ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​មហាក្សត្រ​ខ្មែរ​យាង​មក​កម្ពុជា​វិញ​ក្រោយ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​នៅ​វៀតណាម


រូបឯកសារ៖ ព្រះមហាក្សត្រ​នៃ​កម្ពុជា ព្រះ​ករុណា​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​​ បានមកដល់​​វិមានឯករាជ្យ​កាលពី​ព្រឹក​ថ្ងៃទី​០៩ វិច្ឆិកា២០១៨​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ ព្រះមហាក្សត្រ​នៃ​កម្ពុជា ព្រះ​ករុណា​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​​ បានមកដល់​​វិមានឯករាជ្យ​កាលពី​ព្រឹក​ថ្ងៃទី​០៩ វិច្ឆិកា២០១៨​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA)

​អ្នកវិភាគមួយ​ចំនួនយល់​ថា​ ព្រះរាជទស្សនកិច្ច​នេះ​មាន​គោលដៅ​សំខាន់​មួយ គឺ​ការ​​ពង្រឹង​ចំណង​ទាក់​ទង​ពហុភាគីរវាង​កម្ពុជា​ និង​ប្រទេស​ក្បែរខាង​ និង​ចង់​បញ្ជាក់​ប្រាប់​ប្រទស​ជាមិត្ត​ផ្សេង​ទៀត​របស់​កម្ពុជា​ថា​ កម្ពុជា​មិន​ទោរទន់​ខ្លាំង​ទៅរកចិន​ទាំង​ស្រុង​នោះឡើយ។

ព្រះមហាក្សត្រ​ប្រទេស​កម្ពុជា​ព្រះបាទ​សម្តេច​ ​នរោត្តម សីហមុនី​ បាន​យាង​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ បន្ទាប់​ពី​ព្រះអង្គ​បាន​ចេញ​ទៅ​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នៅ​ទីក្រុង​ហាណូយ​ និង​ទីក្រុង​ Danang ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម។​ ​នេះ​បើយោង​តាមការ​ផ្សព្វផ្សាយ​របស់​ទូរទស្សន៍ជាតិ​កម្ពុជា​ (TVK)។

ព្រះបាទ​នរោត្តម ​សីហមុនី​ បាន​យាង​ចេញ​ទៅ​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី១៩ ខែ​ធ្នូ​ ឆ្នាំ​២០១៨។​ ការ​បំពេញ​ព្រះរាជ​ទស្សនកិច្ច​របស់​ព្រះអង្គ​នៅ​វៀតណាម​រយៈពេល​បីថ្ងៃ​ បានធ្វើ​ឡើង​ ក្រោយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ និង​ក្រុមមន្ត្រី​សំខាន់ៗ​របស់​លោក​ បាន​បញ្ចប់​ទស្សនកិច្ច​នៅប្រទេស​វៀតណាម​កាល​ពីដើម​ខែ​ធ្នូនេះ។

រហូត​មក​ដល់​ពេលនេះ​ ​មិន​មាន​ការ​បញ្ជាក់​ព័ត៌មាន​លម្អិត​ពីគោល​បំណង​នៃ​ការ​បំពេញ​ព្រះរាជ​ទស្សនកិច្ច​របស់​ព្រះ​មហាក្សត្រ​ខ្មែរ​នៅ​ប្រទេស​វៀតណាម​នោះ​ទេ​ តែ​អ្នក​វិភាគ​មួយ​ចំនួន​ជឿ​ថា​ ​ព្រះរាជ​ទស្សនកិច្ច​របស់​ព្រះ​អង្គ​ ជា​ព្រះរាជ​សកម្មភាព​រឹត​ចំណង​ការទូត​របស់​កម្ពុជា​ ​និង​ប្រទេស​ក្បែរ​ខាង។

លោក​បណ្ឌិត​ឈាង វណ្ណារិទ្ធ ​អ្នកវិភាគ​និង​អ្នក​ស្រាវជ្រាវ​កិច្ចការ​តំបន់​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖​

