ខណៈដែលអ្នកវិនិយោគក្នុងស្រុក ហាក់មានភាពស្ទាក់ស្ទើរក្នុងការបោះទុនវិនិយោគលើផ្នែកបច្ចេកវិទ្យា សហគ្រាសបង្កើតថ្មីឬ startup ខ្មែរមួយចំនួន បានទទួលទុនវិនិយោគផ្ទាល់ពីអ្នកវិនិយោគនៅតំបន់បច្ចេកវិទ្យា Silicon Valley របស់សហរដ្ឋអាមេរិក។ សហគ្រាសបង្កើតថ្មីទាំងនេះ រំពឹងថា ជាមួយទុនវិនិយោគពីខាងក្រៅនេះ ពួកគេ នឹងមានលទ្ធភាពពង្រីកពាណិជ្ជកម្មរបស់ខ្លួន ដើម្បីប្រកួតប្រជែងនៅក្នុងតំបន់និងនៅជុំវិញពិភពលោកថែមទៀតផង។
គេហទំព័រ «ខ្មែរឡូត» (Khmerload.com) ដែលបានបង្កើតឡើងរយៈពេលប្រាំឆ្នាំមកហើយ និងផ្ដល់ព័ត៌មានកម្សាន្តនិងសង្គមដែលទាក់ទាញអ្នកមើលច្រើនដោយការយកលំនាំតាមគេហទំព័រ Buzzfeed របស់អាមេរិក បានក្លាយជាសហគ្រាសបង្កើតថ្មីឬ startup ខ្មែរដំបូងដែលទទួលបានការវិនិយោគផ្ទាល់ពីអ្នកវិនិយោគនៅតំបន់បច្ចេកវិទ្យា Silicon Valley របស់សហរដ្ឋអាមេរិក។
ក្រុមហ៊ុននេះ បានទទួលការវិនិយោគចំនួន ២០០.០០០ ដុល្លារអាមេរិកពីក្រុមហ៊ុនវិនិយោគ 500 Startups ហើយការវិវត្តនេះ អាចជួយឲ្យមានការប្រែក្លាយនិងជំរុញវិស័យបច្ចេកវិទ្យានិងក្រុមហ៊ុន startup កាន់តែខ្លាំងនៅក្នុងប្រទេសកម្ពុជាដែលជាប្រទេសដ៏ក្រីក្របំផុតមួយនៅអាស៊ី។
លោក អ៊ិន វិចិត្រ ស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន «ខ្មែរឡូត» ថ្លែងប្រាប់ VOA ថាការវិនិយោគថ្មី នេះអាចជួយដល់អ្នកវិនិយោគបរទេសឲ្យស្គាល់ក្រុមហ៊ុន startup នៅកម្ពុជា។
«ពេលដែលខ្ញុំធ្វើផែនការដើម្បីទទួលវិនិយោគពី Silicon Valley ទឹកចិត្តខ្ញុំមួយគឺខ្ញុំចង់បង្ហាញថាកូនខ្មែរអាចធ្វើបាន អាចធ្វើឲ្យក្រុមហ៊ុន Silicon Valley ហ្នឹង អាចទុកចិត្តនៅក្រុមហ៊ុនដែលអាចបង្កើតដោយកូនខ្មែរបាន»។
ប៉ុន្តែ ការទៅរកអ្នកវិនិយោគនៅក្រៅប្រទេស មិនមែនជារឿងងាយស្រួលនោះទេសម្រាប់ក្រុមហ៊ុនថ្មីថ្មោងដែលត្រូវធានាឲ្យខ្លួនអាចដំណើរការបានផងនោះ។ មូលហេតុមួយដែលលោក អ៊ិន វិចិត្រ ទាក់ទងអ្នកវិនិយោគនៅតំបន់ Silicon Valley ក៏ដោយសារអ្នកវិនិយោគក្នុងស្រុកមើលរំលងសក្ដានុពលវិស័យបច្ចេកវិទ្យាជាងវិស័យផ្សេងទៀតដោយពួកគេជ្រើសរើសវិស័យ ដូចជាអចលនទ្រព្យ សំណង់ និងទេសចរណ៍ជាដើម ដោយសារមិនទាន់មានក្រុមហ៊ុនបច្ចេកវិទ្យាណាមួយមានជោគជ័យដូចនៅប្រទេសផ្សេង។
លោក អ៊ិន វិចិត្រថ្លែងថា៖
