រដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​ថែ​រក្សា​បង្គោល​ព្រំដែន​ចាស់ៗ​សម្រាប់​មរតក​ប្រវត្តិសាស្ត្រ

រូបឯកសារ៖ លោក វ៉ា គឹមហុង​ ប្រធាន​គណៈ​កម្មការចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ក្រោយ​ពី​កិច្ច​​ប្រជុំ​បិទ​ទ្វារ​ជាមួយ​សមភាគី​វៀតណាម​នៅ​ទី​ស្តី​គណៈរដ្ឋមន្ត្រី​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ពុធ​ ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)

អ្នកវិភាគ​​ និង​មន្ត្រី​នៃ​គណបក្ស​ប្រឆាំង​គាំទ្រ​ចំពោះ​សារាចរ​របស់​រដ្ឋាភិបាល​ ដោយ​ពួកគេ​អះអាង​ថា​ ការ​រក្សា​បង្គោល​ចាស់ៗ​ទុក​នេះ​ អាច​បើក​ផ្លូវ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​សិក្សា​ពី​ប្រវត្តិសាស្ត្រ​នៃ​ទឹកដី​របស់​ខ្លួន​បញ្ចៀស​ការ​ភាន់ច្រឡំ​ ហើយ​ការ​រក្សា​បង្គោល​ចាស់ៗ​ទាំង​នេះ​នឹង​អាច​ជា​មូលដ្ឋាន​រឹងមាំ​មួយ​សម្រាប់​ការ​បោះ​បង្គោល​ព្រំដែន​ថ្មីៗ​រវាង​កម្ពុជា​និង​វៀតណាម។​ ​​​

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ជំហរ​របស់​ខ្លួន​ថា​ នឹង​ថែរក្សាការពារ​បង្គោល​ព្រំដែន​ចាស់ៗ​ដែល​បាន​បោះ​ក្នុង​ទឹកដី​កូសាំងស៊ីន​ឬ​កម្ពុជាក្រោម​ នៅ​មុន​និង​ក្រោយ​ទសវត្សរ៍​ឆ្នាំ​១៨៧០ នៅ​គ្រាដែល​រដ្ឋាភិបាលមិន​ទាន់​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយវៀតណាម ដែល​នៅ​តំបន់​ខ្លះ​កំពុង​ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស​ ហើយ​ត្រូវ​ការ​ការ​ជួយ​ផ្នែក​បច្ចេកទេស​ពី​ប្រទេស​បារាំង។

​នា​ពេល​ថ្មីៗនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន ស្នើ​ឲ្យ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ ថែ​រក្សា ការពារ​បង្គោល​ព្រំដែន​ចាស់​ដែល​បោះ​ដោយ​គណៈកម្មការ​កំណត់​ព្រំដែន​រវាង​ព្រះ​រាជាណាចក្រ​កម្ពុជា​និង​កូសាំងស៊ីន​នៅ​មុន និង​ក្រោយ​ទស​វត្សរ៍​ឆ្នាំ​១៨៧០​ ឲ្យ​បាន​ស្ថិតស្ថេរ​គង់​វង្ស​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយៗ​ បាន​ឃើញអតីត​បង្គោល​ព្រំដែន​ទាំង​នោះ។ ​ការ​ស្នើ​ឲ្យ​ថែរក្សា​បង្គោល​ព្រំដែន​ចាស់ៗ​នេះ​ គឺ​ធ្វើ​ឡើង​ក្នុង​បំណង​បញ្ចៀស​ ការ​បាត់​បង់​នូវ​មរតក​ប្រវត្តិសាស្ត្រ​ទាំង​នេះ​ ដែល​ជា​ផ្នែក​មួយ​នៃ​សាវតារ​ជាតិ​ខ្មែរ និង​ការ​សឹក​រេចរឹល​ដោយ​ធម្មជាតិ។​

​នេះ​បើ​យោង​ទៅ​តាម​សារាចរ​រាជ​រដ្ឋាភិបាល​កម្ពុជា​ចុះ​ហត្ថ​លេខា​ដោយលោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាល​ពី​ថ្ងៃ​ទី​ ២០​ ខែ​កញ្ញា​ ​កន្លង​ទៅនេះ។​

