ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​បញ្ចប់​ការ​នាំចេញ​ខ្សាច់​ពី​ខេត្ត​កោះកុង​ទៅបរទេស​ ក្រោយ​ពី​មាន​ការ​តវ៉ា


រូបឯកសារ៖ រូបថត​បង្ហាញ​ពី​កន្លែង​បូម​ខ្សាច់​មួយ​ខាង​ក្រៅ​ខេត្ត​កោះកុង ប្រទេស​កម្ពុជា។

បញ្ហា​ចម្រូងចម្រាស​ទាក់​ទិន​​ទិន្នន័យ​នៃ​ការ​នាំចេញ​ខ្សាច់​ពី​កម្ពុជា​ទៅ​សិង្ហបុរី​ ​ដែល​ល្អៀង​ទឹក​ប្រាក់​ប្រមាណ​ជា​៧៤៧​លាន​ដុល្លារក៏បាន​កើត​ឡើង​ តែទិន្នន័យ​នេះ​ មិន​ត្រូវ​បាន​ក្រសួង​រ៉ែ ​និង​ថាមពល​ទទួលស្គាល់​នោះឡើយកាលពី​ឆ្នាំ​២០១៦។​

រដ្ឋាភិបាល​បាន​សម្រេច​បញ្ឈប់​ការ​នាំ​ខ្សាច់​សំណង់​គ្រប់​ប្រភេទ​ និងខ្សាច់​ល្បាយ​ភក់​ ពី​ខេត្ត​កោះកុង​ចេញ​ទៅ​ក្រៅ​ប្រទេស។​ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រ៉ែ និង​ថាមពល​ដែល​ VOA ​ទទួលបាន​នៅថ្ងៃ​អង្គារនេះ។​

ក្រុម​អ្នកការពារ​បរិស្ថាន​សាទរ​ ចំពោះ​វិធានការ​យ៉ាង​តក់​ក្រហល់​របស់​រដ្ឋាភិបាល​មួយ​នេះ​ តែ​ពួក​គេ​នៅ​តែ​ទទូច​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ផ្តល់​របាយការណ៍​លម្អិត​ ពាក់ព័ន្ធ​នឹង​អាជីវកម្ម​បូម​ខ្សាច់​ ដែល​តែងតែ​រង​ការរិះគន់​ពី​ប្រជាពល​រដ្ឋ​នៅ​តាម​ភូមិ​ឃុំ​ជា​ច្រើន​នៅ​ខេត្ត​កោះកុង។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រ៉ែ និង​ថាមពល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​រ៉ែ​ និង​ថាមពល​ លោក​ស៊ុយ សែម​កាលពី​ថ្ងៃ​ច័ន្ទបាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«បញ្ឈប់​ជា​ស្ថាពរ​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្មនាំ​ខ្សាច់​ សំណង់​គ្រប់​ប្រភេទ​ និង​ខ្សាច់​ល្បាយ​ភក់​ នៅ​ខេត្ត​កោះកុង​ ចេញ​ទៅ​ក្រៅ​ប្រទេស»។​

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ត​ថា​ នាយក​ខុទ្ទកាល័យ​ អគ្គនាយក​នៃអគ្គនាយកដ្ឋាន​កិច្ច​ការ​ទូទៅ​ អគ្គនាយកដ្ឋានរ៉ែ​ អគ្គាធិការ​ ប្រធាន​នាយកដ្ឋាន​នៃ​អគ្គនាយក​ដ្ឋាន​ធនធាន​រ៉ែ​ ប្រធានមន្ទីរ​រ៉ែ​ និង​ថាមពល​ ខេត្តកោះកុង​ ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ប្រកាស​នេះ​ តាម​ភារកិច្ច​រៀងៗ​ខ្លួន​ ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថ​លេខា​តទៅ។​ ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នោះ​ លោក​ស៊ុយ សែម​ មិនបាន​ផ្តល់​មូលហេតុ​នៃ​បញ្ឈប់​ការ​នាំ​ចេញ​ខ្សាច់​ពី​ខេត្ត​កោះកុង​ ទៅ​ក្រៅ​ប្រទេស​នោះ​ទេ។​

