កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសបម្រាមមិនឱ្យអ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានអំពីដំណើរការនៃការបោះឆ្នោតនោះទេ មុនពេលបញ្ចប់ការបោះឆ្នោត។ នៅថ្ងៃពុធនេះ លោករដ្ឋមន្ត្រីបានថ្លែងថា ការដាក់បម្រាមនេះគឺធ្វើឡើងតាមច្បាប់បោះឆ្នោត តែមន្ត្រីគ.ជ.ប. ច្រានចោលការលើកឡើងនេះ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អះអាងថា ការហាមមិនឱ្យសារព័ត៌មានផ្សាយអំពីដំណើរការនៃការបោះឆ្នោត មុនពេលការបោះឆ្នោតត្រូវបានបញ្ចប់នោះ គឺស្របតាមច្បាប់បោះឆ្នោត តែមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) ថា គ.ជ.ប.មិនមានច្បាប់ហាមមិនឲ្យអ្នកសារព័ត៌មានរាយការណ៍ព័ត៌មាននោះទេ។
កាលពីថ្ងៃអង្គារសប្ដាហ៍មុន នៅក្នុងសិក្ខាសាលាមួយស្ដីពីនីតិវិធី និងច្បាប់បោះឆ្នោត លោកខៀវ កាញារីទ្ធបានថ្លែងថា ក្រសួងដាក់បម្រាមមិនឱ្យអ្នកសារព័ត៌មានធ្វើការរាយការណ៍ ឬអត្ថាធិប្បាយលើដំណើរការនៃការបោះឆ្នោតនោះទេ នៅពេលការបោះឆ្នោតនៅមិនទាន់ចប់។
លោកខៀវ កាញារីទ្ធបានមានប្រសាសន៍ថា៖
«ធម្មតា នៅក្នុងពេលថ្ងៃបោះឆ្នោត ជាធម្មតា គេសុំឱ្យអ្នកកាសែតនៅស្ងាត់ស្ងៀម បានន័យថា ដោយសារយើងយល់ហើយថា បួនប្រាំរឿងមកហើយនេះ យើងដឹងថា របៀបការផ្សព្វផ្សាយមានពីរបែប។ ទី១ការផ្សព្វផ្សាយ គ្រាន់តែយកមនុស្សពីរបីនាក់ ហាក់ដូចជាបំពងសំឡេងធំ ដូច្នេះហើយដែលធ្វើឱ្យមានការប៉ះពាល់លើការប្រព្រឹត្តទៅនៃការបោះឆ្នោត។ និយាយរួម សូមឱ្យស្ងាត់ស្ងៀមតែម្តង។ នៅពេលដែលក្រោយការបោះឆ្នោត បិទបញ្ជី បិទហិបបោះឆ្នោតហើយ ទើបអ្នកកាសែតអាចធ្វើអត្ថាធិប្បាយអ្វីផ្សេងទៀតបានហើយដើម្បីឲ្យប្រជាជនគាត់មានការស្ងប់អារម្មណ៍របស់គាត់ក្នុងការងារនេះ»។
ការប្រកាសដាក់បម្រាមនេះ បានធ្វើឱ្យមានការរិះគន់ពីអ្នកធ្វើការក្នុងវិស័យព័ត៌មាន។
ឆ្លើយនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មាននាព្រឹកថ្ងៃពុធនេះ បន្ទាប់ពីពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី«សិទ្ធិទទួលបានព័ត៌មាន» លោកខៀវ កាញារីទ្ធបានថ្លែងការពារការណែនាំរបស់លោកថា បម្រាមនេះធ្វើឡើងដោយយោងតាមច្បាប់បោះឆ្នោតដែលគណបក្សនយោបាយធំៗទាំងពីរបានធ្វើឡើង។
លោកខៀវ កាញារីទ្ធមានប្រសាសន៍ថា៖
«អ្នកដែលរិះគន់ហ្នឹងគាត់អត់មើលច្បាប់បោះឆ្នោតផងហ្នឹង! ច្បាប់បោះឆ្នោតទេតើអាហ្នឹង! ហើយច្បាប់បោះឆ្នោតជាការសម្រេចរវាងគណបក្សធំៗទាំងពីរ ដែលបានធ្វើទេតើ! ដូច្នេះអ្នកដែលរិះគន់ហ្នឹងគាត់អត់មើលច្បាប់ផង។ ខ្ញុំមាននិយាយខ្លួនខ្ញុំឯណា? នេះជាការអនុវត្តច្បាប់បោះឆ្នោតទេតើ!»
