រដ្ឋមន្ត្រីក្រសួងបរិស្ថានបានប្រកាសថា ដីសម្បទានរបស់ក្រុមហ៊ុនឯកជនចំនួនប្រាំបី នៅក្នុងខេត្តចំនួនបួន ត្រូវបានដកហូតមកវិញ ដោយសារក្រុមហ៊ុនទាំងនេះមិនបានអនុវត្តន៍តាមគោលការណ៍ដូចបានសន្យាជាមួយរដ្ឋាភិបាល។
ផ្ទៃដីសម្បទានសេដ្ឋកិច្ចសរុប ១៣.៤២៣ហិកតាត្រូវបានក្រសួងបរិស្ថានដកពីក្រុមហ៊ុនវិនិយោគឯកជនចំនួនប្រាំបីគិតមកត្រឹមចុងខែកញ្ញានេះ។ នេះបើយោងតាមការឲ្យដឹងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃច៍ន្ទនេះ។ដីទាំងនេះស្ថិតក្នុងតំបន់ឧទ្យានជាតិក្នុងខេត្តកំពត ខេត្តព្រះសីហនុ កំពង់ស្ពឺ និងកោះកុង។
ថ្លែងនៅក្នុងសន្និសីទព័ត៌មានស្ដីពីគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច និងការពង្រឹងប្រសិទ្ធិភាពការងារគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចនៅរសៀលថ្ងៃច៍ន្ទនេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានមានប្រសាសន៍ថា ការដកហូតយកដីសម្បទានមកវិញនេះ ធ្វើឡើងបន្ទាប់ក្រសួងបានរកឃើញថា ក្រុមហ៊ុនខ្លះមិនបានធ្វើការអភិវឌ្ឍលើទីតាំងដែលខ្លួនទទួលបានសិទ្ធិពីរដ្ឋាភិបាល ហើយក្រុមហ៊ុនខ្លះទៀតបានសម្រេចបោះបង់មិនធ្វើការវិនិយោគ។
«គឺថាគាត់បានទៅយូរហើយ ក៏ប៉ុន្តែមិនមានការអភិវឌ្ឍអ្វីទេ។ ចឹងទេ វាអាចថាងាយជាមូលហេតុចម្បងសម្រាប់យើងដើម្បីដកហូតត្រឡប់មកវិញ។ ខ្ញុំបាទសូមគូសបញ្ជាក់ថា មិនមែនថា យើងចេះតែដកហូតក្រុមហ៊ុនដោយមិនមានមូលហេតុច្បាស់លាស់នោះទេ»។
ក្រុមហ៊ុនទាំងប្រាំបីរូមមានក្រុមហ៊ុនវិមានសិលា ក្រុមហ៊ុនស៊ានហេង Investmentដែលទទួលបានដីសម្បទានពីរកន្លែង ក្រុមហ៊ុន Blue Metro Co, Ltd និងក្រុមហ៊ុនហេង ប៊ុនណាត Co, Ltd ដែលក្រុមហ៊ុនខាងលើនេះ បានសុំសិទ្ធិក្នុងការធ្វើការអភិវឌ្ឍសម្រាប់វិស័យទេសចរណ៍នៅផ្ទៃដីនៃតំបន់ឧទ្យានជាតិព្រះសីហនុរាម។ ក្រុមហ៊ុនសាន់ វឌ្ឍនៈដែលទទួលបានដីសម្បទានសេដ្ឋកិច្ចនៅតំបន់ឧទ្យានជាតិគិរីរម្យ និងបូកគោ និងក្រុមហ៊ុនឋានសួគ៌ចំកាត់ និងក្រុមហ៊ុនច័ន្ទ រតន៍ គ្រុប ដែលទទួលបានដីសម្បទាននៅក្នុងឧទ្យានជាតិបុទុមសាគរខេត្តកោះកុង។
លោក សាយ សំអាល់ មានប្រសាសន៍ថា ផ្ទៃដីដែលត្រូវបានដកហូតនឹងត្រូវប្រែក្លាយជាដីអភិរក្សវិញ។
«ដីទាំងនេះយើងអាចផ្ទេរទៅជាដីអភិរក្សវិញដោយហេតុថាមិនទាន់មានការកាប់ឈើនៅឡើយទេ»។