អ្នកវិភាគ និង​មន្ត្រី​នៃ​គណបក្ស​ប្រឆាំង​គាំទ្រ​ចំពោះ​សារាចរ​របស់​រដ្ឋាភិបាល​ ដោយ​ពួកគេ​អះអាង​ថា​ ការ​រក្សា​បង្គោល​ចាស់ៗ​ទុក​នេះ​ អាច​បើក​ផ្លូវ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​សិក្សា​ពី​ប្រវត្តិសាស្ត្រ​នៃ​ទឹកដី​របស់​ខ្លួន​បញ្ចៀស​ការ​ភាន់ច្រឡំ​ ហើយ​ការ​រក្សា​បង្គោល​ចាស់ៗ​ទាំង​នេះ​នឹង​អាច​ជា​មូលដ្ឋាន​រឹងមាំ​មួយ​សម្រាប់​ការ​បោះ​បង្គោល​ព្រំដែន​ថ្មីៗ​រវាង​កម្ពុជា​និង​វៀតណាម។​ ​

​សារាចរ​នោះ​បាន​បញ្ជាក់​ថា​ គណៈកម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​ ចំា​បាច់​ត្រូវ​រក្សា​បង្គោល​ព្រំដែន​ចាស់​ទាំងឡាយ​នោះ​ឲ្យ​បាន​គង់​វង្ស​ ទោះ​ជា​មាន​សភាព​ទ្រុឌ​ទ្រោម​កម្រិត​ណា​ក៏​ដោយ​ ហើយ​គណៈកម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​ ត្រូវ​សហការ​ជាមួយ​នឹង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ រក្សា​ទុក​បង្គោល​ព្រំដែន​ចាស់​ដែល​បាក់​ចេញ​ពី​គ្រឹះ​របស់​វា​ នៅ​កន្លែង​មួយ​ដែល​មាន​សុវត្ថិភាព​ដើម្បី​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​បាន​ឃើញ​និង​ស្គាល់។

​សារាចរ​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ក្នុង​ករណី​ដែល​បង្គោល​ចាស់​ទាំង​នោះ​ ​បាក់​ចេញ​ពី​គ្រឹះ​ដែល​ពុំ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​កម្ពុជា​ គណៈកម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​ មាន​ភារកិច្ច​ធ្វើ​ការ​ចរចា​ជាមួយ​ភាគី​វៀតណាម​ ​ស្នើ​យក​បង្គោល​ព្រំដែន​ទាំង​នោះ​ ​មក​រក្សា​ទុក​នៅ​កម្ពុជា។​

​គណៈកម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ រួម​នឹង​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្តោយ​ព្រំដែន​ ត្រូវ​សហការ​គ្នា​ ដើម្បី​ស្វែង​រក​បង្គោល​ ឬ​គ្រឹះ​បង្គោល​ព្រំដែន​ចាស់​ ដែល​អាច​នៅ​សេសសល់​ ដើម្បី​ប្រមូល ឬ​ចងក្រង​ទុក​ជា​ឯកសារ​ស្រាវជ្រាវ។

លោក​ វ៉ា​ គឹមហុង​ ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា ថ្លែង​ប្រាប់​ VOA ​ថា​ សារាចរ​រដ្ឋាភិបាល​ដែល​ធ្វើ​ឡើង​នេះ​ មាន​គោលដៅ​ប្រាប់​ទៅ​កូនចៅ​ខ្មែរ​ថា រាជរដ្ឋាភិបាល​នា​សម័យ​កាល​នេះ​ មិន​ព្រងើយ​នឹង​បញ្ហា​ព្រំដែន​នោះ​ទេ​ ហើយ​ថា​ ការ​រក្សា​ទុក​បង្គោល​ព្រំដែន​ចាស់​នេះ​ នឹង​អនុញ្ញាត​ឲ្យ​ប្រជារាស្ត្រ​ ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ពី​ភាព​ជឿន​លឿន​នៃ​កិច្ចការ​ការពារ​អធិបតេយ្យ​ទឹកដី​របស់​កម្ពុជា​ ​នា​ពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត។​ ​

