ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ខ្មែរ​ជំទាស់​នឹង​ការ​ទាមទារ​ទឹកដី​ដោយ​ប្រទេស​វៀតណាម


ជន​ភៀស​ខ្លួន​ពី​ទ្វីប​អាហ្រ្វិក​កំពុង​គូរ​គំនូរ​ក្នុង​ក្នុង​សិក្ខសាលា​​«ព្យាបាល​តាម​បែប​សិល្បៈ»​នៅ​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប។
ជន​ភៀស​ខ្លួន​ពី​ទ្វីប​អាហ្រ្វិក​កំពុង​គូរ​គំនូរ​ក្នុង​ក្នុង​សិក្ខសាលា​​«ព្យាបាល​តាម​បែប​សិល្បៈ»​នៅ​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប។

មន្ត្រី​រដ្ឋាភិបាល​ទទួល​បន្ទុក​ព្រំដែន​បាន​និយាយ​ថា​ តំបន់​ដាក់ដាំ​នៅ​តែ​ជា​តំបន់​ ប្រទាញ​ប្រទង់​ មិនមែន​ជា​របស់​វៀតណាម​ ដូច​ដែល​ក្រសួងការ​បរទេស​វៀតណាម​អះអាង​នោះ​ទេ។​

មន្ត្រី​រដ្ឋាភិបាល​ទទួល​បន្ទុក​ព្រំដែន​បាន​និយាយ​ថា​ តំបន់​ដាក់ដាំ​នៅ​តែ​ជា​តំបន់​ ប្រទាញ​ប្រទង់​ មិនមែន​ជា​របស់​វៀតណាម​ ដូច​ដែល​ក្រសួងការ​បរទេស​វៀតណាម​អះអាង​នោះ​ទេ។​ នេះ​ជា​ប្រតិកម្ម​របស់​លោក ​វ៉ា គឹមហុង​ ប្រធាន​គណៈកម្មការ​ព្រំដែន​ដែល​បាន​ឆ្លើយតប​នឹង​ការ​អះអាង​របស់​វៀតណាម​ ដែល​ថា​ តំបន់​ដាក់ដាំ​នៅ​ខេត្ត​មណ្ឌលគីរី​ជា​របស់​ខ្លួន​នោះ។​

មួយ​ថ្ងៃ​ក្រោយ​ពី​មន្ត្រី​វៀតណាម​បាន​អះអាង​ថា​ តំបន់​ដាក់ដាំ​នៅ​ខេត្ត​មណ្ឌលគីរី​ថា​ជា​របស់​ខ្លួននោះ​ ​មន្ត្រី​ជាន់ខ្ពស់​របស់​កម្ពុជា​គឺលោក​ វ៉ា គឹមហុង​ ប្រធាន​គណៈ​កម្មការ​ព្រំដែន​កម្ពុជា​បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ ​ហើយ​អះអាង​ថា​ ដី​នៅ​តំបន់​ដាក់ដាំ​គឺ​ស្ថិត​នៅ​ជា​តំបន់​ ដែល​មាន​ការប្រទាញ​ប្រទង់​គ្នា។​

លោក​ថា​ តំបន់​នោះ​ត្រូវ​បន្ត​ជជែកគ្នា​ ដោយ​លោក​បន្ថែម​ថា​ កម្ពុជា​នៅតែ​មាន​ជំហរ​ដដែល​ គឺ​ដូច​ការ​បញ្ជាក់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​ថ្លែង​ក្នុង​ពេល​លោក​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​បារាំង​កាល​ពី​សប្តាហ៍​កន្លង​ទៅ។​

«អ្វី​ដែល​សម្តេច​លោក​បាន​បញ្ជាក់​គឺ​សេចក្តី​សម្រេច​របស់​អគ្គ​ទេសា​ភិបាល​បារាំង ​នៅ​ក្នុង​ឆ្នាំ១៩១៤​ហ្នឹង​គឺ​ថា​ នៅ​ដដែល​ ​អត់​មាន​អ្វី​ប្រែប្រួល​ទេ។ ​សេចក្តី​សម្រេច​នោះ​គឺ​ដាក់​ថា​ ខ្សែ​បន្ទាត់​ព្រំដែន​ដើរ​តាម​ព្រែក​ដាក់​ហ៊ូត»។​