របាយការណ៍ដែលត្រូវបានចេញផ្សាយដោយសម្ព័ន្ធខ្មែរជំរឿនការពារសិទ្ធិមនុស្សលីកាដូ(Licadho) នៅដើមឆ្នាំ២០១៤ បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានផ្ដល់ដីសម្បទានសរុប ២,២លានហិកតាទៅឲ្យក្រុមហ៊ុនអភិវឌ្ឍក្រោមរូបភាពជាដីសម្បទានសេដ្ឋកិច្ច (ELCs)។ ប្រជាពលរដ្ឋសរុបប្រហែលជាង ៤២០.០០០នាក់បានរងផលប៉ះពាល់ពីការផ្ដល់ដីសម្បទានគិតចាប់តាំងពីឆ្នាំ២០០៣។
របាយការណ៍ដដែលបញ្ជាក់ថា នៅឆ្នាំ២០១២ ដោយសារតែជិតបោះឆ្នោតជាតិអាណត្តិទី៥ និងសម្ពាធពីសហគមន៍អន្តរជាតិ រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកសម្បទានដីសេដ្ឋកិច្ចជាបណ្ដោះអាសន្នដោយត្រួតពិនិត្យឡើងវិញនូវដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលបានផ្ដល់ឲ្យក្រុមហ៊ុនកន្លងមក។ រដ្ឋាភិបាលក៏សម្រេចរៀបចំកម្មវិធីផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល។ ក៏ប៉ុន្តែនៅចុងឆ្នាំ២០១៣ កម្មវិធីទាំងពីរបរាជ័យ។ ទោះបីជារដ្ឋាភិបាលបានចេញបទបញ្ជាផ្អាកការផ្ដល់ដីសម្បទានសេដ្ឋកិច្ចថ្មីៗទៅឲ្យក្រុមហ៊ុនវិនិយោគឯកជនក៏ដោយ ការទប់ស្កាត់នោះមិនមានប្រសិទ្ធិភាពឡើយ។ របាយការណ៍ដដែលអះអាងថា ដីសម្បទានសេដ្ឋកិច្ចថ្មីយ៉ាងតិចចំនួន១៦ត្រូវបានប្រគល់ឲ្យក្រុមហ៊ុនចាប់តាំងពីបទបញ្ជាអំពីការផ្អាកផ្ដល់ដីសម្បទានសេដ្ឋកិច្ចនោះចូលជាធរមាននៅក្នុងឆ្នាំ២០១២លើផ្ទៃដីសរុប ៨០.០០០ហិកតា។
លោក ចាន់ សាវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុកថ្លែងថា លោកស្វាគមន៍នៅពេលឃើញចាត់វិធានការណ៍ដកហូតយកពីក្រុមហ៊ុនដែលមានមិនបានធ្វើតាមការសន្យា។ ក៏ប៉ុន្តែលោកហៅវិធានការណ៍នោះថា ទំនងហាក់ដូចជាយឺតពេលបន្តិច។
«វាជាការរង់ចាំយូរពេកហើយសម្រាប់យើងខ្ញុំសង្គមស៊ីវិល និងពលរដ្ឋខ្មែរ។ ក្រុមហ៊ុមមិនមែនមានតែប៉ុណ្ណឹង។ មានច្រើនណាស់ដែលក្រុមហ៊ុនបានធ្វើផ្ដេសផ្ដាសមិនបានគោរពតាមកិច្ចសន្យា។ យើងស្វាគមន៍ដែលក្នុងការចាត់វិធានការណ៍ក្ដៅរបស់រដ្ឋាភិបាល ប៉ុន្តែយើងទទូចឲ្យធ្វើកាន់តែខ្លាំងជាងហ្នឹងទៅទៀតដើម្បីរក្សាដីធ្លីព្រៃឈើរបស់យើង។ ជាពិសេសមិនចង់ឲ្យពួកគេរួចខ្លួនបានទេនៅពេលដែលពួកគេបានបំផ្លាញធនធានធម្មជាតិអស់ហើយ»។
រដ្ឋមន្ត្រីក្រសួងបរិស្ថានក្រសួងលោក សាយ សំអាល់ ប្រកាសបន្ថែមថា ក្រសួងរបស់លោកនឹងបន្តការត្រួតពិនិត្យក្រុមហ៊ុនហ៊ុនដែលទទួលបានសិទ្ធិសម្បទានសេដ្ឋកិច្ចបន្ថែមទៀតក្នុងពេលខាងមុខនេះ៕