ក្រោយកាសែតថៃរាយការណ៍ថា មានយុវជនថៃវ័យ ១៧ ឆ្នាំម្នាក់ ត្រូវបានបោកបញ្ឆោត និងត្រូវបានជំរិតទារប្រាក់ចំនួន ២លានបាត (ឬជិត ៦ម៉ឺនដុល្លារអាមេរិក) ក្នុងទឹកដីកម្ពុជា មន្ត្រីជាន់ខ្ពស់នៃអង្គភាពប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សកម្ពុជា ច្រានចោលដំណឹងនោះ ដោយលើកឡើងថា វាមិនមែនជាករណីចាប់ជំរិត ឬបោកបញ្ឆោតនោះទេ តែវាជាសកម្មភាពក្លែងបន្លំរបស់យុវជននោះដើម្បីបញ្ឆោតយកលុយពីក្រុមគ្រួសារ។
កាលពីថ្ងៃទី ២៨ ខែសីហា កាសែត The Bangkok Post បានចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា «យុវជនត្រូវបានជួយសង្គ្រោះពីក្រុមឆបោកនៅកម្ពុជា»។ កាសែតថៃមួយនេះបានរៀបរាប់ថា យុវជនថៃវ័យ ១៧ ឆ្នាំរូបនោះ ដែលជាកូនរបស់មន្ត្រីជាន់ខ្ពស់មួយរូបនៃខេត្ត Chaiyaphum ប្រទេសថៃ ត្រូវបានចាប់ពង្រាត់ចេញពីបន្ទប់ស្នាក់នៅក្នុងសាកលវិទ្យាល័យ Pathum Thani និងនាំយកមកកម្ពុជា។
ឪពុកម្តាយរបស់យុវជនរូបនោះក៏ប្តឹងប៉ូលិសក្នុងខេត្ត Chaiyaphum បន្ទាប់ពីទទួលបានដំណឹងការចាប់ពង្រាត់នោះ។ ប៉ូលិសក្នុងខេត្ត Chaiyaphum ក៏បានសហការជាមួយអាជ្ញាធរកម្ពុជា រហូតដល់រកឃើញយុវជនរូបនោះ។ នេះបើតាមកាសែត The Bangkok Post។
កាសែតថៃមួយនេះបន្ថែមថា យុវជនរូបនោះត្រូវបានប៉ូលិសកម្ពុជាផាកពិន័យពីបទចូលទឹកដីកម្ពុជាដោយខុសច្បាប់ និងត្រូវបញ្ចូនទៅប្រទេសថៃវិញកាលពីថ្ងៃពុធ។
ជុំវិញបញ្ហានេះ អាជ្ញាធរកម្ពុជាបដិសេធថា វាមិនមែនជាករណីចាប់ជំរិត ឬឆបោកក្នុងប្រទេសកម្ពុជានោះទេ។
អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ប្រាប់វីអូអេនៅថ្ងៃសុក្រនេះ ដោយច្រានចោលសេចក្តីរាយកាណ៍របស់កាសែត The Bangkok Post ដោយអះអាងថា យុវជននោះបានប្រតិដ្ឋព្រឹត្តិការណ៍ចាប់ជំរិតដោយខ្លួនឯងក្នុងប្រទេសកម្ពុជា ដើម្បីទារប្រាក់ពីឪពុកម្តាយ។ ដូច្នេះ អ្នកស្រីថា ករណីនេះមិនមែនជាករណីចាប់ជំរិតនោះទេ។
បើតាមអ្នកស្រី ជូ ប៊ុនអេង នេះជាករណីលើកទី ២ ដែលកើតឡើងក្នុងប្រទេសកម្ពុជា ក្រោមរូបភាពក្លែងបន្លំដោយចង់បានលុយពីក្រុមគ្រួសារបែបនេះ។
អ្នកស្រីបញ្ជាក់ថា ករណីលើកទី ១ គឺជនជាតិចិនតៃវ៉ាន់ ២ នាក់ បានថតសម្តែងនិងផ្សាយផ្ទាល់តាមបណ្តាញសង្គមក្នុងក្រុងព្រះសីហនុ ដោយពួកគេធ្វើសកម្មភាពរត់គេចខ្លួននិងភ័យខ្លាច ហើយថាមានគេចាប់ជំរិតខ្លួន និងធ្វើសកម្មភាពបោកប្រាស់ដូចគេវាយដំឈាមពេញខ្លួន រួចហើយបង្ហោះរូបភាពនោះទៅឱ្យម្តាយផ្ញើលុយមកឱ្យប្រមាណ ៣០ ម៉ឺនដុល្លារអាមេរិកមកឱ្យខ្លួន។ ប៉ុន្តែឪពុកម្តាយនៅចិនបានទាក់ទងមកអាជ្ញាធរកម្ពុជា ទើបអាជ្ញាធររកឃើញ ថាសកម្មភាពនាពេលនោះជាការក្លែងបន្លំ ឬបង្កើតព្រឹត្តិការណ៍បោកប្រាស់យកប្រាក់ពីម្តាយ។
អ្នកស្រី ជូ ប៊ុនអេង ប្រាប់វីអូអេថា៖ «ហើយលើកទី ២ នេះ ដូចគ្នាដែរ ដោយសារក្មេងដែលជាកូនលោកចៅហ្វាយក្រុងអីហ្នឹងគឺគាត់គ្រឿងញៀនខ្លួនឯងទេ ហើយគាត់ដើម្បីបង្កើតព័ត៌មានឱ្យម្តាយយកលុយមកលស់ អ៊ីចឹងគាត់ប្រាប់ថាមានប៉ូលិសអី មកជំរិតគាត់ ដើម្បីយកប្រាក់មកលស់អីអ៊ីចឹង។ ប៉ុន្តែទីបំផុតយើងបានរកឃើញហើយថា Account ហ្នឹងគឺជា Account ក្លែងក្លាយដែលដើរតួជាប៉ូលិសហ្នឹងឯង»។
