ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៦ ខែធ្នូ បានប្រកាសបញ្ឈប់ការចេញអាជ្ញាបណ្ណថ្មីដល់គ្រឹះស្ថានមីក្រូហិរញ្ញទទួលប្រាក់បញ្ញើដែលរហូតមកដល់ពេលនេះមានចំនួន៦ស្ថាប័ន ដោយលើកទឹកចិត្តឲ្យគ្រឹះស្ថានទាំងនោះច្របាច់បញ្ចូលគ្នា។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបញ្ញើមានចំនួន៦ រួមមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ អេអឹមខេ (AMK) ដាប់ប៊ែលយូប៊ី (WB) អម្រឹតអិលអូអិលស៊ី (LOLC)និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ។ នេះបើតាមបញ្ជីឈ្មោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើរបស់ធនាគារជាតិចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ គ្រឹះស្ថានទាំង៦នោះ ស្ថិតក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសរុប៨០ ដែលផ្តល់កម្ចីផងដែរដល់ប្រជាពលរដ្ឋ ជាពិសេសកសិករ និងអ្នកភូមិនៅតាមជនបទ។
ការបញ្ឈប់ផ្តល់អាជ្ញាបណ្ណថ្មីសម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបញ្ញើនេះ គឺចាប់ពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះតទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិកម្ពុជា ចុះថ្ងៃទី៦ ខែធ្នូនេះ។
ធនាគារជាតិបញ្ជាក់ថា ការបញ្ឈប់នេះ គឺដើម្បីពង្រឹងបន្ថែមទៀតនូវសមត្ថភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដូចជាការត្រួតពិនិត្យ ដែលសំដៅរក្សាស្ថិរភាពហិរញ្ញវត្ថុ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ទោះជាយ៉ាងណា ធនាគារជាតិនៃកម្ពុជាក៏បានលើកទឹកចិត្តឲ្យគ្រឹះសា្ថនធនាគារ និងហិរញ្ញវត្ថុដែលមានស្រាប់ច្របាច់បញ្ចូលគ្នាដើម្បីលើកកម្ពស់ការផ្តល់ហិរញ្ញវត្ថុប្រកបដោយគុណភាព ប្រសិទ្ធភាព និងមានតម្លៃសមរម្យសម្រាប់ក្រុមហ៊ុនសហគ្រាស និងសាធារណជន។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអគ្គនាយិកានៃធនាគារជាតិនៃកម្ពុជាអ្នកស្រី ជា សិរី ដើម្បីសុំការអត្ថាធិប្បាយបន្ថែមបាននៅឡើយទេនាថ្ងៃពុធនេះ។
អ្នកសេដ្ឋកិច្ច និងមន្រ្តីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាយល់ថា វាជារឿងល្អ ដែលនឹងផ្តល់ផលវិជ្ជមានច្រើន ស្របពេលបរិមាណប្រាក់បញ្ញើមានជាង៤ពាន់លានដុល្លារអាមេរិក។
លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជាអ្នកនាំពាក្យ ប្រាប់វីអូអេតាមសារតេឡេក្រាមថា ក្នុងពេលបច្ចុប្បន្ននេះ គឺមិនទាន់មានភាពចាំបាច់ក្នុងការផ្តល់អាជ្ញាបណ្ណដល់គ្រឹះស្ថានថ្មីៗបន្ថែមទៀតនោះទេ ដោយសារស្ថាប័នហិរញ្ញវត្ថុដែលទទួលប្រាក់បញ្ញើមានប្រមាណ៦០ក្នុងនោះមានធនាគារជាង៥០ទៀត។
លោកបញ្ជាក់ថា៖ «អ៊ីចឹងដោយសារតែអ្នកផ្តល់សេវាមានចំនួនច្រើនហើយ យើងគិតឃើញថា ការដែលបន្ថែមអ្នកដែលផ្តល់សេវាទៀតវាមិនមានភាពចំបាច់ទេនៅក្នុងបរិបទបច្ចុប្បន្ននេះ។ តែពេលនេះយើងគិតថា អាទិភាពគួរតែផ្តល់ទៅលើគ្រឹះស្ថានទាំងឡាយដែលគាត់មានប្រតិបត្តិការរួចស្រាប់ ដោយយើងគួរតែជំរុញឲ្យពួកគាត់ចូលរួមពង្រឹង និងពង្រីកសេវាកម្មបន្ថែមដើម្បីទាក់ទាញឲ្យប្រជាជនខ្មែរយើងមានទម្លាប់សន្សំ»។
បើតាមលោក កាំង តុងងី គឹតត្រឹមដំណាច់ខែកញ្ញាឆ្នាំ២០២១នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំង៦ មានអតិថិជនដាក់ប្រាក់បញ្ញើរហូតដល់ជាង២លាន៨៥ម៉ឺននាក់ ខណៈបរិមាណប្រាក់បញ្ញើមានទំហំទឹកប្រាក់ចំនួន៤.០៧៣លានដុល្លារអាមេរិក ពោលគឺកើនឡើងចំនួន១៩០លានដុល្លារអាមេរិក បើធៀបនឹងរយៈពេល៩ខែដូចគ្នារវាងឆ្នាំ២០២០ និង២០២១។
លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចមួយរូប ប្រាប់វីអូអេថា ការឈប់ផ្តល់អាជ្ញាបណ្ណថ្មីសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រកបអាជីវកម្មទទួលប្រាក់បញ្ញើនេះគឺមានផលវិជ្ជមានច្រើន ដោយមិនចាំបាច់ឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ(Microfinance Institutions ឬ MFI)ដែលចង់បានអាជ្ញាបណ្ណ ត្រូវចំណាយពេល និងប្រឹងរៀបចំការគ្រប់គ្រងរបស់ខ្លួន និងចុងក្រោយអាចត្រូវច្របាច់បញ្ចូលគ្នាជាមួយធនាគារជាដើម។ លោកមើលឃើញថាការច្របាច់បញ្ចូលគ្នារវាងគ្រឹះសា្ថនធនាគារ និងហិរញ្ញវត្ថុ នឹងធ្វើឲ្យវិស័យហិរញ្ញវត្ថុនេះកាន់តែរឹងមាំ ហើយការផ្តល់សេវាដល់អតិថិជនកាន់តែមានភាពល្អប្រសើរ។
លោកថ្លែងថា៖ «គ្រឹះស្ថានដែលទទួលប្រាក់បញ្ញើហ្នឹង រាល់ថ្ងៃមានអាជ្ញាបណ្ណ [ដែល]ខ្ញុំមិនចាំច្បាស់ដូចជាមានប្រាំ ប្រាំមួយ ប្រាំពីរអីដែរ គឺច្រើនដែរ។ អ៊ីចឹងវាច្រើន។ កាលណាច្រើនទៅវាអាចធ្វើឲ្យបាត់បង់ប្រសិទ្ធភាពដែរ។ វាធ្វើឲ្យចំណាយប្រតិបត្តិការរបស់ប្រតិបត្តិករកើនឡើងនៅក្នុងវិស័យទាំងមូល»។
លោកបន្តថា៖ «ការច្របាច់បញ្ចូលគ្នាធ្វើឲ្យវិស័យហិរញ្ញវត្ថុនេះកាន់តែរឹងមាំ ការផ្តល់សេវាកាន់តែប្រសើរ ហើយអាចឲ្យថ្លៃដើមក្នុងការផ្តល់សេវាកាន់តែធ្លាក់ចុះ កាន់តែល្អមានន័យថា អតិថិជនអាចទទួលបានសេវាកម្មប្រសើរជាងមុន ល្អជាងមុន តាមរយៈការទទួលបច្ចេកវិទ្យាថ្មីពីវិស័យធនាគារអ៊ីចឹងទៅ»។
ចំណែកនាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា ការសម្រេចរបស់ធនាគារជាតិនៃកម្ពុជាក្នុងការបញ្ឈប់ផ្តល់អាជ្ញាបណ្ណដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបញ្ញើ មានទាំងផលវិជ្ជមាន និងអវិជ្ជមាន ដែលអាចពង្រឹងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ និងគុណភាពនៃការផ្តល់សេវាដល់អតិថិជន ប៉ុន្តែការណ៍នេះក៏អាចធ្វើឲ្យអ្នកវិនិយោគថ្មីរារែកចិត្ត និងបាត់បង់ការប្រកួតប្រជែងលើទីផ្សារផងដែរ។
លោកថ្លែងថា៖ «ធនាគារជាតិកម្ពុជាហ្នឹង ចង់ពង្រឹងទៅលើវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ។ ហើយក្នុងហ្នឹង បើសិនជាវិនិយោគទុន ឬវិនិយោគិនណាចង់វិនិយោគ ឲ្យសហប្រតិបត្តិការជាមួយមីក្រូហិរញ្ញវត្ថុ ឬធនាគារដែលមានស្រាប់ ឬធនាគារ និងមីក្រូហិរញ្ញវត្ថុហ្នឹង អាចបញ្ចូលគ្នាបានទៅទៀត ដើម្បីឲ្យវាកាន់តែមានគុណភាពក្នុងការបម្រើសេវាទៅដល់អតិថិជន»។
លោកបន្តថា៖ «ប៉ុន្តែនៅពេលដែលផ្អាក វាធ្វើឲ្យបាត់បង់ការប្រកួតប្រជែងសេវាសម្រាប់អតិថិជនមួយផងដែរ។ វាធ្វើឲ្យអ្នកវិនិយោគមួយចំនួនដែលគេចង់វិនិយោគហ្នឹងរារែក ពីព្រោះគេចង់បើកខ្លួនគេប៉ុន្តែនៅពេលដែលឲ្យសហប្រតិបត្តិការ[ជាមួយ]អ្នកមានចាស់ហើយ អាហ្នឹងវាធ្វើឲ្យគេរារែកក្នុងការសម្រេចចិត្តផងដែរ»។
លោក អំ សំអាត យល់ថា ធនាគារជាតិត្រូវពង្រឹងគុណភាពនៃការគ្រប់គ្រងទៅតាមច្បាប់ដែលមានចែង ជាពិសេសគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវគោរពទៅតាមគោលការណ៍កម្ចី ដើម្បីកុំឲ្យប៉ះពាល់ទៅដល់ការរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា សេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៣ ខែឆ្នូ ឆ្នាំ២០០៧ ស្តីពីការផ្តល់អាជ្ញាបណ្ណទទួលប្រាក់បញ្ញើពីសាធារណជនរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ឲ្យដឹងថាគ្រឹះស្ថានដែលទទួលបានអាជ្ញាបណ្ណបញ្ញើពីធនាគារជាតិនៃកម្ពុជា គឺអាចទទួលប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើមានកាលកំណត់តែប៉ុណ្ណោះ ដែលចំនួនប្រាក់បញ្ញើពីអតិថិជនម្នាក់មិនឲ្យលើសពី៣%នៃមូលនិធិផ្ទាល់សុទ្ធរបស់ខ្លួនឡើយ៕