មន្ត្រី​កម្ពុជា​សន្យា​ពន្លឿន​ការ​ចាក់​វ៉ាក់​សាំង​កូវីដ​ដែល​ត្រូវ​ការ​២០​លាន​ដូស

រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់ទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតដោយក្រុមហ៊ុនឱសថចិន Sinovac Biotech នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

រដ្ឋាភិបាល​កម្ពុជា​បាន​សន្យា​ពន្លឿន​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ឱ្យ​បាន​រលូន​ជូន​ពលរដ្ឋ​កម្ពុជាប្រមាណ​ ១០​លាន​នាក់ ​ដែល​ក្នុង​នោះរដ្ឋាភិបាល​ត្រូវ​ការ​វ៉ាក់សាំង​ ២០​លាន​ដូស​ ដោយ​រំពឹង​ថា ​វ៉ាក់សាំង​ខ្លះ​នឹង​ដឹកមក​ដល់​កម្ពុជា​ជា​បណ្តើរៗ ​ចាប់​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២១​នេះ​ទៅ។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ តាម​រយៈលោក វង្សី វិស្សុត​ រដ្ឋលេខាធិការប្រចាំ​ការ នៃ​ក្រសួងសេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ​ នៅ​ក្នុង​វេទិកា​សាធារណៈ​ស្តីពី​ការ​គ្រប់​គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច​និង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២១។

លោក ​វង្សី វិស្សុត លើកឡើង​ទៀត​ថា ​ការ​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​នេះ គឺ​ក្នុង​គោល​បំណង​ស្ដារ​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម ឱ្យ​មាន​ភាពប្រក្រតី​ឡើង​វិញ​ក្រោយ​កម្ពុជា រង​ការ​រំខាន​ដោយ​រោគ​រាតត្បាត​ជា​សាកល​មួយ​នេះ។

លោក វិស្សុត ​ថ្លែង​ថា៖ ​«ជា​ទស្សន​វិស័យ​កម្ពុជា​អាច​ជា​ប្រទេស​មួយ​ក្រ ប៉ុន្តែ​ក៏​មាន​ល្បឿន​លឿន​ជាង​គេ​ដែរ​ក្នុង​ការ​ចាក់​វ៉ាក់សាំង។ ហើយ​ហ្នឹង​ហើយ​ជា​សញ្ញាណ​មួយ​ល្អ​បំផុត​សម្រាប់​ការ​ងើប​ឡើង​នៃ​សេដ្ឋកិច្ច ជា​សញ្ញាណ​មួយ​ល្អ​បំផុត​ក្នុង​ការ​ទាក់ទាញ​វិនិយោគ​ ដែល​កំពុង​មាន​ឱកាស​ធំ​ក្នុង​តំបន់​យើង​នេះ»។

មន្ត្រី​ធំ​បំផុត​លំដាប់​ទី​ពីរ​នៅ​ក្រសួង​ហិរញ្ញ​វត្ថុ​រូប​នេះ បន្ថែម​ថា​ មក​ដល់​ពេល​វេលា​នេះ​ថវិកា​ ដើម្បី​ជាវ​វ៉ាក់សាំង​លែងជា​បញ្ហា​ទៀត​ហើយសម្រាប់​កម្ពុជា​ ដោយ​កម្ពុជា​នឹង​ទទួល​បាន​ជំនួយ​វ៉ាក់​សាំង​សរុប​ ១១​លាន​ដូស ​ក្នុង​ចំណោម​ ២០​លាន​ដូស​ ដែល​ត្រូវ​ការ។

«ដូច្នេះ​បើ​និយាយ​ពីវត្តមាន​វ៉ាក់​សាំង​ស្រុក​ខ្មែរ​ ដូច​លែង​ចោទ​ជា​បញ្ហា​ធំ​ហើយ។ សំខាន់​យើង​ត្រូវ​រៀប​ចំ​ឃ្លាំង​ដឹក​ជញ្ជូន ត្រូវ​ចាក់​វ៉ាក់​សាំង​តាម​នីតិវិធី​ ហើយ​គ្រប់គ្រង​សំណល់​ទេ​ដែល​ពិបាក។ ចាប់​ផ្តើម​ចុះ​ឈ្មោះឥឡូវ​យើង​រៀប​ចំ​ Platform ហើយៗ ... Readiness ត្រៀម​អស់​ហើយ​ៗ»។​