«គាត់អត់ដែលឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាណានៅកម្ពុជាខ្មែរណាដែលអាចរកលុយបានរាប់លានដុល្លារទៅអនាគតទេ។ គាត់អត់មានបទពិសោធន៍ហ្នឹង។ ទី២ នៅស្រុកខ្មែរគឺគ្មានក្រុមហ៊ុនវិនិយោគទុនបែបបច្ចេកវិទ្យាដែរ។ អញ្ចឹងយើងអត់អាចទៅរកខាងគាត់បានទេ។ អញ្ចឹងយើងមិនដឹងទៅនិយាយជាមួយនរណាគេ»។
នៅដើមឆ្នាំ២០១៧នេះ សហគ្រាស startup ខាងបច្ចេកវិទ្យានៅកម្ពុជា មានចំនួនជាង១២០ក្រុមហ៊ុន ដោយមានការិយាល័យធ្វើការរួមគ្នាជាង១០ កន្លែងនៅក្រុងភ្នំពេញ និងខេត្តសៀមរាប។
អ្នកជំនាញយល់ថា សក្ដានុពលរបស់ startup ខាងបច្ចេកវិទ្យាត្រូវបានរឹតត្បិតមួយផ្នែក ដោយសារកង្វះការវិនិយោគពីសហគ្រិនក្នុងស្រុក ហើយក្រុមហ៊ុនក្នុងស្រុកទាំងនេះមិនទាន់ហ៊ានប្រថុយប្រថាននឹងសមត្ថភាពស្ថាបនិកក្រុមហ៊ុន startup ដែលភាគច្រើនមានវ័យក្មេង។
លោក ជា ឡង់ដា អាយុ២៧ ឆ្នាំ ជាស្ថាបនិកនៃក្រុមហ៊ុនលក់សំបុត្រមធ្យោបាយធ្វើដំណើរតាមអ៊ីនធឺណិតឈ្មោះ BookMeBus។ ក្រុមហ៊ុននេះជាក្រុមហ៊ុន startup ខ្មែរដំបូងដែលទទួលបានការវិនិយោគពីអ្នកវិនិយោគក្នុងស្រុកនិងបរទេសកាលពីឆ្នាំ២០១៦។
លោកជា ឡង់ដា និយាយថា ៩០ភាគរយនៃក្រុមហ៊ុន startup នៅទូទាំងពិភពលោក ត្រូវបរាជ័យ ហើយតាមបទពិសោធន៍ផ្ទាល់របស់លោក តាមរយៈការវិនិយោគនេះ សហគ្រិនក្នុងស្រុកអាចជួយច្រើនដល់ក្រុមហ៊ុន startup លើសពីមូលធនទៅទៀត។
«ជាក់ស្ដែងពួកខ្ញុំផ្ទាល់ ពួកខ្ញុំអត់មានបទពិសោធន៍ច្រើនខាង business [ជំនួញ] ទេ។ background [សាវតារ] របស់ពួកខ្ញុំគឺខាង IT។ អញ្ចឹងពេលដែលយើងខ្ញុំចាប់ផ្ដើមធ្វើជំនួញ ជាពិសេសយើងត្រូវ ប្រកួតប្រជែងជាមួយនឹង startup ផ្សេងទៀតដែលនៅក្រៅស្រុក ឬក៏ ក្រុមហ៊ុនធំៗផ្សេងទៀត ដែលគាត់ធ្វើ platform booking កក់សំបុត្រឡានក្រុងដូចពួកយើងនៅក្រៅស្រុកដូចជាប្រទេសថៃនិងប្រទេសវៀតណាមហ្នឹង គឺយើងរាងពិបាកប្រកួតប្រជែងនឹងគេបន្តិច»។
ទោះបីជាបច្ចុប្បន្នមិនទាន់មានរឿងរ៉ាវជោគជ័យខ្លាំងរបស់ក្រុមហ៊ុន startupខ្មែរក្ដី ក៏មានសញ្ញាណថា អ្នកវិនិយោគក្នុងស្រុកចាប់ផ្ដើមមើលឃើញពីសក្ដានុពលនៃការវិនិយោគក្នុងstartup។
អ្នកវិនិយោគក្នុងស្រុកដំបូងគេម្នាក់ទៅលើកក្រុមហ៊ុនបច្ចេកវិទ្យា startup គឺលោក ជី សីលា ប្រធានក្រុមហ៊ុន Sabay Digital។លោកបានចាប់ផ្តើមវិនិយោគលើ startup តាំងពីឆ្នាំ២០១៤ ម្ល៉េះដោយសារលោកយល់ពីសក្ដានុពលនៃវិស័យបច្ចេកវិទ្យា ហើយក្រុមហ៊ុនលោក ក៏ធ្លាប់ជា startup មួយដែរ។