«ជា​ទស្សនកិច្ច​មួយ​បង្ហាញ​អំពី​គោលដៅ​របស់​កម្ពុជា​ ដែល​ងាក​មក​ប្រទេស​ជិត​ខាង​ មិនមែនតែ​វៀតណាម​ទេ​ គឺ​មាន​ប្រទេស​ជិត​ខាង​ដូច​ជា​ ឡាវ​ ដូច​ជា​ថៃ​ ដើម្បី​ពង្រឹង​នូវ​ទំនាក់​ទំនង​កម្ពុជា​ជាមួយ​ប្រទេស​ជិត​ខាង​ហ្នឹង។ ហើយ​ទស្សនកិច្ច​ហ្នឹង​ ក៏វា​កើត​ឡើង​ បន្ទាប់​ពី​ទស្សនកិច្ច​នៃ​ ប្រមុខ​រដ្ឋាភិបាល​ ដូច្នេះ​ វា​បញ្ជាក់​បន្ថែម​អំពី​ហៅ​ថា​ ចំណង​មិត្ត​ភាព​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​ ក៏ដូចជា​ភាព​ស៊ី​ជម្រៅ​ផ្នែក​យុទ្ធសាស្ត្រ​នៃ​ទំនាក់​ទំនង​កម្ពុជា​វៀតណាម​ហ្នឹង​ ហើយ​ក៏​វា​ឆ្លុះ​បញ្ចាំង​ពី​ខាង​ក្រៅ​ ទៅ​ខាង​ក្រៅ​ថា​ កម្ពុជា​មិន​លម្អៀង​ទៅ​ចិន​តែមួយ​ទេ។ គឺ​កម្ពុជា​ខំ​ប្រឹង​ ធ្វើ​យ៉ាង​ណា​ ឲ្យ​មាន​តុល្យភាព​រវាង​បណ្តា​ប្រទេស​នៅក្នុង​តំបន់»។

លោក​បណ្ឌិត​ ​ឈាង វណ្ណារិទ្ធ​ ​ថ្លែង​បន្ថែមថា​ ការ​ធ្វើ​ឲ្យមាន​តុល្យការ​នៃ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ចិន​និង​វៀតណាម​ មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដល់​ប្រទេស​កម្ពុជា។

VOA​ ​ព្យាយាម​សុំការ​អធិប្បាយពី​លោក​ គង់​ សំអុល​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រះបរម​រាជវាំង តែមិន​អាច​ទាក់​ទង​លោក​បាន​នៅឡើយ​ ដោយ​ទូរស័ព្ទ​លោក​រោទិ៍​គ្មាន​អ្នក​ទទួល។

កាល​ពី​ដើម​ខែធ្នូ​នេះ​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ​ ​បាន​ដឹកនាំ​ក្រុម​មន្ត្រី​សំខាន់ៗ​របស់​លោក​មាន​ទាំង​មន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​ផង​នោះ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​ ​ទីដែល​លោក ហ៊ុន​ សែន​ បាន​ជួប​ក្រុម​មេដឹកនាំ​នៃ​រដ្ឋកុម្មុយ​និស្ត​មួយ​នេះ។

ក្នុង​ដំណើរ​ទស្សនកិច្ច​ដែល​ធ្វើឡើង​ចាប់​ពីថ្ងៃ​ទី៦​ ដល់​ថ្ងៃទី៨ ខែធ្នូនោះ លោក ហ៊ុន សែន​ និង​ភាគី​វៀតណាម​ «បាន​ឯកភាព​គ្នា​រៀប​ចំ​រំឭកខួប​អនុស្សាវរីយ៍​លើក​ទី​៤០​ នៃ​ការ​តស៊ូ​រួម​គ្នា​ ​ដើម្បី​ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​ប៉ុល ពត»។​

