បុរស​ម្នាក់​ត្រូវ​បាន​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​​៣​ឆ្នាំ​ពាក់​ព័ន្ធ​ការ​ប្រមាថ​អង្គ​ព្រះ​មហា​ក្សត្រ​តាម​ហ្វេសប៊ុក

រូបឯកសារ៖ ព្រះមហាក្សត្រ​នៃ​កម្ពុជា ព្រះ​ករុណា​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​​ បានមកដល់​​វិមានឯករាជ្យ​កាលពី​ព្រឹក​ថ្ងៃទី​០៩ វិច្ឆិកា២០១៨​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។(ទុំ ម្លិះ/VOA)

តុលាការ​ក្រុង​ភ្នំពេញ​ កាលពី​ថ្ងៃពុធ​បាន​សម្រេច​ផ្ដន្ទា​ទោស​បុរស​ម្នាក់​ដាក់​ពន្ធនាគារ​រយៈ​ពេល​៣ឆ្នាំ​ដោយ​សារ​តែ​ប្រមាថ​ព្រះ​មហាក្ស​​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែល​ជា​ការ​ផ្តន្ទា​ទោស​លើក​ទី​ពីរ ​ក្រោម​ច្បាប់​ប្រមាថ​ព្រះ​មហា​ក្សត្រ​ដែល​ត្រូវ​បាន​អនុម័ត​កាល​ពីឆ្នាំ​មុន។

តុលាការ​ក្រុង​ភ្នំពេញ​ កាលពី​ថ្ងៃពុធ​បាន​សម្រេច​ផ្ដន្ទា​ទោស​បុរស​ម្នាក់​ដាក់​ពន្ធនាគារ​រយៈ​ពេល​៣ឆ្នាំ​ដោយ​សារ​តែ​ប្រមាថ​ព្រះ​មហាក្សតាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែល​ជា​ការ​ផ្តន្ទា​ទោស​លើក​ទី​ពីរ ​ក្រោម​ច្បាប់​ប្រមាថ​ព្រះ​មហា​ក្សត្រ​ដែល​ត្រូវ​បាន​អនុម័ត​កាល​ពីឆ្នាំ​មុន។ ​ក្រុម​សិទ្ធិ​មនុស្ស​មាន​ការ​ព្រួយ​បារម្ភ​ថា​ ច្បាប់​នេះ​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​រារាំង​ការ​ប្រឆាំង។ ​

លោក​ អ៊ី​ រិន ​អ្នក​នាំពាក្យ​តុលាការ​ក្រុងភ្នំពេញ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​ថា៖​ «តុលាការ​បាន​ប្រកាស​សាល​ក្រម​ឲ្យ​លោក​ អៀង ជលសា​ ជាប់​ពន្ធនាគារ​រយៈ​ពេល​៣​ឆ្នាំ​និង​បង្គាប់​ឱ្យ​បង់​ប្រាក់​សំណង​៥​លាន​រៀល»។

លោកអ៊ី រិន បាន​និយាយ​ថា​សារ​លើ​បណ្តាញ​ហ្វេសប៊ុក​ដែល​តុលាការ​រក​ឃើញ​ថា​ ប្រមាថ​ព្រះ​មហា​ក្សត្រ​នរោត្តម​សីហមុនី​នេះត្រូវ​បាន​បង្ហោះ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន។​ មិន​មាន​ព័ត៌មាន​អំពី​មេធាវី​ការពារ​ជន​ជាប់​ចោទ​ទេ ​ហើយមន្ត្រី​តុលាការ​មិន​បញ្ជាក់​ថា ​ជន​ជាប់​ចោទ​មាន​មេធាវី​ឬ​យ៉ាង​ណា​ទេ។ ​

ច្បាប់​ប្រមាថ​ព្រះ​មហាក្ស​ត្រូវ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ដោយ​សភា​កាល​ពីខែ​កុម្ភៈ​ឆ្នាំ​មុន។ ​ក្រុម​សិទិ្ធ​មនុស្ស​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​នៅ​ពេល​នោះ​ថា ​ច្បាប់​ដែល​ស្រដៀង​នឹង​ច្បាប់​នៅ​ប្រទេស​ថៃ​នេះ​ អាច​ត្រូវ​បាន​ប្រើ​ដើម្បី​បិទ​មាត់​អ្នក​រិះគន់​រដ្ឋាភិបាល។​កាលពី​ខែ​តុលា​ឆ្នាំ​មុន ​តុលាការ​ខេត្ត​សៀមរាប​បាន​ឃុំឃាំង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដោយ​ប្រើ​ច្បាប់​នេះ៕