លោក​ ​ម៉េង ស័ក្តធារ៉ា​ អ្នកនាំពាក្យ​ នៃ​ក្រសួង​រ៉ែ​ និង​ថាមពល មាន​ប្រសាសន៍​ប្រាប់​ VOA​ នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ថា​ ការ​បញ្ឈប់​សកម្មភាពនាំចេញ​ខ្សាច់​ពី​ខេត្ត​កោះកុង​ គឺជា​កិច្ច​ការបន្ត​ពីការ​ផ្អាក​ជាបណ្តោះ​អាសន្ន​នៃ​ការ​នាំចេញ​ខ្សាច់​ កាលពីឆ្នាំ​ ២០១៦។​ លោក​ថា​ ការ​បញ្ឈប់​សកម្មភាព​នាំ​ចេញ​ខ្សាច់​នេះ​ ​ធ្វើ​ឡើង​ដោយ​យោង​ទៅ​លើ​ការ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ រួម​មាន​កត្តា​ជលសាស្ត្រ​ អេកូឡូស៊ី​ សេដ្ឋកិច្ច​ និង​សង្គមកិច្ច។ ​

លោក​ ​ម៉េង ស័ក្តធារ៉ា​ បន្ថែម​ថា៖

«នៅ​ក្នុង​ពេល​ដែល​ផ្អាក​ជា​បណ្តោះ​អាសន្ន​ហ្នឹង​ ក្រសួង​បាន​រៀបចំ​នូវ​ក្រុម​ ជំនាញ​បច្ចេកទេស​មួយ​ ដែល​ធ្វើការ​ ពិនិត្យ​វាយ​តម្លៃ​ឡើង​វិញ​ ទៅលើ​ផល​ប៉ះពាល់ផ្សេងៗ​ ពី​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ នៅតាម​បណ្តាស្ទឹង​ធំៗ​ នៅខេត្ត​កោះកុង​ហ្នឹង​ ជាពិសេស​ទៅ​ទិដ្ឋភាព​បួន​ ទិដ្ឋភាព​ជល​សាស្ត្រ​ ទិដ្ឋភាព​អេកូឡូស៊ី​ ទិដ្ឋ​ភាព​សេដ្ឋកិច្ច​ និង​ទិដ្ឋភាព​សង្គម​ ដើម្បី​ឆ្លើយ​តបទៅនឹង​ បណ្តា​កង្វល់​ និង​ការ​លើក​ឡើង​របស់​សកម្មជន​បរិស្ថាន​ អង្គការ​សង្គមស៊ីវិល​ និង​សហគមន៍​មូលដ្ឋាន​ទាំងអស់​ហ្នឹង»។​

កញ្ញា ​លីម គីមស័រ​ អ្នក​សម្របសម្រួល​ចលនា​ស្ត្រី​ នៃ​ចលនា​មាតា​ធម្មជាតិ​ ឬ​អង្គការ​មាតា​ធម្មជាតិ​ ថ្លែង​ប្រាប់​VOA ​នៅថ្ងៃ​អង្គារ​នេះ​ថា​ ​ការ​បញ្ឈប់​ការ​នាំចេញ​ខ្សាច់​នេះ​ បាន​ធ្វើ​ឡើង​ក្រោយ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងឃុំ​មួយ​ចំនួន​នៃ​ខេត្ត​កោះកុង​ ដែល​មាន​សកម្មភាព​បូម​ខ្សាច់​។

