រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃសុក្រនេះ បានស្នើឲ្យភាគីវៀតណាម ចាត់វិធានការឲ្យបានតឹងរ៉ឹងលើការគ្រប់គ្រងពាណិជ្ជកម្មពាក់ព័ន្ធនឹងអនុផលព្រៃឈើខុសច្បាប់ និងការនេសាទឆ្លងដែនខុសច្បាប់។ នេះបើតាមការផ្សាយលើគេហទំព័ររបស់ក្រសួងកសិកម្មកម្ពុជា។
បើតាមអត្ថបទព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបត្រូវបានផ្សព្វផ្សាយលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃសុក្រនេះ បញ្ជាក់ថា លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និងជាគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងកសិកម្មកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក ង្វៀន សួនគឿង រដ្ឋមន្រ្តីកសិកម្ម និងអភិវឌ្ឍជនបទប្រទេសវៀតណាម នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
អត្ថបទព័ត៌នោះសរសេរថាលោក វេង សាខុន បានស្នើឲ្យភាគីវៀតណាម ជួយពិនិត្យលទ្ធភាពក្នុងការបង្កើនតម្លៃកៅស៊ូដែលប្រមូលទិញពីកម្ពុជា និងស្នើឲ្យភាគីវៀតណាមជួយពង្រឹងការបង្ការ និងទប់ស្កាត់ជំងឺឆ្លងរាតត្បាត ដើម្បីបញ្ចៀសនូវហានិភ័យរវាងប្រទេសទាំងពីរ ព្រមទាំងស្នើឲ្យភាគីវៀតណាមមានវិធានការតឹងរ៉ឹងពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងនេសាទផងដែរ។
អត្ថបទអមដោយរូបភាពជំនួបរវាងរដ្ឋមន្រ្តីក្រសួងកសិកម្មនៃប្រទេសទាំងពីរ ត្រូវបានសរសេរក្នុងន័យដើមថា៖
«លោករដ្ឋមន្រ្តី [វេង សាខុន] បានស្នើដល់ភាគីវៀតណាម ជួយមានវិធានការតឹងរ៉ឹងបន្ថែមទៀត ពាក់ព័ន្ធដល់ការគ្រប់គ្រងពាណិជ្ជកម្មផលអនុផលព្រៃឈើខុសច្បាប់ និងការនេសាទឆ្លងដែនខុសច្បាប់ ពុំមានការអនុញ្ញាត និងមិនមានរបាយការណ៍ ព្រោះកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាល រៀបចំលិខិតបទដ្ឋាននានា ដែលសមស្របទៅនឹងលក្ខខណ្ឌតម្រូវរបស់សហភាពអ៊ឺរ៉ុប»។
អត្ថបទលើគេហទំព័រក្រសួងកសិកម្មកម្ពុជាដដែលនោះបន្ថែមថា លោក ង្វៀន សួនគឿង រដ្ឋមន្រ្តីក្រសួងកសិកម្មវៀតណាមបានឆ្លើយតបប្រកបដោយភាពវិជ្ជមាន និងបានស្នើឲ្យភាគីទាំងពីររៀបចំក្រុមការងារកម្រិតជំនាញដើម្បីបន្តពិភាក្សា និងដោះស្រាយបញ្ហានានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពង្រីកនូវទំហំពាណិជ្ជកម្ម កសិកម្មរវាងប្រទេសទាំងពីរផងដែរ។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាប្រាប់ VOA ថា ការស្នើទៅវិញទៅមករវាងរដ្ឋមន្រ្តីក្រសួងនៃប្រទេសទាំងពីរ គឺជាទំនាក់ទំនងបែបបច្ចេកទេស ដែលលោកថា មិនអាចមានប្រសិទ្ធភាពណាមួយនោះទេ។ លោកបន្ថែមថា ការអភិវឌ្ឍវិស័យណាមួយ ឬការចាត់វិធានការទប់ស្កាត់បញ្ហាណាមួយបាន លុះត្រាតែកម្ពុជាខ្លួនឯងជាអ្នកប្រើប្រាស់ផ្លូវច្បាប់អនុវត្តឲ្យបានត្រឹមត្រូវ។
លោកមានប្រសាសន៍ថា៖
«ការអនុវត្តន៍ច្បាប់របស់កម្ពុជាហ្នឹង ដែលកម្ពុជាតែងអះអាងថាយើងជារដ្ឋអធិបតេយ្យហ្នឹង។ ប៉ុន្តែសូម្បីតែរឿងកំប៉ិកកំប៉ុក ការនេសាទខុសច្បាប់អីហ្នឹង ក៏យើងមិនមានវិធានការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពផងហ្នឹង។ អញ្ចឹងសួរថាតើគ្រាន់តែការជជែកគ្នានៅក្នុងកម្រិតមួយ កម្រិតក្រសួង តើវាអាចទៅរួចដែរ ឬទេ? អញ្ចឹងខ្ញុំនៅតែលើកទឹកចិត្តឲ្យមានការអនុវត្តន៍ច្បាប់ដែលមានស្រាប់ ហើយរឿងអនុវត្តច្បាប់ហ្នឹង កុំឲ្យយករឿងជំពាក់ជំពិនក្នុងកម្រិតនយោបាយមកពាក់ព័ន្ធ»។
អង្គការឃ្លាំមើលព្រៃឈើ Forest Trends បានផ្សព្វផ្សាយរបាយការណ៍របស់ខ្លួនកាលពីដើមឆ្នាំ២០១៨ បានបញ្ជាក់ថា ទិន្នន័យរបស់គយវៀតណាមបង្ហាញអំពីការកើនឡើងដ៏គួរឲ្យកត់សម្គាល់អំពីការនាំចូលឈើហុប និងឈើអារពីប្រទេសកម្ពុជានៅក្នុងឆ្នាំ ២០១៧។
ទិន្នន័យដែលចងក្រងដោយអង្គការឃ្លាំមើលព្រៃឈើ Forest Trends នោះបានបង្ហាញថា ឈើប្រមាណជាង១៦ម៉ឺន (១៦៣,០៧១) ម៉ែត្រគូបរបស់កម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ ២០១៧ ពោលគឺមានការកើនឡើងចំនួន១៧ភាគរយ លើសពីឆ្នាំមុន ហើយតម្លៃនៃការនាំចេញ បានកើនឡើងដល់ ២១ភាគរយ ស្មើនឹងទឹកប្រាក់ប្រមាណជា ៤០លានដុល្លារអាមេរិក។
យ៉ាងណាក្តី រដ្ឋាភិបាលកម្ពុជា ដែលរួមទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផង តែងប្រកាសហាមឃាត់ការកាប់ឈើ និងការនាំចេញឈើទៅបរទេសជាច្រើនដង។ រដ្ឋាភិបាលកម្ពុជាក៏បានប្រកាសថាការកាប់ឈើខ្នាតធំ លែងមាននៅកម្ពុជាជាដើម៕