នៅក្នុងការសម្រេចថ្មីមួយ រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យអ្នកមានជំងឺប្រចាំកាយដែលមានស្ថានភាពសុខភាពនឹងនរ ស្រ្តីមានផ្ទៃពោះ និងក្រុមមនុស្សដែលមានហានិភ័យខ្ពស់មួយចំនួនទៀត អាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩បាន។
ការសម្រេចនេះធ្វើឡើង ដើម្បីកាត់បន្ថយសភាពធ្ងន់ធ្ងរនៅពេលកើតជំងឺកូវីដ១៩ និងកាត់បន្ថយអត្រាស្លាប់ ដែលរហូតមកដល់ពេលនេះមានប្រមាណ២.៧០០នាក់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។
ក្រសួងសុខាភិបាលបានឲ្យដឹងថាករណីស្លាប់ដោយសារជំងឺកូវីដ១៩ ភាគច្រើនកើតលើអ្នកដែលមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។
ក្រសួងបន្ថែមថាប្រជាពលរដ្ឋមួយចំនួនតូចមិនទាន់ស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ១៩នៅឡើយ ដោយសារមូលហេតុផ្សេងៗ ហើយបូករួមជាមួយក្រុមមនុស្សដែលក្រសួងបានកំណត់ថាជាក្រុមដែលប្រឈមហានិភ័យខ្ពស់។ ក្នុងនោះរួមមានពលរដ្ឋវ័យចាស់ ស្ត្រីមានផ្ទៃពោះ ឬបំបៅកូនដោយទឹកដោះ អ្នកជាសះស្បើយពីជំងឺកូវីដ១៩ មានរយៈពេលចាប់ពី៤ខែឡើងទៅ ឬអ្នកជាសះស្បើយពីជំងឺផ្សេងៗទៀត និងអ្នកមានជំងឺប្រចាំកាយ ប៉ុន្តែស្ថានភាពសុខភាពនឹងនរ ឬអាចគ្រប់គ្រងបាន។ ក្រសួងបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់នោះអាចស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ១៩ ដោយទៅពិគ្រោះជាមួយគ្រូពេទ្យនៅតាមទីតាំងចាក់សាំង។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលឲ្យដឹងថា៖ «សូមអំពាវនាវដល់លោក អ៊ុំ ពូ មីង ពូក ម៉ែ បងប្អូន ព្រមទាំងក្មួយៗ ដែលមានអាយុចាប់ពី៦ឆ្នាំឡើងទៅដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ សូមរួសរាន់ស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ១៩ឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពស៊ាំក្នុងខ្លួន និងភាពស៊ាំក្នុងសហគមន៍ សម្រាប់ទប់ទល់ពីការវាយលុកនៃវីរុសកូវីដ១៩ សំដៅកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ និងកាត់បន្ថយនូវអត្រាសម្រាកពេទ្យ ក៏ដូចជាកាត់បន្ថយជាអតិបរមានូវអត្រាស្លាប់ដែលបណ្តាលមកពីជំងឺកូវីដ១៩»។
កាលពីដំបូងឡើយ នៅពេលកម្ពុជាចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង អ្នកសម្រេចចិត្តចាក់ ត្រូវបានសួរនាំអំពីសុខភាព និងការបញ្ជាក់ម្តងហើយម្តងទៀតថាពួកគេពិតជាយល់ព្រមទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ហើយប្រសិនបើមាន «ហានិភ័យ»ណាមួយកើតឡើង ពួកគេជាអ្នកទទួលខុសត្រូវដោយខ្លួនឯង។
ចំណែកចំណុចកត្តាសុខភាព ដែលត្រូវបានក្រសួងសុខាភិបាលកំណត់កាលនោះ រួមមានអាការៈក្តៅខ្លួន មានជំងឺផ្លូវដង្ហើម ហឺត ជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ជំងឺថ្លើម តម្រងនោម ជំងឺប្រកាច់ អាឡាក់ស៊ី ស្ត្រីមានផ្ទៃពោះ អ្នកមានប្រវត្តិប្រតិកម្មជាមួយវ៉ាក់សាំង និងអ្នកមានប្រវត្តិជំងឺកូវីដ១៩ជាដើម។
