ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចប្រជុំរយៈពេលពីរថ្ងៃរបស់គណៈកម្មការចម្រុះព្រំដែនកម្ពុជាវៀតណាមគ្មានលទ្ធផល


លោក Le Hoai Trung អនុរដ្ឋមន្ត្រីការបរទេសវៀតណាម (កណ្តាល) ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​អំពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម នៅ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦។
លោក Le Hoai Trung អនុរដ្ឋមន្ត្រីការបរទេសវៀតណាម (កណ្តាល) ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​អំពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម នៅ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦។

កិច្ចប្រជុំរបស់គណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជាវៀតណាមមិនទទួលបានលទ្ធផលអ្វីនោះទេ ដោយសារភាគីទាំងពីរមិនឯកភាពគ្នាលើ«គោលការណ៍ខ្សែព្រំដែនមិនកែប្រែ» ព្រោះវៀតណាមយល់ថា អាចប៉ះពាល់ដល់សន្ធិសញ្ញា និងអនុស្សរណៈនៃការយោគយល់គ្នាដែលប្រទេសទាំងពីរបានធ្វើរួមគ្នា។

បន្ទាប់​ពី​កិច្ច​ប្រជុំ​កាល​ពី​ម្សិលមិញ​មិន​ទាន់​បាន​ចេញ​ជា​លទ្ធផលផ្លូវការ​ នៅ​ថ្ងៃ​អង្គារ​នេះ ​គណៈ​កម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​វៀតណាម​បាន​បន្ត​ប្រជុំ​ទៀត​ក្នុង​កម្រិតលេខាធិការ។ ​កិច្ច​ប្រជុំ​រយៈពេល​២​ថ្ងៃ​នេះ​បាន​បញ្ចប់​ទៅ​រសៀល​ថ្ងៃ​អង្គារ​នេះ ​តែ​ពុំ​ទទួល​បាន​លទ្ធផល។​

មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​បាន​ឱ្យ​ដឹង​ថា កិច្ច​ប្រជុំ​របស់​គណៈ​កម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​វៀតណាម​មិន​ទទួល​បាន​លទ្ធផល​អ្វី​នោះ​ទេ ​ដោយសារ​ភាគី​ទាំង​ពីរ​មិន​ឯកភាព​គ្នា​លើ​«គោល​ការណ៍​ខ្សែព្រំដែន​មិន​កែប្រែ»​ ព្រោះ​វៀតណាម​យល់​ថា​ អាច​ប៉ះពាល់​ដល់​សន្ធិសញ្ញា​ និង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ដែល​ប្រទេស​ទាំង​ពីរ​បាន​ធ្វើរួម​គ្នា។​

នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ ​គណៈ​កម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​វៀតណាម​បាន​បន្ត​កិច្ច​ប្រជុំ​របស់​ខ្លួន ​បន្ទាប់​ពី​កិច្ច​ប្រជុំ​កាល​ពី​ម្សិលមិញ​មិន​ទាន់​បាន​ចេញ​ជា​លទ្ធផល​ផ្លូវការ។​ មន្ត្រី​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ​កិច្ច​ប្រជុំ​នា​រសៀល​នេះ​គឺ​ស្ថិត​ក្នុង​កម្រិត​លេខាធិការ ​ដោយ​ថ្នាក់​ដឹកនាំ​នៃ​គណៈ​កម្មការ​ព្រំដែន​របស់​វៀតណាម​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ព្រឹក។​

លោក វ៉ា គឹមហុង ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​កិច្ច​ប្រជុំ​ចង្អៀត​គណៈ​កម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​វៀតណាម កាល​ពីថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៦។
លោក វ៉ា គឹមហុង ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​កិច្ច​ប្រជុំ​ចង្អៀត​គណៈ​កម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​វៀតណាម កាល​ពីថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៦។