«សម្តេច​លោក​ចង់​ឲ្យ​រក្សា​ទុកឲ្យ​កូនចៅ​យើង​ស្គាល់​ កុំ​ឲ្យ​និយាយបង្គោល​ចាស់ៗ ហើយ​អ្នកខ្លះ​និយាយ​មិន​ត្រូវ​ ថា​ បង្គោល​គណៈកម្មការ​បោះ​លើ​ដើម​ចេក​តាម​លើ​អី​ អត់​សម​ទេ។​ យើង​សុទ្ធតែ​បោះ​បង្គោល​មាន​ភស្តុតាង​ មាន​អី​ត្រឹមត្រូវ​ណ៎ា។​ ហើយ​ទៅ​ កូនចៅ​យើង​ថ្ងៃ​ក្រោយ​ គឺ​ទុកចិត្ត​ថា​ អ្វី​ដែល​គណៈកម្មការ​ជំនាន់​សតវត្សរ៍​ទី២១​ហ្នឹង​ យើង​បោះ​ត្រឹមត្រូវ​ កុំ​តែ​មួយ​សតវត្សរ៍​ក្រោយមក​ គេ​ថា​ អូហ៎​ជំនាន់​នេះ​ វា​មិន​កើត​ មិន​អី​អញ្ចឹង​ អញ្ចឹង​បាន​យើង​ចង់​ទុក​ទាំង​អស់​ បង្ហាញ​មក​ជំនាន់​មុន​ធ្វើ​ម៉េច​ ជាមួយ​ថៃ​ក៏​អញ្ចឹង​ដែរ​ អា​កន្លែង​បង្គោល​បារំាង​វា​បោះ​មក​ ជាមួយ​សៀម​ហ្នឹង​ បោះ​ម៉េចៗ​ យើង​ទុក​នៅ​លើ​ទីតាំង​វា​ឲ្យ​ត្រឹមត្រូវ»។​

លោក​ វ៉ា​ គឹមហុង បញ្ជាក់​បន្ថែម​ទៀត​ថា៖​

«បើ​ថា ​បង្គោល​វា​បែកបាក់​ វា​បាត់​ អាហ្នឹង​យើង​ដាំ​ថ្មី​បន្ថែម​លើ​អា​ទីតាំង​ដដែល​ហ្នឹង​មក​វិញ​ អាហ្នឹង​ជាគោល​ដៅ​របស់​យើង​ដើម្បី​នឹង​រក្សា​ ហៅ​ថា​ អធិបតេយ្យភាព​យើង​ឲ្យ​នៅ​គង់​វង្ស​ ដូច​យើង​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​មាត្រា​២​ ហ្នឹង»។​ ​

យ៉ាង​ណា​ក៏ដោយ​ លោក​ វ៉ា គឹមហុង​ មិន​អាច​បញ្ជាក់​ថា​ ភាគី​វៀតណាម​នឹង​សហការ​ជាមួយ​កម្ពុជា​ក្នុង​ការ​ថែរក្សា​បង្គោល​ព្រំដែន​ចាស់​ដែល​នៅ​សេសសល់​ពី​បង្គោល​ចំនួន១២៤​បង្គោល​ដែល​បាន​បោះនៅ​ក្នុង​ទឹកដី​កូសាំងស៊ីន​មុន​ឆ្នាំ​១៨៧០។​ ​ ​

លោក​ អ៊ូ​ វីរៈ​ ប្រធាន​អង្គការ​វេទិកា​អនាគត​ដែល​ជា​មជ្ឈ​មណ្ឌល​សិក្សា​គោលនយោបាយ​ក្នុងស្រុក​ ថ្លែង​ថា​ ​ការ​ប្រកាស​រក្សា​បង្គោល​ព្រំដែន​នេះ​ បាន​បញ្ជាក់​ពី​ឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​កិច្ច​ការពារ​មរតក​ប្រវត្តិសាស្ត្រ​ និង​ព្រំដែន​កម្ពុជា​វៀតណាម​ដែល​មិន​ទាន់​ដោះស្រាយ​ចប់​នោះ។​ លោក​ប្រាប់​ VOA ​បន្ថែម​ថា​ កូន​ខ្មែរ​អាច​មាន​ឱកាស​សិក្សា​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ ដែល​ជា​ស្ពាន​នាំ​ទៅ​រៀបចំ​ផែនការ​អនាគត​ដល់ប្រទេស​ជាតិ។​

លោក​បន្ត​ថា​ រដ្ឋាភិបាល​អាច​ធ្វើ​កិច្ចការ​ពីរ​ក្នុង​ពេល​តែមួយ​ជាមួយ​បញ្ហា​បង្គោល​ព្រំដែន​នេះ​ គឺ​ទី​មួយ​រក្សា​បង្គោល​ចាស់ៗ​នេះ​ទុក​ ហើយ​ទី​ពីរ​ត្រូវ​ដោះស្រាយ​បញ្ហា​ព្រំដែន​ឲ្យ​បាន​រួចរាល់។​

