អ្នកធ្វើការផ្នែកសារព័ត៌មានមួយក្រុមបានបង្ហាញក្តីបារម្ភចំពោះសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានដែលកំពុងព្រាង ថានឹងធ្វើឲ្យរឹតត្បិតសេរីភាពក្នុងការប្រមូលនិងផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ បន្ទាប់ពីពួកគេរកឃើញថា មាត្រាមួយចំនួនក្នុងច្បាប់នោះមិនបានការពារដល់អ្នកស្នើសុំព័ត៌មានតាមការរំពឹងទុក។
អ្នកសារព័ត៌មានមួយក្រុមរកឃើញថា មាត្រាមួយចំនួនដែលចែងក្នុងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននឹងធ្វើឲ្យប៉ះពាល់ដល់ការប្រមូលនិងផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ ប្រសិនក្រសួងមិនកែសម្រួលឲ្យបានដិតដល់។
កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ អ្នកធ្វើការផ្នែកសារព័ត៌មានប្រមាណជាង២០នាក់បានជួបជុំគ្នាក្នុងសិក្ខាសាលាមួយ រៀបចំដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ក្នុងការផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ស្របពេលដែលច្បាប់នេះកំពុងត្រួតពិនិត្យ និងកែសម្រួលនៅក្រសួងព័ត៌មាន។
ក្រុមអ្នកសារព័ត៌មានដែលបានចូលរួមក្នុងកិច្ចពិភាក្សានោះ ភាគច្រើនបង្ហាញក្តីបារម្ភពាក់ព័ន្ធនឹងនីតិវិធីនៃការស្នើសុំព័ត៌មាន ការចែងពីភាពសម្ងាត់ដែលអ្នកសារព័ត៌មានមិនអាចស្នើសុំ និងការដាក់ទោសលើអ្នកស្នើសុំព័ត៌មានជាដើម។
ថ្លែងក្រោយបញ្ចប់ការពិភាក្សា លោក រឿន ភារុណ អ្នកសារព័ត៌មានគេហទំព័រថ្មីថ្មី (ThmeyThmey) ប្រាប់ VOA ថា យោងតាមកិច្ចពិភាក្សាផ្តល់យោបល់លើសេចក្តីព្រាងច្បាប់នេះ លោករកឃើញជាច្រើនបង្ហាញពីការរឹតត្បិតសិទ្ធិមួយចំនួនដែលអាចបង្អាក់ការប្រមូលនិងផ្សព្វផ្សាយព័ត៌មាន ដែលចាំបាច់ត្រូវមានការកែតម្រូវ។
លោក រឿន ភារុណ បន្ថែមថា៖
«ត្រង់ទម្រង់បែបបទនៃការស្នើសុំព័ត៌មាន គឺតម្រូវឲ្យអ្នកព័ត៌មានហ្នឹងបំពេញបែបបទបំពេញទម្រង់ស្នើសុំទៅស្ថាប័នសាធារណៈ ស្ថាប័នរដ្ឋ អ្នកផ្តល់ព័ត៌មានហ្នឹង មានមួយចំណុចទៀតទាក់ទងនឹងការឆាឆៅមន្រ្តីសាធារណៈ កាលណាអ្នកព័ត៌មានឆាឆៅ មន្រ្តីសាធារណៈអាចបដិសេធមិនផ្តល់ព័ត៌មានសម្រាប់បុគ្គលណាដែលស្នើសុំព័ត៌មាន ចឹងចង់ថា កន្លែងហ្នឹងមានន័យថាម៉េច ហើយដោយឡែកទាក់ទងនឹងទោសបញ្ញត្តិ ក្រសួងគួរតែលុបចោលបទបញ្ញត្តិទាក់ទងនឹងបទព្រហ្មទណ្ឌ វាមិនបណ្តាលអី គ្រាន់តែស្នើសុំព័ត៌មានវាបណ្តាលឲ្យប៉ះពាល់ដល់បទព្រហ្មទណ្ឌ»។
លោក ឡុក សំរិត និពន្ធនាយករងនៃបណ្តាញព័ត៌មានអប្សរា ANN លើកឡើងថា អ្នកសារព័ត៌មានត្រូវការព័ត៌មានទាន់ពេលនិងគ្រប់ជ្រុងជ្រោយ ដើម្បីផ្សព្វផ្សាយជាប្រយោជន៍ដល់ប្រជាពលរដ្ឋ។ ប៉ុន្តែលោកថា ច្បាប់ដែលចែង មានការរឹតបន្តឹងនេះនឹងធ្វើឲ្យដំណើរការប្រមូលព័ត៌មានត្រូវជាប់គាំងដោយសារការបកស្រាយមិនបានច្បាស់លាស់ពីមាត្រានីមួយៗ។
លោក ឡុក សំរិត បញ្ជាក់ប្រាប់ VOA ថា៖
«ច្បាប់មួយបើសិនយើងចេញទៅហើយវាធ្វើឲ្យមានផលប៉ះពាល់ អញ្ចឹងកុំមានល្អជាង ប៉ុន្តែបើសិនជាយើងរៀបចំហើយជារឿងមួយល្អ ប៉ុន្តែយើងត្រូវមើលច្បាប់នេះបម្រើប្រយោជន៍សាធារណៈហើយលម្អិតពាក់ព័ន្ធអ្វីទៅជាដំណឹងដែលប្រជាជន មែនទែនទៅប្រជាជនគាត់ពឹងអ្នកព័ត៌មាន អញ្ចឹងអ្នកព័ត៌មានហ្នឹងហើយដែលជាអ្នកនាំសារពីរដ្ឋាភិបាលពីស្ថាប័នសាធារណៈបញ្ជូនទៅឲ្យគាត់ដឹង អញ្ចឹងបើសិនជាយើងនាំគ្នារឹតត្បិតជាច្រើនមិនឲ្យអ្នកកាសែតដឹង អ្នកសារព័ត៌មានបញ្ជូនទៅឲ្យប្រជាពលរដ្ឋ មានអីខុសពីរឿងដែលយើងបិទបាំងដំណឹងហ្នឹងពីប្រជាពលរដ្ឋ»។