លោក​វ៉ា គឹមហុង ​ប្រធាន​គណៈ​កម្មការ​ព្រំដែន​កម្ពុជា​ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​ក្រោយកិច្ច​ប្រជុំ​រយៈពេល​២​ថ្ងៃ​នេះ ​ភាគី​ទាំងពីរ​មិន​អាច​ចេញ​ជា​សេចក្ដី​ថ្លែង​ការណ៍ ​ឬ​លទ្ធផល​រួម​នោះ​ទេ​ ដោយ​សារ​ភាគី​ទាំងពីរ​មិន​ឯកភាព​គ្នា​លើ​«គោល​ការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ»​ ក្រោយ​ពី​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​បារាំង។ ​លោក​បន្ត​ថា ​ភាគី​វៀតណាម​បាន​លើក​ឡើង​ថា ​គោល​ការណ៍​នេះ​មិនមាន​ភាព​ចាំ​បាច់​នោះ​ទេ ​ដោយសារ​ប្រទេស​ទាំង​ពីរ​មាន​សន្ធិ​សញ្ញា​ឆ្នាំ​១៩៨៥ ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ​និង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០១១។​

លោក​វ៉ា គឹមហុង​ បន្ថែម​ថា ​កម្ពុជា​បាន​ព្យាយាម​ពន្យល់​ពី​សារៈសំខាន់​នៃ​គោល​ការណ៍​នេះ ​តែ​ភាគី​វៀតណាម​នៅ​តែ​ពុំ​ទទួល​យក។​

«ពន្យល់​គាត់​អស់​ហើយ​គឺ​ថា ​ដែល​គាត់​យល់​ដូច្នេះ​ វា​មិន​ត្រឹមត្រូវ​ទេ ​ព្រោះ​ថា​ គោល​ការណ៍...គោល​ការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ​នេះ​ជា​គោល​ការណ៍​ច្បាប់​អន្តរជាតិ​ទេ។ ​គោល​ការណ៍​ច្បាប់​អន្តរជាតិ​ វា​អត់​មាន​ទៅ​ប៉ះពាល់​សន្ធិ​សញ្ញា​អី​នោះ​ទេ ​សន្ធិសញ្ញា​ក៏​ដោយ»។​

លោក​វ៉ា គឹមហុង ​មាន​ប្រសាសន៍​ថា ​កម្ពុជា​ និង​វៀតណាម​បាន​អនុវត្ត​តាម​គោល​ការណ៍​ខ្សែ​បន្ទាត់​ព្រំដែន​ មិន​កែប្រែ​នេះ​ចាប់​តាំង​ពីក្រោយ​ឆ្នាំ​១៩៧៩​មក​ ដោយ​គ្រាន់​តែ​ភាគី​ទាំង​ពីរ​មិន​ប្រើ​ពាក្យ​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ការ​កំណត់​ខ្សែ​ព្រំដែន​កម្ពុជា​ និង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​នៅ​ជំនាន់​នោះ​ណា៎ ​ឆ្នាំ​១៩៨៣​នោះ ​យក​ទៅ​តាម​ខ្សែ​ព្រំដែន​នៅ​លើ​ផែនទី​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន​ខ្នាត​១​លើ​១០០​០០០។​ បាន​ន័យ​ថា​ យើង​ អា​ខ្សែ​ព្រំដែន​ដែល​មាន​នៅ​លើ​ផែនទី​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន​ហ្នឹង ​ដែល​ជា​ផែនទី​អាណានិគម​បន្សល់​ទុក​ឱ្យ​យើង​ នៅ​ពេល​យើង​បាន​ឯករាជ្យ​[ឆ្នាំ​១៩៥៣​ បាន​ន័យ​ថា ​វា​ត្រូវ​នឹង​គោល​ការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ»។​

ទោះយ៉ាងណា ​លោក​វ៉ា គឹមហុង​ អះអាង​ថា ​ភាគី​ទាំង​ពីរ​នឹង​បន្ត​ធ្វើ​ការ​បោះ​បង្គោល​ព្រំដែន​ដែល​បាន​ឯកភាព​គ្នា។ ​លោក​បន្ត​ថា​ ភាគី​ទាំង​ពីរ​ក៏​នឹង​បន្ត​ចរចា​គ្នា​ទៀត​ក្នុង​ការ​ធ្វើ​សេចក្ដី​ព្រាង​ក្នុង​ការស្នើ​សុំ​ជំនួយ​ពី​ប្រទេស​បារាំង​ដើម្បី​ចម្លង​ផែនទី។​