លោកអះអាងថា ពាណិជ្ជករខ្មែរមានលទ្ធភាពវិនិយោគក្នុងក្រុមហ៊ុន startupច្រើន ដោយសារក្រុមហ៊ុនប្រភេទនេះ ត្រូវការដើមទុនតិចនិងអាចទទួលបានការចំណេញមកវិញច្រើន។
លោកជី សីលា លើកឧទាហរណ៍ពីក្រុមហ៊ុន BookMeBus របស់លោក ជា ឡង់ដា ដែលលោកនិងអ្នកវិនិយោគជាច្រើន វិនិយោគក្នុងចំនួនទឹកប្រាក់ចំនួនត្រឹម ១ម៉ឺន៥ពាន់ដុល្លារអាមេរិក សម្រាប់ភាគហ៊ុនសរុប១៥ភាគរយ។
«ថ្មីៗហ្នឹងយើងបានវិនិយោគទៅលើក្រុមហ៊ុនមួយឈ្មោះ BookMeBus។ ឃើញថា តាំងពីខែ១២ ខែ១ ហ្នឹង revenue [ប្រាក់ចំណូល]គាត់ឡើងបាន១៥០%អញ្ចឹងទៅ។ អាហ្នឹងគឺវាច្រើនមែនទែនសម្រាប់ក្រុមហ៊ុនតូចមួយហ្នឹង។ សម្រាប់ខ្ញុំ ខ្ញុំយល់ថាវាជាជំហានមួយជោគជ័យហើយ វាជាBenchmark ជាឧទាហរណ៍មួយ ដើម្បីឱ្យអ្នកផ្សេងៗបានឃើញថា ការបោះទុនហ្នឹង ជួនកាលលុយតិចមែន តែវាបានមកវិញវាល្អ ឱ្យតែយើងជ្រើសរើសនូវក្រុមហ៊ុនណាដែលមានសក្ដានុពល»។
លោក ជី សីលា ជាអ្នកវិនិយោគដំណាក់កាលដំបូងមួយឬហៅថា «angel investor» ដែលមានសារៈសំខាន់ដល់ក្រុមហ៊ុន startup អាចពង្រីកខ្លួនបាន។ លោកនិងសហគ្រិនមួយចំនួនទៀតបានចងក្រងជាក្លឹបអ្នកវិនិយោគ angel investor ដំបូងមួយនៅកម្ពុជា ដែលមានឈ្មោះថា «កកូរ» ដែលពេលនេះមានសមាជិក១២នាក់។
ម៉្យាងទៀត នៅក្នុងពេលថ្មីៗ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍និងផ្ដល់សេវាអ៊ីនធឺណិតដ៏ធំបំផុតមួយនៅកម្ពុជា បានបង្កើតមូលនិធិបណ្ដាក់ទុន Digital Innovation Fund ចំនួន៥លានដុល្លារ (5m VC fund) ដែលមិនធ្លាប់មានពីមុន។
លោក ថូម៉ាស់ ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata ថ្លែងប្រាប់ VOA ថារាល់ក្រុមហ៊ុនបច្ចេកវិទ្យារួមទាំងក្រុមហ៊ុន Smart ផងធ្លាប់ជាក្រុមហ៊ុន startup ហើយលោកចង់ឃើញវិស័យវិនិយោគ startup នៅកម្ពុជាតាមរយៈមូលនិធិបណ្ដាក់ទុនថ្មីនេះមានលក្ខណៈវិជ្ជាជីវៈដូចនៅប្រទេសដទៃ។
