ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រីកម្ពុជា និងវៀតណាមពិភាក្សាបញ្ហាព្រំដែន


រូបឯកសារ៖ លោក វ៉ា​ គឹម​ហុង ប្រធាន​គណៈកម្មការ​ព្រំដែន​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​ លើក​បង្ហាញ​ផែនទី​តំបន់​ Dak To នៃ​ប្រទេស​វៀត​ណាម​ជាប់​ព្រំដែន​កម្ពុជា​ ក្នុង​​សន្និសីទ​កាសែត​ដែល​បង្ហាញ​​ផែនទី​ដែល​​ប្រើ​បោះ​សម្រាប់​​​បង្គោល​ព្រំដែន​ នា​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥​។​ (នៅ​ វណ្ណារិន/VOA)​
រូបឯកសារ៖ លោក វ៉ា​ គឹម​ហុង ប្រធាន​គណៈកម្មការ​ព្រំដែន​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​ លើក​បង្ហាញ​ផែនទី​តំបន់​ Dak To នៃ​ប្រទេស​វៀត​ណាម​ជាប់​ព្រំដែន​កម្ពុជា​ ក្នុង​​សន្និសីទ​កាសែត​ដែល​បង្ហាញ​​ផែនទី​ដែល​​ប្រើ​បោះ​សម្រាប់​​​បង្គោល​ព្រំដែន​ នា​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥​។​ (នៅ​ វណ្ណារិន/VOA)​

ក្រោយកិច្ច​ប្រជុំ​ចាប់​ពី​ម៉ោង​៨​កន្លះ​ព្រឹក​រហូត​ដល់​ម៉ោង​ប្រមាណ​២​និង​៣០​នាទី​រសៀល​ ​ លោក ឡុង វិសាលោ​ បាន​​ឆ្លើយ​​នឹង​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​ ដោយ​និយាយ​​ថា​ លោក​បាន​ប្រាប់​ទៅ​ភាគី​វៀតណាម​ឱ្យ​បញ្ឈប់​សកម្មភាព​នានា​ដែល​កម្ពុជា​បាន​តវ៉ា​ នាពេល​កន្លងមក។​

បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​ផ្ញើ​កំណត់​ការទូត​ជា​ច្រើន​លើក​ច្រើនសារ​ទៅ​ប្រទេស​វៀតណាម​ពាក់ព័ន្ធ​នឹង​បញ្ហាព្រំដែន ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​គណៈ​កម្មការ​ចម្រុះ​នៃ​ភាគី​ទាំងពីរ​បាន​ជួប​ប្រជុំ​គ្នា​ជា​ថ្មី​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ។ ​កម្ពុជា​បាន​ស្នើ​ឱ្យ​វៀតណាម​បញ្ឈប់​សកម្មភាព​សាងសង់​ទាំង​អស់ ​ដោយ​កម្ពុជា​បាន​លើក​ឡើង​ថា ​ខ្លួន​នឹង​រុះរើ​សំណង់​ទាំង​នោះ ​បើ​វៀតណាម​នៅ​តែ​បន្ត។​

ប្រទេសកម្ពុជា​ស្នើជា​ថ្មីឱ្យ​ប្រទេស​វៀតណាម​បញ្ឈប់​រាល់សកម្មភាព​សាង​សង់​ប៉ុស្តិ៍ ​ផ្លូវ ​និង​ការ​ជីកស្រះ​នៅ​តាម​ព្រំដែន ​ដោយបាន​បញ្ជាក់​ថា ​កម្ពុជា​នឹងរុះរើ​ចេញ​ ប្រសិន​បើ​វៀតណាម​នៅ​តែ​បន្ត​សកម្មភាព​របស់​ខ្លួន។ ​នេះ​បើ​យោងតាម​មន្ត្រី​ជាន់ខ្ពស់​របស់​កម្ពុជា​ដែល​ធ្វើ​ការ​លើ​កិច្ច​ការ​ព្រំដែន។​

