ក្រសួងការបរទេសកម្ពុជាបានប្រតិកម្មទៅនឹងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ដែលធ្លាប់ចេញផ្សាយរបាយការណ៍រៀបរាប់ពីស្ថានភាពសិទ្ធិមនុស្សធ្លាក់ចុះជាបន្តបន្ទាប់ និងការបោះឆ្នោតកាលពីកន្លងទៅដែលធ្វើឡើងក្រោមស្ថានភាពរឹតត្បិត។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។
ក្រសួងការបរទេសកម្ពុជាចាត់ទុកការលើកឡើងរបស់អង្គការ Human Rights Watch នៅក្នុងរបាយការណ៍របស់ខ្លួនកាលពីកន្លងទៅថា «គ្មានលក្ខណៈថ្លឹងថ្លែង សត្យានុម័ត ឬសមាមាត្រ» នោះទេ ហើយថាអង្គការនេះបំភ្លេចចោលដោយចេតនាចំពោះសមិទ្ធផលជាច្រើនរបស់កម្ពុជា។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាបញ្ជាក់ក្នុងន័យដើមថា៖ «ភាពជឿទុកចិត្តចំពោះអង្គការ HRW ត្រូវបានបាត់បង់យូរណាស់មកហើយ ពោលគឺតាំងពីឆ្នាំ២០១៤ នៅពេលដែលអតីតឧបការីនៃអគ្គលេខាធិការ អ.ស.ប ចំនួន ១ រូប ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពចំនួន ២ រូប និងក្រុមបញ្ញវន្តប្រមាណជាង ១០០ រូបផ្សេងទៀត បានធ្វើការរិះគន់ជាសាធារណៈចំពោះភាពលម្អៀង និងស្តង់ដារពីរដែលអង្គការមួយនេះបានប្រកាន់យក»។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ជារឿយៗចេញរបាយការណ៍ និងសេចក្តីថ្លែងការណ៍នានារិះគន់ឬក៏ថ្កោលទោសចំពោះការចាប់ខ្លួនសកម្មជននយោបាយ សង្គម និងការធាក់ថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ អង្គការនេះក៏តែងតែជំរុញឱ្យប្រទេសប្រជាធិបតេយ្យដូចជាសហរដ្ឋអាមេរិកជាដើម ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាផងដែរ។
ក្រសួងការបរទេសកម្ពុជា ក៏បានការពារការចាប់ខ្លួនសកម្មជននយោបាយ និងសង្គម កាលពីកន្លងទៅផងដែរ។
ក្រសួងបញ្ជាក់ថា៖ «អង្គការ HRW តែងតែធ្វើមិនដឹងមិនឮម្តងហើយម្តងទៀត ចំពោះវោហាសាស្ត្រដ៏គ្រោះថ្នាក់ និងជ្រុលនិយមរបស់ក្រុមប្រឆាំងមួយចំនួន។ ក្រុមនោះបានផ្សព្វផ្សាយព័ត៌មានមិនពិត ជេរប្រមាថ និងបង្កាច់បង្ខូចមិនរើសមុខ ញុះញង់ឱ្យមានអំពើហិង្សា និងស្អប់ខ្ពើមជាតិសាសន៍ ព្រមទាំងអំពាវនាវដោយចំហឱ្យមានការបះបោរប្រឆាំងរដ្ឋាភិបាលផងដែរ។ សកម្មភាពបែបនេះ គឺផ្ទុយទៅនឹងគោលការណ៍នៃការបញ្ចេញមតិប្រកបដោយភាពទទួលខុសត្រូវ និងតាមបែបលទ្ធិប្រជាធិបតេយ្យ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអង្គការ Human Rights Watch បាននៅឡើយទេ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា ការច្រានចោលរបាយការណ៍នានាពីសំណាក់រដ្ឋាភិបាលកម្ពុជា មិនមែនជារឿងថ្មីឡើយ។ លោកជំរុញឱ្យរដ្ឋាភិបាលពិនិត្យទៅលើរបាយការណ៍ទាំងនោះ ហើយកែតម្រូវទៅលើភាពឆកល្វែងរបស់ខ្លួន មិនមែនចាំតែបដិសេធ ឬក៏ច្រានចោលនោះទេ។
លោកថ្លែងថា៖ «អ៊ីចឹងអ្វីដែលជារឿងសំខាន់ កម្ពុជាយើងគួរតែពិនិត្យឡើងវិញនូវរាល់អនុសាសន៍ឬក៏របាយការណ៍ផ្សេងៗហ្នឹង ថាតើកម្ពុជាយើងនៅមានចំណុចខ្វះខាត ខ្វះចន្លោះអី ហើយយើងយកមកធ្វើការកែលម្អ ដើម្បីឱ្យស្ថានភាពសិទ្ធិមនុស្ស លំហប្រជាធិបតេយ្យហ្នឹងវាមានភាពល្អប្រសើរ នោះកម្ពុជាយើងទទួលផលចំណេញ ជាជាងដែលយើងបដិសេធឬច្រានចោលទាំងស្រុង»។
រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រងការរិះគន់អំពីការរំលោភបំពានសិទ្ធិមនស្ស ការរឹតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការបិទសារព័ត៌មានឯករាជ្យ ការចាប់ខ្លួនសកម្មជននយោបាយនិងសង្គមតាមទំនើងចិត្តជាដើម៕