រដ្ឋាភិបាល​ប្រាប់​ពលរដ្ឋ​រង​ផល​ប៉ះពាល់​កុំ​បារម្ភ​ពី​សំណង ពាក់ព័ន្ធ​នឹង​គម្រោង​ព្រែក​ជីក​ហ្វូណន

អនុ​ប្រធានទី១​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​លោក​ ស៊ុន ចាន់ថុល ស្ថិត​នៅ​ក្នុង​ពិធីបើក​ការដ្ឋាន​សាង​សង់​​ព្រែក​ជីក​ហ្វូណន​តេជោ ខេត្ត​កណ្តាល ថ្ងៃទី០៥ សីហា ឆ្នាំ២០២៤។(FACEBOOK/SUN CHANTHOL)

អនុ​ប្រធានទី១​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​លោក​ ស៊ុន ចាន់ថុល ​នៅ​ថ្ងៃ​ចន្ទ​នេះ ​បាន​ប្រកាស​ថា​ រដ្ឋាភិបាល​សន្យា​ផ្តល់​សំណង​សមរម្យ​ដល់​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ ដោយ​សារ​គម្រោង​ព្រែក​ជីក​ហ្វូណន ​ខណៈ​ពលរដ្ឋ​ទាំង​នោះ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ ដោយ​សារ​ពួកគេ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​អ្វី​ឡើយ​អំពី​ផល​ប៉ះពាល់។​

លោក ​ស៊ុន ចាន់ថុល ​អតីត​រដ្ឋមន្រ្តី​ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​ និង​ជា​ឧប​នាយក​រដ្ឋមន្ត្រី ​ទទួល​បន្ទុក​កិច្ច​ការ​ព្រែក​ជីក ​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​ចាប់​ផ្តើម​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ ​នៅ​ថ្ងៃ​ទី៥​ ខែ​សីហា ​ឆ្នាំ​២០២៤។​

នៅ​ចំពោះ​មុខ​អ្នក​ចូលរួម​រាប់​ពាន់​នាក់ ​និង​នាយក​រដ្ឋមន្រ្តី ​លោក ​ស៊ុន ចាន់ថុល​ បញ្ជាក់​ថា៖​ «រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ​ជា​សេនា​ធិការ​នឹង​គិតគូរ​ សិក្សា​យ៉ាង​លម្អិត​ និង​វាស់​វែង​ច្បាស់​លាស់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ផល​ប៉ះពាល់​នេះ​ សំដៅ​ធានា​ក្នុង​ការ​ផ្តល់​សំណង​យ៉ាង​សមស្រប​ជូន​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ។​ អាស្រ័យ​ហេតុ​នេះ ​សូម​បងប្អូន​ប្រជា​ពល​រដ្ឋ​ជឿ​ទុក​ចិត្ត​លើ​រដ្ឋាភិបាល​ និង​កុំ​មាន​ការ​ព្រួយ​បារម្ភ​លើ​បញ្ហា​ប៉ះ​ពាល់​នេះ»។​

ឧបនា​យករដ្ឋ​មន្ត្រី​រូប​នេះ​ក៏​បាន​ប្តេជ្ញា​នៅ​ក្នុង​ការ​អនុវត្ត​គម្រោង​ព្រែក​ជីក​ហ្វូណន​នេះ​ឱ្យ​បាន​ជោគជ័យ​នៅ​ឆ្នាំ​២០២៨​ខាង​មុខ​ ដោយ​ចំណាយ​រយៈ​ពេល​៤​ឆ្នាំ​ក្នុង​ការ​ស្ថាបនា​ផ្លូវ​ទឹក​ដែល​ភ្ជាប់​ពី​ទន្លេ​មេគង្គ​ក្នុង​ស្រុក​កៀនស្វាយ ​ខេត្ត​កណ្តាល​ ទៅ​សមុទ្រ​ក្នុង​ខេត្ត​កែប។​

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​រង​ផល​ប៉ះពាល់​អះអាង​ថា​ ពួក​គេ​មិន​ទាន់​មាន​ព័ត៌មាន​អំពី​ការ​ផ្តល់​សំណង​ឡើយ។ ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​មិន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​នោះ​ឡើយ។ ​នេះ​បើ​តាម​ពលរដ្ឋ​មួយ​ចំនួន​ដែល​ប្រាប់​វីអូអេ។​
ពលរដ្ឋ​អះអាង​ថា ​ការ​មិន​អញ្ជើញ​នេះ​ប្រហែល​អាជ្ញាធរ​បារម្ភ​អំពី​ការ​តវ៉ា​ ឬ​ការ​បង្ហាញ​ភាព​មិន​ពេញ​ចិត្ត​អ្វី​មួយ​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​នោះ។​

ទង់ជាតិ​កម្ពុជាត្រូវបាន​បង្ហាញ​អំឡុងពិធីបើក​ការដ្ឋាន​សាង​សង់ព្រែក​ជីក​ហ្វូណន​តេជោ ថ្ងៃទី០៥ សីហា ឆ្នាំ២០២៤។(AP Photo/Heng Sinith)

បើ​តាម​ការ​សិក្សា​របស់​រដ្ឋាភិបាល​កម្ពុជា ​គម្រោង​ព្រែក​ជីក​នេះ​នឹង​ប៉ះពាល់​ផ្ទះ​ប្រជា​ពលរដ្ឋ​ប្រមាណ​១៥០០​ខ្នង ​ស្ពាន​ចំនួន​៣​កន្លែង ​រោងចក្រ​ចំនួន​១​ ដី​ស្រែ​ជិត​៣​ម៉ឺន​ហិកតា ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ទៀត។​

អ្នកស្រី​ សុខ រ៉េត​ ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ព្រែក​តាកែវ ​ឃុំ​សំរោង​ធំ ​ស្រុក​កៀនស្វាយ​ ខេត្ត​កណ្តាល​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​មក​ទល់​ពេល​នេះ​ អ្នក​ស្រី​កំពុង​តែ​រង់​ចាំ​ព័ត៌មាន​ពី​អាជ្ញាធរ​ ពាក់ព័ន្ធ​នឹង​រឿង​សំណង​ ខណៈ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​អ្វី​ឡើយ។ ​អ្នកស្រី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​សំណង​សមរម្យ​ដើម្បី​អាច​ទៅ​រស់​នៅ​កន្លែង​ថ្មី​បាន។​

អ្នកស្រី​បញ្ជាក់​ថា៖​ «គាំទ្រ​ធ្វើ​ម៉េច​អង្គការ​គេ​ត្រូវ​ហើយ​ ជាតិ​គេត្រូវ​ហើយ​ មីង​គាំទ្រ ​ឱ្យ​តែ​ផ្តល់​សំណង​ដល់​កូន​ចៅ​ឱ្យ​បាន​ច្រើនៗ​អ៊ីចឹង​ណា៎​ ជួយ​ទិញ​ដី ​ទិញ​ផ្ទះ​នៅ​ត្រឹមត្រូវ​ដូច​បច្ចុប្បន្ន»។​
នាយក​ទទួល​បន្ទុក​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក​ អំ សំអាត ​ប្រាប់​វីអូអេ​ថា​ ការ​បើក​ការដ្ឋាន​ព្រែក​ជីក​ហ្វូណន​ជា​ប្រវត្តិ​សាស្ត្រ​មួយ​ដែល​មាន​ការ​សាទរ​ពី​ប្រជា​ពលរដ្ឋ។​ លោក​ជំរុញ​អាជ្ញាធរ​ផ្តល់​ព័ត៌មាន​ដល់​ប្រជា​ពលរដ្ឋ​អំពី​សំណង ​ដើម្បី​ឱ្យ​មាន​តម្លាភាព​នៅ​ក្នុង​ការ​ស្ថាបនា​គម្រោង​មួយ​នេះ។​

លោក​បញ្ជាក់​ថា៖​ «ការ​ចូលរួម​របស់​ប្រជា​ពល​រដ្ឋ​ជារឿង​សំខាន់ ​ហើយ​ការ​ដែល​ទទួល​បាន​សំណង​សមរម្យ​ពី​រដ្ឋាភិបាល​សម្រាប់​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ក៏​ជា​រឿង​មួយ​សម្រាប់​ការ​ជួយ​ជ្រោម​ជ្រែង​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​អភិវឌ្ឍ​ដូច​គ្នា​ផង​ដែរ»។​

រដ្ឋាភិបាល​កម្ពុជា​បាន​ពន្លឿន​បើក​ការដ្ឋាន​សាងសង់​ព្រែក​ជីក​ហ្វូណន​មួយ​នេះ ​នៅ​ថ្ងៃ​ទី​៥​ ខែ​សីហា ​ដែល​ជា​ខួប​កំណើត​របស់​អតីត​នាយក​រដ្ឋមន្រ្តី ​លោក​ ហ៊ុន សែន ​បើ​ទោះ​មាន​ការ​ព្រួយ​បារម្ភ​ពី​ភាគី​វៀតណាម​អំពី​ផល​ប៉ះពាល់​លើ​ទន្លេ​មេគង្គ​និង​ឥទ្ធិពល​របស់​ចិន​លើ​ការ​ប្រើ​ប្រាស់​ផ្លូវ​ទឹក​មួយ​នេះ។​

គួរ​បញ្ជាក់​ថា​ ព្រែក​ជីក​ដែល​មាន​តម្លៃ​ប្រមាណ​១៧០០​លាន​ដុល្លារ​អាមេរិក ​និង​មាន​ប្រវែង​១៨០​គីឡូម៉ែត្រ ​នឹង​ចាប់​ផ្តើម​ពី​ព្រែក​តាកែវ​នៃ​ទន្លេ​មេគង្គ​ក្នុង​តំបន់​កំពង់ផែ​ស្វយ័ត​ ស្រុក​កៀនស្វាយ​ឆ្លង​កាត់​ស្រុក​អង្គរ​បូរី​ ខេត្ត​តាកែវ ​និង​បន្ត​រហូត​ដល់​ឆ្នេរ​អង្កោល ​ក្នុង​ខេត្ត​កែប៕