លោក​ វ៉ា គឹមហុង ​បាន​បន្ថែម​ថា​ កម្ពុជា​មាន​ការ​បញ្ជាក់​ពី​បារាំង​ដែល​ជា​ច្បាប់៖​

«ទេ​ អា​ហ្នឹង​វា​អញ្ចឹង​ហើយ។​ សន្ធិ​សញ្ញា​បំពេញ​បន្ថែម​មាន​ការ​និយាយ​ច្បាស់។​មាន​វាក្យ​ខណ្ឌ​មួយ​និយាយ​ថា​ ភាគី​ទាំងពីរ​បន្ត​ការ​ចរចា​រក​ដំណោះ​ស្រាយ​នៅ​តំបន់​នោះ ​ព្រោះគេ​ទទួល​ដឹង​ដែរ​ថា​ នៅ​ឆ្នាំ​២០០៥​ ​សន្ធិសញ្ញា​បំពេញ​បន្ថែម​និយាយ​ច្បាស់។​ ដូច្នេះ​អ្វី​ដែល​ជា​អំណះអំណាង​ខាង​វៀតណាម ​វា​ធម្មតា​ទេ​ ​គេ​ចង់​បាន​ គេ​ចេះ​តែ​មាន​អំណះ​អំណាង​ទៅ។​ ​យើង​ក៏​យើង​យក​អំណះ​អំណាង​យើង​គឺ​សេចក្តី​សម្រេច​អគ្គ​ទេសា​ភិបាល​បារាំង​ដែល​ជំនាន់​នោះ​ជា​ច្បាប់»។​

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ត្រូវ​គេ​រាយ​ការណ៍​មក​ថា​ លោក​បាន​បដិសេធ​សំណើ​វៀតណាម​ ដែល​សុំ​ឲ្យ​ចែក​ដី​តំបន់​ដាក់ដាំ​ និង​ដាក់​ហ៊ូត​នោះ​ជាមួយ​កម្ពុជា​ គឺ​៦០​ភាគរយ​ទៅ​វៀតណាម​ និង​៤០​ភាគ​រយ​មក​កម្ពុជា ​តែ​លោក​ ហ៊ុន សែន​ បាន​បញ្ជាក់​កាលពី​ថ្ងៃ​២៥ ​ខែតុលា​នៅ​ប្រទេស​បារាំង​ថា​ លោក​មិន​បាន​យល់​ព្រម​ទេ។​ ទោះជា​យ៉ាង​ណា​ក្តី​ គ្មាន​ការ​បញ្ជាក់​ជា​ផ្លួវការ​ និង​គ្មាន​ឯកសារ​ត្រូវ​គេ​បង្ហាញ​ថា​ វៀតណាម​បាន​ស្នើ​សុំ​មែន ​ឬ​យ៉ាងណា​នោះ​ទេ។​

សារព័ត៌មាន​វៀតណាម​មួយ ​The Hanio Time ​បាន​ដក​ស្រង់​សម្តី​អ្នក​នាំពាក្យ​របស់​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម​ Le Hai Binh ​មក​បញ្ជាក់​ថា៖​

«ក្រសួង​ការ​បរទេស​វៀតណាម​កំពុង​បញ្ជាក់​ពី​ព័ត៌មាន​ ដែល​បាន​លើក​ឡើង​ខាង​លើ​នោះ ​ហើយ​វៀតណាម​ពិតជា​មាន​ដែន​អធិបតេយ្យ​លើ​តំបន់​ព្រំដែន​ដាក់ដាំ ​ក្នុង​ខេត្ត​ដាក់ណុង ​ភាគ​កណ្តាល​ ដែល​ជាប់​នឹង​ខេត្ត​មណ្ឌលគីរី។​ ប្រទេស​វៀតណាម​មាន​មូលដ្ឋាន​ប្រវត្តិ​សាស្ត្រ ​និង​ផ្លូវ​ច្បាប់​គ្រប់គ្រាន់ ​ហើយ​នឹង​មាន​ការ​គ្រប់គ្រង​ជាក់ស្តែង​ដើម្បី​បញ្ជាក់​ពី​អធិបតេយ្យ​ពិត​ប្រាកដ​របស់​ខ្លួន​ចំពោះ​តំបន់​ព្រំដែន​ដាក់ដាំ ​ក្នុង​ខេត្ត​ដាក់ណុង ​(Dak Nong)»។​