«តាមពិត​ក្មេងៗ​ខ្មែរ​យើង​ មិន​ទាន់​បាន​យល់​ដឹង​សិក្សា​ពី​ប្រវត្តិសាស្ត្រ​យើង​ទេ​ ហើយ​មកដល់​ពេល​ ដែល​យើង​ចាប់​ផ្តើម​ជជែក​គ្នា​រឿង​ប្រវត្តិសាស្ត្រ​ គ្រប់​ជ្រុង​ទាំង​អស់​ដើម្បី​យើង​អាច​ឯកភាព​ជាតិ​គ្នា​បាន​ បើ​សិន​យើង​អត់​ដឹង​ អត់​មាន​ប្រវត្តិសាស្ត្រ​យើង​គ្មាន​ទិស​ទៅ​មុខ​ទេ​ ហើយ​ខ្ញុំ​សរសើរ​ហើយ​ដែល​រដ្ឋាភិបាល​ គាត់​មាន​ឆន្ទៈ ក្នុង​ការ​ថែរក្សា​បង្គោល។​ មួយ​ទៀត​ខ្ញុំ​ថា​ ទន្ទឹម​គ្នា​នឹង​ថែ​រក្សា​បង្គោល​ត្រូវ​តែ​ប្រឹង​ប្រែង​ក្នុង​ការ​ធ្វើ​ម៉េច​ ដោះស្រាយ​បញ្ហា​ព្រំដែន​ឲ្យបាន​រួច​រាល់​ ហើយ​ឲ្យ​បាន​តម្លាភាព​ផង។​ ខ្ញុំ​ថា​រឿង​ទាំង​ពីរ​គួរ​ធ្វើ​ពេល​ទន្ទឹម​គ្នា​បាន​ មិន​ចាំបាច់​ធ្វើ​មួយ​ អត់​មួយ​ទេ​បាទ»។​ ​

​លោក​ ម៉ៅ​ មុន្នីវណ្ណ​ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​សកម្ម​ក្នុង​កិច្ចការ​ការពារ​ព្រំដែន​ ថ្លែង​គាំទ្រ​ចំពោះ​ឆន្ទៈរបស់​រដ្ឋាភិបាល​ក្នុង​ការ​អភិរក្ស​បង្គោល​ព្រំដែន​ចាស់ៗ​ ដែល​លោក​ជឿ​ថា​ ​អាច​ផ្តល់​ប្រយោជន៍​ដល់​ការ​បោះ​បង្គោល​ព្រំដែន​នា​ពេល​បច្ចុប្បន្ន។​

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ប្រាប់ VOA ថា៖

«អា​ហ្នឹង​ជា​ការ​ល្អ​ប្រសើរ​ហើយ​ ព្រោះ​ថា​ វា​ជា​ប្រវត្តិសាស្ត្រ​មួយ​ បង្គោល​ព្រំដែន​ជំនាន់​កូសាំងស៊ីន​ហ្នឹង​ គឺ​ថា​ ជា​បង្គោល​ព្រំដែន​មួយ​ដែល​កំណត់​ដោយ​អាណានិគម​បារំាង​ ដូច្នេះ​យើង​បើ​សិន​ជា​រក្សាអាហ្នឹង​ទុក​ វាៗ​ ជា​ការ​ប្រសើរ​ ជា​ការ​ល្អ​ប្រសើរ​ព្រោះ​ថា​ ​ការ​បោះ​បង្គោល​ព្រំដែន​ថ្មី​នេះ​ គឺ​វា​កើត​ឡើង​អំពី​សន្ធិ​សញ្ញា​ថ្មីៗ​ថែម​ទៀត​ ដូច្នេះ​បើ​មាន​អា​ចាស់​ធ្វើ​ជា​មូលដ្ឋាន​ អា​ហ្នឹង​យើង​ផ្ទៀង​ផ្ទាត់​គ្នា​ទៅ ​តើ​អា​មូលដ្ឋាន​ចាស់ ហើយ​និង​អា​មូលដ្ឋាន​ថ្មី​ហ្នឹង​វា​ខុស​គ្នា​យ៉ាងម៉េច​បាទ»។​