«ការណ៍​ដែល​គាត់​បូមខ្សាច់​ល្បាយ​ បូមខ្សាច់​ពួកហ្នឹង​ ​វាធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាជន​ ហើយ​តំបន់​ដែល​គាត់​បូមហ្នឹង​ សុទ្ធ​តែ​ជា​តំបន់​ទេសចរណ៍​ទាំងអស់​ ហើយប្រជាជន​គាត់​ព្យាយាម​តស៊ូ​មតិ​ តស៊ូ​ហើយ​ តស៊ូទៀត​ ដល់​ចុងក្រោយ​ហ្នឹង​ ប្រជាជន​គាត់​នៅ​តែ​អត់​ព្រម​ឈប់​ ​ហើយ​ក៏គាត់​មាន ចេះតែ​ បន្តតវ៉ា​អញ្ចឹងទៅ​ ហើយ​ក៏មានការ​សហការ​ជាមួយ​ក្រសួង​ គាត់ឃើញ​ពី​ទុក្ខ​លំបាក​ប្រជាជន​មែន​ ថា​ពេល​ដែល​បូមខ្សាច់​ គឺ​គាត់​អត់​អាច​រក​ផល​នេសាទ​ រក​អីបាន​ទេ​ ហើយ​វាប៉ះពាល់​បញ្ហា​ច្រើនអញ្ចឹង ខ្ញុំ​គិតថា​ ប្រហែល​ជាគាត់​អាច​មើល​ឃើញ បញ្ហា​ទាំងអស់​ហ្នឹង​ហើយ​ បាន​ជាគាត់​បញ្ឈប់​ ការបូម​ខ្សាច់​នៅខេត្ត​កោះកុង»។​

សកម្មជន​ការពារ​បរិស្ថាន​រូប​នេះ​ ថ្លែង​ថា​ រដ្ឋាភិបាល​ត្រូវផ្តល់​ការ​ពន្យល់​លម្អិត​អំពី​ទិដ្ឋភាព​ទូទៅ​នៃ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ ដែល​បាន​បង្ក​ផល​ប៉ះពាល់​ជាច្រើន​ ដល់​បរិស្ថាន​ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ដែន​ទឹកសមុទ្រ។កញ្ញា​ ​លីម គីមស័រ​ ​និយាយ​បន្ត​ថា​ រដ្ឋាភិបាល​ត្រូវ​ពិចារណា​ លើ​ការបញ្ឈប់​សកម្មភាព​បូម​ខ្សាច់​ នៅ​ក្នុង​តំបន់​ទន្លេ​ផង​ដែរ​ ​ដែល​បាន​កើត​ឡើង​យ៉ាង​ខ្លាំង​ ក្នុង​ខេត្ត​កណ្តាល​ និង​ក្រចេះ​ជា​ដើម។​ ​កញ្ញា​បញ្ជាក់​បន្ថែម​ថា​ យុទ្ធនាការ​ទប់​ស្កាត់​ការ​បូម​ខ្សាច់​របស់​ចលនា​មាតា​ធម្មជាតិ​ នឹង​មិន​បញ្ចប់​នោះ​ឡើយ​ ដរាប​ណា​ សកម្មភាព​បំផ្លិចបំផ្លាញ​បរិស្ថាន​នេះ​ នៅ​តែ​បន្ត​កើត​មាន​នោះ។​

កញ្ញា​ ​លីម គីមស័រ​ ថ្លែង​ថា៖​

«សម្រាប់​យុទ្ធនាការ​បញ្ឈប់​ការ​បូម​ខ្សាច់​ហ្នឹង​គឺ​ យើង​អត់​ឈប់​ទេ​ បង​ យើង​នៅ​តែ​ធ្វើ​រហូត​។ និយាយ​រួម​ធ្វើ​រហូត​ ទាល់​តែ​បញ្ឈប់​ទាំងស្រុង​ ទាល់​តែ​បញ្ឈប់​ទាំង​ស្រុងបង​ ​ទាល់​តែ​ប្រជាជន​គាត់​សប្បាយ​ចិត្ត​ ព្រោះ​ឥឡូវហ្នឹង​ក៏ប្រជាជន​អត់​ទាន់​សប្បាយ​ចិត្ត​ដែរ»។​

យ៉ាងណា​ក៏​ដោយ​ ​លោក​ ​ម៉េង ស័ក្តធារ៉ា​ អ្នក​នាំពាក្យ​ ​នៃ​ក្រសួង​រ៉ែ​ និង​ថាមពល ថ្លែង​ការពារ​ចំណាត់​ការ​របស់​រដ្ឋា​ភិបាល​ថា ការ​បូមខ្សាច់​សម្រាប់ផ្គត់​ផ្គង់​ក្នុង​ស្រុក​ នឹង​មិន​អាច​បញ្ឈប់​បាន​ទេ​ ព្រោះ​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​សាងសង់​ ត្រូវ​ការ​ចាំបាច់​នូវ​ធនធាន​រ៉ែខ្សាច់​នេះ។​