ការ​ស្នើ​នេះ​បាន​ធ្វើ​ឡើង​ នៅ​ក្នុង​កិច្ច​ប្រជុំរបស់​គណៈ​កម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​វៀតណាម​រៀបចំ​ឡើងនៅ​ក្នុង​រាជធានី​ភ្នំពេញ។​ លោក​វ៉ា គឹមហុង​ ប្រធាន​គណៈ​កម្មការ​ព្រំដែន​កម្ពុជា​ អមដោយ​មន្ត្រី​រដ្ឋាភិបាល​ផ្សេង​ទៀត​ ក្នុង​នោះ​មាន​លោក​ឡុង វិសាលោ ​រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា​ និង​ជា​អនុប្រធាន​គណៈ​កម្មការ​ព្រំដែន​កម្ពុជាគឺ​ជា​តំណាង​ឲ្យ​ភាគី​កម្ពុជា។​ ​រី​ឯភាគីវៀតណាម​ គឺ​មាន​លោក​ Le Hoai Trung អនុ​រដ្ឋមន្ត្រី​ការ​បរទេស​ប្រទេស​វៀតណាម និង​មន្ត្រី​មួយ​ចំនួន​ទៀត​ជាតំណាង។​

ក្រោយកិច្ច​ប្រជុំ​ចាប់​ពី​ម៉ោង​៨​កន្លះ​ព្រឹក​រហូត​ដល់​ម៉ោង​ប្រមាណ​២​និង​៣០​នាទី​រសៀល​ ​ លោក ឡុង វិសាលោ​ បានឆ្លើយនឹង​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​ ដោយ​និយាយថា​ លោក​បាន​ប្រាប់​ទៅ​ភាគី​វៀតណាម​ឱ្យ​បញ្ឈប់​សកម្មភាព​នានា​ដែល​កម្ពុជា​បាន​តវ៉ា​ នាពេល​កន្លងមក។​ លោក​បន្ត​ថា ​ជាការ​ឆ្លើយតប​ ​ភាគី​វៀតណាម​បាន​សន្យា​ថា​ នឹង​ទៅ​ពិភាក្សា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​បាន​តវ៉ា​ថា ​បើ​ហ៊ាន​ធ្វើ! ​ខ្ញុំ​ឱ្យ​រុះចេញ។ ​បាទ​ចប់​ហើយ!​ ឥឡូវ​ចាំ​ឱ្យ​គេ​និយាយ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ផង​... ​មកនិយាយ​រឿង​ស្រះ​ ស្រះ​បន្ត​យ៉ាងម៉េច ​ស្រះ​មាន​៩នៅ​តែ​៩ហ្នឹង! ​យើង​បង្ខំ​ឱ្យ​គេ​លុប។ ​យល់​នៅ? ​គេ​អត់​ទាន់​ឆ្លើយ។​ គេ​ថា​ ចាំ​និយាយ​ជាមួយ​គ្នា​គេ​សិន។ ​ហើយ​មាន​បន្ត​ម៉េច​ទៀត?»​

ចាប់​តាំង​ពីឆ្នាំ​២០១១​រហូត​មក​ដល់​ឆ្នាំ​២០១៦​នេះ ក​ម្ពុជា​បាន​ចេញ​កំណត់​ការទូត​ជា​បន្តបន្ទាប់ជាង​២០​ដង​ តវ៉ា​ទៅ​កាន់​ភាគី​វៀតណាម​ ពាក់ព័ន្ធ​នឹង​បញ្ហា​សកម្មភាព​របស់​វៀតណាម​ក្នុង​ការ​សាងសង់​ប៉ុស្តិ៍ ​ផ្លូវ ​និង​ជីក​ស្រះនៅ​តាម​ព្រំដែន​កម្ពុជា​វៀតណាម។

លោក​ឡុង វិសាលោមាន​ប្រសាសន៍ថា ​រាល់​កំណត់​ការទូត​ដែល​កម្ពុជា​បាន​ផ្ញើកន្លង​មក​ ​វៀតណាម​បាន​ធ្វើ​ការ​ឆ្លើយ​តប ​ដោយភាគី​វៀតណាមបាន​ការពារ​អំណះ​អំណាង​របស់​ខ្លួន​ថា ​រាល់​សំណង់​ និង​ស្រះ​ដែល​បាន​ជីក​គឺ​ស្ថិត​នៅ​ក្នុង​ដី​របស់​ខ្លួន។​