«យើងមិនចង់ត្រឹមតែផ្ដល់ថវិកានោះទេ។ យើងចង់ធ្វើឲ្យប្រាកដថាពួកគេចាប់ផ្ដើមជាមួយផែនការពាណិជ្ជកម្មមួយដ៏ត្រឹមត្រូវ ជាមួយការសិក្សាមួយ ឲ្យបានជាក់លាក់ ហើយជាមួយនឹងគម្រោងថវិកាមួយឲ្យបានត្រឹមត្រូវជាដើម។ ខ្ញុំចង់មានន័យថាគម្រោងក្រុមហ៊ុនមួយប្រកបដោយវិជ្ជាជីវៈ។ ការបណ្ដាក់ទុនលើកទី១នេះ នឹងចាប់ផ្ដើមនាខែមេសា។ គម្រោងនេះទើបតែប្រកាសនាថ្ងៃទី២៨ខែមីនាកន្លងទៅ ហើយខ្ញុំជឿជាក់ថា វានឹងជួយឲ្យបរិយាកាសវិនិយោគលើសហគ្រាសបង្កើតថ្មីនៅកម្ពុជាមានការផ្លាស់ប្ដូរជាដុំកំភួន»។
កាលពីខែកុម្ភៈ ក្រុមហ៊ុន Smart ក៏បានបង្កើតកម្មវិធីមួយទៀតឈ្មោះ StartSmart ដែលជាកម្មវិធីជួយនិស្សិតបណ្ដុះគំនិតខាងសហគ្រិនភាពបច្ចេកវិទ្យាតាំងពីមុនការបង្កើតក្រុមហ៊ុនម្ល៉េះ។
លោក ស្ទីវិន ផាត (Steven Path) ប្រធានសហព័ន្ធ ICT កម្ពុជា ដែលតំណាងឲ្យវិស័យឯកជនខាងបច្ចេកវិទ្យា លើកទឹកចិត្តចំពោះនិន្នាការថ្មីនៃការវិនិយោគលើក្រុមហ៊ុន startup ខ្មែរ ទោះបីការវិនិយោគនេះភាគច្រើនចេញពីអ្នកវិនិយោគពីក្រៅប្រទេសក្ដី។
លោកក៏យល់ស្របដែរថា អ្នកវិនិយោគខ្មែរ នឹងកាន់តែមានទំនុកចិត្ត នៅពេលមានក្រុមហ៊ុនខ្មែរ ដែលទទួលជោគជ័យខ្លាំង ក្រោយពីបានទទួលការវិនិយោគពីអ្នកវិនិយោគក្នុងស្រុកនិងក្រៅស្រុក។
«បច្ចេកវិទ្យាICT គឺវាថ្មីថ្មោងសម្រាប់ប្រទេសនេះ ម្ល៉ោះហើយ វិនិយោគិន ត្រូវការ ការសិក្សាខ្លះនឹងប្រហែលជាការបង្ហាញពីភាពជោគជ័យខ្លះៗផងដែរ មុនពេលដែលវិនិយោគិនក្នុងស្រុកអោបក្រសោបមែនទែននោះ។ ក៏ប៉ុន្តែ ពេលនេះ វាភាគច្រើនគឺជាការបណ្ដាក់ទុនពីបរទេស ហើយវាកំពុងតែកើតឡើងហើយ។ ដូចយើងឃើញស្រាប់ហើយ មូលនិធិបច្ចេកវិទ្យានានាបានចាប់ផ្ដើមដំណើរការជាមួយការបណ្ដាក់ទុនពីបរទេសដើម្បីជួយផ្ដល់នូវទុកចិត្តក្នុងការអនុវត្តគំនិតទាំងនេះ»។
ទាំងក្រុមហ៊ុន Khmerload ដែលមានអាយុ៥ឆ្នាំ និងក្រុមហ៊ុន BookMeBus ដែលមានអាយុ២ឆ្នាំ ទោះបីមានតម្លៃវិនិយោគ រៀងខ្លួនជាង១លាន ដុល្លារក្ដី មិនទាន់បានបង្ហាញពីជោគជ័យធំពិតប្រាកដដូចដែលគេឃើញមាននៅប្រទេសផ្សេងទៀតទេ។
ប៉ុន្តែ ពួកគេសង្ឃឹមថា ភាពជោគជ័យកន្លងមករបស់ពួកគេ អាចជួយជំរុញអ្នកវិនិយោគក្នុងស្រុក ដែលមិនធ្លាប់វិនិយោគក្នុងវិស័យបច្ចេកវិទ្យាឲ្យឃើញកាន់តែខ្លាំងពីសក្ដានុពលក្រុមហ៊ុនបច្ចេកវិទ្យាខ្មែរ ដោយមិនព្យាយាមក្ដោបក្ដាប់ក្រុមហ៊ុនថ្មីថ្មោងទាំងនោះ។
បើទោះជា មានការវិនិយោគទុនក្នុងវិស័យបច្ចេកវិទ្យា ឬ Tech Startups នៅកម្ពុជាក៏ដោយ ក៏ការអប់រំក្នុងវិស័យបច្ចេកវិទ្យា ដែលគេដឹងថាត្រូវការថវិកាដ៏ច្រើននេះ នៅមានកម្រិតនៅឡើយ៕