អ្នកស្រីមិនទាន់មានព័ត៌មានលម្អិតទាក់ទងករណីនេះនៅឡើយទេ ថាតើយុវជនថៃរូបនោះធ្វើសកម្មភាពបែបណា និងនៅទីកន្លែងណាមួយក្នុងប្រទេសកម្ពុជាឡើយ ប៉ុន្តែអ្នកស្រីកំពុងស្នើសមត្ថកិច្ចដែលប្រតិបត្តិការលើករណីនេះផ្ទាល់ ឱ្យរៀបចំសន្និសីទកាសែតបញ្ជាក់ព័ត៌មាន ដើម្បីធ្វើយ៉ាងណាកុំឱ្យប៉ះពាល់មុខមាត់កម្ពុជា។
អ្នកស្រីថ្លែងថា៖ «ខ្ញុំកំពុងតែស្នើសុំឱ្យអ្នកធ្វើប្រតិបត្តិការផ្ទាល់ ជាពិសេសសមត្ថកិច្ចប៉ូលិសហ្នឹង នៅពេលប្រមូលភស្តុតាងជុំហើយ ធ្វើសន្និសីទកាសែត ដើម្បីឱ្យបានដឹងការពិត តើរឿងពិតវាយ៉ាងម៉េច ពីព្រោះកុំឱ្យចេះតែមានការផ្សព្វផ្សាយខុសពីការពិត និងខូចឈ្មោះកម្ពុជា»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា ដើម្បីជម្រះមន្ទិលសង្ស័យជុំវិញករណីនេះ និងដើម្បីកុំឱ្យប៉ះពាល់មុខមាត់កម្ពុជា គឺអាជ្ញាធរកម្ពុជាត្រូវធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងធ្វើរបាយការណ៍មួយដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
លោកប្រាប់វីអូអេថា៖ «កម្ពុជាត្រូវតែមានការស៊ើបអង្កេត និងស្រាវជ្រាវមួយ ហើយធ្វើរបាយការណ៍ដើម្បីបញ្ជាក់ពីរឿងការពិតដែលបានរកឃើញ ដើម្បីបង្ហាញទៅប្រជាពលរដ្ឋ ក៏ដូចជាប្រទេសថៃវិញ អំពីលទ្ធផលដែលកម្ពុជាបានធ្វើការស៊ើបអង្កេត និងការស្រាវជ្រាវទៅលើរឿងនេះ ដើម្បីកុំឱ្យមានការប៉ះពាល់ដល់មុខមាត់កម្ពុជាយើង»។
កាលពីកន្លងទៅ មានសេចក្តីរាយការណ៍ថា កម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិត ដោយប្រើប្រាស់កម្លាំងពលកម្មបរទេស ធ្វើការនៅតាមអគារខ្ពស់ៗនៅក្នុងប្រទេសកម្ពុជា រហូតមានសេចក្តីរាយការណ៍អំពីការបង្ខាំងទុកពួកគេ មិនឱ្យមានសេរីភាព ធ្វើទារុណកម្ម និងជំរិតទារប្រាក់ជាដើម។ នៅក្នុងនោះ ខេត្តព្រះសីហនុគឺជាទីតាំងគោលដៅមួយ ដែលត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយអំពីករណីទាំងនេះផងដែរ។
នៅឆ្នាំ ២០២៤ នេះ របាយការណ៍ស្តីពីការជួញដូរមនុស្សរបស់ក្រសួងការបរទេសអាមេរិកបានបង្ហាញថា ប្រទេសកម្ពុជាបន្តស្ថិតនៅក្នុងចំណាត់ថ្នាក់ទាបបំផុត ពាក់ព័ន្ធនឹងការចាត់វិធានការលុបបំបាត់ ឬទប់ស្កាត់ការជួញដូរមនុស្ស ដែលនាំឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះស្ថិតក្នុងចំណាត់ថ្នាក់កម្រិត ៣ ឬ Tier 3។
ដោយឡែក អាជ្ញាធរកម្ពុជាប្តេជ្ញាបន្តធ្វើការទប់ស្កាត់ និងរកអ្នកពាក់ព័ន្ធក្នុងការបើកផ្លូវឱ្យមានឧក្រិដ្ឋកម្មនេះ ហើយកម្ពុជាចង់ឃើញសហរដ្ឋអាមេរិកជួយធ្វើយ៉ាងណាដោះស្រាយបញ្ហាមួយនេះឱ្យបានជ្រះស្រឡះផងដែរ ដើម្បីបញ្ចៀសការរិះគន់ ឬការដាក់ចំណាត់ថ្នាក់ទាបលើកម្ពុជា ទាក់ទិនការប្រយុទ្ធប្រឆាំងការជួញដូរ និងអំពើចាប់ជំរិតមនុស្សឆ្លងដែន៕
វេទិកាបញ្ចេញមតិ