លោក​មាន​ប្រសាសន៍​ថា៖​

«កំណត់​ទូត​យើង​សរសេរ​ទៅ!​ ​គេ​សរសេរ​មក!​ តែ​វា​ធម្មតា​ទេ។​ ​តែ​វៀតណាម​គាត់​សរសេរ​មក​ គាត់​ចេះ​តែ​ថា​ នៅ​លើ​ដី​គាត់។​ អញ្ចឹងយើង​[ផ្ញើ​]​បក​ទៅ​វិញ។​ វា​ឡើង​ច្រើន ដោយសារ​ត​ទល់​គ្នា​អញ្ចឹង។ ​ ហើយ​ទី​បញ្ចប់​ គាត់​ឆ្លើយ​ថា​ ​សរុប​សេចក្ដី​ទៅ​គាត់​ថា ​ចាំ​គាត់​យក​ទៅ​ពិភាក្សា​ជាមួយ​នឹង​ក្រសួង​ដែល​ពាក់ព័ន្ធ។​ អញ្ចឹងប៉ុណ្ណឹង​វា​គ្រប់គ្រាន់​ហើយ។​ យើង​ស្ដាប់​គាត់​សិន ព្រោះ​វា​ឆ្លើយ​ឆ្លង​គ្នា។​ បើ​ឱ្យ​ឆ្លើយ​រហូត​ ឆ្នាំ​ណាចប់?​ មួយ​ថា ​ដី​ខ្មែរ។ ​មួយ​ថា​ ដី​វៀតណាម។​ ​ ឥឡូវ​គាត់​សុខចិត្ត​បញ្ចប់​រឿង​ ដោយ​ថា​ ​គាត់​ទៅ​ពិភាក្សា​ជាមួយ​ក្រសួង​ពាក់ព័ន្ធរបស់​គាត់»។​

លោក​វ៉ា គឹមហុង ​ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ ភាគី​ទាំង​ពី​ក៏​បាន​ពិភាក្សា​គ្នា​អំពី​សេចក្ដី​ព្រាង​លិខិត​ដែលនាយក​រដ្ឋមន្ត្រី​ប្រទេស​ទាំង​ពីរ​ត្រូវ​ចុះ​ហត្ថលេខា ​ដើម្បី​ផ្ញើ​ទៅ​ប្រធានាធិបតី​បារាំង​សុំ​ជំនួយ​អ្នក​ជំនាញ​ផែនទី​ដើម្បី​គូស​ចម្លង​ផែនទី​ខ្នាត​១​លើ​១០០០០០​ និង​ផែនទី​ខ្នាត​១លើ​៥០០០០។ ​លោក​បន្តថា ​ភាគី​ទាំង​ពីរ​មិនទាន់​ឯកភាព​គ្នា​ទៅ​លើ​សេចក្ដី​ព្រាង​សំណើ​នោះ​នៅ​ឡើយ​ទេ ដោយ​លោក​និយាយ​ថា ​វៀតណាម​ស្នើ​ឱ្យ​បញ្ចូល​៧​ចំណុច​ ចំណែក​កម្ពុជា​ចង់​ដាក់​តែ​២​ចំណុច​ប៉ុណ្ណោះ។ ​ទោះយ៉ាងណា ​លោក​មិន​បាន​បញ្ជាក់​ថា​ ចំណុច​ទាំង​នោះ​មាន​អ្វី​ខ្លះ​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«យើង​ស្នើ​តែ​២​ចំណុច​ទេ។​ ភាគី​វៀតណាម​គេ​ចង់​ស្នើ​ទាំង​៧​ចំណុច។ ​យើង​មិន​ឯកភាព។​ អាហ្នឹង​ជម្រាប​ត្រង់​ ​យើង​មិន​ឯកភាព​ទេ។​ យើង​គិត​ថា ​២​ចំណុច​នេះ​វា​ច្រើន ហើយ​នៅ​សល់​៥​ចំណុច​ទៀត។ ​រឿងអី!​ ​ប្អូន​ទាំងអស់​គ្នា​ប្រហែល​សួរថា​ ​ម៉េច​មិន​ឱ្យ​គេ​ធ្វើ​ទៅ? ​យើង​គិត​ថា ​៥​ចំណុច​ទៀត ​យើង​អាច​ប្រគល់​ឱ្យ​ក្រុម​ជំនាញ​គណៈ​កម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​អាច​ធ្វើ​បញ្ហា​ហ្នឹង​បាន ​ដោយ​មិន​ចាំ​បាច់​សុំ​អន្តរាគមន៍​ពី​ប្រទេស​ទី​៣»។​

​លោក​វ៉ា គឹមហុងបាន​ឲ្យ​ដឹង​ថា​ ​នៅ​ក្នុង​កិច្ច​ប្រជុំ​នាថ្ងៃ​នេះ ​ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​ទៅលើ​ការ​បោះ​បង្គោល​បំពេញ​បន្ថែម​ ដែល​លោកនិយាយ​ថា​ មានប្រមាណ​១០០០​បង្គោល​ ដោយភាគី​ទាំង​ពីរ​នឹង​បោះ​បង្គោល​ពាក់​កណ្ដាល​ម្នាក់។​ ​កម្ពុជា​បោះបង្គោល​លេខ​សេស ​ហើយ​វៀតណាម​នឹង​បោះ​បង្គោល​លេខ​គូ។​