«ប្រទេស​យើង​ត្រូវ​ការ​អភិវឌ្ឍ​ សណ្ឋាគារ​ដែលពួក​គាត់​មកស្នាក់​នៅ​សង់​ពី​អី​ ផ្ទះដែល​គាត់​កំពុង​រស់​នៅ​ធ្វើ​ពី​អី​? ផ្លូវ​ដែលគាត់​កំពុងប្រើ​ធ្វើ​ពីអី?​ ទាំងអស់​ហ្នឹង​ ហេដ្ឋារចនា​សម្ពន្ធ​ទាំងអស់​ហ្នឹង​ សុទ្ធ​តែ​ត្រូវការ​ រ៉ែខ្សាច់​ សំណង់​ទាំងអស់ហ្នឹង​ ត្រូវការ​ខ្សាច់ល្បាយភក់អី​ទាំងអស់​ហ្នឹង​ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ដីធ្លី​ ហេដ្ឋារចនា​សម្ព័ន្ធ​ទាំង​នៅក្នុងប្រទេស​យើង​ហ្នឹង​ ហើយ​បើ​យើង​បិទ​ទាំង​អស់​អញ្ចឹង​ទៅ តើយើង​អាច​បាន​អាហ្នឹង​មក​ធ្វើ​ បាន​វត្ថុ​ធាតុដើមហ្នឹង​ យក​មកធ្វើការ​អភិវឌ្ឍហ្នឹង​ទេ?​ ហើយ​តើ​យើង​អាច​ទៅ​នាំ​ទិញ​យក​ពីប្រទេស​គេ​ យក​មក​ធ្វើ​បាន​ទេ​ អាហ្នឹង​ជាការ​ថ្លឹង​ថ្លែង​ រវាង​ផលប្រយោជន៍​សេដ្ឋកិច្ច​ ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ជាមួយ​នឹង​ការ​អភិរក្ស»។ ​

កាល​ពី​ដើម​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៦ ​អង្គការ​សង្គម​ស៊ីវិល​ជិត​៥០​ ​បាន​ទាមទារ​ឲ្យ​ក្រសួង​រ៉ែ​ ​និង​ថាមពល​បង្ហាញ​ទិន្នន័យ​នាំ​ខ្សាច់​ចេញ​ក្នុង​ចន្លោះ​ឆ្នាំ​២០០៧​ ​ដល់​ឆ្នាំ​២០១៥​ ​ដោយ​សារ​តួលេខ​ផ្លូវការ​ របស់​រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​ពាណិជ្ជកម្ម​ គឺ​ការ​នាំ​ខ្សាច់​ចេញ​ទៅ​កាន់​ប្រទេស​សិង្ហបុរី​មាន​ត្រឹម​តែ​ជាង ​២,៨​លាន​តោន​ ​ប៉ុណ្ណោះ​ខណៈ​ដែល​ទិន្នន័យ​ស្ថិតិ​ពាណិជ្ជកម្ម​លើ​ទំនិញ​របស់​អង្គការ​សហប្រជាជាតិ​ ​ដែល​បាន​ទិន្នន័យ​ពី​នាយកដ្ឋាន​ស្ថិតិ​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​សិង្ហបុរី​បង្ហាញ​ថា​ ​ការ​នាំ​ខ្សាច់​ចេញ​ពី​កម្ពុជា​ចូល​សិង្ហបុរី​ ​មាន​ប្រមាណ​ជា​៧២,៨​លាន​តោន​ ​សម្រាប់​រយៈ​ពេល​ដូចគ្នា។​

