ក្រសួង​ព័ត៌មាន​​ដក​អាជ្ញា​បណ្ណ​ព័ត៌មាន​របស់​លោក ផែង វណ្ណៈ ដែល​វាយ​ប្រហារ​​រឿង​​វាយ​លោក​នេន​នឹង​រំពាត់

រូបភាពបង្ហាញគេហទំព័រដើមរបស់សារ​ព័ត៌មាន​របស់​លោក ផែង វណ្ណៈ ដែលត្រូវបានក្រសួង​ព័ត៌មាន​បាន​សម្រេច​លុប​អាជ្ញា​បណ្ណ​ចោល បន្ទាប់ពីលោក​បានវាយ​ប្រហារ​ខ្លាំង​ៗ​ទៅ​លើ​ព្រះចៅ​អធិការ​វត្ត​មួយ​អង្គ​ក្នុង​ខេត្ត​សៀមរាប​ ដែល​ដាក់ពិន័យ​វាយ​លោក​នេន​ ៣ ​អង្គ​នឹង​រំពាត់។

ក្រសួង​ព័ត៌មាន​បាន​សម្រេច​លុប​ចោល​អាជ្ញា​បណ្ណ​សារ​ព័ត៌មាន​របស់​លោក ផែង វណ្ណៈ ដែល​តែង​ប្រើ​ប្រាស់​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុកនិយាយ​អំពី​បញ្ហា​សង្គម ក្រោយ​លោក​បានវាយ​ប្រហារ​ខ្លាំង​ៗ​ ទៅ​លើ​ព្រះចៅ​អធិការ​វត្ត​មួយ​អង្គ​ក្នុង​ខេត្ត​សៀមរាប ​ដែល​ដាក់ពិន័យ​វាយ​លោក​នេន​៣​អង្គ​នឹង​រំពាត់។

វីដេអូ​នៃ​ការ​ដាក់​ទណ្ឌកម្មជា​ការ​វាយចំនួន​ ៥០ ​រំពាត់​ លើ​លោក​នេន ​៣ ​អង្គ​ ដែល​គង់​នៅ​វត្ត​រាជ​បូណ៌​ក្នុង​ខេត្ត​សៀមរាប ត្រូវ​បាន​ចែក​រំលែក​នៅ​ថ្ងៃ​ទី​ ១៤ ខែ​មីនា។ វីដេអូ​នេះ​ត្រូវ​បាន​លោក ផែង វណ្ណៈ ដែល​តែង​តែ​រៀបរាប់​បញ្ហា​សង្គម​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក ជាមួយ​ការ​បញ្ចេញ​មតិ​របស់​លោក យក​មក​វាយ​ប្រហារ​ខ្លាំង​ៗ រហូត​ដល់​ប្រើ​ពាក្យ​ពេចន៍​មួយ​ចំនួន ដែល​ត្រូវ​បាន​រិះគន់​ថា ​«ប្រមាថ» ​លើ​ព្រះ​ចៅ​អធិការ​វត្ត និង ​«អសីលធម៌»។

នៅ​ក្នុង​ប្រកាស​មួយ​ចុះ​ថ្ងៃ​ទី​១៨ ខែ​មីនា ​លោក ខៀវ កាញារីទ្ធ​ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​បាន​ប្រកាសលុប​ចោល​អាជ្ញា​បណ្ណ​ដែលទទួល​បាន​ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៨​ របស់​លោក ផែង វណ្ណៈ ដែល​ជា​អតីត​មន្រ្តី​យោធា​ម្នាក់​នៃ​ក្រសួង​ការពារ​ជាតិ​។

ការ​លុប​ចោល​អាជ្ញា​បណ្ណ ដែលមាន​គេហទំព័រ ​www.phengvannaknews.com ដោយ​ក្រសួង​អះ​អាង​ថា ​ម្ចាស់​សារព័ត៌មាន​នេះ​បាន​ «ជេរ​ប្រមាថ​ចំពោះព្រះសង្ឃ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​លើ​វិស័យ​ព្រះ​ពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ ដែល​ជាការ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​លើ​វិជ្ជាជីវៈ និង​កិច្ច​សន្យា​អាជីវកម្ម​ ដែលសាមី​ខ្លួន​បាន​តម្កល់​ទុក​នៅ​ក្រសួង​ព័ត៌មាន»។