គិត​ត្រឹម​ពេល​នេះ​មាន​វ៉ាក់សាំង​ជាច្រើន​ដែល​តម្រង់​ជួរ​រង់​ចាំ​ការទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក។​ ក៏ប៉ុន្តែពុំ​ទាន់​មាន​វ៉ាក់សាំង​ណា​មួយ​ត្រូវ​បានទទួល​ស្គាល់ពី​អង្គការ​សុខភាព​ពិភព​លោក​នេះ​ទេ ក្រៅ​តែ​ពីការ​ផ្តល់​ការ​អនុញ្ញាត​ដោយ​រដ្ឋ​ជា​សមាជិក​នីមួយៗ។

រូបឯកសារ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឈ្មោះ Sputnik V របស់ប្រទេសរុស្ស៊ី ថតនៅក្នុងមន្ទីរពេទ្យ San Martin ក្នុងក្រុង Buenos Aires ប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

ក្នុង​ករណី​កម្ពុជា​បើ​តាម​ការ​លើក​ឡើង​របស់​លោក ​វង្សី​ វិស្សុត​ កម្ពុជា​នឹង​ទទួល​ទិញ​ផង និង​ទទួល​ជំនួយ​ផង នូវ​វ៉ាក់សាំង​ពី​ក្រុម​ហ៊ុនរបស់​ចិន​គឺ​ Sinovac Biotech និង​ Sinopharm ពី​ក្រុម​ហ៊ុនរបស់​រុស្ស៊ីគឺ Sputnik V ​ពី​ក្រុមហ៊ុន​របស់​អង់គ្លេស​-ថៃ​គឺ Oxford-AstraZeneca។

ឯកអគ្គរដ្ឋ​ទូត​ឥណ្ឌា ក៏​ទើប​ថ្លែង​ថា ឥណ្ឌា​ដែល​ជា​មជ្ឈមណ្ឌល​ផលិត​វ៉ាក់សាំង​ធំ​បំផុត​របស់​ពិភព​លោក​អំឡុង​ពេល​កូវីដ​នេះ ក៏​កំពុង​ពិចារណា​គ្រោង​បញ្ជូន​ជំនួយ​វ៉ាក់សាំង​ដល់​កម្ពុជា​ផង​ដែរ។​

បើ​យោងសារព័ត៌មាន​អន្តរជាតិ​ដឹនូវយ៉ក​ថាម​ស៍ (The New York Times) ដែល​តាមដាន​អំពី​ដំណើរការ​នៃ​ការ​ផលិត​និងទទួល​ស្គាល់​វ៉ាក់សាំង​បង្ហាញ​ថា ​វ៉ាក់សាំង​ឈ្មោះ CoronaVac របស់​ក្រុមហ៊ុន ​Sinovac Biotech មាន​ប្រសិទ្ធិភាព​សរុប​ត្រឹមតែ​ជាង ៥០% ដែលជា​កម្រិត​អប្បបរមា​បាន​កំណត់​ដោយ​ទីភ្នាក់ងារ​និយតកម្ម​ជា​ច្រើន​ សម្រាប់​ការផ្តល់​សិទ្ធិចាក់​វ៉ាក់សាំង​ការពារ​មេរោគ។

ក្រុម​អ្នក​ស្រាវជ្រាវ​អំពី​ប្រសិទ្ធភាព​វ៉ាក់នៅប្រទេស​ប្រេស៊ីល​ បាន​បង្ហាញ​លទ្ធផល​នេះ។

​ទោះបីជា​មាន​ប្រសិទ្ធភាព​តិចតួច​ក៏​ដោយ ប្រទេស​មួយចំនួន​ដូចជា​ប្រទេស​ឥណ្ឌូនេស៊ី តួកគី​និង​ប្រេស៊ីល បាន​អនុញ្ញាត​ការ​ដំណើរ​ការ​នៃ​ការ​ចាក់​វ៉ាក់សាំងឈ្មោះ ​CoronaVac របស់​ក្រុមហ៊ុន​ Sinovac Biotech​ នេះ។