បញ្ហា​ចម្រូងចម្រាស​ទាក់​ទិនទិន្នន័យ​នៃ​ការ​នាំចេញ​ខ្សាច់​ពី​កម្ពុជា​ទៅ​សិង្ហបុរី​ ​ដែល​ល្អៀង​ទឹក​ប្រាក់​ប្រមាណ​ជា​៧៤៧​លាន​ដុល្លារក៏បាន​កើត​ឡើង​ តែទិន្នន័យ​នេះ​ មិន​ត្រូវ​បាន​ក្រសួង​រ៉ែ ​និង​ថាមពល​ទទួលស្គាល់​នោះឡើយកាលពី​ឆ្នាំ​២០១៦។​

លោក​ សន ជ័យ​ ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ មាន​ប្រសាសន៍​ប្រាប់​ ​VOA​ ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ បើទោះជា​រដ្ឋាភិបាល​បាន​ប្រកាស​បញ្ឈប់​ការ​នាំចេញ​ខ្សាច់​ពី​ខេត្ត​កោះកុង​ក៏ដោយ​ ក៏​ក្រុមអង្គការ​សង្គមស៊ីវិល​ នៅ​បន្ត​ស៊ើបអង្កេត​លើ​ករណី​នៃ​តួលេខ​ខុស​គ្នា​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​កម្ពុជា​ និង​ប្រទេស​សិង្ហបុរី​ ទាក់ទិន​ការ​នាំចេញខ្សាច់​ពីកម្ពុជា។​

«កុំភ្លេច​ថា​ NGO យើង​ យើង​នៅតែបន្ត​ការ​ស៊ើបអង្កេត​តទៅ​ទៀត​រវាង​ ភាព​រឿង​ចម្រូងចម្រាស​ដែល​ទាក់​ទង​នឹង​ការ​ខុសគ្នា​ នៃ​តួលេខ​ខ្សាច់​នាំចេញ​ និង​តួលេខ​ទទួល​នៅ​ Singapore ​ហ្នឹង​»។​

លោក​បាន​បន្ថែម​ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ មាន​ក្តីបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បូមខ្សាច់​សម្រាប់​ការ​នាំ​ចេញ​នៅ​ខេត្ត​កោះកុង​ ដោយ​ហេតុ​ថា​ សកម្មភាព​បូម​ខ្សាច់​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​តំបន់​ឆ្នេរ​ ក៏ដូច​ជា​ស្ថានភាព​រស់​នៅរបស់​ប្រជាជនរស់នៅ​ក្នុង​តំបន់នោះ។ លោក​ថា​ មន្ត្រី​រដ្ឋាភិបាល​ និង​ពលរដ្ឋ​រស់​នៅ​ក្នុង​សហគមន៍​នានា​នៃខេត្តកោះកុងត្រូវសហការ​ជិតស្និទ្ធ​ជាមួយ​គ្នា​ ដើម្បី​ធ្វើ​ឲ្យ​ការ​បញ្ឈប់​ការ​នាំចេញ​ខ្សាច់​នេះបាន​ជោគជ័យ​ និង​ទប់ស្កាត់​សកម្មភាព​អនាធិបតេយ្យ​ផ្សេងៗ។​

តាម​ការ​បញ្ជាក់​ពី​ក្រុម​អ្នក​ការពារ​បរិស្ថានរបស់​ចលនា​មាតា​ធម្ម​ជាតិបាន​ឲ្យដឹង​ថា​ ប្រទេស​កម្ពុជា​បាន​នាំចេញខ្សាច់​របស់​ខ្លួន​ទៅកាន់​ប្រទេស​សិង្ហបុរី​ កោះតៃវ៉ាន់​ និង​ប្រទេស​ឥណ្ឌានាពេល​កន្លងមក​។​ ក្រុមអ្នកការពារ​បរិស្ថាន​របស់​ចលនាមាតាធម្មជាតិ​នេះ​មួយចំនួន​ ត្រូវ​គេ​ដឹង​ថា​ បាន​រង​ការ​គំរាម​កំហែង​នា​នា ​និង​ការ​ដាក់​ទោសទណ្ឌ​ដោយសារ​សកម្មភាពទប់​ស្កាត់​ការ​បូមខ្សាច់នេះ​ផងដែរ៕

XS
SM
MD
LG