ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

រដ្ឋកំណត់​ចំនួនភ្ញៀវ​មិនឱ្យ​លើស៥នាក់​ក្នុងមួយតុ​ក្នុង​ពិធី​មង្គលការ


រូបឯកសារ៖ បុរសម្នាក់ពាក់ម៉ាស់ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅមុខមន្ទីរពេទ្យមួយកន្លែង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។

ក្រសួង​សុខាភិបាល​កម្ពុជា បាន​កម្រិត​ចំនួន​ភ្ញៀវ​ក្នុង​តុពិសារ​ភោជនីហារ នា​ពិធី​មង្គលការ​មិន​ឱ្យ​លើស​ពី​ប្រាំនាក់​ឡើយ​ក្នុងមួយតុៗ​ ដែលនេះ​ជា​វិធានការ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។

ក្នុង​លិខិត​ផ្ញើ​ជូន​អភិបាល​ខេត្ត​រាជធានី​ចុះ​ថ្ងៃអង្គារ​ ទី២៦ ​ខែមករា​នេះ ​លោក ​ម៉ម ប៊ុនហេង ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បាន​កត់សម្គាល់​អំពីការ​អនុវត្តន៍​វិធាន​ការ​ការពារ​បង្ការ​ជំងឺ​កូវីដ១៩ តាមពិធី​បុណ្យនិងមង្គលការ​ថា «នៅ​មាន​កម្រិត​ទាប​នៅឡើយ»។

លោក​ ម៉ម ប៊ុនហេង ​បាន​ណែនាំ​ដល់​អាជ្ញាធរ​ថ្នាក់ខេត្ត​រាជធានី​ថា មុននឹង​អនុញ្ញាត​ដល់​សំណើសុំ​រៀបចំ​ពិធី​មង្គលការ ត្រូវ​យកវិធានការ​ការពារ​សុខភាព​របស់​រដ្ឋ​ជា​បន្ទាត់​វាស់​វែង រួមមានការដាក់​ពង្រាយ​ម៉ាស៊ីន​វាស់កម្ដៅ​ អាល់កុល​លាងដៃ​អនាម័យ ​ម្ហូបអាហារ​ និងរក្សា​គន្លាត​ ១,៥ម៉ែត្រ។

លិខិត​ដដែល​បន្តថា៖​ «រៀបតុ​អាហារ​ដោយ​កំណត់​ចំនួន​ភ្ញៀវ​អង្គុយ​ត្រឹម​ប្រាំនាក់​ក្នុង​មួយតុ​ ដែលទំលាប់​ពីមុន​អង្គុយ​ ១០នាក់»។

នេះជា​វិធានការថ្មី​ចុងក្រោយ​របស់​រដ្ឋ​អំណាច​កម្ពុជា​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ជាសាកល​នេះ បន្ទាប់​ពីមានករណីផ្ទុះឆ្លង​ក្នុង​សហគមន៍​ពីរលើកកាល​ពី​ខែវិច្ឆិកា​ ហើយទើប​បិទបញ្ចប់​នៅ​ខែ​ធ្នូ​កន្លង​ទៅ។

កម្ពុជា​រក្សា​ស្ថិតិ​កា​រ​ឆ្លង​កូវីដ១៩​ សរុបនៅត្រឹម ៤៦០​ករណី ​គិត​ត្រឹម​ថ្ងៃ​អង្គារ​ ពោល​គឺ​មួយ​ឆ្នាំ​គត់ គិតពីពេលរក​ឃើញករណីទី​មួយនៅខេត្តព្រះសីហនុ​ កាលពី​ថ្ងៃទី២៧ ​ខែមករា ​ឆ្នាំ២០២០។

លោក​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​បញ្ជាក់ធានាអំពីសេចក្ដីប្រាថ្នាចង់ចាក់វ៉ាក់សាំង ​១លានដូស បង្ការ​ជំងឺ​កូវីដ១៩ ដែលជា​ជំនួយ​របស់​ប្រទេស​ចិន​ដល់អ្នក​បម្រើ​ការងារនៅ​ជួរមុខប្រយុទ្ធនឹង​វីរុសនេះ និងកង​កម្លាំងប្រដាប់​អាវុធសរុប​ ៥០ម៉ឺននាក់​ នៅ​មុនបុណ្យ​ចូល​ឆ្នាំខ្មែរ​ខាង​មុខនេះ៕

XS
SM
MD
LG