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លើកឡើងថា ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន មានសារៈសំខាន់ក្នុងការឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវ និងបង្កលក្ខណៈងាយស្រួលដល់ការស្នើសុំព័ត៌មានពីរដ្ឋាភិបាល។ ទោះជាយ៉ាងណាលោកថា មាត្រាមួយចំនួនក្នុងសេចក្តីព្រាងច្បាប់នៅមានភាពខ្វះចន្លោះ ហើយត្រូវកែសម្រួលដើម្បីធានាដល់សិទ្ធិក្នុងការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ។
លោក ប៉ា ងួនទៀង មានប្រសាសន៍ប្រាប់ VOA ថា៖
«ការចែងអំពីទោសទណ្ឌដាក់ទៅលើអ្នកស្នើសុំ ខ្ញុំថា ជារឿងមួយមិនគួរមាន ព្រោះធម្មតាគេមានតែលើកទឹកចិត្តឲ្យមានការចូលរួមពីប្រជាពលរដ្ឋវិញ ហើយបើយើងឃើញថា ការចូលរួមពីប្រជាពលរដ្ឋខុស យើងប្រើប្រព័ន្ធផ្សព្វផ្សាយ ឬក៏ប្រើយន្តការក្នុងការអប់រំវិញ អាហ្នឹងវាប្រសើរជាងការដាក់ទោសទណ្ឌ ហើយទី២គឺសំខាន់ណាស់គឺរឿងព័ត៌មានសម្ងាត់ហ្នឹង គឺមានការចែងទូលំទូលាយពេកវាធ្វើឲ្យអ្នកកាន់ព័ត៌មាន មានលេសក្នុងការផ្តល់ឲ្យឬមិនផ្តល់ឲ្យ»។
លោក ប៉ា ងួនទៀង បន្ថែមថា៖
«បើសិនជាសេចក្តីព្រាងច្បាប់វានៅមានមាត្រាទាំងអស់ហ្នឹងដែលអាចបង្កើតជាឧបសគ្គ អញ្ចឹងការអនុវត្តច្បាប់ហ្នឹងវានៅតែមានបញ្ហា បានន័យថា វាអត់បានល្អ ហើយអត់បានល្អ សិទ្ធិទទួលព័ត៌មាននៅតែមានបញ្ហាដដែល ហើយកាលណាសិទ្ធិទទួលបានព័ត៌មានសាធារណៈមានបញ្ហាសង្គមយើងវាប្រឈមនឹងអំពើពុករលួយ និងការខ្វះតម្លាភាពនឹងកាន់តែខ្លាំង»។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង មានប្រសាសន៍ថា ក្រសួងស្វាគមន៍ចំពោះការផ្តល់មតិយោបល់របស់អ្នកសារព័ត៌មាន ប៉ុន្តែលោកថា ការសម្រេចថានឹងកែប្រែ ឬយ៉ាងណា គឺអាស្រ័យលើក្រុមការងារផ្នែកតាក់តែងច្បាប់របស់ក្រសួង។
លោកបញ្ជាក់ថា៖
«អ្នកសារព័ត៌មានដែលគាត់យល់យ៉ាងណានោះ គាត់គួរតែចងក្រងជាសំណើ សំណូមពរ មកដល់ក្រុមការងារបច្ចេកទេសដែលដឹកនាំដោយក្រសួងព័ត៌មាន ហើយរឿងទោសបញ្ញត្តិកន្លែងនេះ ការតាក់តែង ការសរសេរនេះគឺផ្អែកលើក្រមព្រហ្មទណ្ឌទាំងស្រុង ហើយទោះបីជាយ៉ាងណាក៏ដោយ គណៈកម្មការបច្ចេកទេសនឹងពិចារណាតាមការយល់ឃើញរបស់អ្នកសារព័ត៌មានហ្នឹងថា យើងគួរធ្វើយ៉ាងណា តែទោះជាយ៉ាងណាក៏ដោយក៏មិនអាចធ្វើអីរំលងក្រមព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជាបានដែរ»។
សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន មាន៩ជំពូក និង៣៦មាត្រា។ រហូតមកដល់ពេលនេះក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតដែលចូលរួមក្នុងការផ្តល់យោបល់បានព្រមព្រៀង និងអនុម័តបានចំនួនប្រមាណ១៤មាត្រា និងកំពុងពិភាក្សាបន្ត។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ធ្លាប់បានអះអាងថា ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននឹងក្លាយជាច្បាប់មួយដែលអាចទទួលយកបានគ្រប់ភាគីក្នុងការផ្តល់ព័ត៌មាន ទៅកាន់សាធារណជន។ ក្រសួងព័ត៌មានគ្រោងនឹងបញ្ចប់ច្បាប់នេះនៅពាក់កណ្តាលឆ្នាំ២០១៧៕