មុន​នឹង​មាន​ចំណាត់​ការ​ដក​អាជ្ញា​បណ្ណពី​ក្រសួង​ព័ត៌​មាន គណៈ​សង្ឃ​នាយកនៃសាលា​គណ​ខេត្ត​សៀម​រាប បាន​ស្នើ​ឲ្យ​សម្តេចព្រះ​សង្ឃ​នាយក​កម្ពុជា នន្ទ ង៉ែត ថ្កោល​ទោស​លោក ផែង វណ្ណៈ ដោយ​ថា​ លោក​បាន​ប្រមាថ​សមាជិក​ថេរ​សភា​សង្ឃ​ខេត្ត​និង​មន្រ្តី​រដ្ឋបាល​ខេត្ត​សៀម​រាប​។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ ចុះ​ថ្ងៃ​ទី​១៧ ខែ​មីនា គណៈ​សង្ឃ​បញ្ជាក់​ថា ​ក្រុម​ការងារពាក់ព័ន្ធ​បាន​ចុះ​ទៅ​ស្រាវ​ជ្រាវ​នៅ​វត្តរាជ​បូណ៌ក្នុង​ខេត្ត​សៀមរាប ហើយ​យល់​ថា ការ​វាយ​នឹង​រំពត់​នោះ «មាន​គោល​បំណង​សុចរិត​ធ្វើ​ឡើង​ ដោយ​គ្រាន់​តែ​ជា​ការ​ប្រៀន​ប្រដៅ​ទៅ​តាម​បទ​បញ្ញត្តិ​នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​វត្ត​តែ​ប៉ុណ្ណោះ​»។ គណៈ​សង្ឃ​បន្ថែម​ថា ​ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​សោក​ស្តាយ​បំផុត គឺ​បុគ្គល​ឈ្មោះ​ ផែង វណ្ណៈ បាន​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​សង្គម​វាយ​ប្រហារ​ថា​ «​ប្រសិន​បើ​វាយ​កូន​ខ្ញុំ​បែប​នេះ ខ្ញុំ​អត់​ទៅ​ប្តឹង​ទេ ខ្ញុំ​ទៅ​បាញ់​ចោល​តែ​ម្តង​ចំពោះ​អ្នក​ប្រព្រឹត្ត​»។

គណៈ​សង្ឃ​ឲ្យ​ដឹង​ទៀត​ថា​៖ «មិន​ត្រឹម​តែ​ប៉ុណ្ណោះ បុគ្គល​រូប​នេះ​មាន​ការ​ជេរ​ប្រមាថ​មើលងាយ​ដល់​មន្រ្តី​រាជការ​អាជ្ញាធរ​ខេត្ត​សៀម​រាបយ៉ាង​ធ្ងន់​ធ្ងរ​ថែម​ទៀត​ផង ដោយ​ពោល​ពាក្យ​ថា ​ចង់​យក​ផ្តៅ​វាយ​ក្បាល​ម្នាក់​បី​ផ្តៅ​ទៀត​ផង»។

ក្រោយ​មាន​ការ​រិះគន់​ជា​បន្ត​បន្ទាប់លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក លោក ផែង វណ្ណៈ បាន​បង្ហាះ​លិខិត​សុំ​ទោស​មួយច្បាប់​នៅ​លើ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​ដែល​មាន​អ្នក​ចុច​l ikes ជាង​ ៥៧​ ម៉ឺន​នាក់​។ លោក​លើក​ឡើង​ថា លោក​បាន​ទទួល​វីដេអូនៃ​ការ​វាយលោក​នេន និង​រូប​ថត​ស្នាម​របួស ពី​ប្រជា​ពលរដ្ឋ​ម្នាក់​ កាល​ពី​ថ្ងៃ​ទី​ ១៤​ ​ខែមីនា ហើយ​លោក​បាន​ផ្សាយ​វាយ​ប្រហារ​ការ​ដាក់​ទណ្ឌ​កម្ម​នេះ​។

លោក ​ផែង វណ្ណៈ ​ពន្យល់​ថា​ការ​ផ្សាយ​នោះ ដោយ​សារ​លោក​មាន​ «ចិត្ត​អាណិត​អាសូរ»​ ដល់ជន​រង​គ្រោះ ប៉ុន្តែ​លោក​ថា​ លោក ​«​មិន​បាន​យល់​ដឹង​ពី​វិន័យ​ផ្ទៃ​ក្នុង​របស់​ព្រះ​សង្ឃ» ដែល​តម្រូវ​ឲ្យ​អប់រំ​ដោយ​វាយ​នឹង​រំពាត់​។

