នៅក្នុងប្រទេសកម្ពុជា បញ្ហាសិទ្ធិដីធ្លីគឺជាប្រភពមួយនៃភាពតានតឹងឥតឈប់ឈរ។ ទំនប់វារីអគ្គិសនីធំជាងគេបង្អស់នៅក្នុងប្រទេសនេះ គ្រោងនឹងដំណើរការក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ខាងមុខនេះ ដែលអាចបន្ថែមថាមពលអគ្គិសនី ៤០០ មេហ្កាវ៉ាត់ទៀត ទៅលើបណ្តាញអគ្គិសនីដែលទន់ខ្សោយខ្លាំងនៅកម្ពុជា។
ប៉ុន្តែ ផលប៉ះពាល់ខាងសង្គម និងបរិស្ថាននៃគម្រោងនេះ គឺមានទំហំធំ ជាពិសេសសម្រាប់អ្នកភូមិជនជាតិដើមភាគតិច ដែលប្រឈមនឹងការផ្លាស់ប្ដូរទីលំនៅ។ នៅក្នុងខេត្តស្ទឹងត្រែង សមាជិកមួយចំនួននៃក្រុមជនជាតិដើមភាគតិចមួយកំពុងប្រកាន់ជំហរប្រឆាំងនឹងការសាងសង់ទំនប់វារីអគ្គិសនីនេះ។
ការបូជាសត្វជ្រូកនេះ ប្រហែលជាការបូជាចុងក្រោយរបស់សហគមន៍ជនជាតិភាគតិចពូនងនៅក្នុងទឹកដីបុរមបុរាណរបស់ពួកគេ ដែលស្ថិតនៅតាមដៃទន្លេមេគង្គ។
កម្រិតទឹកកើនឡើង ពីក្រោយទំនប់វារីអគ្គិសនី ដែលមានថាមពល៤០០ មេហ្កាវ៉ាត់ អាចជន់លិចភូមិក្បាលរមាស និងអារុក្ខអារក្ខអ្នកតារបស់សហគមន៍នេះ។
រដ្ឋាភិបាលបញ្ជាឲ្យសហគមន៍ពូនងផ្លាស់ទីលំនៅ ហើយសមាជិកភាគច្រើនទទួលយកសំណង តែពលរដ្ឋជាង៥០គ្រួសារ សម្រេចចិត្តបន្តរស់នៅក្នុងភូមិនេះ និងការពារទឹកដីដ៏ស័ក្តិសិទ្ធរបស់ពួកគេ។
លោក យុន ឡូរ៉ង់ ប្រធានអ្នកសម្របសម្រួលនៃអង្គការសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា
«បើសិនជារដ្ឋាភិបាលមិនឆ្លើយតបទេ នោះយើងនឹងបន្តតស៊ូ ទាមទារឲ្យពួកគេឆ្លើយតបនឹងអ្វីដែលពួកគេរំលោភបំពាន និងបំផ្លាញទឹកដី ជីវិត សម្បត្តិធម្មជាតិរបស់យើង។ គឺគ្រប់យ៉ាងទាំងអស់»។
លោក ឡូរ៉ង់ ជាសកម្មជនម្នាក់ ដែលបានប្រមូលផ្តុំសហគមន៍ឲ្យបដិសេធមិនយកសំណង ហើយតវ៉ាប្រឆាំងវិញ។
សម្រាប់សកម្មជនទាំងនេះ ដូចលោក ឡូរ៉ង់ ការផ្លាស់ទីនេះគឺជាទីបញ្ចប់នៃជីវភាពរស់នៅបែបប្រពៃណីនៅលើទឹកដីរបស់ពួកគេ។
ប៉ុន្តែ ការលើកឡើងមួយ ថា បរិមាណទឹកចំនួន១,៨លានម៉ែត្រគីប ត្រូវបានស្តុកទុកនៅពីក្រោយទំនប់វារីអគ្គិសនីដ៏ធំជាងគេមួយរបស់កម្ពុជា។
គម្រោងក្នុងទឹកប្រាក់ជាង៨០០លានដុល្លារនេះ នឹងផ្តល់ថាមពលដល់ខេត្តចំនួនប្រាំហើយគាំទ្រដោយក្រុមហ៊ុននៅចិន និងវៀតណាម និងសេដ្ឋីខ្មែរមួយរូបផងដែរ។
ប៉ុន្តែ ជនជាតិពូនងនៅសេសសល់ក្នុងភូមិរមាសនេះ ឲ្យតម្លៃលើជីវិតរស់នៅដោយមិនពឹងផ្អែកលើអគ្គិសនី។
ពួកគេរីករាយនឹងមិនទទួលយកប្រយោជន៍ដែលទទួលបានពីការផ្លាស់ទីលំនៅ ឲ្យតែពួកគេរួចផុតពីប្រព័ន្ធមួយដែលពួកគេយល់ថា នឹងធ្វើឲ្យជីវិតពួកគេកាន់តែដុនដាប។
អ្នកស្រី ស្រាង ឡាង ជនជាតិភាគតិចពូនង នៅភូមិក្បាលរមាស៖
«ព្រោះខ្ញុំនឹកឃើញថា សោកស្តាយណាស់ ដែលខ្ញុំលះបង់ចោលពីទឹកដីកំណើត។ ពួកខ្ញុំមិនព្រមលះបង់ចោលទេ។ សុខចិត្តស៊ូនៅលើដីកំណើតរបស់ខ្ញុំ។ ខ្ញុំប្តេជ្ញាចិត្តរបស់ខ្ញុំរាល់ថ្ងៃនេះ ទោះបីជាគេសាងសង់ផ្ទះល្អ សំណងប៉ុណ្ណា ក៏ខ្ញុំមិនទទួលយកទាំងអស់។ ទៅដីថ្មី ខ្ញុំមិនទទួលយកទេ»។
ពលរដ្ឋរាប់ពាន់គ្រួសារ បានយល់ព្រមផ្លាស់ទីលំនៅ ហើយអ្នកខ្លះរីករាយនឹងផ្លាស់ទី ដូចលោក សា ផន ជាដើម។
លោក សា ផន ជនជាតិភាគតិចពូនង នៅភូមិក្បាលរមាស៖
«វាខុសគ្នា អាផ្លូវថ្នល់ វាមាន ហើយផ្លូវវាជិត។ ពីមុន ដឹកវាអត់បាន។ នៅឯណោះ មិនបានដឹកឯណា។ ឡានគេមកជួលដល់ផ្ទះ ចង់បានអី គេមកជួលដល់ផ្ទះ។ ត្រូវការស្អី គេមកជួលដល់ផ្ទះខ្ញុំ»។
តែ អ្នកភូមិផ្សេងទៀតនិយាយខុសពីនេះ។ ពួកគេថា ដីកសិកម្មដែលផ្តល់ឲ្យពួកគេ គ្មានគុណភាព ហើយឱកាសសេដ្ឋកិច្ចក៏តិចតួច។ អ្នកផ្សេង សម្គាល់ឃើញ វត្តមានកម្លាំងយោធា តាមដានសកម្មភាពរបស់ពួកគេ។
ក៏ប៉ុន្តែ អ្នកភូមិទាំងនេះ មិនចង់និយាយនៅមុខកាមេរ៉ាទេ៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត