ក្រុម​ការពារ​បរិស្ថាន៖​ ព្រៃឈើ​កម្ពុជា​ថយចុះ​ ហើយ​ឈើ​ភាគច្រើន​ដឹក​ទៅ​ចិន

Your browser doesn’t support HTML5

ឡានដឹកឈើ​នៅ​កម្ពុជា​នៅ​ក្បែរ​តំបន់​​​​​ព្រៃ​សម្បទាន​​ដែល​ត្រូវ​​រដ្ឋាភិបាល​លុបចោល។​

ឈើ​ប្រណិត​កម្ពុជា​យ៉ាង​ហោចណាស់​ចំនួន​៥,៥​ម៉ឺនតោន​ត្រូវ​បាន​លក់​ទៅ​កាន់​ប្រទេស​ចិន​ក្នុងរយៈ​ពេល​ប្រាំបួន​ខែ​ដើម​ឆ្នាំ​២០១៤​នេះ​ ស្រប​ពេលដែលកម្ពុជា​កំពុង​ស្ថិត​នៅ​ក្រោម​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​ធ្ងន់ធ្ងរ។

នេះ​បើយោង​បណ្តាញ​ជនជាតិ​ដើម​ភាគ​តិច​កម្ពុជា ​និង​អង្គការក្រៅ​រដ្ឋា​ភិបាល​នៅ​ក្នុង​ស្រុក​នៅ​ថ្ងៃ​ពុធ​នេះ។​

នៅ​ក្នុងសេចក្តី​ថ្លែង​ការណ៍​រួម​របស់​បណ្តាញ​ជនជាតិ​ដើម​ភាគ​តិច​និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​សរុប​ចំនួន​ប្រាំបង្ហាញ​ថា​ ការជួញ​ដូរ​ឈើ​ប្រណិត​និង​ការ​កាប់​ទន្ទ្រាន​ព្រៃ​ឈើបាន​កើត​ឡើង​ជាច្រើន​នៅ​ក្នុង​ខេត្ត​ប៉ែក​ឦសាន ​ប៉ែកឧត្តរ​និង​នៅ​តាម​តំបន់​ជួរ​ភ្នំ​ក្រវាញ ​ដូចជា​នៅ​ក្នុង​ខេត្តរតនគីរី ​មណ្ឌលគីរី​ ស្ទឹងត្រែង​ ក្រចេះ​ ព្រះវិហារ ​ឧត្តរមានជ័យ ​ពោធិសាត់ កោះកុង​ និងខេត្ត​កំពង់ស្ពឺ។​ សេចក្តី​ថ្លែង​ការណ៍​ដដែល​បញ្ជាក់​ថា​ គម្រប​ព្រៃឈើ​ប្រទេស​កម្ពុជា​នៅ​សល់​ត្រឹម​តែ​៤៦​ភាគ​រយ​ប៉ុណ្ណោះ​ដោយ​រាប់​បញ្ចូល​ទាំងចម្ការព្រៃ​ឈើ​ដែល​ដាំ​ថ្មី។​

លោក​តឹក វណ្ណារ៉ា ​នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ហៅ​ថា ​NGO Forum ​បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា ​នៅ​មាន​ការ​លំបាក​ក្នុ​ង​ការ​ស្វែង​រក​ព័ត៌មាន​លម្អិតអំពី​ការ​នាំ​ឈើ​ប្រណិត​ទៅ​កាន់​ប្រទេស​ចិន​នេះ។​

«យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​បង្ហាញ​ថា​ ឈើ​ដែល​នាំ​ចេញ​ទៅ​ចិន​គឺ​៥,៥​ម៉ឺន​តោន​ក្នុង​រយៈ​ពេល​ប្រាំបួន​ខែ​ចុង​ក្រោយ​ ហើយ​ដោយសារ​តែនេះ​ជា​បញ្ហា​រសើប​ យើង​ទទួល​បានតួលេខ​តែ​ប៉ុណ្ណឹង»។​

បណ្តាញ​ជួញ​ដូរ​ឈើ​សំខាន់ៗ​សំដៅ​ទៅ​កាន់​ទីផ្សារ​នៃ​ប្រទេស​វៀតណាម​និង​ប្រទេស​ចិន។ ​នេះ​បើ​តាម​ក្រុមអ្នក​អភិរក្ស​បរិស្ថាន។

យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និង​នេសាទ​ឲ្យ​ដឹង​ថា​ បទល្មើស​ព្រៃ​ឈើនិង​ការ​ជួញ​ដូរ​ឈើ​ប្រណិត​ដែល​បាន​កើត​ឡើង​ចន្លោះ​ពី​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៣​មាន​ចំនួន​៥៣៥​ករណី។​ ដោយ​ឡែក​ចំនួន​បទល្មើស​បាន​កើន​ឡើងរហូត​ដល់​១៨៩១​ករណី​សម្រាប់​រយៈ​ពេល​៩​ខែ​ដើម​ឆ្នាំ​២០១៤​នេះ។

សេចក្តី​ថ្លែង​ការណ៍​រួម​របស់​ក្រុម​សកម្មជន​ការពារ​បរិស្ថានខាងលើ​សង្កត់​ធ្ងន់​ថា​មាន​តែ​ក្រុមហ៊ុន​ឯក​ជន​ពីរប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​ប្រមូល​ទិញ​ឈើ​គ្រប់​ប្រភេទ​ពី​ស្តុក​របស់​រដ្ឋបាល​ព្រៃ​ឈើ ​ពី​ក្រសួង​បរិស្ថាន។​ ​ប៉ុន្តែ​ក្រុម​សកម្មជន​បរិស្ថាន​លើក​ឡើង​ពី​កង្វះ​តម្លាភាពនៅ​ក្នុ​ងការផ្តល់​អំណាច​ឲ្យ​ក្រុមហ៊ុន​ទាំង​នេះ។​ ក្រុមហ៊ុន​ទាំង​ពីរ​គឺក្រុមហ៊ុន​ទ្រីភាព​នាំចូល​នាំចេញដែល​ត្រូវ​គេ​លើកពីរឿង​អាស្រូវ​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​ច្រើន​និង​ក្រុមហ៊ុន ​MDS Thmorda S.E.Z Co.Ltd។​

លោក​តឹក ​វណ្ណារ៉ា​អះ​អាង​ថា​ ក្រៅ​ពី​ក្រុម​ហ៊ុន​ប្រមូល​ទិញ​ឈើ​ទាំង​ពីរ ​នៅ​មាន​ ក្រុម​ហ៊ុន​សម្បទាន​សេដ្ឋ​កិច្ច​១២១​ទៀត​ដែល​ក្រុម​ហ៊ុនទាំង​នេះ​ទទួល​រង​ការ​រិះ​គន់​ថា​ បាន​រួម​ចំណែក​ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ស្រុក។​

លោក​ឯម សុភ័ក្ត្រ ​អ្នកសម្រប​សម្រួល​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ប្រចាំ​ខេត្ត​មណ្ឌល​គីរី​កត់សម្គាល់​ថា​ មាន​ការ​កាប់​បំផ្លាញ​ឈើ​ប្រណិត​យ៉ាង​គំហុក​ក្នុង​រយៈ​ពេល​ពីរឆ្នាំ​ចុង​ក្រោយ​នេះ។​

«រូប​ភាព​ទី​១​គឺ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដោយសារ​ឈ្មួញ ​ដោយសារ​ជនមាន​អំណាច​ឃុប​ឃិត​ជាមួយ​មន្ត្រី​ដែល​អនុវត្ត​ច្បាប់។​ ទី២​ការ​បាត់​បង់​ដោយសារ​ការ​ផ្តល់​អាជ្ញា​បណ្ណ​ឲ្យ​ក្រុម​ហ៊ុន​ប្រមូល​ទិញ​ឈើ​ គឺ​បំផុស​ឲ្យ​ប្រជា​ពលរដ្ឋ​តាម​មូលដ្ឋាន​កាប់​ឈើ​លក់​ឲ្យ​ខ្លួន។ ​មួយ​ទៀត​គឺ​បាត់​បង់​ព្រៃ​តាម​រយៈ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច។​ ចំណុច​ទី​៤​គឺ​បាត់​បង់​តាម​រយៈ​ការ​ហូរចូល​របស់​ប្រជា​ពលរដ្ឋ​ពី​ខាង​ក្រៅ​ហើយ​ចូល​មក​កាប់​ឈើ​យក​ដី​ដើម្បី​ធ្វើ​ចម្ការ»។

លោក​សុភ័ក្ត្រ​អះអាង​ថា ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​កម្ពុជា​មាន​ការ​ចូលរួម​ជា​ប្រព័ន្ធ។​

«យើង​ឃើញ​ថា​ សមត្ថកិច្ច​ទាំង​អស់​មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ។​ សូម្បី​តែ​ពី​ថ្នាក់​ចៅហ្វាយ​ខេត្ត​មក​ត្រឹម​មេភូមិ។​ បើ​សហគមន៍​ឬ ​NGO​ រាយការណ៍ថា​ មាន​បទ​ល្មើស​ព្រៃ​ឈើ ​គាត់​អត់​ចាប់​អារម្មណ៍​ចាត់​វិធាន​ការ​ទេ»។​

អ្នកស្រីមុំ សុគីន ​តំណាង​បណ្តាញ​កសាង​សន្តិភាព​សហគមន៍​ប្រចាំ​ខេត្ត​ក្រចេះ​ លើក​ឡើង​ដែរ​ថា ​ក្រុម​អាជ្ញាធរ​មិនសហការ​ជាមួយ​តំណាង​សហគមន៍​ក្នុ​ងការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​នោះ​ទេ។​

អ្នកស្រី​ឲ្យ​ដឹង​ថា​ ​មាន​ការ​ដឹក​ជញ្ជូនឈើយ៉ាង​តិច​ចំនួន​៥០​រថយន្ត​កាត់​តំបន់​របស់​អ្នកស្រី។​

«ក្នុង​មួយ​យប់​ដឹក​ពី​៥០​ទៅ​៦០​ឡាន ​គឺ​មិន​ភូត​ទេ​ គឺ​ដឹកចេញ​ពី​ព្រះវិហារ ស្ទឹងត្រែង​ ក្រចេះ ​អាច​ប្រមូល​គ្នា។ ពេលនោះ​ការ​ដឹក​អាច​ស្របច្បាប់​ និង​មិន​ស្រប​ច្បាប់»។

យោងតាមលោក​កែម ឡី ​អ្នកស្រាវជ្រាវ​កិច្ច​អភិវឌ្ឍន៍​សង្គម​ឲ្យ​ដឹង​ថា​ ​ព្រៃឈើ​នៅ​កម្ពុជាអាច​នឹង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពី​ចំនួន​៧៥​ភាគ​រយ​នៅ​ឆ្នាំ​១៩២៧​រហូត​ដល់​៣៨​ភាគរយ​នៅ​ឆ្នាំ​២០១៤​និង​២០១៥ ​ហើយ​លោក​ជឿ​ថា គម្រប​ព្រៃ​ឈើ​កម្ពុជា​អាច​ស្ថិត​នៅ​ត្រឹម​តែ​២០​ភាគរយ​ប៉ុណ្ណោះ ​នៅ​ឆ្នាំ​២០២០។​

វីអូអេ​បានព្យាយាម​ទាក់ទង​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំ​ពាក្យ​ក្រសួង​កសិកម្ម​ តែ​មិន​អាច​ស្វែង​រក​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ​នៅ​ថ្ងៃ​នេះ។​

ប៉ុន្តែ​លោក​សៅ ​សុភាព​ នាយ​ខុទ្ទល័យ​និង​ជា​អ្ននាំពាក្យ​ក្រសួង​បរិស្ថានឆ្លើយ​តប​មក​វិញ​ថា ​ការលើក​ឡើង​ខាង​លើ​របស់​សកម្មជន​បរិស្ថានមិន​មាន​អ្វី​ថ្មី​នោះ​ទេ។​

«វា​ជា​ទស្សនៈ​របស់​គាត់។​ ដោយ​ឡែក​រាជរដ្ឋា​ភិបាល​ យើង​មាន​គោល​នយោបាយ​របស់​យើង ​គឺ​ទី​១​យើង​នៅ​តែ​បន្ត​ទប់​ស្កាត់​ការ​កាប់​ទន្ទ្រាន​ការ​ព្រៃ​ឈើ​ក៏ដូចជា​ធនធាន​ធម្មជាតិ។ ​ទី២​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រៃ​ឈើ​ យើង​នៅ​តែ​បន្ត​កម្ម​វិធី​ស្តារ​ព្រៃ​ឈើ​ឡើង​វិញ ​ដូចជា​តាមរយៈ​ការ​ដាំ​ព្រៃ​ឈើ​ឡើង​វិញ​នៅ​តំបន់​រិច​រិល​ ឬ​នៅ​តំបន់​ដែល​មាន​ការ​ខូច​ខាត»។​

ទោះ​ជា​យ៉ាង​នេះ​ក្តី​ ក្រុម​សកម្មជន​ព្រៃឈើ​បាន​ទទូច​ឲ្យ​រដ្ឋា​ភិបាល​លុប​អាជ្ញា​បណ្ណ​ទទួល​ទិញ​ឈើ​របស់​ក្រុមហ៊ុន​ទ្រីភាព​ដ៏មាន​ឥទ្ធិពល​និង​ស្នើ​ឲ្យ​មាន​ការ​រឹត​បន្តឹងការ​បង្រ្កាប​បទ​ល្មើស​ព្រៃ​ឈើ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធិភាព​និង​ប្រកប​ដោយ​តម្លាភាព៕