គ្រាដែលរដ្ឋាភិបាលក្រុងគូឡាឡាំពួរបស់លោកនាយករដ្ឋមន្ត្រី Mahathir Mohamad សម្រេចលុបចោលគម្រោងផ្លូវដែកដែលផ្តល់លុយដោយចិន ចំនួន២០ពាន់លានដុល្លារជាផ្នែកមួយគម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្មរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping)នោះ មន្ត្រីនាំពាក្យរដ្ឋាភិបាលក្រុងភ្នំពេញ នៅបន្តយល់ឃើញថា គម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្មរបស់ចិន នឹងរួមចំណែកដល់ការរក្សាសុខភាពហិរញ្ញវត្ថុកម្ពុជាឲ្យស្ថិតក្នុងស្ថានភាពល្អប្រសើរ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលក្រុងភ្នំពេញរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃចន្ទនេះថា កម្ពុជាសង្ឃឹមថា កម្ពុជានឹងទទួលបានការរីកចម្រើនពីគម្រោង ដែលពង្រីកការភ្ជាប់រវាងប្រទេសនានានៅក្នុងសាកលលោក។
«យើងសង្ឃឹមច្បាស់ ពីព្រោះពិភពលោក ក៏ដូចជានៅក្នុងតំបន់ ដែលយើងធ្វើអនុវត្តនូវផែនការមួយ គេហៅថា ការតភ្ជាប់ [connectivity] ហើយនិងការចល័ត ទាំងកម្លាំង បច្ចេកទេស ទាំងចល័តធនធានដែលយើងមាននៅខាងក្រៅ តាមរយៈថ្នល់នេះឯង ផ្លូវថ្នល់នេះឯងជាបន្ទាត់ ដែលវាផ្ទៀងផ្ទាត់ឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រទេសខ្មែរ ក៏ដូចជាស្ថិតនៅក្នុងតំបន់ ដែលយើងរៀបចំគោលការណ៍អាស៊ាននេះឯង គឺការតភ្ជាប់ ដែលមានស្ពានថ្នល់ ឬអ្វីៗ វាពាក់ព័ន្ធនៅក្នុងសាច់រឿងហ្នឹង»។
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ អះអាងថា ប្រទេសនៅអឺរ៉ុបមួយចំនួន ក៏បានចួលរួមជាមួយចិន ដើម្បីអនុវត្តន៍គម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្មនេះដែរ។
«ការអភិវឌ្ឍន៍នេះនៅក្នុង policyនេះវាមានបារាំង ហើយនិងអង់គ្លេសក៏គាំទ្រដែរ ហើយឃើញការណ៍ដែលផ្លូវថ្នល់ដែលភ្ជាប់ ពីប្រទេសចិនរហូតទៅដល់អង់គ្លេស មានរួចស្រេចទៅហើយ មានរថភ្លើងរត់ចុះ រត់ឡើងហើយបាទ»។
ទោះណាជាកម្ពុជាមានសុទិដ្ឋិនិយមជាមួយគម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្មនេះក្តីសេចក្តីរាយការណ៍របស់កាសែត South China Morning Post ដែលមានមូលដ្ឋានក្នុងទីក្រុង ហុង កុង បានពណ៌នាពីការសម្រេចរបស់ប្រទេសម៉ាឡេស៊ី ក្នុងការលុបចោលគម្រោងសង់ផ្លូវដែកដ៏ធំ ដែលគំាទ្រហិរញ្ញវត្ថុដោយប្រទេសចិន។
សេចក្តីរាយការណ៍របស់កាសែត South China Morning Post ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩ បានបញ្ជាក់ឲ្យដឹងថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយរបស់រដ្ឋាភិបាលប្រទេសម៉ាឡេស៊ីបានសម្រេចផាត់ចោល គម្រោងផ្លូវដែកប្រវែង៦៨៨គីឡូម៉េត្រដែលផ្តល់លុយដោយចិន ចំនួន២០ពាន់លានដុល្លារ ដោយសារតែការព្យាយាមចរចាបញ្ចុះតម្លៃអនុវត្តន៍គម្រោងមិនបានជោគជ័យ។
កាសែតនេះ បានស្រង់សម្តីលោក Azmin Ali រដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ចម៉ាឡេស៊ីក្នុងន័យដើមថា៖
«គណៈរដ្ឋមន្ត្រីបានសម្រេចចិត្តលុបចោលគម្រោង ដោយសារតែតម្លៃការអភិវឌ្ឍថ្លៃពេក ហើយយើងមិនមានសមត្ថភាពខាងហិរញ្ញវត្ថុនៅពេលនេះ»។
