អ្នកនាំពាក្យរដ្ឋាភិបាល និងគណបក្សកាន់អំណាចអះអាងថា រដ្ឋាភិបាលកម្ពុជាមិនជាប់ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់លោក លិម គិមយ៉ា អតីតអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិក្នុងទឹកដីថៃ ដូចការចោទប្រកាន់របស់ក្រុមអ្នកនយោបាយប្រឆាំង និងអង្គការអន្តរជាតិមួយចំនួននោះទេ។
អតីតតំណាងរាស្រ្តគណបក្សប្រឆាំងប្រចាំខេត្តកំពង់ធំ លោក លិម គិមយ៉ា អាយុ ៧៤ ឆ្នាំ ដែលមានសញ្ជាតិបារាំងដើមកំណើតខ្មែរ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ៥និង៣៩នាទី ក្នុងទីប្រជុំជនមួយ ក្បែរវត្តបូវ័ន្តនិវិត (Wat Bowonniwet Vihara) ក្នុងទីក្រុងបាងកកនៃប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិនានា។
ក្រោយលោក លិម គិមយ៉ា ត្រូវបានបាញ់សម្លាប់ គេឃើញអ្នកនយោបាយមកពីគណបក្សប្រឆាំង និងអង្គការអន្តរជាតិមួយចំនួនដាក់ការសង្ស័យថា រដ្ឋាភិបាលកម្ពុជាជាអ្នកនៅពីក្រោយការបាញ់សម្លាប់នោះ។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និងលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់វីអូអេនៅថ្ងៃពុធថា ការបាញ់សម្លាប់លោក លិម គិមយ៉ា មិនជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលកម្ពុជាឡើយ។ អ្នកនាំពាក្យទាំងពីរបន្ថែមថា អ្វីដែលក្រុមអ្នកនយោបាយប្រឆាំង ឬអង្គការសង្គមស៊ីវិលចោទរដ្ឋាភិបាលកម្ពុជា គឺជាវប្បធម៌លាបពណ៌ និងជាការដាក់បន្ទុកដោយគ្មានភស្តុតាងត្រឹមត្រូវ។
ទាំងលោក ប៉ែន បូណា និងលោក សុខ ឥសាន បញ្ជាក់ថា រឿងដែលកើតក្នុងប្រទេសថៃ គឺជាសមត្ថកិច្ចរបស់ប្រទេសថៃ ហើយថា កម្ពុជាទទួលខុសត្រូវតែក្នុងដែនអធិបតេយ្យភាពរបស់ខ្លួនតែប៉ុណ្ណោះ ហើយមិនអាចទៅទទួលខុសត្រូវអ្វីដែលកើតឡើងក្នុងប្រទេសដទៃនោះទេ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់វីអូអេថា៖ «បាតុភាពឃាតកម្មលើលោក លិម គិមយ៉ា វាកើតឡើងនៅចំកណ្តាលទីក្រុងបាងកក ដូច្នេះហើយយើង [មិន]មានអ្វីពាក់ព័ន្ធ ហើយគ្មានទឡ្ហីករណ៍ណាដែលអាចចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងរឿងនេះទេ»។
លោកបន្ថែមថា៖ «អានេះគ្រាន់តែជាការដាក់បន្ទុកមកលើរាជរដ្ឋាភិបាលកម្ពុជា ដោយគ្មានភស្តុតាងអ្វីទាំងអស់»។
ចំណែកលោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ថ្លែងថា៖ «អាវប្បធម៌លាបពណ៌ហ្នឹង ជាអត្តសញ្ញាណរបស់ក្រុមប្រឆាំងជ្រុលនិយមតាំងពីយូរមកហើយ។ ដូចជាយើងដឹងទាំងអស់គ្នា ឈ្លោះគ្នាប្តីប្រពន្ធ ក៏ចោទរាជរដ្ឋាភិបាល ជិះម៉ូតូបុកគ្នាតាមផ្លូវក៏ចោទរដ្ឋាភិបាល ផឹកស្រាស្រវឹង វាយគ្នា ឈ្លោះគ្នាក៏ចោទរដ្ឋាភិបាល អាហ្នឹងជាទម្លាប់របស់គាត់តាំងពីយូរមកហើយ វាអត់មានអ្វីចម្លែកទេ។ ប្រជាពលរដ្ឋខ្មែរ គេដឹងគេស្គាល់អស់ហើយ ភាសាអស់ហ្នឹង។ អ៊ីចឹង ហ្នឹងហើយគេហៅមនោគមវិជ្ជានយោបាយជ្រុលនិយម ដែលតែងតែនិយាយតាមទំនើងចិត្ត ដោយគ្មានការទទួលខុសត្រូវ ដោយគ្មានមូលដ្ឋាន»។
