អង្គការការពារបរិស្ថានពិភពលោកហៅថា Global Witness បានប្រឆាំងនឹងការបញ្ជាក់ពី«ភាពត្រឹមត្រូវ»ដល់ក្រុមហ៊ុនវៀតណាមដែលពាក់ព័ន្ធនឹងការរំលោភបំពានដីធ្លីនិងព្រៃធម្មជាតិក្នុងប្រទេសកម្ពុជានិងឡាវ ហើយ Global Witness បានដាក់ពាក្យប្តឹងជាផ្លូវការទៀតផង។ នេះបើតាមសេចក្តីថ្លែងការណ៍មួយដែលវីអូអេទទួលបានថ្ងៃនេះ។
ការដាក់ពាក្យប្តឹងរបស់ Global Witness ប្រឆាំងនឹងអង្គការការពារព្រៃឈើពិភពលោកហៅថា The Forest Stewardship Council (FSC) នេះធ្វើឡើង ក្រោយពីអង្គការ FSC នេះបានធ្វើការបញ្ជាក់ឡើងវិញនូវភាពត្រឹមត្រូវដល់ក្រុមហ៊ុនវៀតណាមឈ្មោះ VRG។ កាលពីមុន FSC មិនបានផ្តល់«ការបញ្ជាក់»ពីភាពត្រឹមត្រូវសម្រាប់ផលិតផលក្រុមហ៊ុននេះទេ គឺតាំងពីខែវិច្ឆិកាឆ្នាំ២០១៣ ដោយសារការរំលោភបំពានដីធ្លីរបស់ពលរដ្ឋកម្ពុជា និងបំផ្លាញបរិស្ថាន។
តែក្នុងសេចក្តីប្រកាសព័ត៌មានថ្ងៃនេះអង្គការ Global Witness ថ្លែងថា វាជារឿងរន្ធត់ដែលអង្គការ FSC បានផ្លាស់ប្តូរជំហរចំពោះ«ការបញ្ជាក់»ពីភាពត្រឹមត្រូវសម្រាប់ក្រុមហ៊ុនវៀតណាម VRG ហើយ Global Witness ព្រមានថា អង្គការ FSC ដែលជាស្ថាប័នពិភពលោកនេះធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ខ្លួន ប្រសិនបើនៅតែគាំទ្រក្រុមហ៊ុនវៀតណាមដែលវិនិយោគផ្នែកដំណាំកៅស៊ូនោះ។
អង្គការត្រួតពិនិត្យមើលព្រៃឈើពេញពិភពលោក FSC នេះមានតួនាទីផ្តល់ស្លាកសញ្ញាធានាថា ផលិតផលនានា ដូចជាឈើ ប្រេងដូង កៅស៊ូធម្មជាតិ ផលិតចេញពីដំណាំដែលមិនប៉ះពាល់ដល់ច្បាប់បរិស្ថាន និងសង្គម។ ហើយក្រោមច្បាប់នេះ ក្រុមហ៊ុននានាមិនត្រូវពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ រំលោភសិទ្ធិមនុស្ស និងបំផ្លាញតម្លៃនៃព្រៃឈើទេ។
អង្គការ Global Witness បានសាទរដល់ក្រុមហ៊ុនវៀតណាមកាលពីថ្មីៗចំពោះការចាប់ផ្តើម ដោះស្រាយជាមួយសហគមន៍ទាក់ទិននឹងការរំលោភដីធ្លីជនជាតិដើមភាគតិចនៅភាគឦសានកម្ពុជា និងនៅតំបន់ផ្សេងទៀត ដែលក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណពីរដ្ឋលើផ្ទៃដី១៥ម៉ឺនហិកតានោះ៕