នៅ​ក្នុង​លិខិត​សុំ​ទោស​នោះ លោក ផែង វណ្ណៈ​ ឲ្យ​ដឹង​ទៀត​ថា​ លោក​បាន​រិះគន់​ខ្លាំងៗ​ទៅ​លើ​មន្រ្តី​មួយ​ចំនួន​ដែល​ចុះ​ទៅ​សម្រប​សម្រួលនិងព្រះ​ចៅ​អធិ​ការ​វត្ត រហូត​ប្រើ​ «ពាក្យ​ប្រមាថ​ធ្ងន់​ធ្ងរ» ទៅ​លើ​បុគ្គល​សង្ឃ​អង្គ​នោះ។

លោក ផែង វណ្ណៈ បញ្ជាក់​ថា៖ «ការ​រិះគន់​និង​ប្រមាថ​ទៅ​លើ​បុគ្គល​សង្ឃ​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​នោះ ខ្ញុំ​បាទ​មិន​មាន​ចេតនា​ប្រមាថ​ព្រះ​សង្ឃ​គ្រប់​អង្គ​ទូ​ទាំង​ប្រទេស ​ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះ​ពុទ្ធសាសនា​ទេ ដោយ​គ្រាន់​តែ​ចង់​បាន​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​តែ​ប៉ុណ្ណោះ»។

នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​ហ្វេសប៊ុក​របស់​លោក​ផ្ទាល់​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​ ១៨ ខែ​មីនា លោក ផែង វណ្ណៈ ថ្លែង​ថា លោក​ទទួល​យក​នូវ​ការ​សម្រេច​របស់​ក្រសួង​ព័ត៌​មាន​ក្នុង​ការ​ដក​អាជ្ញាបណ្ណ​សារព័ត៌មាន​របស់​លោក ជា​ចំណាត់​ការ​ «​ដ៏ត្រឹម​ត្រូវ»​។

លោក​មាន​ប្រសាសន៍​ថា​៖ «ដោយ​ខ្ញុំ​ទទួល​ស្គាល់​ថា​អ្វី​ដែលក្រសួង​បាន​សម្រេចលុប​អាជ្ញា​បណ្ណ​នេះ គឺ​ជា​រឿងត្រឹម​ត្រូវ។ ដោយ​សារ​ខ្ញុំ​បាន​និយាយ​ខុស និយាយ​លើសទៅ​អ្វី​ដែល​បាន​សន្យានៅ​ក្នុង​ពេល​ដែល​យើង​ស្នើ​សុំបង្កើត​គេហ​ទំព័រ»។

លោក​បន្ថែម​ថា​ លោក​ទទួល​កំហុស ហើយប្រុង​ប្រយ័ត្ន​ក្នុង​ការ​និយាយស្តី​នៅ​ពេល​ក្រោយ​ទៀត។

លោក​បញ្ជាក់​បន្ថែម​ថា៖ «អញ្ចឹង​យើ​ង​និយាយ​លើស កាល​ណា​និយាយ​លើស​វាប៉ះពាល់ដល់​សាសនា​ដល់​ព្រះ​សង្ឃអីចឹង អញ្ចឹង​ក្រសួង​ចាត់​វិធានការ​គឺ​លុប​អាជ្ញា​បណ្ណ។ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ ទាំង​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត ក៏​ដូច​ជា​ព្រះ​មេគណ​ខេត្ត​សៀម​រាប នឹង​យោគ​យល់ អត់​ឱន​ដល់​ខ្ញុំ​បាទ ហើយ​ខ្ញុំ​បាទ​សូម​សន្យា​ថា​ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ នឹង​មិន​និយាយ​អ្វី​ឲ្យ​ប៉ះពាល់ទៅ​ដល់​ព្រះ​សង្ឃត​ទៅ​ទៀត​ឡើយ»។

ព្រះ​ចៅ​អធិការ​វត្ត​រាជ​បូណ៌ ព្រះ​អង្គ ពិន សែម ព្រះ​ជន្ម​ ៨១​ វស្សា និង​បានបួស​ជា​ព្រះ​សង្ឃ​ជិត ​៦០ ឆ្នាំ​មក​ហើយ​ មានសង្ឃដីកា​ថា​ លោក​នេន​ទាំង​ ៣ ​អង្គ​ ដែល​រង​ទណ្ឌកម្មនៃ​ការ​វាយ​នឹង​រំពាត់​ម្នាក់​ ៥០ ​រំពាត់​នោះ បាន​ប្រព្រឹត្ត​ «ខុស​ច្រើន​ដង» ដែល​ព្រះ​អង្គ​សុំ​មិន​បង្ហាញ​ទោស​កំហុស​ទាំង​នោះ។ ព្រះ​អង្គ​ចាត់​ទុក​កំហុស​របស់​កូន​នេន​ «ជា​ការ​រឹងត្អឹង​» ហើយ​ការ​វាយ​នឹង​រំពាត់​នោះ ជំនួស​ឲ្យ​ការ​មិន​បណ្តេញ​ចេញ​ពី​វត្ត ដែល​មាន​សង្ឃ​ប្រមាណ ​១៤០ ​អង្គ​គង់​នៅ​រហូត​មក​ដល់​ពេល​នេះ​។