ប្រទេស​កម្ពុជា ​និង​វៀតណាម​ ​ក៏​បាន​ព្រមព្រៀងគ្នា​កសាង​ខ្សែ​បន្ទាត់​ព្រំដែន​រួម​ប្រកប​ដោយ​មិត្តភាព​ សន្តិភាព​ ​ស្ថិរភាព​ ​និង​សហ​ប្រតិបត្តិការ​រឹងមាំ​យូរ​អង្វែង​សម្រាប់​ប្រជាជន​ជំនាន់​ក្រោយៗ​ និង​បាន​ឯកភាព​គ្នា​ជំរុញ​ឲ្យ​គណៈកម្មការ​ចម្រុះ​ខ័ណ្ឌ​សីមា​ព្រំដែន​ទាំង​សង​ខាង​ពន្លឿន​ការ​ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​គោក​ដែល​នៅ​សេសសល់​ ចំនួន​១៦ភាគរយ​ផ្អែក​លើ​ស្មារតី​នៃ​មិត្តភាព​ និង​ភាព​ជា​អ្នក​ជិត​ខាង​ល្អ។

សម្រាប់​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​នេះ​ លោក​បណ្ឌិត​ឈាង វណ្ណារិទ្ធ ​អ្នកវិភាគ​និង​អ្នក​ស្រាវជ្រាវ​កិច្ចការ​តំបន់​ មើលឃើញ​ថា​ វា​នៅ​តែ​ជា​ការ​ចរចា​ស្មុគស្មាញ​មួយ។ តែ​លោក​ថា​ ទាំង​វៀតណាម​ និង​កម្ពុជា​ បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ដោះស្រាយ​នូវរាល់​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​បញ្ហា​នេះ។

«អ៊ីចឹង​ទេ​ សង្ឃឹមថា​ ក្នុង​ឆ្នាំក្រោយ​អាច​សម្រេច​បាន​ថែម​ទៀត ហើយ​និយាយ​ឲ្យ​ចំ​ទៅ​ គោល​នយោបាយ​កម្ពុជា​ ជាមួយ​វៀតណាម​ហ្នឹង​ប្រហាក់​ប្រហែល​គ្នា​ គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​សម្រេច​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​រួម​មួយ ​ដើម្បី​សម្រេច​នូវ​ការបោះ​បង្គោល​ព្រំដែន​១០០ភាគរយ​ នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ ទៅ​មុខ​នេះ​ទៀត»។

ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះបាទ​សម្តេច​នរោត្តម សីហមុនី​បាន​ឡើង​គ្រង​រាជ្យ​សម្បត្តិ​ជំនួស​ព្រះ​បិតា​របស់​ព្រះ​អង្គ​ គឺ​ព្រះ​បរម​រតន​កោដ្ឋ​ព្រះបាទ ​នរោត្តម​ សីហនុ​ កាល​ពី​ថ្ងៃ​ទី​២៩​ខែ​តុលា​ ឆ្នាំ​២០០៤។

ក្រោយ​ការ​ឡើង​គ្រងរាជ្យ​របស់​ព្រះ​អង្គ​ ព្រះ​អង្គ​បាន​បំពេញ​ព្រះរាជ​សកម្ម​ភាព​ជាច្រើន​នៅ​ក្នុង​កិច្ចការ​មនុស្ស​ធម៌។​ ព្រះ​អង្គ​ក៏​ពុំទាន់​បាន​ធ្វើ​អ្វី​ឲ្យ​មាន​ការ​ប្រែប្រួល​ជាដុំ​កំភួន​នៅក្នុង​នយោបាយ​កម្ពុជា​ ដូច​ព្រះ​បិតា​របស់​ព្រះ​អង្គ​នោះ​ដែរ​ ដោយ​ព្រះ​អង្គ​បាន​គ្រង​រាជ្យ​ តែ​មិន​ធ្វើ​នយោបាយ ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា៕

XS
SM
MD
LG