រដ្ឋមន្ត្រីរូបនេះ ត្រូវកាសែតនេះ ស្រង់សម្តីទៀតថា រដ្ឋាភិបាលម៉ាឡេស៊ី នៅពេលនេះ ក៏កំពុងធ្លាក់ក្នុងបំណុលដ៏សម្បើម ដែលបន្សល់ទុកដោយរដ្ឋាភិបាលដ៏អាស្រូវរបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak។
កាសែត South China Morning Post បានរាយការណ៍ឲ្យដឹងទៀតថា គម្រោងផ្លូវដែកខាងលើ នឹងត្រូវអនុវត្តដោយក្រុមហ៊ុន ចិន China Communications Construction Company (CCCC) ហើយ៨៥ភាគរយនៃលុយសម្រាប់អនុវត្តន៍គម្រោងនេះ ត្រូវបានផ្តល់ដោយធនាគារចិន Export-Import Bank of China។ គម្រោងនេះ ត្រូវបានគេចាត់ទុកថា ជាមូលដ្ឋានគ្រឹះមួយក្នុងចំណោមមូលដ្ឋានគ្រឹះជាច្រើននៃការអនុវត្តគម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្មរបស់ប្រធានាធិបតីចិនXi Jinping។
លោក Mahathir Mohamad ក៏ធ្លាប់ត្រូវបានគេរាយការណ៍កាលពីឆ្នាំ២០១៨ ដោយផ្អែកលើការអធិប្បាយលោកថា គម្រោងផ្លូវរបស់ចិនមានតម្លៃ២០ពាន់លានដុល្លារនេះ ក៏អាចនឹងធ្វើឲ្យប្រទេសរបស់ក្ស័យធនផងដែរ។
ក្រៅពីប្រទេសម៉ាឡេស៊ី ដែលបានសម្រេចលុបចោលគម្រោងវិនិយោគគាំទ្រដោយចិននេះ ដោយបារម្ភពីផលវិបាកខាងហិរញ្ញវត្ថុដែលអាចកើតឡើងក្រោយការបញ្ចប់គម្រោងនោះ មានប្រទសមួយចំនួនទៀត ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ ASEAN បានបង្ហាញជំហរប្រយ័ត្នប្រយែងក្នុងការរកស៊ីជាមួយចិន ដោយសារបារម្ភពីការធ្លាក់ក្នុងអន្ទាក់បំណុលរបស់ចិន។
សេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Reuters មួយបានឲ្យដឹងថា រដ្ឋាភិបាលភូមា កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ បានសម្រេចបង្រួមឲ្យតូចនៃគម្រោងវិនិយោគកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេសមួយពីទឹកប្រាក់ដល់ទៅ ១០ពាន់លានដុល្លារ មកត្រឹម១,៣ពាន់ដុល្លារអាមេរិក ដើម្បីសង់កំពង់ផែទឹកជ្រៅតាមដំណាក់កាល។ ការបង្រួមគម្រោងនេះ ធ្វើឡើងដោយការបារម្ភថា ប្រទេសភូមា ឬមីយ៉ាន់ម៉ាអាចធ្លាក់ក្នុង «អន្ទាក់បំណុល» របស់ចិន ដូចអ្វីដែលប្រទេសស្រីលង្កា (Sri Langka) និងប៉ាគីស្ថាន (Pakistan)បានឆ្លងកាត់រួមមកហើយនោះ។
កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលស្រីលង្កា ត្រូវគេរាយការណ៍ថា បានចុះកិច្ចព្រមព្រៀងតម្លៃ ១,១ពាន់លានដុល្លារជាមួយក្រុមហ៊ុនចិនមួយដើម្បីលក់ភាគហ៊ុនមួយភាគធំនៃកំពង់ផែទឹកជ្រៅដ៏ចម្រូងចម្រាសមួយ ដើម្បីកាត់បន្ថយបំណុលរបស់ខ្លួន។
សាងសង់ឡើងដោយប្រើកម្ចីយ៉ាងច្រើនពីប្រទេសចិនក្នុងឆ្នាំ២០១០ កំពង់ផែ Hambantota ត្រូវបានគេយល់ថាជា គន្លឹះសម្រាប់គម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ ប្រកបដោយមហិច្ឆតារបស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលគម្រោងនេះគឺ មានបំណងភ្ជាប់ផ្លូវ និងកំពង់ផែទូទាំងទ្វីបអាស៊ី និងអឺរ៉ុប ក៏ដូចជាជំរុញកិច្ចប្រឹងប្រែងដើម្បីទ្រទ្រង់វត្តមានរបស់ខ្លួននៅតំបន់មហាសមុទ្រឥណ្ឌា។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីគណៈរដ្ឋមន្ត្រី បានថ្លែងការពារថា កម្ពុជា នឹងមិនស្ថិតលើគន្លងមួយទៅរកអន្ទាក់របស់ចិននោះឡើយ។
«យើងកុំយកពីគេមកដាក់ខ្លួនយើង យើងមើលខ្លួនយើង មើលកញ្ចប់ថវិការបស់យើង មើលគម្រោងរបស់យើង តើគម្រោងរបស់យើងហ្នឹង ឬក៏កម្ចីរបស់យើងហ្នឹង វាឆ្លើយតបសេចក្តីត្រូវការពិតប្រាកដទេ ឆ្លើយតបនឹងលទ្ធភាពនៃការសងបានដែរឬទេ យើងប្រយ័ត្នប្រយែងនៅក្នុងសាច់រឿងហ្នឹង»។
