ដើម្បីដោះស្រាយបញ្ហាជាប់គាំងសំណង់អគារធ្វើមិនទាន់ហើយនៅខេត្តព្រះសីហនុ រដ្ឋាភិបាលកម្ពុជាបានសម្របសម្រួល និងផ្តល់ជាអត្ថប្រយោជន៍ផ្សេងៗដល់អ្នកវិនិយោគដែលជាម្ចាស់អគារទាំងនោះ ដើម្បីជួយពន្លឿនការសាងសង់អគារ ដែលជាប់គាំងជាង ៣៦០។
ថ្លែងនៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤» កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា បញ្ហាអគារជាប់គាំងជាច្រើនបានកើតឡើងនៅក្នុងខេត្តព្រះសីហនុ ក្រោយវិបត្តិជំងឺកូវីដ១៩។ លោកបន្ថែមថា ដើម្បីដោះស្រាយបញ្ហាកំពុងតែប្រឈម និងជំរុញការអភិវឌ្ឍសម្រាប់រយៈពេលមធ្យម និងវែង រដ្ឋាភិបាលបានគិតគូរជាកញ្ចប់ ដើម្បីលើកស្ទួយសកម្មភាពការវិនិយោគ ពាណិជ្ជកម្ម និងធុរកិច្ចនៅក្នុងខេត្តព្រះសីហនុឱ្យកាន់តែខ្លាំង។
នាយករដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលសម្រេចដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤ សំដៅកសាងខេត្តព្រះសីហនុទៅជាខេត្តឈានមុខ និងជាខេត្តគំរូនៅក្នុងការជំរុញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រែក្លាយខេត្តនេះទៅជាខេត្ត ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ព្រមទាំងចូលរួមពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែស្ទុះឡើងក្នុងរយៈពេលខ្លី»។
អត្ថប្រយោជន៍ទាំងនោះ រួមមានការលើកលែងពន្ធកាត់ទុកលើការជួលអចលនទ្រព្យ រយៈពេល ៥ ឆ្នាំ ការលើកលែងពន្ធអចលនទ្រព្យ និងការលើកលែងទណ្ឌកម្មរដ្ឋបាល ការលើកលែងការបង់ថ្លៃសេវាសាធារណៈ និងថ្លៃលើសន្ទស្សន៍ប្រើប្រាស់ដី ចំពោះការស្នើសុំលិខិតអនុញ្ញាតពាក់ព័ន្ធនឹងការសាងសង់ ការសម្រួលនីតិវិធី និងបែបបទនៃការស្នើសុំលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនឹងការងារសំណង់ជាដើម។ នេះបើតាមការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា។
ក្រៅពីបញ្ហាសំណង់អគារជាប់គាំង លោក ហ៊ុន ម៉ាណែត ក៏ជំរុញឱ្យអភិបាលខេត្តព្រះសីហនុយកចិត្តទុកដាក់លើសន្តិសុខ ជាពិសេសបញ្ហាគ្រឿងញៀន។
លោកបញ្ជាក់ថា៖ «សន្តិសុខគឺជាកត្តាចម្បងសម្រាប់តំបន់ទេសចរណ៍ តំបន់ឧស្សាហកម្ម។ ការងារសន្តិសុខនេះដាច់ខាតត្រូវធ្វើឱ្យបាន ធានាឱ្យបាន ខេត្តព្រះសីហនុធានាសន្តិសុខ សណ្តាប់ធ្នាប់សង្គម»។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា មកទល់ពេលនេះ អគារជាប់គាំងនៅក្នុងខេត្តមានចំនួន ៣៦២ អគារ ស្មើនឹង ៣៣៩ គម្រោងដែលភាគច្រើនម្ចាស់សំណង់ជាជនបរទេស។ លោកបន្ថែមថា សំណង់អគារខ្លះកំពុងតែសាងសង់ឡើងវិញ ហើយលោករំពឹងថា ការសម្របសម្រួលរបស់រដ្ឋាភិបាលនឹងជួយដោះស្រាយបញ្ហានេះ។
លោកថ្លែងថា៖ «សង្ឃឹមថា តាមរយៈនៃការដាក់ចេញនូវកម្មវិធីពិសេសក្នុងការជំរុញការវិនិយោគនៅខេត្តព្រះសីហនុរបស់រាជរដ្ឋាបាលកម្ពុជានឹងអាចជួយដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ»។
នៅមុនវិបត្តិរាតត្បាតជំងឺកូវីដ១៩ វិនិយោគិនចិនជាច្រើនបានចូលមកក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ ដោយបើកកាស៊ីណូ និងសាងសង់អគារខ្ពស់ៗជាបន្តបន្ទាប់។
នៅពេលមានវិបត្តិភ្លាមៗ អាជ្ញាធរខេត្តព្រះសីហនុបានឲ្យដឹងថា សំណង់អគារជាង ១ពាន់កន្លែងក្នុងខេត្តមួយនេះបានជាប់គាំង មិនទាន់សាងសង់ហើយ ដែលបង្កជាក្តីព្រួយបារម្ភមួយ។
អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia ប្រាប់វីអូអេថា គោលនយោបាយរបស់រដ្ឋាភិបាលដែលដាក់ចេញនាពេលនេះ ជារឿងល្អមួយ ដើម្បីទាក់ទាញអ្នកវិនិយោគ។ ប៉ុន្តែអ្នកស្រីថា រដ្ឋាភិបាលក៏ត្រូវពិនិត្យមើលទៅលើតម្លៃរបស់អចលនទ្រព្យទាំងនោះ ដោយសារតែតម្លៃខ្ពស់ខ្លាំង។
អ្នកស្រីបញ្ជាក់ថា៖ «ទាក់ទងនឹងតម្លៃ Properties (អចលនវត្ថុ)កាលពីឆ្នាំ ២០១៨ ឆ្នាំ ២០១៩ អ៊ីចឹងហ្នឹងក៏ជាបញ្ហាប្រឈមមួយដែរថា យើងត្រូវកំណត់តម្លៃបែបណា ដើម្បីទាក់ទាញអ្នកវិនិយោគផ្សេងៗទៀតឱ្យទៅវិនិយោគ ព្រោះយើង ក្រៅពីដោះស្រាយបញ្ហា យើងក៏ត្រូវការអ្នកវិនិយោគដែរ។ អ៊ីចឹងវាទាក់ទងគ្នាជាមួយនឹងតម្លៃដូចគ្នា»។
អ្នកស្រីបន្ថែមថា រដ្ឋាភិបាលក៏ត្រូវពិនិត្យមើលគុណភាពរបស់សំណង់នីមួយៗផងដែរ៕