ព្រះ​អង្គ​មាន​សង្ឃ​ដីកាប្រាប់ ​VOA​ នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖ «បើ​សិន​ណា​ជា​លោក​អត់​មក អាត្មា​ត្រូវ​ឲ្យ​លោក​ចេញ​ពី​វត្ត​ហ្នឹង។ ហើយ​ដល់​តែ​លោក​មក គ្រាន់​តែ​ទូន្មាន ដក​អា​រឹង​ត្អឹង​ហ្នឹង​បន្តិច»។

ព្រះ​អង្គ​បន្ថែមថា​ បើ​សិន​ព្រះ​អង្គ​សម្រេច​ដេញ​កូន​នេន​ចេញ​ពី​វត្ត នោះ «ដូច​ជា​ធ្ងន់​ពេក»។ ព្រះ​អង្គ​បញ្ជាក់​ថា ការ​វាយកំប៉េះ​គូទ​នឹង​រំពាត់ មិន​មែន​ប្រើ​ទៅ​ «តាម​កំហឹង​ចិត្ត»​ នោះ​ទេ ហើយព្រះ​ពុទ្ធ​ចាត់​ទុក​ថា ​នេះ​ជា​ការ​ទូន្មាន​មួយ បើ​ទោះ​សព្វ​ថ្ងៃ​មាន​ការ​យល់​ឃើញ​ថា​ជា​ «​ហិង្សា» ក៏​ដោយ។

​ព្រះ​ចៅ​អធិការ​វត្ត​បញ្ជាក់​ថា៖ «បាន​ថា ​អាត្មា​ថា​ គេ​ជេរ​ការ​ស្តី ការ​វ៉ៃ​នេះ​ជា​ការ​ដាស់​តឿន​ក្រើន​រំឭក​ទេ ទូន្មាន​ទេ ឲ្យ​រាងចាល ឲ្យ​ឈប់»។

លោក អ៊ិត សូធឿត នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យ​មាន​ប្រសាសន៍​ថា ​ការ​ដក​អាជ្ញា​បណ្ណ​សារព័ត៌មាន​ «​ងាយ​ស្រួល​បែប​នេះ» ជា​ការ​គំរាម​កំហែង​មួយ​ដល់​សារព័ត៌មាន​ផ្សេង​ទៀត។ លោក​បន្ថែម​ថា​ ដើម្បីធានា​សេរីភាព​សារព័ត៌មាន​មិន​គួរ​ចាត់​វិធាន​ការ​ដល់​ថ្នាក់​ដក​អាជ្ញា​បណ្ណ​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «ព្រោះ​ថា​ការ​ដក​អាជ្ញា​បណ្ណ​សារ​ព័ត៌មាន​នេះ វា​អាច​ទៅ​ជា​ការ​គំរាម​កំហែង ​ក៏ដូច​ជា​ដាក់​សម្ពាធ​ផ្លូវ​ចិត្ត​ទៅ​លើ​អ្នក​សារ​ព័ត៌មាន​ផ្សេង​ទៀត ក៏​ដូច​ជា​ស្ថាប័ន​សារព័ត៌មាន​ផ្សេង​ទៀតក្នុង​ការ​រិះគន់ ក៏ដូច​ជា​បង្ហាញ​ចំណុច​ខ្សោយ​របស់​រដ្ឋាភិបាល នៅ​ពេល​ដែលការ​ដក​អាជ្ញា​បណ្ណ​នេះ វា​កើត​ឡើង​ដោយ​ងាយ​ស្រួល​បែប​នេះ»។

លោក អ៊ិត សូធឿត​ បន្ថែម​ថា​ក្រសួង​ព័ត៌មានគួរ​បង្កើត​វគ្គបណ្តុះ​បណ្តាល​ឲ្យ​កាន់​តែ​ច្រើន​ដល់​អ្នក​សារព័ត៌មាន​ ដែល​ក្រសួង​មើល​ឃើញ​ថានៅ​មាន​ភាព​ខ្វះ​ខាតផ្នែកក្រម​សីលធម៌៕