លោក ប៉ែន បូណា ស្នើឲ្យអ្នកនយោបាយ និងអង្គការសង្គមស៊ីវិល បែងចែកឲ្យច្បាស់អំពីអធិបតេយ្យភាពរបស់កម្ពុជា និងប្រទេសដទៃ។
សារព័ត៌មានថៃដែលរួមមានកាសែត The Nation កាសែត Bangkok Post និងសារព័ត៌មាន Amarin ជាដើម បានចុះផ្សាយដោយភ្ជាប់ជាមួយរូបភាពនិងវីដេអូកាមេរ៉ាសុវត្ថិភាព CCTV នៃសកម្មភាពខ្មាញ់កាំភ្លើងធ្វើសកម្មភាពបាញ់សម្លាប់លោក លិម គិមយ៉ា។
យោងតាមកាសែតថៃទាំងនោះ មុនពេលកើតហេតុ ខ្មាន់កាំភ្លើងបានជិះម៉ូតូហុងដាវ៉េវពណ៌ក្រហមម្នាក់ឯង ដោយចតនៅខាងមុខតូបលក់ដូរតាមផ្លូវ រួចដោះមួកការពារចេញ និងដើរឆ្លងផ្លូវទៅបាញ់លោក លិម គិមយ៉ា។ បន្ទាប់មកខ្មាញ់កាំភ្លើងបានដើរ និងរត់មកយកម៉ូតូ និងបានពាក់មួកការពារ និងជិះម៉ូតូចេញពីកន្លែងកើតហេតុ។
កាសែតថៃទាំងនោះបានឲ្យដឹងទៀតថា លោក លិម គិមយ៉ា បានធ្វើដំណើរចេញពីខេត្តសៀមរាបនៃប្រទេសកម្ពុជាតាមរថយន្តក្រុង ទៅកាន់ទីក្រុងបាងកក ជាមួយភរិយាជនជាតិបារាំងនិងឪពុកមារបស់លោក។
បើតាមការចុះផ្សាយរបស់កាសែត The Nation ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា គឺជាអតីតមន្ត្រីកងទ័ពជើងទឹកភូមិន្ទថៃ (ទាហ៊ានម៉ារីនថៃ) ហើយសមត្ថកិច្ចថៃកំពុងតាមចាប់ខ្លួន។
មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ចោទលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ថាជាអ្នកនៅពីក្រោយការធ្វើឃាតកម្មនេះ ដោយលោកថា លោក លិម គិមយ៉ា និងរូបលោក គឺជាសកម្មជនសកម្មបំផុតរបស់បក្សប្រឆាំងដែលស្ថិតក្នុងបញ្ជីខ្មៅរបស់លោក ហ៊ុន សែន។
លោក សម រង្ស៊ី បង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៥ យ៉ាងដូច្នេះថា៖ «សមាជិកបក្សប្រឆាំងជាច្រើននាក់ ត្រូវបានគេធ្វើឃាត។ ខ្លួនខ្ញុំផ្ទាល់គឺជាគោលដៅនៃការប៉ុនប៉ងធ្វើឃាតជាច្រើនដង។ មនុស្សពីរនាក់របស់លោក ហ៊ុន សែន នឹងត្រូវកាត់ទោសនៅទីក្រុងប៉ារីសក្នុងពេលឆាប់ៗនេះ។ ហ៊ុន សែន នឹងត្រូវបានគេមើលឃើញថាជាអ្នកនៅពីក្រោយការធ្វើឃាតលោក លឹម គឹមយ៉ា ដូចជាការនៅពីក្រោយឧក្រិដ្ឋកម្មនយោបាយរាប់មិនអស់នៅកម្ពុជា ដែលឧក្រិដ្ឋជន និងឃាតករ តែងតែរួចខ្លួនពីការផ្តន្ទាទោស»។
លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងកំពុងរស់នៅសហរដ្ឋអាមេរិក ប្រាប់វីអូអេនៅថ្ងៃពុធថា ការបាញ់សម្លាប់លោក លិម គិមយ៉ា គឺពាក់ព័ន្ធនឹងរឿងនយោបាយដោយសារតែលោក លិម គិមយ៉ា នៅតែបន្តរិះគន់លើរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់។
លោកថ្លែងថា៖ «ខ្ញុំយល់ថា ឃាតកម្មលើលោក លិម គិមយ៉ា នៅប្រទេសថៃនេះ ប្រាកដជាពាក់ព័ន្ធរឿងនយោបាយ មិនមែនជារឿងគំនុំនោះទេ។ ខ្ញុំយល់ថាអាចមានការបញ្ជាពីមន្ត្រីរដ្ឋាភិបាលនៅកម្ពុជា អាចត្រកូលហ៊ុនហ្នឹងផងក៏អាចថាបាន បញ្ជាឲ្យឃាតករសម្លាប់គាត់ ដោយពាក់ព័ន្ធការរិះគន់របស់គាត់ទៅលើការដឹកនាំរបស់ត្រកូលហ៊ុន»។