ដោយឡែក​ ភាគីវៀតណាម​បាន​បដិសេធ​មិន​ផ្តល់​បទ​សម្ភាសន៍​ដល់​ក្រុម​អ្នក​សារព័ត៌មាន​នោះ​ទេ​ នៅ​ពេល​សម្រាក​ពី​កិច្ច​ប្រជុំ​នោះ។

លោកម៉ៅ​ មុន្នីវណ្ណ​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ មណ្ឌលកំពង់​ចាម​ ដែល​សកម្ម​ក្នុង​ការងារ​ព្រំដែន បាន​មាន​ប្រសាសន៍​ថា ​ការ​ដោះស្រាយ​ទ្វេភាគី​រវាង​កម្ពុជា​និង​វៀតណាម​ទៅ​លើ​បញ្ហា​ព្រំដែន​នេះ​ បាន​ក្លាយ​ទៅ​ជា​«ជំងឺ​រ៉ាំរ៉ៃ» ​ដែលពុំ​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​នោះ​ទេ។​ លោក​គាំទ្រ​ចំណាត់​ការ​ស្វែង​រក​ជំនួយ​ពី​ភាគី​ទី​៣ ដូចជា​ប្រទេស​បារាំង​ តែ​ប្រសិន​បើ​យន្តការ​នេះ​មិន​បាន​សម្រេច ​កម្ពុជា​គួរ​ពិចារណា​ស្វែង​រក​អន្តរាគមន៍​ពី​អន្តរជាតិ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ឬ​ក៏​អាច​ប្ដឹង​ទៅ​អង្គការ​សហ​ប្រជាជាតិ ​ឬ​ក៏​តុលាការ​អន្តរជាតិ​ទៅ!​ អា​នេះ​បើ​តាម​ទស្នសៈ​ខ្ញុំ។​ ខ្ញុំ​ថា ​ដល់​ពេល​សម​ល្មម​ដែល​យើង​ត្រូវ​ជំរុញ​ដោះស្រាយ​ ដោយ​មាន​ការ​ចូលរួម​ពី​ប្រទេស​មហា​អំណាច ​ឬ​ក៏​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​ហើយ​ ព្រោះ​យើង​ដឹង​ហើយ​ថា ​ប្រទេស​យើង​ ស្ថានការណ៍​ទាំង​សេដ្ឋកិច្ច​ ទាំងយោធា វា​ចាញ់​ប្រៀប​គេ។​ ដូច្នេះ​គេ​ហាក់ដូច​ជា​មិន​ដែល​ស្ដាប់​យើង​ផង​ហ្នឹង!»​

​នៅ​ក្នុង​ការ​តវ៉ា​របស់​ខ្លួន​តាម​រយៈ​កំណត់​ការទូត​កន្លង​ទៅ​ ​កម្ពុជា​បាន​ចោទ​វៀតណាម​អំពី​ការ​រំលោភ​បំពាន ដែល​រួម​មាន​ការ​ជីក​ស្រះ​៩​កន្លែង​ និង​ការ​សង់​អគារ​ និង​ផ្លូវ​បេតុង​ក្នុង​ខេត្ត​រតនគិរី​ ការ​ធ្វើ​ផ្លូវ​ និង​ប៉ុស្តិ៍​រដ្ឋបាល​នៅ​តំបន់​ដាក់​ដាំ​ ​ដាក់​ហ៊ូត​ ខេត្ត​មណ្ឌលគិរី ​ការ​ធ្វើ​ផ្លូវ​នៅ​ខេត្ត​ស្វាយរៀង​ ការ​សាងសង់​ប៉ុស្តិ៍​យោធា​នៅ​ខេត្ត​កណ្តាល​ និង​ការ​ធ្វើ​ប៉ុស្តិ៍​នៅ​ច្រក​ទា្វរ​ហួយដុង​ ជាប់​បង្គោល​ព្រំដែន​លេខ​២៦០​ ទល់​មុខ​ច្រក​ទ្វារ​កំពង់​ក្រសំាង​ ស្រុក​បូរីជលសារ ​ខេត្ត​តាកែវ៕​

XS
SM
MD
LG