យ៉ាង​ណា​ក៏ដោយ​ លោក​មិន​ធ្វើ​ការ​អធិប្បាយ​ថា​ តើ​ការ​បោះ​បង្គោល​ព្រំដែន​ដែល​បាន​ធ្វើ​កាល​ពី​ពេល​កន្លងមក​ជាមួយ​ប្រទេស​វៀតណាមនោះ​ មាន​ភាព​ត្រឹមត្រូវ​ឬ​យ៉ាងណា​នោះ​ទេ។​ លោក​បញ្ជាក់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​គោរព​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ដែល​និយាយ​អំពី​បញ្ហា​បូរណភាព​ទឹកដី​របស់​កម្ពុជា។​

មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា៖​

​«បូរណភាព​ទឹកដី​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​ មិន​អាច​រំលោភ​បាន​ដាច់​ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​ក្នុង​ផែន​ទី​ខ្នាត​ ១/១០០.០០០​ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​ ១៩៣៣​-១៩៥៣​ ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៩»។​

លោក​ វ៉ា​ គឹមហុង​ បាន​បញ្ជាក់​ថា​ ការ​រក្សា​ទុក​បង្គោល​ចាស់ៗ​ដើម្បី​ឲ្យ​កូន​ខ្មែរ​ឃើញ​ និង​ស្គាល់​ទៅ​ថ្ងៃ​ក្រោយ​នោះ នឹង​មិន​អាច​បណ្តុះ​ចលនា​ជាតិ​និយម​ទាមទារ​ទឹកដី​ដែល​បាន​បាត់​បង់​ទៅ​ប្រទេស​វៀតណាម​នោះ​ទេ​ ព្រោះ​កម្ពុជា​បាន​តម្កល់​ផែនទី​នៅ​អង្គការ​សហប្រជាជាតិ​បញ្ជាក់​ច្បាស់​ពី​បូរណភាពទឹកដី​នៃ​ប្រទេស​កម្ពុជា​ ​ដូច​មាន​ចែង​ក្នុង​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា។​

​ទាក់​ទិន​ការ​ដោះស្រាយ​បញ្ហា​ដែល​មិន​ទាន់​ត្រូវ​គ្នា​ក្នុង​បញ្ហា​ដៅ​ខណ្ឌ​សីមា​រវាង​កម្ពុជា​និង​វៀតណាម​នោះ លោក​ វ៉ា គឹមហុង ប្រាប់​ VOA បន្ត​ថា​ ភាគី​ទាំង​ពីរ​មិន​ទាន់​ព្រមព្រៀង​ថា​ នឹង​ឲ្យ​ភាគី​បារំាង​មក​ជួយ​នោះ​ទេ​ ហើយ​លោក​ក៏​មិន​អាច​បញ្ជាក់​ថា​ នឹង​មាន​កិច្ចប្រជុំ​ពិភាក្សា​អំពី​បញ្ហា​ព្រំដែន​នេះ​ដែរ​ បន្ទាប់​ពី​ការ​ប្រជុំ​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ចុង​ខែ​សីហា​ មិន​បាន​ផ្តល់​លទ្ធផល​អ្វី​ទាំង​អស់​នោះ។​

ក៏​ប៉ុន្តែ​លោក​អះអាង​ថា​ កិច្ច​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​បាន​សម្រេច​ប្រហែល​៨៣%​ហើយ​ ហើយ​ថា​ ភាគី​វៀតណាម​និង​កម្ពុជា​ នឹង​បន្ត​ចរចា​ដោះស្រាយ​ចំណុច​ដែល​នៅ​មាន​ការ​ខ្វែង​គំនិត​គ្នា​បន្ត​ទៅ​ទៀត។​

សារាចរ​ដែល​ចេញ​ដោយ​លោក​នាយរដ្ឋមន្ត្រី​ ហ៊ុន​ សែន ​ក៏​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ដែនដី​ ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ ត្រូវ​សហការ​ជាមួយ​នឹង​គណៈកម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​ ដើម្បី​ថែ​រក្សា​ និង​ការពារ​បង្គោល​ព្រំដែន​ដែល​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​បោះ​លើ​ដី​ជាក់​ស្តែង​រួច​ហើយ​ ឲ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស​ត​រៀង​ទៅ៕