លោក អ៊ុំ សំអាន ស្នើឲ្យអាជ្ញាធរថៃស៊ើបអង្កេតឲ្យបានហ្មត់ចត់ ដើម្បីចាប់ខ្មាន់កាំភ្លើង និងអ្នកបញ្ជាពីក្រោយនៃការបាញ់សម្លាប់មួយនេះ។ លោកក៏បានសម្តែងការព្រួយបារម្ភបន្ថែមចំពោះការធ្វើទុក្ខបុកម្នេញ ការចាប់ដាក់ពន្ធនាគារ និងការបំភិតបំភ័យសកម្មជននយោបាយ សកម្មជនសង្គម និងសិទ្ធិមនុស្សនៅកម្ពុជាផងដែរ។
លោក លិម គិមយ៉ា ជាអតីតតំណាងរាស្រ្តដែលតែងរិះគន់ការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាតាំងពីពេលដែលលោកនៅជាតំណាងរាស្រ្តគណបក្សប្រឆាំង រហូតដល់មុនពេលដែលលោកត្រូវបានបាញ់សម្លាប់។ នៅលើគណនីហ្វេសប៊ុករបស់លោក លិម គិមយ៉ា នាពេលថ្មីៗនេះ លោកបានរិះគន់លើការរៀបចំពិធីបុណ្យអ៊ុំទូក រិះគន់ការឆេះព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រក្នុងថ្ងៃឆ្លងឆ្នាំសាកល ដែលមានលោក ហ៊ុន ម៉ានី ជាអ្នករៀបចំ ហើយបានរិះគន់អំពីថវិកាជាតិ និងបញ្ហាកោះគុតជាដើម។
លោក Phil Robertson ប្រធានអង្គការសិទ្ធិមនុស្សនិងការតស៊ូមតិការងារអាស៊ី (AHRLA) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកការបាញ់ប្រហារនេះគឺជាសញ្ញានៃការធ្វើឃាតនយោបាយ។
លោក Phil Robertson បន្ថែមក្នុងន័យដើមថា៖ «ការបាញ់ប្រហារយ៉ាងសាហាវឃោរឃៅលើអតីតសមាជិកសភាគណបក្សសង្គ្រោះជាតិនៅតាមដងផ្លូវក្នុងទីក្រុងបាងកក សុទ្ធតែជាសញ្ញានៃការធ្វើឃាតនយោបាយ ហើយមើលទៅជាការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងការប្រើប្រាស់ការគាបសង្កត់ឆ្លងដែននៅទីក្រុងបាងកក»។
ប្រធានអង្គការសិទ្ធិមនុស្ស និងការតស៊ូមតិការងារអាស៊ីរូបនេះ ជំរុញឲ្យមានការស៊ើបអង្កេតជាបន្ទាន់ដោយហ្មត់ចត់និងដោយតម្លាភាព ព្រមទាំងចាត់វិធានការជាបន្ទាន់ ដើម្បីចាប់ខ្លួនជនសង្ស័យ និងមេក្លោងដែលអាចមាននៅពីក្រោយរឿងនេះ និងថា ករណីនេះពាក់ព័ន្ធនឹងកេរ្តិ៍ឈ្មោះប្រទេសថៃលើឆាកអន្តរជាតិ។
កាលពីពេលថ្មីៗ លោក Phil Robertson ធ្លាប់បានលើកឡើងថា ប្រទេសថៃមិនមានសុវត្ថិភាពសម្រាប់ជនភៀសខ្លួនកម្ពុជានោះទេ។
ចំណែកអ្នកស្រី Bryony Lau នាយិការងទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដោយជំរុញឲ្យអាជ្ញាធរថៃស៊ើបអង្កេតឲ្យបានឆាប់ និងហ្មត់ចត់ និងកាត់ទោសអ្នកបាញ់សម្លាប់អតីតអ្នកនយោបាយខ្មែរមកពីអតីតគណបក្សសង្គ្រោះជាតិ។
បើតាមអ្នកស្រី Bryony Lau ចាប់តាំងពីតុលាការកំពូលកម្ពុជាបានរំលាយគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ ២០១៧ មក រដ្ឋាភិបាលកម្ពុជាបានគំរាមកំហែង ឃ្លាំមើល និងយាយីអតីតសមាជិកគណបក្សសង្គ្រោះជាតិ រួមទាំងអ្នកដែលកំពុងរស់នៅនិរទេសក្នុងប្រទេសថៃផងដែរ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតថៃប្រចាំកម្ពុជា តាមសារអ៊ីមែលបានទេ គិតត្រឹមរសៀលថ្ងៃពុធ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ប៉ូលិសថៃអះអាងថា ខ្លួនកំពុងស៊ើបអង្កេតពីគោលបំណងនៃការសម្លាប់នេះ ហើយនឹងផ្តល់ព័ត៌មាននៅពេលក្រោយ៕