មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា ចំនួនអ្នកចូលរួមទិវា៧មករា ខួបលើកទី៣៩នៃការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ នឹងមានទៅដល់ជិត៥ម៉ឺននាក់ ដែលច្រើនជាងឆ្នាំមុនៗ៥ដង។
រដ្ឋាភិបាលកម្ពុជាបានរៀបចំទិវានេះ នៅទីធ្លាមជ្ឈមណ្ឌលកោះពេជ្រ ដោយមានការរៀបចំកៅអីជ័រអង្គុយសម្រាប់អ្នកចូលរួមរាប់ម៉ឺននាក់។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់ VOA នៅថ្ងៃសៅរ៍ថា ដោយសារមានកំណើនអ្នកចូលរួមច្រើន ការរៀបចំទិវានេះត្រូវធ្វើឡើងនៅកោះពេជ្រ ដែលខុសពីឆ្នាំរាល់ដង គឺរៀបចំនៅទីស្នាក់ការកណ្តាលរបស់គណបក្ស នៅខណ្ឌចំការមន ដែលអាចដាក់មនុស្សបានតែប្រមាណ១ម៉ឺននាក់ប៉ុណ្ណោះ។
លោក សុខ ឥសាន បានបញ្ជាក់ថា កំណើនអ្នកចូលរួមសម្រាប់ឆ្នាំនេះ គឺដោយសារមានការសំណូមពរពីប្រជាពលរដ្ឋដែលចង់ចូលរួម។ លោកមានប្រសាសន៍ថា៖
«មានសំណូមពរពីប្រជាជនលោកចង់ចូលរួមច្រើន ដល់អីចឹងទៅបរិវេណទីស្នាក់ការកណ្តាលគណបក្សហ្នឹងដាក់មិនអស់ អីចឹងទេ វាត្រូវតែធ្វើនៅកោះពេជ្រហ្នឹង»។
លោកបានបញ្ជាក់បន្ថែមថា ថ្ងៃ៧មករាមិនត្រឹមតែជាថ្ងៃបញ្ជាក់ស្នាដៃរបស់គណបក្សប្រជាជនកម្ពុជានោះទេ វាគឺជាបុណ្យជាតិសម្រាប់ប្រជាជនកម្ពុជាទាំងមូល។
លោកមានប្រសាសន៍ថា៖
«ខ្ញុំយល់ថា កម្មវិធីដែលធ្វើបុណ្យខួបរំឭកថ្ងៃ៧មករានេះធ្វើជាប្រចាំឆ្នាំ ទៀងទាត់ មិនថា ឆ្នាំណាបោះឆ្នោត មិនថា ឆ្នាំណាមិនបោះឆ្នោតទេ។ យើងធ្វើជារៀងរាល់ឆ្នាំ។ ដូច្នេះមិនអាចចោទថា គណបក្សប្រជាជន ឬ រាជរដ្ឋាភិបាលអីឆ្លៀតឱកាសដើម្បីធ្វើពិធីនេះ ដើម្បីទាក់ទាញសណ្តានចិត្តពីប្រជាពលរដ្ឋ ដើម្បីឲ្យគាំទ្រក្នុងការបោះឆ្នោតនោះទេ។ ក៏ប៉ុន្តែ ចង់មិនចង់ វាទៅជាអីចឹងហើយ ព្រោះថ្ងៃ៧មករា វាជាស្នាដៃរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជន»។
នៅតាមមហាវិថីធំៗក្បែរវិមានឯករាជ្យ និងផ្ទះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងកន្លែងប្រារព្ធពិធីដែលធ្វើឡើងនៅកោះពេជ្រ បដារពាក្យស្លោក និងផ្លាកធំៗដែលមានរូបលោក ហេង សំរិន ប្រធានរដ្ឋសភាក៏ត្រូវបានតាំងបង្ហាញជាហូរហែផងដែរ។ នៅក្នុងនោះ មានបដារមួយដែលលើកឡើងអំពីការគាំទ្របេក្ខភាពនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន សម្រាប់ការបោះឆ្នោតនៅពេលខាងមុខ និងអាណត្តិក្រោយៗទៀត។
លោក សុខ ឥសាន មានប្រសាសន៍ថា ការលើកបដារនេះជារឿងធម្មតានោះទេ។
លោកបញ្ជាក់ថា៖
«អាហ្នឹងយើងដឹងហើយថា ប្រជាពលរដ្ឋយើងមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅក្នុងសិទ្ធិនយោបាយ ក្នុងការគាំទ្រគណបក្សណាមួយ។ អីចឹងទេ ការដាក់ពាក្យស្លោកគាំទ្របេក្ខភាពនាយករដ្ឋមន្រ្តីរបស់សម្តេចតេជោ ហ៊ុន សែន គាំទ្រគណបក្សប្រជាជន ជារឿងធម្មតា មិនមានបញ្ហាអីចម្លែកទេ»។
មុនដល់ថ្ងៃប្រារព្ធទិវា៧ មករា រដ្ឋាភិបាលបានផ្សព្វផ្សាយភាពយន្តមួយដែលមានរយៈពេលជាងមួយម៉ោងកន្លះ ដែលផ្តោតសំខាន់ទៅលើការតស៊ូរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការពឹងពាក់ប្រទេសវៀតណាម ឲ្យជួយរំដោះកម្ពុជាចេញពីរបបកាប់សម្លាប់ប៉ុល ពត។ ភាពយន្តនោះមានចំណងជើងថា «ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ»។
នៅក្នុងភាពយន្តនោះ លោក ហ៊ុន សែន បានលើកឡើងថា លោកបានយកជីវិតរបស់លោកប្តូរនឹងការសង្រ្គោះកម្ពុជា។ លោកក៏បានរៀបរាប់ពីការឈឺចាប់របស់លោក ដែលត្រូវបែកប្រពន្ធ និងការតស៊ូដ៏លំបាករបស់លោក ។
លោក ហ៊ុន សែន បានបញ្ជាក់នៅក្នុងភាពយន្តថា៖
«នៅលើពិភពលោកនេះ គ្មានមេដឹកនាំណាមួយដែលមានការឈឺចាប់ និងជូរជត់ដូចខ្ញុំនេះទេ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា គឺលោក សុខ ឥសានមានប្រសាសន៍ថា ភាពយន្តនេះចង់បញ្ជាក់អត្ថន័យដ៏ធំធេងនៃថ្ងៃ៧មករាថែមទៀត។ លោកបន្តថា ភាពយន្តនេះ គឺជាសច្ចធម៌ប្រវត្តិសាស្រ្តមួយ។
លោកមានប្រសាសន៍ថា ការផលិតភាពយន្តនេះទាមទារការប្រមូលឯកសារចងក្រងច្រើន ដូច្នេះត្រូវការពេលវេលា ហើយទើបវាបញ្ចប់ ចេញផ្សាយនាពេលនេះ។
អតីតប្រធានគណបក្សសង្រ្គោះជាតិ គឺលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៥ ខែមករាថា ថ្ងៃ៧មករា១៩៧៩ គឺជា«ឆាកល្ខោន»នៃការរៀបចំរបស់វៀតណាម។ លោកមានប្រសាសន៍ថា៖
«មួយផ្នែកធំនៃរឿងរ៉ាវទាំងអស់ក្នុងរយៈពេលជិត៥០ឆ្នាំកន្លងមកនេះគឺមានការរៀបចំយ៉ាងសកម្មដោយយួនកម្មុយនីស្ដ ដើម្បីលេបត្របាក់ទឹកដីយើង និងបំភាន់ភ្នែកប្រជារាស្ត្រខ្មែរ»៕