លោកអះអាងទៀតថា បម្រាមនេះមិនប៉ះពាល់ដល់សិទ្ធិទទួលបានព័ត៌មាន និងសិទ្ធិដឹងព័ត៌មាននោះទេ ដោយលោកបន្តថា ពលរដ្ឋអាចទទួលបានព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោតនេះតាមអ៊ិនធើណែត និងតាមបណ្ដាញសង្គម។
យ៉ាងណាក៏ដោយ លោកហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប. បានប្រាប់ VOA នៅថ្ងៃពុធនេះថា បច្ចុប្បន្នមិនមានច្បាប់ហាមមិនឲ្យអ្នកសារព័ត៌មានធ្វើសេចក្តីរាយការណ៍នោះទេ លើកលែងតែការឃោនាបោះឆ្នោត។
លោកមានប្រសាសន៍ថា៖
«ច្បាប់ហាមតែការឃោសនាទេបាទ ឃោសនានៅថ្ងៃរាប់សន្លឹកឆ្នោត ហើយនិងថ្ងៃបោះឆ្នោតហ្នឹង។ ចំណែកព័ត៌មានគឺច្បាប់មិនមានចែង មិនមានហាមទេ បាទ។
ប៉ុន្តែគ្រាន់ថា ឥឡូវហ្នឹង គ.ជ.ប.អត់ទាន់បានពិភាក្សាទៅដល់ចំណុចហ្នឹងផង ដែលខ្ញុំពិបាកឆ្លើយណាស់បាទ»។
លោក ហង្ស ពុទ្ធា បានឱ្យដឹងដែរថា គ.ជ.ប.កំពុងពិភាក្សាលើសេចក្ដីព្រាងក្រមសីលធម៌មួយចំនួនដែលក្នុងនោះក៏មានសេចក្ដីព្រាងច្បាប់ពីក្រមសីលធម៌សម្រាប់អ្នកសារព័ត៌មានក្នុងពេលបោះឆ្នោត រួចហើយនឹងបញ្ជូនឱ្យភាគីពាក់ព័ន្ធ។ ទោះយ៉ាងណា លោកឲ្យដឹងថា ទាំងនោះគ្រាន់តែជាក្រមសីលធម៌សម្រាប់ដាស់តឿនដល់អ្នកសារព័ត៌មានតែប៉ុណ្ណោះ មិនមែនជាច្បាប់នោះទេ។
លោកមឿន ឈានណារិទ្ធិ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន មានប្រសាសន៍ថា នៅក្នុងសង្គមប្រជាធិបតេយ្យ អ្នកសារព័ត៌មានគួរមានសិទ្ធិគ្រប់គ្រាន់ក្នុងការរាយការណ៍ ជាពិសេសនៅអំឡុងពេលនៃការបោះឆ្នោត។ លោកបន្តថា អ្នកសារព័ត៌មានដើរតួនាទីសំខាន់ក្នុងការឃ្លាំមើលតម្លាភាពនៃការបោះឆ្នោត ហើយរាយការណ៍ជូនពលរដ្ឋម្ចាស់ឆ្នោត។
លោកមានប្រសាសន៍ថា៖
«អញ្ចឹង ប្រសិនបើ[មានការ]ហាមប្រាមមិនឱ្យអ្នកសារព័ត៌មានរាយការណ៍អំពីដំណើរការនៃការបោះឆ្នោត ក្នុងពេលបោះឆ្នោត ក្នុងដំណាក់កាលណាមួយក៏ដោយ ទោះបីមុនពេលបោះឆ្នោត ពេលចុះឈ្មោះបោះឆ្នោត អំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោតក៏ដោយ គឺវាអាចធ្វើឱ្យដំណើរការនេះមិនមានតម្លាភាព»។
លោកមឿន ឈានណារិទ្ធិបន្ថែមថា ប្រសិនបើមានច្បាប់ណាមួយប៉ះពាល់អ្នកសារព័ត៌ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ច្បាប់នោះគួរត្រូវបានពិនិត្យឡើងវិញ ដើម្បីឱ្យស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។
លោកពុយ គា អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជា មានប្រសាសន៍ថា អ្នកសារព័ត៌មានគួរត្រូវបានអនុញ្ញាតឲ្យធ្វើការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន មិនថា ពេលណានោះទេ តែអ្នកសារព័ត៌មានខ្លួនឯងក៏ត្រូវប្រកាន់យកនូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវដែរ។
លោកមានប្រសាសន៍ថា៖
«ធ្វើម៉េចចង់ឱ្យបំពេញតាមវិជ្ជាជីវៈសារព័ត៌មានយើងហ្នឹង ដើម្បីឱ្យមហាជនទូទៅហ្នឹងទទួលបានព័ត៌មានពិតប្រាកដ ជាជាងយើងលាបពណ៌ ជាជាងយើងផ្សាយល្អម្ខាងៗ ហើយបង្អាប់ម្ខាងៗ។ នេះមិនមែនជាវិជ្ជាជីវៈទេ»។
កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ចំណែកការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០១៨៕