សាស្ត្រាចារ្យ ឈា ឆវណ្ណ ​នាយក​នៃ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​កម្ពុជា​ លើកឡើង​ថា រដ្ឋាភិបាល​គិតគូរ​ហើយ​ពីសុវត្ថិភាព​ក្នុង​ការ​ដំណើរការ​ចាក់វ៉ាក់សាំង និង​ផែន​ការ​រើស​អ្នក​អាទិភាព។​

លោក​ប្រាប់​វីអូអេ​ថា​ សម្រាប់​ក្រុម​អ្នក​បច្ចេកទេស​ដូចជា​លោក​ជា​ដើម​ កំពុង​រង់ចាំទទួល​ព័ត៌មាន​លម្អិត​ផ្នែក​បច្ចេកទេស​នៃ​វ៉ាក់សាំង។

«ដូច​ឡានអញ្ចឹង​តែ​គេ​ឲ្យ​មក​គេ​ហ្នឹង​ឲ្យ​ Manual មក​ហើយ​មិន​ឲ្យ​មក​ទទេ​ទេ។ ពេល​វា​មក​វា​ត្រូវ​មាន​ព័ត៌មាន​ដែល​លម្អិត​ ដែល​មិនមែន​ជា​ព័ត៌មាន​ទូទៅ​ទេ ​តែ​វា​ព័ត៌មាន​បច្ចេកទេស​បើ​ឲ្យ​មក​គេ​ភ្ជាប់​ព័ត៌មាន​អស់ហ្នឹង​ហើយ»។

លោក​ ឈា ឆវណ្ណ បន្តថា​ក្រុម​បច្ចេកទេស​ក៏​កំពុង​តាមដាន​អំពី​ផល​ប៉ះពាល់​របស់វ៉ាក់សាំង​ នៅ​ប្រទេស​ដទៃ​ទៀត​ដែល​កំពុង​ដំណើរ​ការ​នៃ​ការ​ចាក់​វ៉ាក់សាំង។

«ទោះ​បីឥឡូវ​យើង​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ទាក់ទង​ជាមួយ​វ៉ាក់សាំង​ហ្នឹង​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ យើង​នឹង​តាម​មើល​សភាពការណ៍​នៅ​ប្រទេស​គេ​ផ្សេង​ៗទៀត ដែល​គេ​ចាក់​មុន​យើង។ ហ្នឹង​ក៏ជា​ឧទាហរណ៍មួយ​ដែល​យើង​សិក្សា​ពី​គេ​ដែរ។ យើង​តាម​មើលគេសិនទម្រាំ​មក​ដល់យើង​ពេល​ហ្នឹង​ យើង​បាន​អី​ថ្មី​ថែម​មក​ទៀត​ពី​គេ ដែល​ចាក់​មុន​យើង​ហ្នឹង»។

រូបឯកសារ៖ វេជ្ជបណ្ឌិតម្នាក់កំពុងរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford នៅមន្ទីរមួយកន្លែងក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១។

លោក ឆវណ្ណ បន្ថែមថា រដ្ឋាភិបាល​និង​ប្រជា​ពលរដ្ឋ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​អំពី​ប្រភេទ​វ៉ាក់​សាំង​ដែល​ត្រូវ​ចាក់​ជូន​មនុស្ស​មាន​វ័យ​ចាស់​ជរា ហើយ​កុមារា​កុមារី​មិន​ទាន់​គ្រប់​អាយុ​ មិន​ទាន់​ចាំ​បាច់​ត្រូវការ​វ៉ាក់សាំង​នៅ​ឡើយ​ទេ។

ទោះ​ជា​យ៉ាង​ណា​លោក​ថា ​វ៉ាក់សាំង «ផលិតដើម្បី​ជួយ​មនុស្ស» ដូច​នេះ​លោក​មាន​ទំនុក​ចិត្ត​ថា ​វា​នឹង​ជួយ​ការពារ​ពី​ការឆ្លង​ជំងឺ​កូវីដ​ជាជាង​ការ​ព្រួយ​បារម្ភ អំពី​គុណ​ភាពវ៉ាក់​សាំង។