ប៉ុន្តែ លោកបណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍន៍សង្គម ព្រមានថា គម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្មរបស់ចិន អាចបង្កើតជាបន្ទុកបំណុលបន្ថែមទៀត ដល់ប្រទេសនានាដែលចូលរួមជាមួយគម្រោងនេះ ដែលជាមុខជំនួញរបស់ចិន ដើម្បីរកប្រាក់ចំណេញតែប៉ុណ្ណោះ។
«អានេះ វាជាបន្ទុករបស់រដ្ឋាភិបាលប្រទេសនីមួយៗ ត្រូវចេញសងគេជាប្រាក់កម្ចី របស់ចិនបាទ អានេះ ជារឿងការភាន់ច្រឡំ សម្រាប់ពលរដ្ឋខ្លះ ដែលមិនបានយល់ យើងគិតថា ផ្លូវនេះចិនដើរសង់ឲ្យ វាមិនមែនទេ ចិន ចរិតរបស់ចិន យើងដឹងស្រាប់ហើយ គឺគេជាអ្នកដែលរកស៊ីបាទ»។
កាលពីឆ្នាំ២០១៧ ក្នុងកិច្ចខិតខំជំរុញឲ្យគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ បានដំណើរការប្រកបដោយប្រសិទ្ធភាព រដ្ឋាភិបាលចិន បានប្រកាសបន្ថែមទឹកប្រាក់ ប្រមាណ១២៤ពាន់លានដុល្លារទៀត ដើម្បីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចក្នុងបណ្ដាប្រទេសដែលចូលរួមជាមួយចិន។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលក្រុងភ្នំពេញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលក្រុងប៉េកាំងរបស់លោកប្រធានាធិបតី ស៊ី ជីនពីង(Xi Jinping) បានព្រមព្រៀងគ្នាថា នឹងរកចំណុចរួមមួយដើម្បីអនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ឬគេហៅម៉្យាងទៀតថា គម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្មរបស់ចិននេះ។
រដ្ឋាភិបាលលោក ហ៊ុន សែនបានព្រមព្រៀងយ៉ាងដូច្នេះជាមួយចិន បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងប្រកាសផ្តល់ជំនួយ ជិត៦០០លានដុល្លារ ហើយបានដំឡើងកូតាឲ្យកម្ពុជានាំអង្កររហូតដល់៤សែនតោនចូលទៅប្រទេសចិន។ ប្រទេសទាំងពីរ ក៏នឹងខិតខំជំរុញទំហំពាណិជ្ជកម្មឲ្យឡើងដល់១០ពាន់លានដុល្លារនៅឆ្នាំ២០២៣។
មន្ត្រីអង្គការសង្គមស៊ីវិល មួយចំនួនមើលឃើញថា ទំហំពាណិជ្ជកម្មនេះ នឹងធ្វើឲ្យចិនកាន់តែចំណេញច្រើន ឯខ្មែរកាន់តែខាត។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា (Comfrel) បានអធិប្បាយលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៦ ខែមករាឆ្នាំ២០១៩តាមន័យដើមថា៖
«នៅពេលទំហំនៃពាណិជ្ជកម្មអាចកើតឡើងដល់ ១០ ពាន់លានដុល្លារជាមួយចិននោះ គឺ ចិនចំណេញ តែកម្ពុជាឱនភាពឬ ខាតទេ»។
លោកបានបន្តថា៖«ឆ្នាំកន្លងមកនិន្នាការនៃពាណិជ្ជកម្មជាមួយប្រទេសកុម្មុយនីស្តមួយនេះដែលមិនគាំទ្រសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ចិននាំចេញឬកម្ពុជានាំចូលពីចិន ៥តែចិននាំចូលឬកម្ពុជានាំចេញទៅចិនបានតែ ១។ គឺឱនភាពឬខាតខ្លាំងសម្រាប់កម្ពុជាតែចិន ទេជាអ្នកចំណេញ ៥ទល់១»។
ប្រធានអង្គការឃ្លាំមើលការបោះឆ្នោតនេះ បានបន្ថែមថា ក្រៅពីឲ្យលុយខ្ចីជាមួយលក្ខខណ្ឌការប្រាក់ខ្ពស់និងការបញ្ចាំ ប្រទេសក្រីក្រធ្វើពាណិជ្ជកម្ម ជាមួយចិន ជូបបញ្ហាឱនភាពនៃជញ្ជីងពាណិជ្ជកម្មធ្ងន់ធ្ងរជាមួយចិន និងជាប់អន្ទាក់បំណុលដោយបោះបង់កម្មសិទ្ធិគម្រោងនិងប្រគល់ធនធានធម្មជាតិឲ្យទៅចិន៕