ទោះជា​យ៉ាងណា​ក៏​ដោយ ​លោក​ ម៉ៅ មុនីវណ្ណ​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​បាន​ចុះ​ទៅ​មើល​តំបន់​ដាក់ដាំ​នោះ​ បាន​និយាយ​ថា​ ការ​លើក​ឡើងរបស់​វៀតណាម​អំពី​តំបន់​ដាក់ដាំ ​ដែល​ភាគី​ទាំងពីរ​កំពុង​បន្ត​ចរចា​គ្នា​នោះ​ ​គឺ​ជា​ការ​រំលោភ​អធិបតេយ្យ​ភាព​កម្ពុជា។ ​

លោក​បាន​ថ្លែង​ថា​ លោក​ធ្លាប់​បានស្នើ​សុំឲ្យ​មាន​ការ​ពន្យល់​ពី​រដ្ឋាភិបាល​កម្ពុជា​ដែរ ​ហើយ​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា​ ​វៀតណាម​បាន​រំលោភ​លើ​ទឹកដី​កម្ពុជា​មែន​ក្នុង​ការ​ធ្វើផ្លូវ​ក្នុង​ទឹកដី​កម្ពុជា​នៅ​ពេល​ភាគី​ទាំង​ពីរ​កំពុង​បន្ត​ចរចា​គ្នា​នោះ។​

«តែពេល​នោះ ​ខ្ញុំ​បាន​ធ្វើ​លិខិត​ទៅ​ប្រមុខ​រដ្ឋាភិបាល ​ហើយ​គណៈ​កម្មាធិការ​ព្រំដែន​ បាន​ឆ្លើយ​តប​នឹង​ខ្ញុំ​ ដោយ​ទទួល​ស្គាល់​ថា​ វៀតណាម​បាន​រំលោភ​បំពាន​ទឹកដី​កម្ពុជា​មែន ហើយ​រដ្ឋាភិបាល​កំពុង​បន្ត​ការ​ចរចារឿង​ហ្នឹង។​ ហើយ​បើ​ចរចាទៅ​បាន​លទ្ធផល​យ៉ាងណា ​បើ​លទ្ធផល​បាន​មក​ខ្មែរ​ នោះ​វៀតណាម​គេ​ប្រគល់​ឲ្យ​តែ​ម្តង​ អាការ​ធ្វើ​ថ្នល់​បំពាន​ចូល​មក​ក្នុង​ទឹកដី​យើង​នេះ»។​

ប្រទេស​វៀតណាម​បាន​ធ្វើ​ថ្នល់​ ជីកស្រះ​ និង​សង់​ប៉ុស្តិ៍​យោធា​តាម​ព្រំដែន​ខ្លះ​ ដែល​ធ្វើ​ឲ្យ​ភាគី​កម្ពុជាតវ៉ា​តាម​រយៈ​កំណត់​ការទូត​ជាដើម​ អំពី​សកម្ម​ភាព​វៀតណាម​តាម​ព្រំដែន​នោះ។

​ប្រទេស​ទាំងពីរ​មាន​ការ​តាន​តឹង​ខ្លះៗ​ឡើង​វិញ​ជាង​១ឆ្នាំ​ចុង​ក្រោយ​នេះ ​បន្ថែម​លើ​បញ្ហា​ស្មុគ​ស្មាញ​រឿង​ព្រំដែន​ដោះស្រាយ​មិន​ចេញ​រាប់​សិប​ទសវត្សរ៍​ ហើយ​មាន​អ្នក​នយោបាយ​ និង​សកម្មជន​គណបក្ស​ជំទាស់​ខ្លះ​ត្រូវ​ចាប់​ដាក់​គុក ​ដោយសារ​ការ​បញ្ចេញ​មតិ ​និង​តវ៉ា​អំពី​រឿង​នេះ៕​

XS
SM
MD
LG