចធ្វើអីដើម្បីទទួលបានផលចំណេញពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន»។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងថា អ្នកសារព័ត៌មានកម្ពុជាតិចតួចបំផុតដែលមានសមត្ថភាពក្នុងការវិភាគព័ត៌មានឲ្យបានស៊ីជម្រៅ ដោយសារពួកគេមិនមានពេលវេលា និងចំណេះដឹងគ្រប់គ្រាន់។
«ការងារយកព័ត៌មានយើងបានហើយ ប៉ុន្តែកម្រិតវិភាគរបស់យើងនៅខ្សោយ នេះគឺជាចំណុចធំ។ យើងឃើញថាក្រៅពីលោក ពុយ គា ក្រៅពីប៉ុន្មាននាក់ចេញដែលអាចវិភាគសភាពការណ៍តំបន់បានតិច ពីព្រោះអ្នកកាសែតយើងការមើលបានតិចណាស់។ អញ្ចឹងអ្នកកាសែតយើងចំណុចខ្សោយនៅកន្លែងហ្នឹង។ យើងខ្វះចំណេះដឹងក្នុងការវិភាគសភាពការណ៍មួយៗ ហើយជាពិសេសសភាពការណ៍តំបន់ សភាពការណ៍អន្តរជាតិ ព្រោះយើងអត់សូវមើលអត្ថបទកាសែតគេ។ ភាគច្រើនយើងមើលតែកាសែតយើង តែការមើលកាសែតគេដើម្បីដកពិសោធន៍រៀនសូត្រតិចណាស់ដែលយើងមើល។ ខ្ញុំកម្រឃើញអ្នកកាសែតយើង អានមើលទស្សនាវដ្ដីធំៗ កាសែតធំៗយើងអត់សូវមើល»។
ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា បន្ថែមថា ក្លឹបអ្នកកាសែតកម្ពុជា បាននិងកំពុងរៀបចំវគ្គបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មានដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹង ព្រមទាំងមានគម្រោងបញ្ជូនអ្នកសារព័ត៌មានដែលជាសមាជិកក្លឹប ទៅផ្លាស់ប្ដូរបទពិសោធន៍ជាមួយអ្នកសារព័ត៌មាននៅតាមបណ្ដាប្រទេសជាសមាជិកអាស៊ានផ្សេងៗ។
យោងតាមរបាយការណ៍ស្ដីពីសន្ទស្សន៍សេរីភាពសារព័ត៌មានឆ្នាំ២០១៦ របស់អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters Without Borders) សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពប្រសើរជាងប្រទេសទាំងអស់ដែលជាសមាជិកអាស៊ាន ប៉ុន្តែចំណាត់ថ្នាក់សេរីភាពនេះស្ថិតក្នុងស្ថានភាពអាក្រក់ដដែល។
របាយការណ៍នេះ បានចាត់ថ្នាក់សន្ទស្សន៍ប្រទេសចំនួន១៨០នៅក្នុងពិភពលោក អំពីសេរីភាពសារព័ត៌មាន ដោយផ្អែកលើសេរីភាព និងសុវត្ថិភាពរបស់អ្នកសារព័ត៌មាន ចំនួនប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យភាព និងបរិយាកាសបំពេញតួនាទីរបស់អ្នកសារព័ត៌មាន។
បើតាមសន្ទស្សន៍នេះ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១២៨ សម្រាប់សេរីភាពសារព័ត៌មាន ក្នុងឆ្នាំ២០១៥ ដែលធ្លាក់ពីលេខ ១៣៩ សម្រាប់សេរីភាពសារព័ត៌មានក្នុងឆ្នាំ២០១៤៕