កាលពីថ្ងៃទី១៩ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ ក្នុងការឈានទៅដល់ដំណាក់កាលបើកប្រទេសឡើងវិញនៅពេលខាងមុខ។
លោកថ្លែងថា៖«ដូច្នេះសូមកុំរារែកជាមួយហ្នឹងការចាក់វ៉ាក់សាំង ដែលមកដល់ពេលនេះយើងពុំមានអ្នកចាក់វ៉ាក់សាំងណាម្នាក់ទទួលរងគ្រោះដោយសារតែវ៉ាក់សាំងនោះទេ»។
លោក ហ៊ុន សែន បន្តថា៖«សង្ឃឹមថាយើងទាំងអស់គ្នានឹងជម្នះបាននូវសភាពការណ៍នេះ ដោយឃើញអត្រាឆ្លងធ្លាក់ចុះ អត្រាស្លាប់ ក៏ធ្លាក់ចុះ។ យើងត្រូវធ្វើឲ្យការធ្លាក់ចុះនេះ បន្តទៅទៀត ទោះបីជាយើងមិនអាច[ឬ]មិនហ៊ាននិយាយថាសូន្យកូវីដឬZero Covid ក៏ដោយចុះ ក៏ប៉ុន្តែចំនួនឆ្លង និងចំនួនស្លាប់ គឺត្រូវតែមានការធ្លាក់ចុះ ដើម្បីយើងឈានទៅបើកប្រទេសឡើងវិញ ហើយរស់នៅជាមួយកូវីដ តាមដំណើរនៃគន្លងថ្មី»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកស្រី ឱ វណ្ណឌីន និងអ្នកស្រី យក់ សម្បត្តិ អ្នកនាំពាក្យក្រសួងសុខាភិបាលបាននៅឡើយទេ។
គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំង មានចំនួនជាង១៣លាននាក់ គឺស្មើនឹង៨៥,១៤% បើធៀបទៅនឹងចំនួនប្រជាជនសរុប១៦លាននាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល។
លោក អ៊ូច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋខ្លួនឯងគួរតែពិនិត្យមើលអង់ទីករធម្មជាតិដែលមានក្នុងខ្លួនជាមុនសិន ឬទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ដើម្បីចៀសវាងហានិភ័យណាមួយកើតឡើង អំឡុងពេលសម្រេចចិត្តចាក់វ៉ាក់សាំងកូវីដ១៩នេះ ។ លោកបន្ថែមថាអង់ទីក័រធម្មជាតិក្នុងខ្លួន គឺខ្លាំងជាង និងមានរយៈពេលយូរជាងអង់ទីករវ៉ាក់សាំង ដែលមានតែរយៈពេលខ្លី ដែលមិនទាន់មានស្ថាប័នណាមួយបញ្ជាក់រយៈពេលរបស់អង់ទីករវ៉ាក់សាំងនេះនៅឡើយទេ។
លោកថ្លែងថា៖ «ប្រសិនបើគាត់ចង់ឲ្យអ្នកមានផ្ទៃពោះទៅចាក់លុះត្រា តែញែកគាត់ជាបី។ ទីមួយសួរថាគាត់មានឈឺកូវីដអត់? ទី២គាត់មានអង់ទីករពីកំណើតមកអត់? [ដែល]គាត់ធ្លាប់ឈឺហើយ តែជាវិញគាត់មានអង់ទីករធម្មជាតិ ប្រព័ន្ធការពារខ្លួនធម្មជាតិ អញ្ចឹងទេយើងត្រូវមើលកន្លែងហ្នឹងដែរ»។
លោកបន្តថា៖ «គួរណាតែបងប្អូនគិតគូរពីសុខភាពខ្លួនឯង ហើយកុំតាមគ្នាដោយយើងពិគ្រោះជាមួយគ្រួពេទ្យដែលមានវិជ្ជាជីវៈត្រឹមត្រូវ ជួយដល់យើង[ដែល]ហៅថាប្រឹក្សាយោបល់ [ឬ]ផ្តល់យោបល់ឲ្យយើង អាហ្នឹងបានបាន។ ហើយបើបងប្អូនចេះតែ តាមគ្នាផ្តេសផ្តាសវាអាចមានហានិភ័យ [ហើយ]កុំបន្ទោសគេ បន្ទោសខ្លួនឯង អត់បន្ទោសអ្នកណាបានទេ»។
ក្រសួងសុខាភិបាលបានឲ្យដឹងថានៅថ្ងៃទី១៩ ខែតុលា មានករណីឆ្លងថ្មីចំនួន១៦៦នាក់ និងអ្នកស្លាប់១២នាក់ ដែលក្នុងនោះ មាន៥នាក់ជាអ្នកមិនទាន់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅឡើយ៕