លោក Le Hoai Trung អនុរដ្ឋមន្ត្រីការបរទេសវៀតណាម (កណ្តាល) ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​អំពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម នៅ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦។
លោក Le Hoai Trung អនុរដ្ឋមន្ត្រីការបរទេសវៀតណាម (កណ្តាល) ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​អំពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម នៅ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦។

ដោយឡែក ​ភាគី​វៀតណាម​នៅ​តែ​បន្ត​មិន​ផ្ដល់​បទ​សម្ភាសន៍​ដល់​ក្រុម​អ្នក​យក​ព័ត៌មាន​ក្រោយ​ពី​កិច្ច​ប្រជុំ​ ដោយ​មន្ត្រី​កម្ពុជា​អះអាង​ថា ​ពួក​គេ​ដល់​ម៉ោង​ត្រូវ​ឡើង​យន្តហោះ​ត្រឡប់​ទៅ​វិញ។​

លោក​សុន ឆ័យ ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ថា​ វៀតណាម​ជា​ប្រទេស​ធំ​ជាង​កម្ពុជា ​ហើយ​ខណៈ​ពេល​ដែល​កម្ពុជា​កំពុង​មាន​បញ្ហា​នយោបាយ​នោះ​ ធ្វើ​ឱ្យ​កម្ពុជា​មិន​អាច​ជជែក​ដោយ​ស្មើ​ភាព​ជាមួយ​វៀតណាម​នោះ​ទេ។ ​លោក​បន្ត​ថា ​កម្ពុជា​មិនគួរ​ខាតពេល​ក្នុង​ការ​ចរចា​ទ្វេភាគី​ជាមួយ​វៀតណាម​លើ​បញ្ហា​ព្រំដែន​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«យើង​មាន​ទាំង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ​ដែល​ប្រទេស​ហត្ថលេខី​ធានា​បូរណភាព​ទឹកដី​យើង​ផង ​ហើយ​យើង​ជា​ប្រទេស​មួយ​ដែល​ជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ​ដែល​អាច​នឹង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​អន្តរជាតិ​ជួយ​យើង»។​

យ៉ាងណាក៏ដោយ​ លោក​វ៉ា គឹមហុង ​មាន​ប្រសាសន៍​ថា ​បើ​ទោះបី​ជា​ភាគី​ទាំង​ពីរ​មាន​ការ​ខ្វែង​គំនិត​គ្នា​ ​ភាគី​ទាំងពីរ​នៅ​តែ​ប្រកាន់​ជំហរ​ដោះស្រាយ​គ្នា​ទ្វេភាគី ​និង​មិនមាន​ការ​ប្ដឹង​ទៅ​អង្គការ​សហ​ប្រជាជាតិ ​ឬ​តុលាការ​អន្តរជាតិ​នោះ​ទេ​ ដោយ​លោក​ថា ​វា​មាន​លក្ខណៈ​ស្មុគ្រស្មាញ ​និង​មាន​តម្លៃ​ថ្លៃ។ ​

តែ​លោក​សុន ឆ័យ​ ច្រាន​ចោល​ការ​លើក​ឡើង​នេះ ​ដោយ​លោក​និយាយថា ​កម្ពុជា​ធ្លាប់​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ ​ហើយ​ប្រសិន​បើ​រដ្ឋ​មាន​ការ​ខ្វះ​ខាត​ផ្នែក​ថវិកា។ លោក​ជឿ​ថា​ ពលរដ្ឋ​នឹង​សប្បាយ​ចិត្ត​ក្នុង​ការ​ចូល​រួម។​

ក្រោយ​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម ​កម្ពុជា​បាន​ចុះ​សន្ធិសញ្ញា ​និង​អនុស្សរណៈ​មួយ​ចំនួន​ជាមួយ​វៀតណាម​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​ ដូចជា​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥​ និង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០១១។​ គណបក្ស​ប្រឆាំង​បាន​រិះគន់​ថា​ សន្ធិសញ្ញា ​និង​អនុស្សរណៈ​ទាំង​នោះ​បាន​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់ ​តែ​រដ្ឋាភិបាល​តែង​តែ​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ៕

XS
SM
MD
LG