«ហើយ​ខ្ញុំ​ក៏​មិន​គិត​ថា​វា​បណ្តាល​ឲ្យ​គ្រោះថ្នាក់​អី​ដែរ ព្រោះ​វ៉ាក់សាំង​អ្វី​ដែល​គេ​បារម្ភ​គឺ​រឿង​Reaction [ប្រតិកម្ម​] ទេ។​ប៉ុន្តែ អ្នក​ណា​ក៏មាន​ដែរ​រឿង​ប្រតិកម្ម​ហ្នឹង​នោះ។ ថ្នាំ​យើង​ប្រើ​ធម្មតា​ ក៏​វា​មាន​ប្រតិកម្ម​ដែរ»។

លោក ឆវណ្ណ បន្ថែម​ថា៖ «អ៊ីចឹង​វិធី​ដែល​យើង​គិត គឺ​យើង​គិត​រឿង​ថា​តើ​យើង​ត្រៀម​លក្ខណៈ​យ៉ាង​ម៉េច​បើ​សិន​ជា​មាន​ប្រតិកម្ម​បែប​ណា​យើង​ជួយ​យ៉ាងម៉េច​ អីម៉េច។ យើង​គិត​អញ្ចឹង​វិញ។ គេ​ក៏​ពិនិត្យ​សុវត្ថិភាពគេ​ដែរមុន​នឹង​គេ​ធ្វើ។ អញ្ចឹង​យើង​គិត​បន្ត​ពី​ហ្នឹង​មក។ យើង​មិនមែន​ទៅ​ឆែក​ពី​គេ​ឡើង​វិញ​ពី​សូន្យ​មក​ទេ។ យើង​ចង់​ដឹងអី​បន្ថែម​យើងពិនិត្យ​មើល​ត​ទៀត ហើយ​គោលការណ៍​យើង​គឺ​ការពារ​សុវត្ថិភាព​ទាក់ទង​នឹង​រឿង​ប្រតិកម្ម ហ្នឹង​ទេ»។

កាល​ពី​ដំណាច់​ខែ​ធ្នូ​ឆ្នាំទៅលោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ លើក​ឡើង​ថា​ កម្ពុជានឹង​ទទួល​ប្រើ​តែ​វ៉ាក់​សាំងណា​ដែល​ទទួល​ស្គាល់ដោយ​អង្គការ​សុខភាព​ពិភព​លោក (World Health Organization) ប៉ុណ្ណោះ​តែ​ក្រោយ​មក​ នៅ​ពាក់​កណ្តាល​ខែ​មករា​នេះលោក​ប្ដូរ​ចិត្ត ដោយ​បាន​ប្រកាស​ទទួល​ជំនួយ​វ៉ាក់សាំង Sinopharm ១​លាន​ដូស ពី​រដ្ឋា​ភិបាល​ចិន​ ហើយ​ថា​ រដ្ឋាភិបាល​កម្ពុជា​នឹង​គ្រោង​ចាក់​ជូន​ក្រុម​អាទិភាព​៥០​ម៉ឺន​នាក់​ដំបូង​គេ។

លោក ហ៊ុន សែន​ បន្ត​ទៀត​ថា​ ក្រុម​អាទិភាព​ទាំង​នោះ រួមមាន​អ្នក​បម្រើ​ការងារ​ដែល​នៅ​ជុំ​វិញ​រូប​លោក​ព្រះ​មហាក្សត្រ​ ប្រធាន​ព្រឹទ្ធ​សភា​ប្រធាន​រដ្ឋ​សភា ក៏​ដូចជា​ក្រុម​ជួរ​មុខ​ដែល​រួម​មានគ្រូ​ពេទ្យ​ គ្រូ​បង្រៀន​ កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ​នគរបាល​យុត្តិធម៌​គ្រប់​ផ្នែក ​អ្នក​អនាម័យ​ អ្នក​រត់​ម៉ូតូ​ឌុប​កង់​បី ​និង​តាក់​ស៊ី​ជា​ដើម៕